ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ឯកជន​បង្កើត​មូលនិធិ​អាជីវកម្ម​សម្រាប់​ជួយ​សហគ្រិន​វ័យក្មេង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​គោលដៅ​ជួយ​ដល់​សហគ្រិន​វ័យក្មេង និង​ជំរុញ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​នៅ​កម្ពុជា លោក​ឧកញ៉ា សៀ ឫ​ទ្ធី ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន Worldbridge Group…

រាជធានី​ភ្នំពេញ ៖ ក្នុង​គោលដៅ​ជួយ​ដល់​សហគ្រិន​វ័យក្មេង និង​ជំរុញ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​នៅ​កម្ពុជា លោក​ឧកញ៉ា សៀ ឫ​ទ្ធី ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន Worldbridge Group បាន​បោះទុន​ចំនួន​៥​លាន​ដុល្លារ​បង្កើត​មូលនិធិ​អាជីវកម្ម​កម្ពុជា​(OOCTANE) ដើម្បី​ជួយ​ដល់​ក្រុមហ៊ុន​អាជីវកម្ម​ដំបូង ហៅ​កាត់​ថា Start Up និង​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម ហៅ​កាត់​ថា (SMEs) ដែល​ប្រើ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ។

លោក​ឧកញ៉ា សៀ ឫ​ទ្ធី មាន​ប្រសាសន៍ នា​ព្រឹក​ថ្ងៃ​ទី​១៩ មិថុនា ថា ការ​បង្កើត​មូលនិធិ​នេះ ក្នុង​គោលបំណង​ជំរុញ​ឲ្យ​កម្ពុជា​ឈាន​ទៅ​រក​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ដែល​រាជរដ្ឋាភិបាល​បាន​គ្រោងទុក ដោយ​ជួយ​ឲ្យ​ក្រុមហ៊ុន Start Up និង​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​បែប​បច្ចេកវិទ្យា​ទាំងអស់​ដំណើរការ​បាន​ជោគជ័យ ស្រប​ពេល​យុវជន​កម្ពុជា​ជា​ច្រើន​មានគំនិត តែ​គ្មាន​ធនធាន​ធ្វើ​ឲ្យ​វា​ជោគជ័យ​នៅឡើយ ។
លោក​ឧកញ៉ា​បន្ត​ថា ៖« មូលនិធិ​នេះ​ផ្ដោត​សំខាន់​ជួយ​ដល់​យុវជន​កម្ពុជា ជា​ក្រុម​ដែល​មានគំនិត​ល្អ​ក្នុង​ការ​បង្កើត​អាជីវកម្ម​ថ្មី និង​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម លើ​វិស័យ​មាន​សក្ដានុពល​មួយ​ចំនួន​ដូច​ជា ក្នុង​វិស័យ​ដឹក​ជញ្ជូន​ភស្តុ​ភារ ពាណិជ្ជកម្ម​អន​ឡាញ បច្ចេកវិទ្យា​ហិរញ្ញវត្ថុ បច្ចេកទេស​កសិកម្ម បច្ចេកវិទ្យា​អប់រំ ជីវសាស្ត្រ និង​ទេសចរណ៍ ជាដើម » ។

លោក​ឧកញ៉ា​បន្ថែម​ថា ដើម្បី​ទទួល​បាន​ជំនួយ​ថវិកា​ពី​មូលនិធិ​នេះ យុវជន​ដែល​មាន​ទេព​កោសល្យ ត្រូវ​តែ​មានគំនិត​អាជីវកម្ម​ច្បាស់លាស់​សម​ស្រប​នឹង​គោលដៅ​របស់​មូលនិធិ ។ ក្រៅពី​ជំនួយ​ហិរញ្ញវត្ថុ មូលនិធិ​នឹង​ជួយ​ជា​ធនធានមនុស្ស​បន្ថែម​ទៀត ដើម្បី​ជំរុញ​ឲ្យ​គំនិត​អាជីវកម្ម​នោះ​ដំណើរការ​បាន​ជោគជ័យ ។
តាម​ការ​បញ្ជាក់​បន្ថែម​របស់​លោក​ឧកញ៉ា ការ​វិនិយោគ​នឹង​ចាប់ផ្ដើម​ពី​៥​ពាន់​ដុល្លារ ទៅ​១​ម៉ឺន​ដុល្លារ​សម្រាប់​ការ​ចាប់ផ្ដើម​ដំបូង​របស់​ក្រុមហ៊ុន​អាជីវកម្ម ។ លើស​ពី​នេះ សម្រាប់​អាជីវកម្ម​ដែល​មាន​ផលិតផល​ប្រើប្រាស់​ក្នុង​ទីផ្សារ​រួច​ហើយ អាច​ទទួល​បាន​ពី​មូលនិធិ​រហូត​ដល់​២​ម៉ឺន​៥​ពាន់​ដុល្លារ​ក្នុង​១​ក្រុមហ៊ុន ។ លោក​ឧកញ៉ា​បាន​បង្ហើប​ទៀត​ថា មូលនិធិ​នេះ​គ្រោង​នឹង​ពង្រីក​រហូត​ដល់​២៥​ទៅ​៣០​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​ក្រោយ​ផង​ដែរ ។

លោក​បញ្ជាក់​ថា មូលនិធិ​ដែល​បង្កើត​ឡើង​នៅ​ពេល​នេះ មិនមែន​ជា​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​សម្រាប់​ផ្ដល់​ឥណទាន​ដល់​សហគ្រិន​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ទេ ប៉ុន្តែ​វា​ជា​មូលនិធិ​ជួយ​ដល់​សហគ្រិន​ណា​ដែល​មានគំនិត​ច្នៃប្រឌិត​បង្កើត​អាជីវកម្ម​ថ្មី​ៗ ដើម្បី​អភិវឌ្ឍន៍​សង្គម ។
ការ​បង្កើត​មូលនិធិ​អាជីវកម្ម​កម្ពុជា ធ្វើ​ឡើង​ស្របគ្នា​ជាមួយ​គំនិត​ផ្ដួចផ្ដើម​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ផ្លាស់​ប្ដូរ​សេដ្ឋកិច្ច​កម្ពុជា ទៅ​ជា​សេដ្ឋកិច្ច​ឌី​ជី​ថ​ល នៅ​ឆ្នាំ​២០២៣ ខាង​មុខ ។

ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Markets Consulting លោក ង៉ែត ជូ បាន​ថ្លែង​ថា ការ​ផ្តល់​មូលនិធិ​នេះ ដើម្បី​លើក​ស្ទួយ​សហគ្រិន​វ័យក្មេង គឺជា​រឿង​ល្អ​ប្រសើរ​មួយ ប៉ុន្តែ​តើ​មូលនិធិ​នេះ​នឹង​គិត​ដូច​ម្តេច​ទាក់ទង​នឹង​អត្រា​ការ​ប្រាក់ វា​ជា​រឿង​មួយទៀត ហើយ​ការ​បណ្តុះបណ្តាល​អ្នក​ចង់​ចាប់ផ្តើម​ជំនួញ​វ័យក្មេង​ជា​រឿង​ចាំបាច់​មួយទៀត ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា សហគ្រិន​ទាំងនោះ​អាច​ប្រើប្រាស់​មូលនិធិ​បាន​ត្រឹមត្រូវ និង​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីវកម្ម​របស់​ពួក​គេ ។
លោក​បន្ត​ថា ៖« ការ​ភ្ញាស់​សហគ្រិន និង​ផ្តល់​ការ​បណ្តុះបណ្តាល​ដល់​ពួក​គេ​មាន​សារសំខាន់​ណាស់ ដើម្បី​ធ្វើ​ឲ្យ​មូលនិធិ​នេះ​ទទួល​បានការ​គាំទ្រ និង​ជោគជ័យ » ។

លោក កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន បើ​ក្រឡេក​មើល​ពី​សក្ដានុពល​បង្កើត​អាជីវកម្ម​បច្ចេកវិទ្យា​នៅ​កម្ពុជា ឃើញ​ថា មាន​សហគ្រិន​ក្មេង​ៗ​ជា​ច្រើន​បាន​ចាប់អារម្មណ៍​លើ​ការ​វិនិយោគ​វិស័យ​បច្ចេកវិទ្យា ប៉ុន្តែ​ការ​ចុះបញ្ជី​ចាប់ផ្ដើម​អាជីវកម្ម​ជា​ផ្លូវការ​នៅ​មាន​តិចតួច​ប៉ុណ្ណោះ ។ អ្វី​ដែល​ពួក​គេ​កំពុង​ជួប​ប្រទះ​សម្រាប់​អាជីវកម្ម​នោះ គឺ​កង្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ និង​មិនដឹង​ថា ពួក​គេ​ត្រូវ​ចាប់ផ្ដើម​ពី​ត្រង់​ណា​មុន ។

ដោយឡែក លោក គួ​ច ផែង ប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា បាន​ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​នេះ លោក​សង្កេត​ឃើញ​សហគ្រិន​វ័យក្មេង​មានគំនិត​ច្នៃប្រឌិត​ច្រើន​លើ​ការ​បើក​ដំណើរការ​អាជីវកម្ម ប៉ុន្តែ​ពួក​គេ​នៅ​មាន​បញ្ហា​ប្រឈម ដែល​មិន​អាច​ដំណើរការ​អាជីវកម្ម​បាន ដូច​ជា កង្វះខាត​ហិរញ្ញវត្ថុ និង​កង្វះខាត​ប្រព័ន្ធ​គ្រប់គ្រង​ច្បាស់លាស់ ។ ដូចនេះ បើសិនជា​មាន​មូលនិធិ​ណា​ជួយ​ពួក​គេ​នោះ ដំណើរការ​អាជីវកម្ម​ថ្មី​ៗ​នៅ​កម្ពុជា​នឹង​ផ្ដើម​កកើត​ច្រើន ហើយ​វា​នឹង​ជួយ​ឲ្យ​កម្ពុជា​កាន់តែ​មានការ​វិនិយោគ​ច្រើន ។ លោក​ថា ៖« នៅ​ពេល​ដំណើរការ​អាជីវកម្ម​បាន​ត្រឹមត្រូវ​ហើយ​នោះ មិន​ខ្វះ​ទេ​ទុន​សម្រាប់​ចូលរួម​ជាមួយ​ពួក​គេ ដូច​ជា ទុន​មក​ពី​ក្រៅប្រទេស និង​ទុន​នៅ​ក្នុងស្រុក ជាដើម ។ ក៏​ប៉ុន្តែ​ជំហាន​ដំបូង គឺ​ពួក​គាត់​មិន​អាច Run Business ភ្លាម​ៗ​នៅ​ពេល​នេះ​បាន​ទេ » ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ