កសិករ​នៅ​ខេត្តព្រះវិហារ​សង្ឃឹម​ទទួល​បាន​ទិន្នផល​ខ្ពស់​ពី​ដំណាំ​ស្រូវ


ខេត្តព្រះវិហារ ៖ ប្រជា​កសិករ​នៅ​ខេត្តព្រះវិហារ​សង្ឃឹមថា នៅ​ឆ្នាំ​នេះ ដំណាំ​ស្រូវ​នឹង​ទទួល​បាន​នូវ​ទិន្នផល​ខ្ពស់​ជាង​ឆ្នាំ​មុន ខណៈ​បច្ចុប្បន្ន ពួក​គាត់​កំពុង​មមាញឹក​ភ្ជួរ​រាស់ និង​ដក​ស្ទូង​បង្កបង្កើន​ផល​ស្រូវ​រដូវវស្សា ។ គិត​មក​ដល់​ខែមិថុនា​នេះ នៅ​ទូ​ទាំង​ខេត្តព្រះវិហារ ដាំ​ដុះ​បាន​ជិត​២០%​ហើយ លើ​ផែនការ​ដែល​គ្រោងទុក​របស់​មន្ទីរ​កសិកម្ម​ខេត្ត ប្រមាណ​ជាង​៩​ម៉ឺន​ហិ​កតា បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន កើនឡើង​៥​ពាន់​ហិ​កតា ។

អ្នកស្រី ញឹ​ម ច​ន្ថា ជា​កសិករ​រស់នៅ​ភូមិ​ក្រាំង​ដូង ឃុំ​ព្រះ​ឃ្លាំង ស្រុក​ត្បែងមានជ័យ បាន​និយាយ​នៅ​ថ្ងៃ​ទី​១៩ មិថុនា ថា ឆ្នាំ​នេះ កសិករ​នៅ​ខេត្តព្រះវិហារ​មមាញឹក​បង្កបង្កើន​ផល​ចាប់តាំងពី​ដើមរដូវ​វស្សា​មក​ម្ល៉េះ ព្រោះ​នៅ​ឆ្នាំ​២០១៨​នេះ​ឃើញ​ថា ទឹកភ្លៀង​មាន​អំណោយផល​ច្រើន​សម្រាប់​កសិករ​ដាំ​ដុះ​ដំណាំ​ស្រូវ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន​វិញ ក៏​មិន​ខុស​គ្នា​ឡើយ​។ អ្នកស្រី​រំពឹង​ថា ៖« ឆ្នាំ​នេះ ទិន្នផល​ស្រូវ​របស់​អ្នកស្រី​នឹង​កើនឡើង​ច្រើន​ជាង​ឆ្នាំ​មុន ប្រ​សិន​ណា​ទឹកភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ជា​បណ្តើរ​ៗ​ទៀត​នោះ ព្រោះ​ដំណាំ​នេះ​ត្រូវការ​ទឹកជា​ចាំបាច់​បំផុត » ។

កសិករ​មួយ​រូប​ទៀត លោក ស៊ឹ​ម វុ​ទ្ធី បាន​លើក​ឡើង​ថា នៅ​ក្នុងភូមិ​អភិវឌ្ឍន៍ សង្កាត់​ប៉ា​ល ក្រុង​ព្រះ​វិហារ កសិករ​ភាគច្រើន​បាន​ដាំ​ដុះ​ដំណាំ​ស្រូវ​ជា​លក្ខណៈ​ទម្លាប់ រីឯ​ប្រភេទ​ស្រូវ​ដាំ​ដុះ​ដក​ស្ទូង​នោះ ជា​ប្រភេទ​ស្រូវកណ្តាល ស្រូវ​រំដួល ព្រោះ​កន្លង​ទៅ លោក​ផ្ទាល់​បាន​ដាំ​ដុះ​ដំណាំ​ស្រូវ​នេះ ឃើញ​ថា ទទួល​បាន​ទិន្នផល​ច្រើន ។ ការ​ដាំ​ដុះ​ប្រភេទ​ស្រូវពង្រោះ​នឹង​អាច​ប្រមូល​ផល​នៅ​ដើមខែ​វិច្ឆិកា​នេះ ។
លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​ឲ្យ​ដឹង​ថា នៅ​ទូ​ទាំង​៨​ក្រុង​-​ស្រុក​នៃ​ខេត្តព្រះវិហារ បច្ចុប្បន្ន​នេះ ការ​បង្កបង្កើន​ផល​ស្រូវ​រដូវវស្សា​របស់​ប្រជា​កសិករ គឺ​សម្រេច​បាន​ប្រមាណ​ជិត​២០%​ហើយ លើ​ផែនការ​ដែល​គ្រោងទុក​របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ។ ការ​បង្កបង្កើន​ផល​ស្រូវ​របស់​ពួក​គាត់​មាន​លក្ខណៈ​សរីរាង្គ​សុទ្ធសាធ នឹង​ភាគច្រើន​ជា​ប្រភេទ​ស្រូវធ្ងន់ និង​ស្រូវកណ្តាល ។

ដោយឡែក បញ្ហា​សត្វ​ចង្រៃ​បំផ្លាញ​ដំណាំ​ស្រូវ ពុំ​ទាន់​មាន​ជួប​នៅឡើយ​ទេ ព្រោះ​នៅ​តាម​បណ្តា​ស្រែ​នីមួយ​ៗ​មានទឹក​គ្រប់គ្រាន់ គឺ​ទឹកភ្លៀង​បាន​ធ្លាក់​ជា​បន្តបន្ទាប់ ។ គិត​មក​ដល់​ខែមិថុនា​នេះ កម្ពស់​ទឹកភ្លៀង​បាន​ធ្លាក់​នៅ​ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំង​ខេត្តព្រះវិហារ មាន​ប្រមាណ​ជិត​៥០០​មី​ល្លី​ម៉ែត្រ​ហើយ ដែល​ជា​អំណោយផល​ដល់​ការ​បង្កបង្កើន​ផល​របស់​កសិករ និង​គ្មាន​ការ​រាំងស្ទះ​ឡើយ ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត នៅ​ឆ្នាំ​២០១៨​នេះ​បង្ហាញ​ថា ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្រូវ​សរុប​មាន​៨​ម៉ឺន​៨​ពាន់​ហិ​កតា បើ​ធៀប​នឹង​ឆ្នាំ​២០១៧​កន្លង​មក មាន​ត្រឹមតែ​៨​ម៉ឺន​៣​ពាន់​ហិ​កតា​ប៉ុណ្ណោះ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ