ចិន​ចាប់ដៃ​គ្នា​ពង្រីក​អាជីវកម្ម​លើ​វិស័យទេសចរណ៍​នៅកម្ពុជា


រាជធានី​ភ្នំពេញ ៖ ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ធុរកិច្ច​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ទូលំទូលាយ និង​ស៊ីជម្រៅ ពិសេស​ដោយ​មើលឃើញ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​កំពុង​មាន​កំណើន​ខ្ពស់ វិនិយោគិន​ចិន​បាន​ចាប់ដៃ​គ្នា​ពង្រីក​កិច្ច​សហប្រតិបត្តិការ ដោយ​ផ្ដោត​ការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ។ កិច្ច​សហប្រតិបត្តិការ​នេះ ត្រូវ​បាន​អ្នកជំនាញ​សេដ្ឋកិច្ច​កម្ពុជា​មើលឃើញ​ថា វា​គឺជា​សញ្ញា​ល្អ​មួយ ហើយនឹង​ធ្វើ​ឱ្យ​ការ​វិនិយោគ​របស់​ចិន​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​នា​ពេល​ខាង​មុខ ។

លោក យ៉ាង ស័​រ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន YT International ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា កិច្ច​សហប្រតិបត្តិការ​នេះ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ឈាន​ដល់​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ការ​ផ្តើម​ប្រតិបត្តិការ​ជាក់ស្តែង​ឲ្យ​កាន់តែ​ស៊ីជម្រៅ​នា​ពេល​អនាគត​ក្នុង​ការ​អភិវឌ្ឍ​, ការ​គ្រប់គ្រង និង​ប្រតិបត្តិការ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ផង​ដែរ ។

ថ្លែង​នៅ​ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​មួយ​កាលពី​ថ្ងៃ​ទី​១៥ មិថុនា លោក យ៉ាង ស័​រ បាន​លើក​ឡើង​ថា ៖« វា​ជា​ការ​ចាប់ផ្តើម​នៃ​ដំណាក់កាល​ថ្មី​មួយទៀត​នៅ​ក្នុង​អាជីវកម្ម ដែល​នឹង​ឆ្ពោះទៅ​រក​ច្រក​មួយ​កាន់តែ​មាន​ភាព​ចម្រុះ និង​លក្ខណៈ​ទូលំទូលាយ​កាន់តែ​ស៊ីជម្រៅ » ។
លោក​បន្ដ​ថា បច្ចុប្បន្ន ក្រុមហ៊ុន​របស់​លោក​បាន​បោះទុន​វិនិយោគ​យ៉ាងច្រើន​នៅ​កម្ពុជា ពិសេស​អភិវឌ្ឍន៍​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​ទីក្រុង​ភ្នំពេញ ក៏​ដូច​ជា​រួមចំណែក​ផ្លាស់​ប្តូរ​វប្បធម៌​ទេសចរណ៍ រវាង​ប្រទេស​ចិន​និង​កម្ពុជា ព្រមទាំង​ទិស​ដៅ​សម្រាប់​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច និង​វប្បធម៌ តាម​យុទ្ធសាស្ត្រ ផ្លូវ​មួយ ខ្សែក្រវាត់​មួយ ។

ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Markets Consulting លោក ង៉ែត ជូ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​១៩ មិថុនា ថា ការ​សហការ​គ្នា​រវាង​វិនិយោគិន​ចិន​និង​ចិន​គឺជា​រឿង​ល្អ ដោយសារ​ពួក​គេ​ជា​ជាតិ​សាសន៍​ដូច​គ្នា វប្បធម៌​តែ​មួយ យល់​អំពី​របៀបរបប​ធ្វើការ និង​យល់​ពី​សេចក្តី​ត្រូវការ​រៀង​ៗ​ខ្លួន ។

លោក​បាន​លើក​ជា​ឧទាហរណ៍​ថា ៖« បើ​គាត់​ចង់​វិនិយោគ​លើ​វិស័យ​សណ្ឋាគារ គាត់​អាច​សហការ​ជាមួយ​ក្រុមហ៊ុន​ទេសចរណ៍​របស់​ចិន ឬ​សហការ​ជាមួយ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អាកាស​ចរ​ចិន​បាន ។ អីចឹង ខ្ញុំ​យល់​ថា ការ​សហការ​គ្នា​នេះ​ជា​រឿង​ល្អ វា​នឹង​ធ្វើ​ឱ្យ​ការ​វិនិយោគ​របស់​ពួក​គាត់​កាន់តែ​ប្រសើរ​ឡើង​នា​ពេល​ខាង​មុខ » ។
បច្ចុប្បន្ន​នេះ ប្រទេស​ចិន មិន​ត្រឹមតែ​នាំមុខ​គេ​ខាង​វិស័យ​វិនិយោគ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ទេសចរ​ចិន​ក៏​ស្ថិត​នៅ​លំដាប់​ទី​១ ដែល​មក​ទស្សនា​នៅ​កម្ពុជា​ផង​ដែរ ។

យោង​តាម​របាយការណ៍​ក្រសួងទេសចរណ៍ ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០១៨ កម្ពុជា​ទទួល
បាន​ភ្ញៀវ​អន្តរជាតិ​ចំនួន​ជាង​១,៧​លាន​នាក់ កើនឡើង​១៣,៩% ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ចិន​ឈរ​លេខ​រៀង​ទី​១ មាន​ចំនួន​៥០៥.៩៤០​នាក់ កើនឡើង​៨៥,៣% ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៧៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ