ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ «ម្លប់ដូងទី១០» ជារឿងពិតអតីតកវីនិពន្ធ គង្គ ប៊ុនឈឿន បង្កប់អត្ថន័យជ្រាលជ្រៅ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បទ​ចំរៀង «​ម្លប់​ដូង​ទី​១០» គឺជា​រឿង​ពិត​របស់​អតីត​កវីនិពន្ធ គ​ង្គ ប៊ុ​ន​ឈឿ​ន ដែល​មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង ហើយ​បាន​បន្សល់​ទុក​ស្នាដៃ និង​ប្រ​វត្ត​អនុស្សាវរីយ៍​ពិត​ៗ​ជា​ច្រើន…

ខេត្តបាត់ដំបង ៖ បទ​ចំរៀង «​ម្លប់​ដូង​ទី​១០» គឺជា​រឿង​ពិត​របស់​អតីត​កវីនិពន្ធ គ​ង្គ ប៊ុ​ន​ឈឿ​ន ដែល​មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង ហើយ​បាន​បន្សល់​ទុក​ស្នាដៃ និង​ប្រ​វត្ត​អនុស្សាវរីយ៍​ពិត​ៗ​ជា​ច្រើន តាម​រយៈ​រឿងភាពយន្ត បទ​ចំរៀង សៀវភៅ​ប្រលោមលោក និង​កាសែត​ទស្សនាវដ្តី បណ្តាញ​ព័ត៌មាន​ផ្សេង​ៗ ជា​ច្រើន​ទៀត ។

យោង​តាម​ឯកសារ និង​ក្រុម​គ្រួសារ​របស់​លោក គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​បញ្ជាក់​ប្រវត្តិ​សង្ខេប​ខ្លះ​ៗ​របស់​លោក​ថា លោក​បាន​កើត​នៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​១៩៣៩ នៅ​ភូមិ​-​ឃុំ ចំការ​សំរោង ស្រុក​-​ខេត្តបាត់ដំបង មាន​ឪពុក​ឈ្មោះ គ​ង្គ ឈិ​ន មាន​ដើម​កំណើត​មក​ពី​ខេត្តតាកែវ ម្តាយ​ឈ្មោះ ម៉​រ ភឹង ជា​អ្នក​ឃុំ​ព្រែក​ហ្លួង ស្រុក​សង្កែ ខេត្តបាត់ដំបង ។

លោក​បាន​រៀនសូត្រ​នៅ​វត្ត​ពោធិ​វាល និង​ចូល​សាលា​ឧត្តម​ដ្ឋា​ន​ម​ជ្ឈឹ​ម​សាលា និង​បន្ត​ចូល​វិទ្យាល័យ​ព្រះ​មុនី​វង្ស ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា ហើយ​បង្ខំចិត្ត​ឈប់​រៀន​នៅ​ឆ្នាំ​១៩៥៧ ដោយ​ស្ថានភាព​ក្នុង​គ្រួសារ​ទីទ័ល​ក្រ​ពេក ហើយ​មាន​បងប្រុស​តែ​ម្នាក់​គត់​ឈ្មោះ គ​ង្គ ប៊ុ​ន​ឆោម ដែល​មិន​អាច​ជួយ​អ្វី​បាន​ឡើយ ។

ក្រោយ​ពេល​ឈប់​រៀន​លោក​បាន​រៀន​ចេះ​គូររូប​នៅ​តាម​រោងកុន អេ​ដែន និង​ហាប់​ឈុ​ន នៅ​ផ្សារ​បាត់ដំបង ហើយ​ពេលទំនេរ រៀន​តែ​កំណាព្យ និង​ចេះ​លេងភ្លេង​(​ចេះ​កាន់​ម៉​ង់​ដូ​លី​ន​)​សម្រាប់​កំដរ​អារម្មណ៍​ខ្លួនឯង ក្រោយ​ពេលទំនេរ​តែងតែ​មក​អង្គុយ​លេង​មាត់​ស្ទឹង​សង្កែ​ដើម្បី​បន្ធូរ​អារម្មណ៍​តស៊ូ​ចំពោះ​ភាព​ក្រីក្រ​កើត​មាន​ចំពោះ​ខ្លួន ។

ដោយសារ​ភាព​ក្រីក្រ​គ្មាន​ឪពុក លោក​បាន​ស្លាប់​ចោល​តាំងពី​នៅ​តូច ហើយ​បន្ទុក​នៅ​លើ​ម្តាយ​ជួយ​មិន​រួច​លោក​បាន​ខិតខំ​តែង​និពន្ធ​សៀវភៅ​ប្រលោម​លោក តែង​កំណាព្យ យក​ទៅ​ជួល​គេ​បោះ​ពុ​ម្ភ​បាន​ចេញផ្សាយ​លក់​ខ្លះ និង​មិន​បាន​ចេញ​ខ្លះ​រក​ផ្លូវរស់​មិន​ចង់បាន ហើយ​ត្រូវ​គេ​មិន​ទទួលស្គាល់ និង​មើលងាយ​រូប​លោក​ថែម​ទៀត​នៅ​បាត់ដំបង​ទើប​លោក​សម្រេចចិត្ត​ឡើង​ទៅ​ក្រុងភ្នំពេញ​សម័យ លន់ ណុ​ល ទៅ​ធ្វើ​កម្មករ សំណង់ រហូត​ដល់​ឆ្នាំ​១៩៧២ ទើប​មាន​មិត្ត​របស់​លោក​ម្នាក់​ឈ្មោះ ឱ ឌុំ បាន​មក​រក​ជួប​លោក​ដោយ​ប្រាប់​ថា មាន​ក្រុមហ៊ុន​ថត​ភាពយន្ត​មួយ​សុំ​ជួប​ជាមួយ​លោក​ដើម្បី​សុំ​ទិញ​រឿង​ប្រលោមលោក «​រឿង​ពេជ្ឈឃាត​ក្រមុំ​» ដែល​លោក​បាន​សរសេរ​លក់​នៅ​បាត់ដំបង​មក​ផលិត​ជា​ខ្សែភាពយន្ត​វិញ​ដោយ​មាន​កុងត្រា​ច្បាស់លាស់​ត្រឹមត្រូវ និង​ទទួល​ជា​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​នោះ​ដោយ​មាន​ប្រាក់ខែ​ទៀត​ផង ។

នៅ​ពេល​នោះ​ចំពោះ​បទ​ចំរៀង​ដែល​លោក​បាន​សរសេរ​ទាំង​ប៉ុន្មាន​នៅ​ពេលទំនេរ​មិន​ទាន់​បាន​ផ្សាយ​ទាំង​កំណាព្យ ទាំង​បទ​ចំរៀង ហើយ​បាន​ជួប​លោក ស៊ិ​ន ស៊ី​សា​មុត ទទួល​ច្រៀង​យក​បទ​ចំរៀង កែសម្រួល​សាច់ភ្លេង របស់​លោក​ទៀត​ទើប​ពេល​នោះ​មាន​ច្រើន​សុទ្ធតែ​បទ​ចំរៀង​បាត់ដំបង​មាន​ច្រើន​ដោយសារ​លោក​បាន​និពន្ធ​ទុក​គ្មាន​ទីផ្សារ​ជា​យូរ​ឆ្នាំ ។

ចំពោះ​បទ​ចំរៀង «​ម្លប់​ដូង​ទី​១០» គឺជា​រឿង​ពិត​របស់​លោក​ដែល​កាលនោះ​ឆ្នាំ​១៩៦៩ លោក​បាន​ស្រឡាញ់​គ្នា​ជាមួយ​នារី​ម្នាក់​នៅផ្ទះ​ជិតខាង​បាន​សច្ចា​ស្បថស្បែរ ហើយ​បាន​ណាត់ជួប​គ្នា​នៅ​ក្រោម​ដើម​ដូង​មាត់​ស្ទឹង​សង្កែ ដែល​មាន​កៅអី​បង់​ថ្ម នៅ​ក្រោម​ដើម​ដូង​នៅ​ចំ​ពីមុខ​វត្ត​ពោធិ​វាល​ត្រើយ​ខាងលិច ហើយ​ពេល​ណាត់​នោះ​នារី​នោះ​មិន​បាន​មក​តាម​ការ​ណាត់​ទេពី​ព្រោះតែ​ក្នុង​ជីវភាព​របស់​លោក​ដុនដាប​មែនទែន ម្តាយ​ក៏​ត្រូវ​ស្លាប់​ចោល​នៅ​ក្រោមផ្ទះ​គេ​ទៀត​ខ្លួនឯង​គ្មាន​ការងារ​ធ្វើ ការ​សរសេរ​និពន្ធ​បោះ​ពុ​ម្ភ​ចេញផ្សាយ​មិន​រួច​ទើប​លោក​ដឹង​សាច់​រឿង​ដោយ​ខ្លួនឯង​ថា​នារី​នោះ​បាន​ក្បត់ចិត្ត ហើយ​បាន​សរសេរ​ទុកជា​សាច់​រឿង​ពិត ហើយ​ទើបតែ​មក​ទម្លាយ​ផ្សាយ​នៅ​ឆ្នាំ​១៩៧២ ដែល​មាន​លោក ស៊ិ​ន ស៊ី​សា​មុត បាន​បន្ថែម​សម្លេង​របៀប​ដង្ហក់ ខ្សឹកខ្សួល​អួល​ដើម​.​ក​ផង​ដើម្បី​ចូលរួម​សោកស្តាយ គូរ​ស្នេ​ហ៌​របស់​លោក​ដែល​មាន​ដើម​កំណើត​នៅ​ក្រោម​ដើម​ដូង​មាត់​ស្ទឹង​សង្កែ ហើយ​ក៏​ត្រូវ​រលាយ​ទៅ​វិញ​ក៏​នៅ​កន្លែង​ដដែល​កំសត់​តាម​សាច់​រឿង​ទៀត​ទើប​ចាប់​ល្បី​តាំងពី​សម័យ​នោះ​មក ។

សម័យកាល​ចេះ​តែ​ប្តូរផ្លាស់​នៅ​ឆ្នាំ​២០១៦ អតីត​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង បាន​រំលឹក​ឡើង​វិញ​ចំពោះ​អនុស្សាវរីយ៍​នៅ​បាត់ដំបង​ដែល​ល្បី​តាម​បទ​ចំរៀង ម្លប់​ដូង​ទី​១០ បាន​នាំ​យក​ដើម​ដូង​មក​ដាំ​នៅ​ក្បាលស្ពាន​ប៉ែក​ខាងកើត​មុខ​វត្ត​កណ្តាល​ដែល​ជា​និមិត្តរូប​តាម​សាច់​រឿង​នៃ​បទ​ចំរៀង ហើយ​លោក គ​ង្គ ប៊ុ​ន​ឈឿ​ន ដែល​បាន​ទទួលមរណៈភាព​មក​ពី​ប្រទេស​ណ័​រ​វ៉ែ​ស ត្រូវ​បាន​ក្រុម​គ្រួសារ​សុំ​អាជ្ញាធរ​ដើម្បី​បញ្ចុះសព​របស់​លោក​នៅ​វត្ត​កណ្តាល​នេះ​ផង​ព្រោះ​អ្វី​ៗ​ត្រូវធ្វើ​ទៅ​តាម​បណ្តាំ​របស់​លោក គ​ង្គ ប៊ុ​ន​ឈឿ​ន ដែល​មាន​ដើម​កំណើត​នៅ​ខេត្តបាត់ដំបង​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ