ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មាន​អត្រា​អ្នកមាន​ការងារ​ធ្វើ​រហូត​ដល់​ជាង​99%

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់់​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អះអាង​ថា ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ អត្រា​អ្នកមាន​ការងារ​ធ្វើ​ខ្ពស់​រហូត​ដល់​កម្រិត​៩៩,៣% ស្មើនឹង​ប្រមាណ​ជិត​១០​លាន​នាក់ ហើយ​អត្រា​គ្មាន​ការងារ​ធ្វើ ត្រូវ​បាន​កាត់​បន្ថយ​មក​ត្រឹម​កម្រិត​ទាប​០,៧%…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់់​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អះអាង​ថា ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ អត្រា​អ្នកមាន​ការងារ​ធ្វើ​ខ្ពស់​រហូត​ដល់​កម្រិត​៩៩,៣% ស្មើនឹង​ប្រមាណ​ជិត​១០​លាន​នាក់ ហើយ​អត្រា​គ្មាន​ការងារ​ធ្វើ ត្រូវ​បាន​កាត់​បន្ថយ​មក​ត្រឹម​កម្រិត​ទាប​០,៧% ។

លោក អុ​ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អះអាង​បែប​នេះ នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ស្តី​ពី « លទ្ធផល​អង្កេត​និយោជក ស្តី​ពី​កង្វះ និង​គម្លាត​ជំនាញ​នៅ​ក្នុង​ទីផ្សារ​ការងារ​កម្ពុជា ក្នុង​ឆ្នាំ​២០១៧ និង​របាយការណ៍​ស្តី​ពី​ទស្សនវិស័យ​ការងារ​កម្ពុជា​ឆ្នាំ​២០១៨ » កាលពី​រសៀល​ថ្ងៃ​ទី​៨ មិថុនា នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា លទ្ធផល​នៃ​ការ​ធ្វើ​អង្កេត​នេះ ពិតជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ផ្តល់​ព័ត៌មាន​អំពី​ស្ថានភាព​ទីផ្សារ​ការងារ​នា​ពេល​បច្ចុប្បន្ន​ទៅ​ដល់​ភាគី​ពាក់ព័ន្ធ​នានា និង​រួមចំណែក​ពង្រឹង​ប្រព័ន្ធ​ព័ត៌មាន​ទីផ្សារ​ការងារ​នៅ​កម្ពុជា​ទាំងមូល​ឲ្យ​ដំណើរការ​ពេញលេញ ពិសេស​យុវជន និង​អ្នក​ស្វែងរក​ការងារ អាច​ត្រៀមខ្លួន​បាន​កាន់តែ​ប្រសើរ ស្រប​តាម​តម្រូវការ​របស់​ទីផ្សារ​ការងារ ។

លោក​រដ្ឋមន្ត្រី​ថ្លែង​ថា ៖« ការ​បន្ត​រក្សា​បាន​នូវ​សន្តិភាព ស្ថិរភាព​ពេញលេញ​ទូ​ទាំង​ប្រទេស នាំ​ឲ្យ​កម្ពុជា​បន្ត​ទាក់ទាញ​បាន​នូវ​វិនិយោគិន​កាន់តែ​ល្អ និង​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ក្នុង​រយៈពេល​២​ទសវត្សរ៍​កន្លង​មកនេះ នាំ​ឲ្យ​យើង​អាច​បង្កើត​ការងារ​ថ្មី​កាន់តែ​ប្រសើរ​ជា​ច្រើន និង​បន្ត​រក្សា​ការងារ​ដែល​មាន​ស្រាប់​ជូន​ប្រជាពលរដ្ឋ ជា​ពិសេស​យុវជន​ដែល​ដល់​អាយុ​ធ្វើការ​ចំនួន​ប្រមាណ​៣​សែន​នាក់​ក្នុង​១​ឆ្នាំ​ៗ » ។

លោក​រដ្ឋមន្ត្រី អុ​ិ​ត សំ​ហេង បញ្ជាក់​ថា ៖«​បច្ចុប្បន្ន​នេះ យើង​មាន​អត្រា​មានការ​ងារ​ធ្វើ​ខ្ពស់​រហូត​ដល់​កម្រិត​៩៩,៣% ស្មើនឹង​ប្រមាណ​ជិត​១០​លាន​នាក់ ហើយ​អត្រា​គ្មាន​ការងារ​ធ្វើ​ត្រូវ​បាន​កាត់​បន្ថយ​មក​ត្រឹម​កម្រិត​ទាប​០,៧%​។ ក្នុង​ចំណោម​អ្នកមាន​ការងារ​ធ្វើ​សរុប​ទាំងអស់​មាន​ចំនួន​ជិត​១,៥​លាន​នាក់​ធ្វើការ​នៅ​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​, ជាង​២,៤​លាន​នាក់​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​, ជាង​៤​លាន​នាក់​នៅ​ក្នុង​វិស័យ​កសិកម្ម​, ១,២​លាន​នាក់​ធ្វើការ​នៅ​ក្រៅប្រទេស និង​ជាង​០,៥​លាន​នាក់​ជា​មន្ត្រី​សាធារណៈ » ។

ទោះ​យ៉ាងណា​ក្តី លោក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា ការ​រីក​ចម្រើន​សេដ្ឋកិច្ច​-​សង្គម​ដ៏​ឆាប់រហ័ស​នេះ នាំ​ឲ្យ​ទីផ្សារ​ការងារ​នៅ​កម្ពុជា​មាន​ជីវភាព​ខ្លាំង ដែល​បណ្តាល​ឲ្យ​មានការ​កើតឡើង​នូវ​កង្វះ និង​គម្លាត​ជំនាញ ដោយ សារ​យន្តការ​គាំទ្រ​ដោយ​លំហូរ​ព័ត៌មាន​រវាង​ភាគី​ពាក់ព័ន្ធ ជា​ពិសេស​អ្នក​ស្វែងរក​ការងារ និយោជក អ្នក​ផ្តល់​ការ​អប់រំ​បណ្តុះបណ្តាល​មិន​ទាន់​ត្រូវ​បាន​អភិវឌ្ឍន៍​ល្អ​ពេញលេញ ។

លោក​ថា ៖« ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខិតខំ​ដោះស្រាយ​តាម​រយៈ​ការ​អនុវត្ត​គោលនយោបាយ​ទីផ្សារ​ការងារ​សកម្ម ដោយ​បង្កើត​ឱ្យ​មាន​ឡើង​នូវ​ប្រព័ន្ធ​ព័ត៌មាន​ទីផ្សារ​ការងារ​ជាតិ​មួយ គឺ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ដែល​ដើរតួ​នាទី​ក្នុង​ការ​ប្រមូល​វាយតម្លៃ និង​ផ្តល់​ព័ត៌មាន​ទីផ្សារ​ទូលំទូលាយ សំដៅ​ធ្វើ​ឱ្យ​មាន​តម្លាភាព​ទូ​ទាំង​ប្រទេស ពាក់ព័ន្ធ​នឹង​ការ​ផ្គត់ផ្គង់ និង​តម្រូវការ​នៅ​លើ​ទីផ្សារ​ការងារ ផ្តល់​ភាព​ងាយស្រួល​ឆាប់រហ័ស​ដល់​អ្នក​ស្វែងរក​ការងារ និង​និយោជក​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន និង​ការ​ផ្គូផ្គង​រវាង​ឱកាស​ការងារ និង​ដំណឹង​ជ្រើសរើស​កម្លាំង​ពលកម្ម ព្រមទាំង​ផ្តល់​ការ​គាំទ្រ​ផ្សេង​ទៀត ដើម្បី​ជួយ​ឱ្យ​ទីផ្សារ​ការងារ​មាន​ដំណើរការ​កាន់តែ​ប្រសើរ » ។

លោក​ជំទាវ ម៉ា​រៀ សា​គ្រិ​ន ឯកអគ្គរដ្ឋទូត​ស៊ុ​យ​អែ​ត​ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ដែរ​ថា ៖«​តាម​រយៈ​ទីភ្នាក់ងារ​ផ្តល់​សេវា​ការងារ​សាធារណៈ ប្រទេស​ស៊ុ​យ​អែ​ត​បាន​សហការ​ជាមួយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​តាំងពី​ឆ្នាំ​២០១២ ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ជំនាញ និង​ការងារ​សម្រាប់​យុវជន ។ ជាក់ស្តែង របាយការណ៍​ទាំង​ពីរ​ដែល​ផ្សព្វផ្សាយ​ថ្ងៃនេះ គឺជា​ផ្នែក​មួយ​នៃ​កិច្ច​សហប្រតិបត្តិការនេះ » ។

លោក​ជំទាវ​ថ្លែង​ថា ៖« វា​គឺជា​ប្រភព​ព័ត៌មាន​ដែល​អាច​ជឿ​ទុកចិត្ត​បាន និង​មាន​សារ​ប្រយោជន៍​សម្រាប់​អ្នក​ស្វែងរក​ការងារ​ធ្វើ ជា​ពិសេស យុវជន​អាច​ស្វែងរក​ការងារ​បាន​កាន់តែ​ល្អ​ប្រសើរ​នា​ពេល​ខាង​មុខ » ។
យោង​តាម​លទ្ធផល​អង្កេត​និយោជក​លើក​ទី​៤ ស្តី​ពី​កង្វះ និង​គម្លាត​ជំនាញ​នៅ​ក្នុង​ទីផ្សារ​ការងារ​ឆ្នាំ​២០១៧​នេះ បង្ហាញ​ថា ៖ ៧៧,៩% នៃ​និយោជក​នៅ​ក្នុង​វិស័យ​សណ្ឋាគារ និង​ការ​ស្នាក់​នៅ កំពុង​ជួប​បញ្ហា​លំបាក​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក ។ ចំណែកឯ​វិស័យ​ដទៃ​ទៀត គឺ​ស្ថិត​ក្នុង​អត្រា​៦៤,១% ក្នុង​វិស័យ​ឡូ​ជី​ស្ទីក និង​ការ​ដឹក​ជញ្ជូន​, សុខាភិបាល​៥៨,៣%, អប់រំ និង​បណ្តុះបណ្តាល ៥៣,០%, កែ​ច្នៃ​ម្ហូបអាហារ និង​ភេសជ្ជៈ ៥១,៧%, ហិរញ្ញវត្ថុ និង​ធានា​រ៉ាប់រង ៥០,៧%, ព័ត៌មានវិទ្យា​៣៦,៥%, សំណង់ ៣៤,៤%, វាយនភ័ណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់​និង​ផលិត​ស្បែកជើង ២០,៩% និង​ផលិតកម្ម​កៅស៊ូ និង​ប្លា​ស្ទិ​ក ៧,៣% ។

លទ្ធផល​អង្កេត​បាន​ឲ្យ​ដឹង​ទៀត​ថា កត្តា​ចម្បង​ដែល​នាំ​ឱ្យ​និយោជក​ជួប​ប្រទះ​ការ​លំបាក​ក្នុង​ការ​ជ្រើសរើស​កម្លាំង​ពលកម្ម​នេះ គឺ​បណ្តាល​មក​ពី​បេក្ខជន​គ្មាន​ជំនាញ​បច្ចេកទេស​តាម​តម្រូវការ​, មានការ​ប្រកួតប្រជែង​ខ្លាំង​ក្នុង​ចំណោម​និយោជក​ក្នុង​ការ​ជ្រើសរើស​, កង្វះ​បទ​ពិសោធន៍​ការងារ និង​បេក្ខជន​ដាក់​ពាក្យ​ស្វែងរក​ការងារ​មាន​ចំនួន​តិច ។ ចំណែក​ជំនាញ​សំខាន់​ៗ​ដែល​អ្នក​ស្វែងរក​ការងារ​ខ្វះខាត​រួម​មាន ជំនាញ​ភាសាបរទេស​, ជំនាញ​បច្ចេកទេស​, ការ​បម្រើសេវា​អតិថិជន​, ការ​និយាយ​ស្តី​, ការ​បំពេញការងារ​ជា​ក្រុម​, ការ​ដោះស្រាយ​បញ្ហា និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន ។​

ទន្ទឹម​នឹង​នេះ ទិន្នន័យ​ដែល​ប្រមូល​បាន​ពី​ការ​អង្កេត​នេះ បាន​ផ្តល់​លទ្ធភាព​ឱ្យ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ធ្វើការ​វិភាគ​ព្យាករណ៍ និង​ផលិត​ជា​របាយការណ៍​មួយទៀត​ស្តី​ពី « ទស្សនវិស័យ​ការងារ​កម្ពុជា​ឆ្នាំ​២០១៨»​ដែល​បង្ហាញ​អំពី​កា​រវិ​វត្ត​របស់​ទីផ្សារ​ការងារ​នៅ​កម្ពុជា ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ឱកាស​ការងារ​តាម​ប្រភេទ​នៃ​មុខរបរ » ។

លទ្ធផល​នៃ​របាយការណ៍​នេះ​ក៏​បាន​បង្ហាញ​ដែរ​ថា ប្រភេទ​ការងារ​ដែល​អាច​ឲ្យ​អ្នក​ស្វែងរក​ការងារ​ងាយ​នឹង​ទទួល​បាន​នោះ​មាន​ដូច​ជា​វិស្វករ​ឧស្សាហកម្ម និង​ផលិតកម្ម​, វិស្វករ​ទូរគមនាគមន៍​, អ្នកឯកទេស​ផ្នែក​វិទ្យាសាស្ត្រ និង​ថត​កាំរស្មី​អុ​ិ​ច​, អ្នកបកប្រែ​អត្ថបទ និង​អ្នកបកប្រែ​ផ្ទាល់មាត់​, អ្នកបច្ចេកទេស​ផ្នែក​សេវា​គាំទ្រ​ព័ត៌មានវិទ្យា​, វិស្វករ​គីមី​, អ្នកបញ្ជា​ម៉ាស៊ីន​ចំហុយ​ទឹក​, ជាង​ធ្វើ​កញ្ចក់​, ជាង​ដំឡើង​បំពង់​ទុយោ និង​បំពង់​បង្ហូរ និង​អ្នក​ដំឡើង​ម៉ាស៊ីន​យានយន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ