រាជធានីភ្នំពេញ ៖ Star Food Enterprise Co., Ltd ដែលជាក្រុមហ៊ុននាំចូលភីហ្សាម៉ាក PEZZO ដែលជាម៉ាកភីហ្សាក្នុងស្រុកដែលមានឈ្មោះល្បីល្បាញនៅក្នុងប្រទេសសិង្ហបុរី បានមកដល់ព្រះរាជាណាចក្រកម្ពុជា និងមានការផ្តល់ជូននូវប្រម៉ូសិនពិសេសជូនប្រជាពលរដ្ឋកម្ពុជា នៅក្នុងរយៈពេលបើកសម្ពោធលក់សាកល្បង (Soft Opening) រាល់ការទិញ Pizza ចំនួន២ ចំណិត គឺថែមជូន Pizza ១ ចំណិតផ្សេងទៀត ដោយឥតគិតថ្លៃរហូតដល់ថ្ងៃ ១៥ មិថុនា ឆ្នាំ២០១៨ ។
លោក ជា គឹមសុង នាយកប្រតិបត្តិទូទៅនៃក្រុមហ៊ុន Star Food Enterprise Co., Ltd បានមានប្រសាសន៍ថា៖ PEZZO Pizza ជាម៉ាករបស់ប្រទេសសិង្ហបុរី ដែលបង្កើតឡើងកាលពីឆ្នាំ២០១២ ហើយការពី៦ឆ្នាំមុន គាត់ (សិង្ហបូរី) បាននាំចូលនូវគំនិតលក់ Pizza ជាចំណិត ជូនប្រជាពលរដ្ឋ ហើយគាត់ទទួលបានការគាំទ្រខ្លាំង។ តែនៅខ្មែរយើងទស្សនៈ ឬគំនិតលក់ភីហ្សាជាចំណិតនេះមិនទាន់មាននោះទេពីមុន អញ្ចឹងយើងមើលឃើញថា វាជាគំនិតអាជីវម្មមួយថ្មី និងចង់ឱ្យប្រជាពលរដ្ឋកម្ពុជាបានទទួលយកនូវ Pizza មួយចំណិតដែលអាចឱ្យពួកគាត់ញុំតែ១ ចំណិតមានអារម្មណ៍ថា ឆ្អែតហើយតម្លៃសមរម្យអាចទទួលយកបានគ្រប់ៗគ្នា»។

លោកបានបន្ថែមទៀតថា ក្នុងឱកាសបើកសម្ភោធលក់សាកល្បងរបស់ Pezzo Pizza Cambodia ផ្តល់ជូនប្រូម៉ូសិនពិសេសជូនប្រជាពលរដ្ឋ រាល់ការទិញភីហ្សាចំនួន២ចំណិត ថែមជូនភីហ្សា ១ចំណិតទៀតដោយឥតគិតថ្លៃរហូតដល់ថ្ងៃ១៥ ខែមិថុនាខាងមុខ ក្នុងគោលបំណងចង់ឱ្យពលរដ្ឋបានសាកល្បងនូវរសជាតិភីហ្សា ទាំង១០ ប្រភេទមានដូចជារសជាតិ Carnival Seafood, Seafood Gala, Halo Hawaiian, Hot Chick, Cheesy Cheese, Very Veggie, Meat Munchers, BBQ Chicken, Pepperoni និង Supremo ជាដើម។ PEZZO Pizza បើប្រៀបទៅនឹង Pizza ដទៃទៀត គឺ PEZZO របស់យើងធ្វើឡើងដោយដៃជាមួយគ្រឿងផ្សំសំបូរបែប មានគុណភាពខ្ពស់ លក់ជូនជារៀងរាល់ថ្ងៃ ដោយយើងរំពឹងថា ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសនឹងទទួលយកគំនិតថ្មីមួយនេះ (Pizza ចំណិត) ហើយពួកគាត់មានលទ្ធភាពគ្រប់គ្រាន់ទិញយកទៅបរិភោគជាមួយក្រុមគ្រួសារបានគ្រប់ពេលវេលា»។
បើតាមលោកនាយកប្រតិបត្តិទូទៅនៃក្រុមហ៊ុន Star Food Enterprise Co., Ltd បានឲ្យដឹងថា បន្ទាប់ពីដាក់ឱ្យដំណើរការ PEZZO Pizza Cambodia មានទីតាំងនៅជាន់ទី២ ផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី (ជាប់រោងភាពយន្ត) ហើយនៅថ្ងៃខាងមុខក្រុមហ៊ុនមានគម្រោងពង្រីកសាខាបន្ថែម ពី២ទៅ៣សាខាងនៅផ្សារទំនើបផ្សេងទៀតក្នុងឆ្នាំនេះដែរ៕

ចែករំលែកព័តមាននេះ