ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្ដី​ប្រចណ្ឌ​នៃ​គូស្នេហ៍​អ្នកសិល្បៈ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វា​ជា​រឿង​មួយ​ដែល​ចៀស​មិន​ផុត​ឡើយ​សម្រាប់​អ្នកសិល្បៈ​ដែល​ត្រូវ​ភរិយា ឬ​ប្តី ប្រចណ្ឌ​នៅ​ពេល​សម្តែង​ជាមួយ​ដៃគូ ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក​សុះ ម៉ាច បាន​អះ​អាង​ថា…

រាជធានី​ភ្នំពេញ ៖ វា​ជា​រឿង​មួយ​ដែល​ចៀស​មិន​ផុត​ឡើយ​សម្រាប់​អ្នកសិល្បៈ​ដែល​ត្រូវ​ភរិយា ឬ​ប្តី ប្រចណ្ឌ​នៅ​ពេល​សម្តែង​ជាមួយ​ដៃគូ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក​សុះ ម៉ាច បាន​អះ​អាង​ថា ភរិយា​របស់​លោក​តែងតែ​មានកូន​ចិត្ត​មួយ​គិត​អំពី​រឿង​នេះ​ដែរ​នៅ​ពេល​ដែល​ឃើញ​​លោក​ស្និទ្ធស្នាល​ជាមួយ​ដៃគូ​សម្តែង ។ លោក​ថា «​ប្រពន្ធ គាត់​នៅ​ក្មេង កាលណា​ឃើញ​យើង​ស្និទ្ធស្នាល​ជាមួយ​អ្នកសិល្បៈ​ដូច​គ្នា​នោះ គឺ​គាត់​តែងតែ​មានកូន​ចិត្ត​មួយ​ប្រច័ណ្ឌ ប៉ុន្តែ​អ្នក​ដែល​គាត់​ស្គាល់​ស្និទ្ធ​នោះ​គឺ​គាត់​មិន​មានចិត្ត​ប្រចណ្ឌ​ឡើយ ។

ដោយសារ​បច្ចុប្បន្ន​ខ្ញុំ​មិនសូវ​ជា​បាន​សម្តែង​ទើប​មិនសូវ​ជួប​រឿង​បែប​នេះ តែ​នៅ​ពេល​ដែល​ខ្ញុំ​បាន​ចូលរួម​ក្នុង​កម្មវិធី​អ្វីមួយ ហើយ​ជួប​ដៃគូ​នៅ​ក្រៅ​ឆាក​នោះ ហើយ​មានការ​ថតរូប​បែប​ស្និទ្ធស្នាល​គឺ​គាត់​តែងតែ​សួរនាំ និង​មានចិត្ត​ប្រច័ណ្ឌ​ខ្លះ​ដែរ »​។

លោក​សុះ ម៉ាច ថា​ជា រឿយ​ៗ​លោក​តែងតែ​ពន្យល់​ភរិយា​ថា ការ​សម្តែង​ទាល់តែ​មើល​ទៅ​ដូច​ការណ៍​ពិត នោះ​ទើប​ការ​សម្តែង​វា​សម ឬ​ចូល​តួ​ទោះ​ដៃគូ​យើង​ត្រឹម​អ្នក​សម្តែង​ដូច​គ្នា​ក៏​ដោយ​ក៏​ត្រូវ​ឲ្យ​មាន​ភាព​ស្និទ្ធស្នាល​ដែរ ។

លោក​សុះ ម៉ាច ឲ្យ​ដឹង​បន្ថែម​ថា ប្រសិនបើ​យើង​ដាក់ចិត្ត​ស្រឡាញ់​អ្នកសិល្បៈ​នោះ គឺ​យើង​ត្រូវ​រៀន​បើក​ចិត្ត​ឲ្យ​ទូលាយ ហើយ​យល់​ពី​សិល្បៈ​ទើប​ស្រឡាញ់​អ្នកសិល្បៈ​បាន មិនមែន​ចេះ​តែ​ប្រចណ្ឌ​ទាំង​ក្នុង​ឆាក និង​ក្រៅ​ឆាក​នោះ​ឡើយ ។

ចំពោះ​បញ្ហា​សម្រាប់​លោក​សុះ ម៉ាច គឺ​មិន​មាន​អ្វី​លំបាក និង​ប៉ះពាល់​ដល់​អាជីព​របស់​លោក​ឡើយ ដោយសារ​តែ​លោក​បាន​ពន្យល់​ភរិយា​ឲ្យ​យល់​ច្បាស់​ពី​ជីវិត​អ្នកសិល្បៈ ។

តារា​កំប្លែង​លោក​ខាត់ ចំរើន ហៅ​នាយ​កន្តេះឡង់ បាន​អះអាង​ស្រ​ដៀង​គ្នា​នេះ​ដែរ​ថា ជា​ធម្មតា​មនុស្ស​ស្រី​មិន​ដែល​ចិត្តរឹង​ដូច​ដុំ​ធម្ម ហើយ​មិន​ចេះ​ប្រចណ្ឌ​នោះ​ឡើយ ពោល​គឺ​ការ​ប្រចណ្ឌ​នេះ​តែងតែមាន គ្រាន់តែ​តិច ឬ​ច្រើន​ប៉ុណ្ណោះ ។

លោក​ខាត់ ចំរើន បញ្ជាក់​ថា «​សម្រាប់​ភរិយា​របស់ខ្ញុំ គឺ​ខ្ញុំ​តែងតែ​ពន្យល់​ពី​អាជីព​អ្នក​សិល្បៈ ហើយ​ណាមួយ​ខ្ញុំ​ក៏​មិន​ដែល​មាន​រឿងរ៉ាវ​រហេតរហូត​ណា​ឲ្យ​ភរិយា​ខ្ញុំ​ទាស់ចិត្ត​ឡើយ ដោយ​ខាងក្រៅ​ជា​ការ​សម្តែង តែ​ខាងក្នុង​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ភរិយា​លោក​ជឿជាក់ ។

ម្យ៉ាងទៀត​ភរិយា​ខ្ញុំ​បាន​យល់​ពី​កាលៈទេសៈ ដោយសារ​តែ​អ្វី​ដែល​ខ្ញុំ​ធ្វើ​គឺ​ដើម្បី​រក​ចំណូល​​មក​ផ្គត់ផ្គង់​គ្រួសារ​ប៉ុណ្ណោះ ហើយ​ទាំង​អស់នេះ​គ្រាន់តែ​ជា​ការ​សម្តែង​ប៉ុណ្ណោះ។

ប្រសិនបើ​ប្តី​ប្រពន្ធ​ខ្ញុំ​មិន​មាន​ភាព​ចុះសម្រុង​គ្នា​លើ​បញ្ហា​ខាងលើ​នេះ នោះ​អាជីព​របស់ខ្ញុំ​ក៏​មិន​អាច​ទៅ​មុខ​បាន​ដែរ ខណៈ​ពេល​ដែល​ខ្ញុំ​ក៏​បាន​រក្សា​ចិត្ត​ពី​ភាព​មាន​ប្រពន្ធ​កូន​របស់​ខ្ញុំ​ផង​ដែរ ។

អ្នកសិល្បៈ​ទាំងស្រី ទាំងប្រុស​ជា​ច្រើន​ទៀត​បាន​និយាយ​ស្រ​ដៀង​ប្រភព​ខាងលើ​នោះ​ដែរ ។ អ្នកខ្លះ​ថា​បន្ទាប់​ពី​សម្តែង​ស្និទ្ធស្នាល​ជាមួយ​ដៃគូ​ស្រី​នៅ​លើ​ឆាក​រួច ពេល​ទៅ​ដល់​ផ្ទះ​ត្រូវ​ប្រពន្ធ​ខឹង​អត់​ចង់​និយាយ​រក ។ ខ្លះ​ថា​ត្រូវ​ប្តី​ខឹង​ហួងហែង ហើយ​ចង់​ឲ្យ​បោះបង់​អាជីព​ដោយសារ​តែ​រឿង​ប្រចណ្ឌ ។

ផ្ទុយ​ពី​នោះ​តារា​កំប្លែង​អ្នក​នាង​កា​ឆ​យ បាន​អះអាង​ថា ស្វាមី​របស់​នាង​ហាក់​មិន​ប្រច័ណ្ឌ​ចំពោះ​ការ​សម្តែង​បែប​ស្និទ្ធស្នាល​ជាមួយ​ដៃគូ​ដែល​ជា​បុរស​ណាមួយ​ឡើយ ដោយសារ​តែ​ស្វាមី​នាង​មាន​ភាព​ចេះ​ដឹង​លើ​បញ្ហា​នេះ ។

អ្នក​នាង​កា​ឆ​យ​បញ្ជាក់​ថា «​ចាប់តាំងពី​ចាប់ដៃ​រស់នៅ​ជាមួយ​គ្នា​ប្រមាណ​ជាង​២០​ឆ្នាំ​មកនេះ ស្វាមី​របស់ខ្ញុំ​មិន​ត្រឹមតែ​មិន​ប្រចណ្ឌ​លើ​ការ​សម្តែង​របស់ខ្ញុំ​ឡើយ សូ​ម្បី​តែ​ការ​ប្រើ​ពាក្យ​សម្តី​ធំ ឬ​តូច​មក​លើ​ខ្ញុំ​នោះ​ក៏​មិន​ដែល​កើត​មាន​ដែរ ។ ទោះបីជា​ខ្ញុំ​ជា​អ្នកសិល្បៈ ហើយ​មិន​មាន​ទ្រព្យធន​ច្រើន​ដូច​គេ​ក៏​ដោយ ប៉ុន្តែ​ខ្ញុំ និង​ស្វាមី​បាន​បង្កើត​នូវ​សុភមង្គល​នៅ​ក្នុង​គ្រួសារ ហើយ​ស្វាមី​ខ្ញុំ​តែងតែ​ឲ្យ​តម្លៃ​ទៅ​លើ​សិល្បៈ និង​លើកទឹកចិត្ត​នាង​ខ្ញុំ​ជា​និច្ច ដូចនេះ​មិន​មានការ​ប្រចណ្ឌ​ណាមួយ​កើតឡើង​ឡើយ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ