ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ​.​ជ​.​ប​ទទួលស្គាល់​គណបក្ស​នយោបាយ​២​បន្ថែម សរុប​១៣នៃ​គណបក្ស​២០​សុំ​ចុះបញ្ជី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប បាន ប្រកាស​ទទួលស្គាល់​គណបក្ស​ពីរ​បន្ថែម​ទៀត​ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី​១៩ ខែឧសភា សរុប​១៣ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​គ​.​ជ​.​ប…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប បាន ប្រកាស​ទទួលស្គាល់​គណបក្ស​ពីរ​បន្ថែម​ទៀត​ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី​១៩ ខែឧសភា សរុប​១៣ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​គ​.​ជ​.​ប ។

លោក​ឌឹ​ម សុ​វ​ណ្ណា​រុំ អ្នកនាំពាក្យ គ​.​ជ​.​ប​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៨ ថា​គ​.​ជ​.​ប បាន​ទទួលស្គាល់​ចុះបញ្ជី​គណបក្ស​នយោបាយ​ជា​ផ្លូវការ​ចំនួន​២​ទៀត សរុប​ទាំងអស់​១៣​គណបក្ស​ហើយ គឺ​គណបក្ស​ធម្មាធិបតេយ្យ​ឈរ​នៅ​១០​មណ្ឌល និង​គណបក្ស​មាតុភូមិ​យើង​ឈរ​នៅ​៦​មណ្ឌល ។

អ្នកនាំពាក្យ​បាន​ឲ្យ​ទៀត​ថា ការ​ទទួលស្គាល់​គណបក្ស​នយោបាយ​២​បន្ថែម​សរុប​១៣​ហើយ រួម​មាន​ទី​១- គណបក្ស​ធម្មាធិបតេយ្យ​ឈរ​នៅ​១០​មណ្ឌល ទី​២- គណបក្ស​មាតុភូមិ​យើង​ឈរ​នៅ​៦​មណ្ឌល ទី​៣- គណបក្ស​ខ្មែរ​ឈប់​ក្រ ឈរ​នៅ​២៥​មណ្ឌល ទី​៤- គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ​ឈរ​នៅ​២៥​មណ្ឌល ទី​៥- គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ឈរ​នៅ​២៥​មណ្ឌល ទី​៦-​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ឈរ​នៅ​២៥​មណ្ឌល ទី​៧-​គណបក្ស​ខ្មែរ​តែ​១ ឈរ​នៅ​១៦​មណ្ឌល ទី​៨- គណបក្ស​ពន្លឺ​ថ្មី ឈរ​នៅ​១៣​មណ្ឌល ទី​៩- គណបក្ស​ប្រជាជន​កម្ពុជា ឈរ​នៅ​២៥​មណ្ឌល ទី​១០-​គណបក្ស​យុវជន​កម្ពុជា ឈរ​នៅ​១៧​មណ្ឌល ទី​១១- គណ​ប ក្ស​សញ្ជាតិ​កម្ពុជា ឈរ​នៅ​២៥​មណ្ឌល ទី​១២- គណបក្ស​ខ្មែរ​រួបរួម​ជាតិ ឈរ​នៅ​២៥​មណ្ឌល ទី​១៣- គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៊ិ​ច​ឈរ​នៅ​២៥​មណ្ឌល ។

បើ​តាម​ការ​អះអាង​របស់​អ្នកនាំពាក្យ គ​.​ជ​.​ប បាន​ឲ្យ​ដឹង​នៅ​ក្នុង​ថ្ងៃ​ទី​២០ ខែឧសភា​នេះ គ​.​ជ​.​ប នឹង​ប្រកាស​ទទួល​គណបក្ស​នយោបាយ​ប្រមាណ​ពី​១​គណបក្ស​ទៅ​៣​គណបក្ស​នយោបាយ ។

លោក​ឌឹ​ម សុ​វ​ណ្ណា​រុំ​បាន​ឲ្យ​ដឹង​ថា ថ្ងៃ​ទី​២១ ឧសភា គឺជា​ថ្ងៃ​ទី​៧ ដែល​គ​.​ជ​.​ប​ត្រូវ​ពិនិត្យ​ហើយ​បើ​គណបក្ស​ណា​ដែល​បំពេញបែបបទ​មិន​ទាន់​ចប់ គជ​ប​នឹង​ចេញ​សេចក្តីជូនដំណឹង ហើយ​គណបក្ស​នោះ​នឹង​មាន​ពេល​៥​ថ្ងៃ​ទៀត បន្ទាប់​ពី​ទទួល​បាន​សេចក្តីជូនដំណឹង​នេះ​ដើម្បី​បញ្ចប់​នីតិវិធី ។
សូម​ជម្រាប​ថា ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ អាណត្តិ​ទី​៦​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៦​នេះ មាន​គណបក្ស​ចំនួន​២០​បាន​សុំ​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​នៅ​គ​.​ជ​.​ប ដើម្បី​ចូលរួម​បោះ​ឆ្នោត ។

សម្រាប់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ត្រូវ​បាន​ឆ្លងកាត់​៦​ដំណាក់កាល​ហើយ ។ ក្នុង​នោះ​ការ​បោះ​ឆ្នោត​ក្នុង​នោះ​មានការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​១ ដល់ទី​៦ នេះ​មាន​៖ អាណត្តិ​ទី​១ ឆ្នាំ​១៩៩៣ មាន​២០​គណបក្ស​ចូលរួម​បោះ​ឆ្នោត ចូលរួម​អាណត្តិ​ទី​២​ឆ្នាំ​១៩៩៨ មាន​គណបក្ស​នយោបាយ​៣៩​ចូលរួម អាណត្តិ​ទី​៣ ឆ្នាំ​២០០៣ មាន​គណបក្ស​នយោបាយ ២៣​ចូលរួម អាណត្តិ​ទី​៤ ឆ្នាំ​២០០៨ មាន​១១​គណបក្ស​ចូលរួម អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ មាន​០៨​គណបក្ស​ចូលរួម និង​អាណត្តិ​ទី ៦ ឆ្នាំ​២០១៨ មាន​២០​គណបក្ស​ចូលរួម ។

លោក សុខ ឥ​សាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការ​ចូលរួម​ប្រកួតប្រជែង​ដោយ​គណបក្ស​ច្រើន​បញ្ជាក់​ថា នៅ​កម្ពុជា​ពិតជា​មាន​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ស្រប​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ និង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ ១៩៩១ ។ ដូច្នេះ​ការ​ប្រកាស​មិន​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នេះ គឺជា​សិទ្ធិ​សម្រេច​របស់​សា​ម៉ី គណបក្ស​នយោបាយ​ដែល​យល់​ថា មិន​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ប្រកួតប្រជែង លើ​ទីលាន​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ។
នេះ​ជា​រឿង​ធម្មតា​នៅ​ក្ន​ង​សង្គម​ប្រជាធិបតេយ្យ​ដែល​គ្មាន​ច្បាប់​ណា​ចាប់បង្ខំ​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួងមហាផ្ទៃ ត្រូវ​តែ​ចុះ​ឈ្មោះ​ជា​បេក្ខភាព​ប្រកួតប្រជែង​បោះ​ឆ្នោត​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ