ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា ៖ មាន​តែ​ជន​អគតិ​ណែនាំ​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​កន្លង​មក គឺ​មាន​ភាគរយ​នៃ​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត​មាន​ចំនួន​ជាង​៦៩% បាន​ទៅ​បោះ​ឆ្នោត ខណៈ​បណ្តា​ប្រទេស​ជឿនលឿន​មួយ​ចំនួន…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​កន្លង​មក គឺ​មាន​ភាគរយ​នៃ​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត​មាន​ចំនួន​ជាង​៦៩% បាន​ទៅ​បោះ​ឆ្នោត ខណៈ​បណ្តា​ប្រទេស​ជឿនលឿន​មួយ​ចំនួន គឺ​មាន​ចំនួន​ភាគរយ​នៃ​អ្នក​ទៅ​បោះ​ឆ្នោត​តិច​ជាង​កម្ពុជា ។

សម្តេច​បាន​សរសេរ​សារ​ក្នុង​ហ្វេ​ស​ប៊ុ​ក​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា​ថា បើ​ធ្វើការ​ប្រៀបធៀប​ភាគរយ​នៃ​ការ​ចូលរួម​បោះ​ឆ្នោត​ពី​សំណាក់​ប្រជាពលរដ្ឋ​រវាង​ប្រទេស​កម្ពុជា និង​សហគមន៍​អ៊ឺ​រ៉ុ​ប និង​សហរដ្ឋអាមេរិក គឺ​អ៊ឺ​រ៉ុ​ប​មាន​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ក្នុង​រង្វង់​៣០% ក៏​អាច​ទទួលយក​បាន រីឯ​សហរដ្ឋអាមេរិក គឺ​មាន​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​តែ​ក្នុង​រង្វង់​៤០%​ប៉ុណ្ណោះ ។ ប៉ុន្តែ​ចំពោះ​កម្ពុជា គឺ​មាន​ពលរដ្ឋ​ជាង​៦៩%​ទៅ​បោះ​ឆ្នោត ។

សម្តេច​តេ​ជោ​បន្ត​ទៀត​ថា ៖ «​នេះ គឺ​បង្ហាញ​ច្បាស់​អំពី​ការ​រីក​ចម្រើន​នៃ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​ក្នុង​ប្រទេស​យើង​មិន​ដូច ការ​បកស្រាយ​ដោយ​ជន​អគតិ​មួយ​ចំនួន​ឡើយ ។ ច្បាស់​ណាស់ គឺ​គ្មាន​មេដឹកនាំ​ណាមួយ​ណែនាំ​ពលរដ្ឋ​ខ្លួន​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត​ទេ មាន​តែ​ជន​អគតិ​ដែល​មាន​បំណង​បំផ្លិចបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​ឆន្ទៈ​ប្រជាពលរដ្ឋ​ទេ ទើប​ពួក​គេ​អាច​ធ្វើ​ដូច្នេះ​» ។

សូម​រម្លឹក​ថា ថ្មី​នេះ​លោក សម រ​ង្ស៊ី អតីត​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត បើ​គ្មាន​វត្តមាន​បក្ស​ប្រឆាំង​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៨ ជ្រើសតាំង​សមាជិក​សភា​សម្រាប់​អាសនៈ​១២៥ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នេះ សម្តេច​នាយក​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់​ជូន​ជនរួមជាតិ​ថា ថ្ងៃ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ គឺ​កាន់តែ​ខិត​ជិត​មក​ដល់​ហើយ គឺ​នៅ​តែ​ជាង​២​ខែ​ទៀត​ប៉ុណ្ណោះ ហើយ​មក​ទល់​ថ្ងៃ​ទី​១៦ ឧសភា​នេះ គឺ​មាន​គណបក្ស​នយោបាយ​៥ ដូច​ជា ១- គណបក្ស​ប្រជាជន​កម្ពុជា ២- គណបក្ស​យុវជន​កម្ពុជា ៣- គណបក្ស​សញ្ជាតិ​កម្ពុជា ៤- គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​៥- គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ដែល​បាន​បំពេញបែបបទ​ត្រឹមត្រូវ ចុះបញ្ជី និង​បាន​ទទួលស្គាល់​ជា​ផ្លូវការ​ពី គ​.​ជ​.​ប ក្នុង​ការ​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ ២០១៨ ។ សម្តេច​បន្ថែម​ទៀត​ថា នៅ​ថ្ងៃ​ទី​១៦ ឧសភា​នេះ គឺ​គ​.​ជ​.​ប និង​ពិនិត្យ​សម្រេច​ទទួលស្គាល់​គណបក្ស​នយោបាយ​មួយ​ចំនួន​ថែម​ទៀត​ដែល​បាន​បំពេញបែបបទ​ត្រឹមត្រូវ​រួចរាល់​ហើយ ។

យោង​តាម​ចំនួន​គណបក្ស​នយោបាយ​ដែល​បាន​ដាក់​ពាក្យ​ចុះបញ្ជី​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​រួច​ហើយ គឺ​មាន​គណបក្ស​នយោបាយ​ចំនួន​២០​ដែល គ​.​ជ​.​ប កំពុង​ពិនិត្យ​បែបបទ​ថា តើ​បាន​បំពេញ​ត្រឹមត្រូវ​រួចរាល់​ហើយ​ឬ​នៅ មាន​ខ្វះខាត​អ្វី ។ ជាមួយ​គ្នា​នេះ​ផង​ដែរ នាយក​រដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​សូម​ឲ្យ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​យុវជន​ទៅ​បោះ​ឆ្នោត​នៅ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំំ​២០១៨ ខាង​មុខ​ទាំងអស់​គ្នា ។

សម្តេច​តេ​ជោ បន្ថែម​ទៀត​ថា ៖ «​អរគុណ​បងប្អូន និង​កូនក្មួយ​ដែល​មាន​ជំនឿ​ជឿជាក់​លើ​ការ​ដឹកនាំ​របស់ខ្ញុំ ហើយ​បន្ត​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន ដើម្បី​ខ្ញុំ​មានឱកាស​ដឹកនាំ​ប្រទេស​ជាតិ​ដែល​ធានា​បាន​នូវ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​គង់វង្ស​យូរអង្វែង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ