ខេត្តព្រៃវែង ៖ មុខសញ្ញាអ្នកចែកចាយថ្នាំញៀនម្នាក់ក្នុងចំណោម២នាក់ត្រូវបានកម្លាំងប៉ូស្តិ៍រដ្ឋបាលឃុំតាកោចាប់ឃាត់ខ្លួនបាន ខណៈកំពុងដើរល្បាតនៅតាមបណ្តោយផ្លូវជាតិលេខ១១ ត្រង់ចំណុចភូមិកុកត្រុំ(ខ) ឃុំតាកោ ស្រុកពោធ៌រៀង ខេត្តព្រៃវែង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននេះមានឈ្មោះ ទ្រី ធារី ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិចចកទី២ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ចំណែកបក្សពួកម្នាក់ទៀតដែលរត់គេចខ្លួនបាត់នោះឈ្មោះ ម៉ាយ ភេទប្រុស អាយុប្រហែល២០ឆ្នាំ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលប្រទះឃើញជនសង្ស័យខាងលើនោះកម្លាំងប៉ូស្តិ៍រដ្ឋបាលតាកោកំពុងតែជិះម៉ូតូដើរល្បាតនៅតាមដងផ្លូវក្នុងភូមិសាស្ត្ររបស់ខ្លួនដូចសព្វមួយដង លុះពេលមកដល់ចំណុចភូមិកុកត្រុំ(ខ)សមត្ថកិច្ចក៏បានប្រទះឃើញជនសង្ស័យទាំង២នាក់កំពុងជិះម៉ូតូមួយគ្រឿងម៉ាក់ឌ្រីមសង់ C125 ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ព្រៃវែង ១G-១៣៣១ ធ្វើដំណើរមកបញ្ច្រាសទិសគ្នា ហើយពេលឃើញសមត្ថកិច្ចជនសង្ស័យហាក់មានអាកប្បកិរិយាខុសប្លែកគួរឱ្យសង្ស័យទើបឃាត់ឱ្យឈប់ដើម្បីសួរនាំ ប៉ុន្តែភ្លាមនោះជនសង្ស័យឈ្មោះ ម៉ាយ ក៏បានស្ទុះលោតចុះពីលើម៉ូតូហើយរត់គេចខ្លួនទៅបាត់ នៅសល់តែជនសង្ស័យ ទ្រី ធារី ដែលបម្រុងរត់គេចខ្លួនដែរតែត្រូវសមត្ថកិច្ចចាប់ជាប់ ។
ប្រភពដដែលនេះបានបញ្ជាក់ថា ក្រោយពីត្រូវឃាត់ខ្លួនបានសមត្ថកិច្ចបានឆែកឆេររកឃើញថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សនៅក្នុងខ្លួនជនសង្ស័យ ទ្រី ធារី ចំនួន៨កញ្ចប់តូច និង១កញ្ចប់ធំ ព្រមជាមួយនឹងសម្ភារៈសម្រាប់វេចខ្ចប់មួយចំនួនទើបសមត្ថកិច្ចធ្វើការនាំខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងទៅកាន់ប៉ូស្តិ៍រដ្ឋបាលឃុំតាកោដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ