ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​គួរ​សិក្សា​ជំនាញ​ដែល​ខ្លួន​ស្រឡាញ់​ឬ​សិក្សា​តាម​តម្រូវការ​សង្គម ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​មួយ​ឆ្នាំ​ៗ សិស្សានុសិស្ស​ដែល​បញ្ចប់​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ​មាន​រាប់​ម៉ឺន​នាក់ និង​បាន​បន្ត​ទៅ​សិក្សា​ជំនាញ​រៀង​ៗ​ខ្លួន​នៅ​ថ្នាក់ឧត្តម​សិក្សា ដោយ​រំពឹង​ថា នៅ​ពេល​រៀន​ចប់ នឹង​ទទួល​បានការ​ងារ​ដែល​ខ្លួន​ស្រឡាញ់ ។ ក្នុង​នោះ…

រាជធានី​ភ្នំពេញ ៖ ក្នុង​មួយ​ឆ្នាំ​ៗ សិស្សានុសិស្ស​ដែល​បញ្ចប់​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ​មាន​រាប់​ម៉ឺន​នាក់ និង​បាន​បន្ត​ទៅ​សិក្សា​ជំនាញ​រៀង​ៗ​ខ្លួន​នៅ​ថ្នាក់ឧត្តម​សិក្សា ដោយ​រំពឹង​ថា នៅ​ពេល​រៀន​ចប់ នឹង​ទទួល​បានការ​ងារ​ដែល​ខ្លួន​ស្រឡាញ់ ។ ក្នុង​នោះ អ្នកខ្លះ​ក៏​បាន​សម្រេច​បំណងប្រាថ្នា​របស់​ពួក​គេ ប៉ុន្ដែ​ខ្លះ​ទៀត​មិន​បាន​សម្រេច​ក្ដី​សុបិន​ឡើយ ដោយ​មានការ​ងារ​ដែល​ខុស​ពី​ជំនាញ​របស់​ខ្លួន​ទៅ​វិញ ។ ដូច្នេះ តើ​គួរ​សិក្សា​តាម​បំណង​ប្រាថ្នា ឬ​សិក្សា​តាម​តម្រូវការ​ការងារ​ក្នុង​សង្គម ?

បើ​តាម​ការ​លើក​ឡើង​របស់​តំណាង​ស្ថាប័ន​អប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា បច្ចុ​ប្បន្ន​នេះ ជំនាញ​ណា​ក៏​មានឱកាស​ការងារ​ច្រើន​ដែរ គឺ​វា​អាស្រ័យ​ទៅ​លើ​កត្តា​សិស្ស​-​និស្សិត​ខ្លួនឯង​ទេ ។ ជាក់ស្ដែង និស្សិត​ខ្លះ​មិន​ទាន់​ទាំង​រៀន​ចប់​ផង ពួក​គេ​អាច​រក​ការងារ មាន​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ខ្លួន និង​គ្រួសារ​ទៅ​ហើយ ។

លោក ឃឹម ផុ​ន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន NTC Group ដែល​ជា​ស្ថាប័ន​អប់រំ​ថ្នាក់​ក្រោម​ឧត្តម​សិក្សា​មួយ​នៅ​កម្ពុជា មើលឃើញ​ថា បច្ចុប្បន្ន​នេះ សិស្ស​ដែល​បញ្ចប់​ថ្នាក់មធ្យម​សិក្សា​​ហើយ​បន្ត​នៅ​ថ្នាក់ឧត្តម​សិក្សា ភាគច្រើន​ចាប់​យក​ជំនាញ​ពាណិជ្ជកម្ម និង​ធ្វើការ​ក្នុង​ការិយាល័យ​ច្រើន​ជាង​ជំនាញ​ដែល​ចុះ​អនុវត្ត​នៅ​ខាងក្រៅ​ផ្ទាល់ ដូច​ជា ការងារ​នៅ​រោង​ជាង ជាដើម ។

លោក​ថា ៖« ពេល​ខ្លះ ដោយសារ​តែ​សិស្ស​ជា​កូន​អ្នកមាន​ជីវភាព​ធូរធារ​ផង​នោះ គេ​ចាប់​យក​ជំនាញ​ពាណិជ្ជកម្ម សម្រាប់​សិក្សា​ថ្នាក់ឧត្តម​ហើយ​នៅ​ពេល​បញ្ចប់​ការ​សិក្សា ក៏​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន ឬ​ក៏​ធ្វើ​ជា​អ្នកគ្រប់គ្រង​ជំនួញ​តែ​ម្ដង » ។

លោក​អះអាង​ថា ៖« ជំនាញ​ពាណិជ្ជកម្ម ជា​ជំនាញ​មួយ​ដែល​មានឱកាស​ការងារ​ច្រើន នៅ​ក្នុង​បរិបទ​សង្គម​កម្ពុជា​សព្វថ្ងៃ​នេះ ។ ក្នុង​ន័យ​នេះ មិនមែន​ចង់បាន​ន័យ​ថា ជំនាញ​ផ្សេង​អត់​ការងារ​នោះ​ទេ ។ បច្ចុប្បន្ន​នេះ ឱកាស​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ច្រើន​ណាស់ ជាក់ស្ដែង​ដូច​យើង​បានឃើញ​ស្រាប់ ក្នុង​១​ថ្ងៃ​ៗ មាន​ក្រុមហ៊ុន​នានា​បាន​ប្រកាស​រក​បុគ្គលិក ដើម្បី​ប្រើប្រាស់​ការងារ​នៅ​ក្នុង​ស្ថាប័ន​ខ្លួន ពេល​ខ្លះ រក​សឹងតែ​មិន​បាន​ផង»។

នាយក​ការិយាល័យ​ធនធានមនុស្ស​នៃ​សាកលវិទ្យាល័យ​កម្ពុជា លោក ណ​ម ស៊ី​ណាត បាន​មាន​ប្រសាសន៍​ដែរ​ថា បច្ចុប្បន្ន​នេះ មានមុខ​ជំនាញ​៣ ដែល​សិស្ស​-​និស្សិត​ចាប់​អារម្មណ៍​ច្រើន​ជាងគេ ក្នុង​នោះ​មាន ពាណិជ្ជកម្ម​, ទំនាក់ទំនង​អន្តរជាតិ និង​ច្បាប់ ។

លោក​បាន​បន្ត​ថា សម្រាប់​ជំនាញ​ពាណិជ្ជកម្ម វា​អាច​ឲ្យ​សិស្ស​ដែល​កំពុង​សិក្សា​រក​ការ​ងារ​ធ្វើ​បាន និង​អាច​រក​ចំណូល​សម្រាប់​ការ​ចាយវាយ​របស់​ខ្លួន ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ពី​គ្រួសារ​។ លោក​ថា ៖« ជំនាញ​ពាណិជ្ជកម្ម​នេះ មាន​ភាព​ទូលំទូលាយ​ដូច​ជា ទីផ្សារ​, ធនាគារ និង​ហិរញ្ញវត្ថុ​, ការ​គ្រប់គ្រង​អាជីវកម្ម និង​ទេសចរណ៍ ជាដើម សុទ្ធតែ​ស្ថិត​នៅ​ក្នុង​មុខ​ជំនាញ​នេះ » ។

លោក​បន្ត​ទៀត​ថា សម្រាប់​សិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់មធ្យមសិក្សា​នៅ​ពេល​ខាង​មុខ​នេះ ក៏​គួរតែ​សម្លឹង​មើល​ពី​បរិបទ​ទីផ្សារ​ការងារ​នៅ​ក្នុង​ប្រទេស និង​តំបន់​ឲ្យ​បាន​ច្បាស់​លាស់​ដែរ ជៀសវាង​ការ​សិក្សា​តាម​គ្នា និង​មិន​ចំ​ជំនាញ​របស់​ខ្លួន​ដែល​មាន ។ លោក​ថា បើសិនជា​សិស្ស​ចង់​ក្លាយជា​មន្ត្រី​ការទូត ជំនាញ​ទំនាក់ទំនង​អន្តរជាតិ គឺជា​ជំនាញ​ដែល​ត្រូវ​នឹង​ការងារ​នេះ ក៏​ប៉ុន្តែ​ភាសា​អង់គ្លេស ក៏​ជា​ភាសា​ចាំបាច់​មួយ​សម្រាប់​ជា​ទុន​ក្នុង​ការ​បន្ត​ការ​សិក្សា​លើ​មុខ​ជំនាញ​ផង​ដែរ ។

លោក ខឹ​ម ភី​ឡែ​ន និស្សិត​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស នៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ បាន​ឲ្យ​ដឹង​ថា ក្ដី​ស្រមៃ​របស់​លោក​តាំងពី​ក្មេង​មក គឺ​ចង់​ក្លាយជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​ដ៏​ពូកែ​ម្នាក់ ដូច្នេះ​ហើយ​លោក​បាន​ជ្រើសរើស​រៀន​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស​នេះ ប៉ុន្តែ​ក្រោយ​បញ្ចប់​ការ​សិក្សា លោក​មិន​បាន​សម្រេច​ការងារ​តាម​អ្វី​ដែល​ខ្លួន​ប៉ងប្រាថ្នា​ឡើយ តែ​បែរជា​ត្រូវធ្វើ​ជា​អ្នក​វាយ​កុំព្យូទ័រ​ផ្នែក​រដ្ឋបាល​នៅ​ធនាគារ​ក្នុងស្រុក​មួយ​ទៅ​វិញ ។

ទោះ​យ៉ាងនេះ​ក្ដី អតីត​និស្សិត​រូប​នេះ​និយាយ​ថា ៖« ក្តី​ស្រមៃ​ជា​គ្រូបង្រៀន​ភាសា​អង់​គ្លេស​​របស់ខ្ញុំ មិន​បញ្ចប់​ត្រឹមហ្នឹង​ឡើយ ទោះបីជា​បច្ចុប្បន្ន ខ្ញុំ​កំពុងធ្វើការ​ងារ​មួយ​ដែល​ខុស​ពី​ជំនាញ​ដែល​ធ្លាប់​បាន​រៀនសូត្រ​កន្លង​មក​ក៏​ដោយ » ។

លោក ខឹ​ម ភី​ឡែ​ន បន្ត​ថា ៖« ការ​ដែល​ខ្ញុំ​ចូល​បម្រើ​ការងារ​នៅ​ក្នុង​ធនាគារ ខុស​ពី​ជំនាញ​ខ្លួន​នោះ ដោយសារ​តែ​ក្រោយ​បញ្ចប់​ការ​សិក្សា​ភ្លាម ពុំ​មានការ​ងារ​ធ្វើ ហើយ​ទៅ​ថ្ងៃ​មុខ ខ្ញុំ​មិន​រំពឹង​ថា នឹង​នៅ​ធ្វើការ​ក្នុង​ធនាគារ​នេះ ឬ​យ៉ាងណា​នោះ​ទេ ដរាបណា​ក្តី​ស្រមៃ​ធ្វើ​ជា​គ្រូបង្រៀន​នៅ​តែ​ស្ថិត​ក្នុង​ដួងចិត្ត​ខ្ញុំ​រហូត » ។

ស្រ​ដៀង​គ្នា​នេះ​ដែរ លោក នៅ សា​រ័​ត្ន អតីត​និស្សិត​បញ្ចប់​ការ​សិក្សា​ថ្នាក់​បិ​រញ្ញា​ប​ត្រ ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស នៃ​សាកលវិទ្យាល័យ​ធនធានមនុស្ស មាន​វ័យ​២៦​ឆ្នាំ បាន​លើក​ឡើង​ថា គោលបំណង​របស់​លោក គឺ​ចង់​ក្លាយជា​សាស្ត្រាចារ្យ​អក្សរសាស្ត្រ​អង់​គ្លេស​​ម្នាក់ ប៉ុន្ដែ​បច្ចុប្បន្ន លោក​មាន​ការងារ​ជា​ជាង​ថតរូប​តាម​រោង​បុណ្យ​, រោងការ និង​ពិធី​ផ្សេង​ៗ​ទៅ​វិញ ។

លោក នៅ សា​រ័​ត្ន បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​កត្តា​ខ្វះខាត លោក​សម្រេច​យក​ពេល​វេលា​​សល់​ពី​ការ​សិក្សា​ទៅ​រៀន​ថតរូប រហូត​ចេះ​ស្ទាត់ជំនាញ ក៏​បាន​ចូល​បម្រើ​ការងារ​ជា​ជាង​ថតរូប ។ លោក​ថា ៖« ក្រោយ​ពេល​ចេះ​ថតរូប ខ្ញុំ​បាន​ចាប់ដៃ​រកស៊ី​ដើរ​ថតរូប​តាម​រោង​កម្មវិធី​ជាមួយ​ក្រុម​ថតរូប​ដែល​ខ្ញុំ​ស្គាល់ ដោយ​ក្នុង​១​រោង មាន​សមាជិក​៥​នាក់ អាច​រក​ប្រាក់​បាន​ចាប់ពី​២៥០​ដុល្លារ ទៅ​៣០០​ដុល្លារ ។ ក្នុង​នោះ យើង​គ្រាន់តែ​ថតរូប និង​ផ្តិត​ជូន​ម្ចាស់​ពិធី ឬ​ម្ចាស់​រូប​តែ​ប៉ុណ្ណោះ » ។

យ៉ាងណា​ក៏​ដោយ លោក នៅ សា​រ័​ត្ន បញ្ជាក់​ថា បើ​ទោះបីជា​មានការ​ងារ​ធ្វើ និង​រក​ប្រាក់​ចំណូល​បាន​គួរសម​ក៏​ដោយ ក៏​លោក​មិន​បោះបង់​ការ​សិក្សា​ដែរ ព្រោះ​លោក​បាន​បញ្ចប់​បរិញ្ញាបត្រ​ទៅ​ហើយ ហើយ​ទៅ​ថ្ងៃ​អនាគត លោក​នឹង​រៀន​បន្ត​ទៀត ប្រសិនបើ​លោក​អាច​ដកឃ្លា​ពី​ការងារ​ថតរូប​នេះ ។

គួរ​បញ្ជាក់​ថា ក្រៅពី​ជំនាញ​ពាណិជ្ជកម្ម និង​ជំនាញ​ការងារ​ក្នុង​ការិយាល័យ រាជ​រដ្ឋា​ភិបាល​​ក៏​បាន​បង្កើត​សាលា​បច្ចេកទេស​ជា​ច្រើន​ផង​ដែរ ដើម្បី​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ដល់​សិស្ស​-​និស្សិត​ដែល​ស្រឡាញ់​ជំនាញ​បច្ចេកទេស ។ ក៏​ប៉ុន្តែ​ជំនាញ​បច្ចេកទេស​មិន​សូវ​​មាន​សិស្ស​ចាប់អារម្មណ៍​ប៉ុន្មាន​ទេ បើ​ធៀប​នឹង​ជំនាញ​ផ្សេង​ៗ​ដែល​បម្រើ​ការ​នៅ​ការិយាល័យ មាន​បន្ទប់​ម៉ាស៊ីនត្រជាក់ ពីព្រោះ​ជំនាញ​បច្ចេកទេស​ភាគច្រើន​ត្រូវ​ចុះ​អនុវត្ត​ផ្ទាល់​នៅ​ខាងក្រៅ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ