ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ត្រីមាស​ទី​១​ឆ្នាំ​នេះ កម្ពុជា​លក់​កៅស៊ូ​ចេញ​បាន​ច្រើន​ជាង​ការ​ផលិត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កៅស៊ូ​ជា​ផលិតផល​កសិឧស្សាហកម្ម​ដ៏​សំខាន់​មួយ​សម្រាប់​សង្វា​ក់​ផលិតកម្ម​ធំ​ៗ​នៅ​លើ​ពិភពលោក ហើយ​មាន​ប្រទេស​មិន​ច្រើន​ទេ ដែល​អាច​ដាំ​ដំណាំ​កៅស៊ូ​បាន ក្នុង​នោះ​កម្ពុជា​ក៏​ជា​ប្រទេស​មាន​ស្ថានភាព​អំណោយផល​មួយ​លើ​ដំណាំ​នេះ​ផង​ដែរ ។ តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ…

រាជធានី​ភ្នំពេញ ៖ កៅស៊ូ​ជា​ផលិតផល​កសិឧស្សាហកម្ម​ដ៏​សំខាន់​មួយ​សម្រាប់​សង្វា​ក់​ផលិតកម្ម​ធំ​ៗ​នៅ​លើ​ពិភពលោក ហើយ​មាន​ប្រទេស​មិន​ច្រើន​ទេ ដែល​អាច​ដាំ​ដំណាំ​កៅស៊ូ​បាន ក្នុង​នោះ​កម្ពុជា​ក៏​ជា​ប្រទេស​មាន​ស្ថានភាព​អំណោយផល​មួយ​លើ​ដំណាំ​នេះ​ផង​ដែរ ។ តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បង្ហាញ​ថា ការ​លក់​កៅស៊ូ​ចេញ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៨​នេះ មាន​បរិមាណ​ច្រើន​ជាង​ការ​ផលិត ។

តាម​របាយការណ៍​នេះ​ឲ្យ​ដឹង​ថា ផលិតផល​កៅស៊ូ​ដែល​ផលិត​បាន​ក្នុង​មួយ​ត្រីមាស​ដើមឆ្នាំ​២០១៨​នេះ សម្រេច​បាន​សរុប​៣៧.០២៥​តោន កើនឡើង​ចំនួន​២.២៤៤​តោន ស្មើនឹង​៦% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៧ កន្លង​ទៅ​។ ចំណែក​ការ​បញ្ចេញ​លក់​កៅស៊ូ​នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០១៨​នេះ​វិញ មាន​បរិមាណ​សរុប​រហូត​ដល់​៣៩.១៤៧​តោន កើនឡើង​៦.៧៧៧​តោន ស្មើនឹង​២១% ធៀប​នឹង​ឆ្នាំ​២០១៧ ។
ក្នុង​របាយការណ៍​នេះ​បាន​បង្ហាញ​ដែរ​ថា គិត​ត្រឹម​ដំណាច់ត្រីមាស​ទី​១ ឆ្នាំ​២០១៨​នេះ ផ្ទៃដី​ដំណាំ​កៅស៊ូ​សរុប​មាន​ចំនួន​៤៣៦.៨១២​ហិ​កតា ក្នុង​នោះ​ផ្ទៃដី​ទទួលផល ឬ​ផ្ទៃដី​អាច​ចៀរ​ជ័រ មាន​ចំនួន​១៧១.០៦៣​ហិ​កតា ឬ​ស្មើនឹង​ប្រមាណ​៣៩,១៦%​នៃ​ផ្ទៃដី​សរុប ។

សម្រាប់​តម្លៃ​កៅស៊ូ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ ២០១៨​នេះ ជា​មធ្យម​ស្មើ​១.៤៥៨​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​តោន ហើយ​តម្លៃ​នេះ​បាន​ថយ​ចុះ​ប្រមាណ​២៦% បើ​ធៀប​នឹង​ត្រីមាស​ទី​១ ឆ្នាំ​២០១៧ ។
លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា បើ​តាម​ស្ថិតិ​ក្នុង​ឆ្នាំ​២០១៧ ដំណាំ​កៅស៊ូ​ជា​លក្ខណៈ​ឧស្សាហកម្ម មាន​សមាមាត្រ​រហូត​ដល់​៦៤,២២% ហើយ​ក្រៅពី​នោះ គឺ​ដំណាំ​កៅស៊ូ​ជា​លក្ខណៈ​គ្រួសារ ។ លោក​ថា ៖« ការ​នាំ​ចេញ​កៅស៊ូ​កាលពី​ឆ្នាំ​២០១៧ សម្រេច​បាន​ប្រមាណ​១៨៨.៨២២​តោន និង​មាន​ទឹកប្រាក់​សរុប​ជាង​៣០០​លាន​ដុល្លារ​អា​មេ​រិ​ក មាន​កំណើន​ជាង​៣០% ធៀប​នឹង​ឆ្នាំ​២០១៦ » ។

នៅ​ក្នុង​សន្និបាត​កាលពី​ពេល​ថ្មី​ៗ​នេះ លោក វេ​ង សា​ខុន បាន​បញ្ជាក់​ថា វិស័យ​កសិកម្ម​កម្ពុជា​បាន​លូតលាស់​ពី​១,៤%​ក្នុង​ឆ្នាំ​២០១៦ កើនឡើង​ដល់​ជិត​២%​ក្នុង​ឆ្នាំ​២០១៧ ដែល​បាន​រួមចំណែក​ប្រមាណ​២៤,៩% នៃ​ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​ឆ្នាំ​២០១៧ ។ លោក​ថា ៖« នៅ​ក្នុង​វិស័យ​កសិកម្ម​ទាំងមូល តាម​ស្ថិតិ​ឃើញ​ថា ផ្នែក​ដំណាំ​មាន​ចំណែក​ច្រើន​ជាងគេ​រហូត​ដល់​៥៨,៥%, ផលិតកម្ម​សត្វ​១១,២%, ជលផល​២៣,៥% និង​ផ្នែក​ព្រៃឈើ​មាន​ចំណែក​៦,៨% នៃ​វិស័យ​កសិកម្ម​ទាំងមូល » ។

បើ​តាម​លោក ម៉ក់ គី​ម​ហុង ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​កៅស៊ូ​កម្ពុជា បាន​បញ្ជាក់​ថា តម្លៃ​កៅស៊ូ​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​តាំងពី​ឡើង​ដល់​ជាង​៥.០០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​តោន​នៅ​ឆ្នាំ​២០១០-២០១២ ខណៈ​ពេល​នោះ មាន​តម្រូវការ​ខ្ពស់​សម្រាប់​ផលិត​កង់​យានយន្ត ហើយ​ចិន​ក៏​ជា​ប្រទេស​ធំ​មួយ​ដែល​នាំ​ចូល​កៅស៊ូ ក៏​ប៉ុន្តែ​បន្ទាប់​ពី​ប្រទេស​ចិន​បាន​យក​កៅស៊ូ​សិប្បនិមិត្ត​ជំនួស​កៅស៊ូ​ធម្មជាតិ​មក បាន​ធ្វើ​ឲ្យ​តម្លៃ​កៅស៊ូ​ធ្លាក់​ចុះ​បន្តិច​ម្ដង​ៗ ។ ទោះជា​យ៉ាងណា នៅ​ថ្ងៃ​អនាគត តម្លៃ​កៅស៊ូ​ធម្មជាតិ​នឹង​កើនឡើង​វិញ ក្រោយ​ពេល​សមាគម​កៅស៊ូ​អន្តរជាតិ​បាន​ដាក់​ចេញ​ផែនការ​មួយ​ចំនួន​ដល់​បណ្ដា​ប្រទេស​ដាំ​កៅស៊ូ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ