រាជធានីភ្នំពេញ ៖ តារាចម្រៀងក្នុងផលិតកម្ម M ដែលធ្លាប់បានអះអាងថា នឹងដើរចេញពីសិល្បៈនាងពេជ្រ សូលីកា បានប្រតិកម្មយ៉ាងខ្លាំងចំពោះការចុះផ្សាយព័ត៌មានក្នុងគេហទំព័រក្នុងស្រុកមួយដែលបានអះអាងថា នាងត្រូវបានទស្សនិកជនគប់ក្នុងពេលដែលនាងច្រៀងនៅក្នុងស្រុកស្វាយអន្ទរខេត្តព្រៃវែង នៅក្នុងពេលថ្មីនេះ ។
ការចេញមកប្រតិកម្មរបស់តារាចម្រៀងតូចច្រឡឹងដែលល្បីថា មានមន្ត្រីធំនៅឃុំគ្រងរូបនេះបន្ទាប់ពីគេហទំព័រព័ត៌មានក្នុងស្រុកមួយដែលបានចុះផ្សាយដោយយោងទៅលើអ្នកដឹងពីហេតុការណ៍បាននិយាយថា នាងពេជ្រ សូលីកា ត្រូវបានស្វាគមន៍ដោយដបទឹកបរិសុទ្ធ និងរបស់របរផ្សេងៗក្នុងពេលដែលនាងលេចមុខទៅច្រៀងឱ្យក្រុមហ៊ុនឯកជនមួយនៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ប្រភពដដែលបានបញ្ជាក់ថា ដើមចមដែលនាំឱ្យមានមនុស្សមួយចំនួនគប់របស់របរផ្សេងៗទៅលើតារាចម្រៀងវ័យក្មេងរូបនេះនៅលើឆាកបែបនេះ ដោយសារតែតារារូបនេះបានបង្កើតឱ្យមានការមិនពេញចិត្តពីសំណាក់ទស្សនិកជនក្រោយពីរូបនាងបានព្យាយាមបើករថយន្តរុលទៅមុខធ្វើឱ្យប៉ះពាល់ដល់ទស្សនិកជនមួយចំនួន ៕
ចែករំលែកព័តមាននេះ