ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនលោក​លន់​ណុ​ល ៖ មន្ត្រីរាជការ និង​កម្មករ​បុគ្គលិក​អាច​រក​ចំណូល​បាន​ដល់​១,៥០០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​លន់ ឫទ្ធិ កូនប្រុស​អតីត​ប្រធានាធិបតី​លន់ ណុ​ល ប្រធាន​គណបក្ស​ខ្មែរ​សា​ធារ​រដ្ឋ​បាន​ប្រកាស​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ ថា…

រាជធានី​ភ្នំពេញ ៖ លោក​លន់ ឫទ្ធិ កូនប្រុស​អតីត​ប្រធានាធិបតី​លន់ ណុ​ល ប្រធាន​គណបក្ស​ខ្មែរ​សា​ធារ​រដ្ឋ​បាន​ប្រកាស​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ ថា គណបក្ស​របស់​លោក​នឹង​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នា​ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ជា​ពិសេស គឺ​គណបក្ស​របស់​លោក​មាន​ធនធាន​គ្រប់គ្រាន់ យ៉ាង​ហោច​ណាស់​បាន​៥​ខេត្ត​-​ក្រុង ក្នុង​ចំណោម​២៥​ខេត្ត​-​រាជធានី ។

លោក​លន់ ឫទ្ធិ បាន​និយាយ​ថា ៖ «​យើង​មាន​បំណង​ដាក់​បេក្ខជន​នៅ​ទាំង​ប្រទេស ។ តែ​យ៉ាង​ហោច​ណាស់​ក៏​យើង​ដាក់​បាន​ខេត្ត​-​ក្រុង​សំខាន់​៥​ដែរ សម្រាប់​ការ​បោះ​ឆ្នោត​សភា​នេះ​» ។ លោក​ប្រធាន​គណបក្ស​ដែល​មាន​សញ្ជាតិ​អា​មេ​រិ​ក​រូប​នេះ​បាន​លើក​ឡើង​ថា «​យើង​ចង់​ជួយ​ខ្មែរ​ចាក​ផុត​ពី​ភាព​ក្រីក្រ​ដូចដែល​យើង​បានឃើញ ។ គណបក្ស​ខ្មែរ​សាធារណរដ្ឋ​មិន​យក​ខ្មែរ​ណា​ជាស​ត្រូវ និង​ខិតខំ​យ៉ាង​ការពារ​ពលរដ្ឋ​ខ្មែរ ប្រទេស​ជាតិ​មិន​ឲ្យ​ស្ថិត​ក្រោម​បរទេស​ត្រួតត្រា​» ។

កូនប្រុស​អតីត​ប្រធានាធិបតី​លន់ ណុ​ល បាន​លើក​ឡើង​ថា នៅ​ពេល​គណបក្ស​របស់​លោក​បាន​ដឹកនាំ​ប្រទេស​នឹង​មាន​រៀបចំ​ច្បាស់លាស់​ដោយ​ដាក់​ចេញ​គោលនយោបាយ​កែទម្រង់​ថា មន្ត្រី​រាជា​ការ ប៉ូលិស ទាហាន​មិន​ធ្វើ​ការងារ​បម្រើ​គ្រួសារ​បក្ខពួក​នោះ​ទេ គឺ​ធ្វើ​ការងារ ដើម្បី​ប្រយោជន៍​សាធារណ​ទូទៅ គឺ​ជាតិ និង​ប្រជាជន​កម្ពុជា ។ លោក​ថា គណបក្ស​នេះ​នឹង​ធ្វើ​ឲ្យ​មានការ​ធានា​ដល់​សុខភាព​ពលរដ្ឋ ។ លោក​ប្រធាន​ថ្លែង​ថា «​គណបក្ស​ខ្មែរ​សាធារណរដ្ឋ​ប្រឆាំង​ដាច់ខាត​អំពើ​ភេរវកម្ម ការ​ប្រើប្រាស់​ថ្នាំ​ញៀន និង​ការ​ជួញដូរ​មនុស្ស​» ។

លោក​បាន បន្ថែម​ថា គណបក្ស​របស់​លោក​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០៨ និង​មិន​បាន​ចូលរួម​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ទេ ។ ទោះបី​បែប​នេះ​ក្តី​គណបក្ស​នៅ​តែ​មាន​សកម្មភាព​នយោបាយ​ទាំង​ក្នុង និង​ក្រៅប្រទេស ដើម្បី​ដាក់​បេក្ខជន និង​ចុះ​ឈ្មោះ​ចូលរួម​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨​នេះ ។ លោក​ប្រធាន​អះអាង​ថា​៖ «​នៅ​ពេល​គណបក្ស​ខ្មែរ​សាធារណរដ្ឋ​មាន​វាសនា​ដឹកនាំ​ប្រទេស​គណបក្ស​នឹង​ផ្តល់​ប្រាក់ខែ​ដល់​មន្ត្រីរាជការ កម្មករ បុគ្គលិក សង្គម​ស៊ី​វិល ឲ្យ​ពួក​គាត់ មានការ​ងារ​ដែល​មាន​ទទួល​ពី​៣០០​ដល់​១៥,០០០​ដុល្លារ​អា​មេ​រិ​ក​» ។ លោកស្រី ឡុ​ង​ចិន្តា អនុប្រធាន​ទី​២ បាន​ថ្លែង​ថា លោកស្រី​មើលឃើញ​ថា គណបក្ស​ខ្មែរ​សាធារណរដ្ឋ​ជា​គណបក្ស​ស្អាតស្អំ​មិន​ជាប់ជំពាក់​បំណុល និង​គុណ​របស់​បរទេស ។

លោកស្រី​បន្ត​ថា «​ខ្ញុំ​សម្រេចចិត្ត​ចូលរួម​ជាមួយ​គណបក្ស​ខ្មែរ​សាធារណរដ្ឋ ព្រោះ​លោក​ប្រធាន​ជា​មនុស្ស​ស្អាតស្អំ និង​មិន​ជាប់ជំពាក់​បំណុល​បរទេស​ណា​ទេ​» ។ លោកស្រី​អនុប្រធាន​ទី​២ បាន​លើក​ឡើង​ថា លោកស្រី​គ្រោង​ឈរឈ្មោះ​តំណាងរាស្ត្រ​នៅ​ខេត្ត​ព្រះ​សីហ​នុ ។ លោកស្រី​មិន​ទាន់​ច្បាស់​ពី​ការ​ដាក់​បេក្ខភាព​ចូល​គជ​ប​នៅឡើយ​ទេ ។ ខណៈ​ពេល​ដែល​ការ​រៀបចំ​កំពុង​ដំណើរការ ហើយ​នៅ​ពេល​នេះ​លោកស្រី​អះអាង​ថា​«​យើង​អាច​ដាក់​បេក្ខជន​សម្រាប់​ខេត្ត​ដែល​មាន​អាសនៈ​ចាប់ពី​៣​អាសនៈ​ឡើង បើ​មិន​បាន​ទាំងអស់​ក្តី​» ៕

កែសម្រួលដោយ