ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុះហាងឆេងដីបឹងឡើងថ្លៃ ផ្ទុះជម្លោះដណ្តើមដីគ្នា​យ៉ាង​ក្តៅ …

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ទំនាស់​ដណ្ដើម​ដី​បឹង​នៅ​អតីត​ឡូត៍​នេសាទ​លេខ​១ ឃំ​ុ​រកា​ខ្ពស់ ស្រុក​ស្អាង បាន​ផ្ទុះ​ឡើងជា​បន្តបន្ទាប់​រវាង​ប្រជាពលរដ្ឋ​និង​ឈ្មួញ​ទិញ​ដី និង​រវាង​ឈ្មួញ​និង​ឈ្មួញ​ទិញ​ដី​ជាន់លើ​គ្នា​យ៉ាង​កក្រើក ។ ជំ​លោះ​ដីធ្លី​នេះ​បន្ទាប់​ពី​មាន​ព័ត៌មាន​ថា ឃំ​ុ​រកា​ខ្ពស់…

ខេត្តកណ្តាល ៖ ទំនាស់​ដណ្ដើម​ដី​បឹង​នៅ​អតីត​ឡូត៍​នេសាទ​លេខ​១ ឃំ​ុ​រកា​ខ្ពស់ ស្រុក​ស្អាង បាន​ផ្ទុះ​ឡើងជា​បន្តបន្ទាប់​រវាង​ប្រជាពលរដ្ឋ​និង​ឈ្មួញ​ទិញ​ដី និង​រវាង​ឈ្មួញ​និង​ឈ្មួញ​ទិញ​ដី​ជាន់លើ​គ្នា​យ៉ាង​កក្រើក ។
ជំ​លោះ​ដីធ្លី​នេះ​បន្ទាប់​ពី​មាន​ព័ត៌មាន​ថា ឃំ​ុ​រកា​ខ្ពស់ ស្រុក​ស្អាង នឹង​កាត់​ចូល​ក្រុង​តា​ខ្មៅ នៅ​ពេល​ខាង​មុខ​នេះ និង​មាន​ព័ត៌មាន​មួយទៀត​ថា សាងសង់​ព្រ​លាន​យន្តហោះ​ថ្មី នៅ​ចំណុច​បឹង​ទឹកជោរ ជាប់​ព្រំប្រទល់​ស្រុក​ស្អាង​និង​ស្រុក​កណ្ដាលស្ទឹង ។ ហេតុនេះ​បាន​ធ្វើ​ឱ្យ​ដី​នៅ​ឃំ​ុ​រកា​ខ្ពស់​ឡើងថ្លៃ​យ៉ាង​គំហុក និង​មាន​ទំនាស់​ដីធ្លី​កាន់តែ​ក្ដៅ​ឡើង ពិសេស​ដី​បឹង​ដែល​មិន​ទាន់​មានប​ណ្ណ័​កម្មសិទ្ធិ ។

ជាក់ស្ដែង​ជំ​លោះ​ដីធ្លី​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មេ​សា ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​មក​សាលាឃុំ​រកា​ខ្ពស់​ដើម្បី​ប្ដឹង និង​ឱ្យ​អាជ្ញាធរ​ជួយ​រក​ដំណោះស្រាយ​រវាង​ប្រជាពលរដ្ឋ​ជាង​៤០​គ្រួសារ​នៅ​ភូមិ​ព្រែក​ថី ឃំ​ុ​រកា​ខ្ពស់ ស្រុក​ស្អាង ជាមួយ​ឈ្មួញ​ទិញ​ដី​នៅ​ចំណុច​បឹង​រៀន បឹង​ព្រែក​រកា​ដែល​ប្រជាពលរដ្ឋ​បាន​ចោទ​ថា មាន​ឈ្មួញ​បាន​យក​គ្រឿងចក្រ​មក​ជីក​ព័ទ្ធ រំលោភ​យក​ដី​របស់​ពួក​គាត់​ប្រមាណ​២០​ហិ​កតា និង​បាន​ប្រើ​អាវុធ​គំរាមកំហែង​មក​លើ​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ទៀត​ផង ។ ប្រជាពលរដ្ឋ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ឈ្មួញ​គួ​ក​ជេរ​ដី ឬ​អ្នក​រៀប​ដី​ដែល​មាន​ទំនាស់​នេះ​បាន​យកឈ្មោះ​អ្នកធំ មក​ប្រើ​ដើម្បី​គំរាម​ប្រជាពលរដ្ឋ​ឱ្យ​ខ្លបខ្លាច តែ​មិន​ស្គាល់ឈ្មោះ​ពិតប្រាកដ​ទេ ។

ប្រជាពលរដ្ឋ​ប្រាប់​ថា ពេល​ថ្មី​ៗ​នេះ​ពួក​គាត់​ទើបតែ​បានដឹង​ថា ដី​របស់​គាត់​ត្រូវ​គេ​រំលោភ​យក ហើយ​ពួក​គាត់​បាន​នាំ​គ្នា​ជាង​៤០​នាក់​មក​ប្ដឹង​នៅ​សាលាឃំ​ុ​រកា​ខ្ពស់ កាលពីមុន​បុណ្យចូលឆ្នាំ​ខ្មែរ​កន្លង​ទៅ​នេះ ដោយ​អាជ្ញាធរ​បាន​សន្យា​ថា​ចូល​ឆ្នាំ​ខែ្ម​រ​ចប់​និង​ដោះស្រាយ ទើប​ព្រឹក​ថ្ងៃ​ទី​២៦ មេ​សា ពួក​គាត់​មក​សាលាឃំ​ុ ឱ្យ​ជួយ​ដោះស្រាយ​ឱ្យ​ពួក​គាត់​បាន​ឆាប់​កុំ​ថា​តែ​មាត់ទទេ ។ ស្ត្រី​ម្នាក់​ឈ្មោះ ម៉​ម សា​ម៉ុ​ន បានឱ្យ​ដឹង​ថា​ប្រជា ពលរដ្ឋ​នៅ​ភូមិ​ព្រែក​ថី មាន​ដី​នៅ​ជិត​បឹង​រៀន​ប្រមាណ​ជាង​២០​ហិ​កតា បាន​បង្កបង្កើន​ផល​ធ្វើ​ស្រូវប្រាំង​តាំងពី​យូរ​មក​ហើយ ចំណែក​គាត់​មិន​បាន​លក់​ដី​ទៅ​ឱ្យ​ក្រុមហ៊ុន​ឬ​ឈ្មួញ​ណា​ទេ ស្រាប់តែ​ពេល​ថ្មី​ៗ​នេះ គាត់​ចូល​ទៅ​មើល​ដី​គាត់ ស្រាប់តែ​គេ​ហាម​មិន​ឱ្យ​ចូល ថា​ជា​ដី​គេ​ទិញ​ទៅ​វិញ ។

ចំណែក​បុរស​ឈ្មោះ លន់ ចាន់ បាន​ប្រាប់​ឱ្យ​ដឹង​ថា បងប្អូន​គាត់​៥​នាក់​មាន​ដី​នៅ​ចំណុច​ជិត​បឹង​រៀន​នេះ ដោយ​បាន​បង្កបង្កើន​ផល​តាំងពី​យូរ​មក​ហើយ មិន​បាន​លក់​ទៅ​ឱ្យ​ឈ្មួញ​ណា​ទេ ។ ពេល​ជាង​មួយ​ខែ​មុន​នេះ​ទើប​ដឹង​ថា ដី​គាត់​ត្រូវ​បាន​គេ​រំលោភ​យក រួម​ទាំង​ដី​អ្នក​ភូមិ​ជាង​៤០​គ្រួសារ​ទៀត​ផង ទើប​នាំ​គ្នា​មក​ប្ដឹង​នៅ​សាលាឃំ​ុ ។លោក លន់ ចាន់ បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា​នៅ​រសៀល​ថ្ងៃ​ទី​២២ មេ​សា គាត់​និង​អ្នក​ភូមិ​៤​នាក់​ទៀត​បាន​នាំ​គ្នា​ទៅ​មើល​ដី​គាត់ ពេល​ទៅ​ដល់​មាន​មេការ​មក​ហាមឃាត់​ពួក​គាត់​មិន​ឱ្យ​ចូល និង​បាន​យក​កាំភ្លើងខ្លី​មក​ភ្ជង់​គាត់​គំរាម​បាញ់​ទៀត ព្រមទាំង​ចាប់​យក​ទូរ​សព្ទ័​ដៃ​ដែល​គាត់​ថត​ដី​គាត់​លុប​រូបភាព និង​ឯកសារ​ផ្សេង​ៗ​អស់ ។ បច្ចុប្បន្ន គាត់​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​អធិការដ្ឋាន​នគរបាល​រួច​ហើយ ។

លោក ឈឿ​ង ឆូ មេឃុំ​រកា​ខ្ពស់​បាន​ប្រាប់​ឱ្យ​ដឹង​ថា រឿង​ទំនាស់​ដីធ្លី​នេះ​លោក​មិន​ព្រងើយកន្តើយ មិន​ចាត់ ការ​ដោះស្រាយ​នោះ​ទេ​បានឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ធ្វើ​ពាក្យបណ្ដឹង​ឱ្យ​បាន​ត្រឹមត្រូវ​និង​ចង្អុលបង្ហាញ​ទីតាំង​ទំហំ​ដី​ឱ្យ​បាន​ច្បាស់លាស់ មាន​ឯកសារ​ត្រឹមត្រូវ​លោក​នឹង​ធ្វើការ​ដោះស្រាយ​ជូន ។ នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ​ដែរ គណៈកម្មការ​ចម្រុះ​ស្រុក ខេត្ត បាន​ចុះ​ទៅ​ធ្វើការ​វាស់ដី​នៅ​ក្នុងភូមិ​សាស្ដ្រ ឃំ​ុ​រកា​ខ្ពស់ ដែល​មាន​ទំនាស់​ឈ្មួញ​ទិញ​ដី​ត្រួត​លើ​គ្នា​នៅ​បឹង​រៀន ប៉ុន្តែ​ការ​វាស់ដី​នេះ​មិន​មាន​លទ្ធផល​ទេ ដោយសារ​ម្ចាស់​ដី​មួយ​ចំនួន​មិន​អនុញ្ញាត​ឱ្យ​គណៈកម្មការ​វាស់វែង​ទេ ។ ក្រុម​មន្ត្រី​ថា ការ​វាស់​នេះ​គ្រាន់តែ​ចង់​ដឹង​ចំនួន​ផ្ទៃដី​សរុប​ពិតប្រាកដ​ដើម្បី​រក​ចំណុច​ត្រួត​ជាន់​គ្នា​ងាយស្រួល​ដោះស្រាយ ព្រោះ​ម្ចាស់​ដី​មាន​ច្រើន ។

អ្នកស្រី ឆោម សុ​ភ័​ណ្ឌ ជា​ម្ចាស់​ដី​រាប់រយហិ​កតា​នៅ​បឹង​រៀន​នេះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ដី​របស់​គាត់​ត្រូវ​បាន​គេ​យក​គ្រឿងចក្រ​ទៅ​កាយ​ចូល​រំលោភ​យក​អស់​ប្រមាណ​៣០​ហិ​កតា ។ ហើយ​ថ្មី​ៗ​នេះ មាន​ជនខិលខូច​មួយ​ក្រុម​បាន​បំផុស​ប្រជាពលរដ្ឋ​ឱ្យទៅ​ចាប់ដី បោះបង្គោល​លើ​ដី​ស្របច្បាប់​របស់​គាត់​យក​ទៅ​លក់​ឱ្យ​ឈ្មួញ ។
ពេល​មាន​ហេតុការណ៍​នេះ​កើតឡើង​លោកស្រី​បាន​ធ្វើ​លិខិតស្នើ​សំ​ុ​អន្តរាគមន៍​ដាក់​ជូន​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ដើម្បី​ទប់ស្កាត់​ភាព​អាណា​ធិ​ប​តេ​យ្យ​ឈ្មួញ​ខិលខូច​បំពាន​យក​ដី​កម្មសិទ្ធិ​លោកស្រី​ដោយ​ខុសច្បាប់​នេះ ។

តាម​ប្រភព​ព័ត៌មាន​ពី​ឈ្មួញ​គួ​ក​ជេរ​ដី​បាន​ប្រាប់​ឱ្យ​ដឹង​ថា ដី​បឹង​នៅ​ចំណុច​អតីត​ឡូត៍​នេសាទ​លេខ​១ ឃំ​ុ​រកា​ខ្ពស់ ឃំ​ុ​ស្អាង​ភ្នំ ស្រុក​ស្អាង ឡើងថ្លៃ​ខ្លាំង​ណាស់ មួយ​ម៉ែត្រការ៉េ​១៥​ទៅ​២០​ដុល្លារ សម្រាប់​ដី​កណ្ដាល​បឹង ។ ចំណែក​នៅ​ជាយ​ៗ​បឹង​មួយ​ម៉ែត្រការ៉េ​៣០​ដុល្លារ និង​នៅ​ជាប់​ផ្លូវលំ​៤០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ៕​

អត្ថបទសរសេរ ដោយ