ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​ចិន​កំពុង​មើលឃើញ​សក្ដានុពល​វិនិយោគ​ជា​ច្រើន​នៅ​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិនិយោគិន​ចិន​មក​ពី​ខេត្ត​ក្វា​ង​ស៊ី កំពុង​សម្លឹង​ឃើញ​សក្ដានុពល​វិនិយោគ​លើ​វិស័យ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​បាន​ត្រៀមខ្លួន​ចូល​មក​វិនិយោគ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ ។ នេះ​បើ​យោង​តាម​លោក ឆឹ​ន អ៊ូ (Chen…

រាជធានី​ភ្នំពេញ ៖ វិនិយោគិន​ចិន​មក​ពី​ខេត្ត​ក្វា​ង​ស៊ី កំពុង​សម្លឹង​ឃើញ​សក្ដានុពល​វិនិយោគ​លើ​វិស័យ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​បាន​ត្រៀមខ្លួន​ចូល​មក​វិនិយោគ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ ។ នេះ​បើ​យោង​តាម​លោក ឆឹ​ន អ៊ូ (Chen Wu) អភិបាលខេត្ត​ក្វា​ង​ស៊ី បាន​ថ្លែង​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ មេ​សា នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា ។

លោក ឆឹ​ន អ៊ូ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ មាន​ក្រុមហ៊ុន​មក​ពី​ខេត្ត​ក្វា​ង​ស៊ី​មួយ​ចំនួន​ហើយ​ដែល​បាន​និង​កំពុង​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​កសិកម្ម ដូច​ជា ដាំដំឡូង​មី​នៅ​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ថៃ ជាដើម ហើយ​មាន​ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន​ទៀត​បាន​និង​កំពុង​សម្លឹង​មើល​ពី​សក្ដានុពល​នានា​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា និង​ត្រៀមខ្លួន​ចូល​មក​វិនិយោគ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

លោក​បន្ត​ថា ៖« វិនិយោគិន​ខេត្ត​ក្វា​ង​ស៊ី​របស់​យើង​បាន​រាយការណ៍​មក​ថា ពួក​គេ​បាន​ដាំដំឡូង​មី​នៅ​ខេត្ត​ជាយ​ដែន និង​បាន​នាំ​ចេញ​ដំឡូង​មិន​ទាន់​កែ​ច្នៃ​ទៅ​ប្រទេស​ថៃ ព្រោះ​កម្ពុជា​មិន​ទាន់​មាន​ម៉ាស៊ីន​ស​ម្ងួ​ត​គ្រប់គ្រាន់ ហើយ​ម្យ៉ាងទៀត ការ​ដឹក​ជញ្ជូន​មក​កាន់​ភ្នំពេញ ក៏​មាន​តម្លៃ​ខ្ពស់ ។ ដូចនេះ​ហើយ​ពួក​គេ​ថា ជម្រើស​ល្អ​មាន​តែ​លក់​ទៅ​ប្រទេស​ថៃ ទើប​អាច​ចំណេញ » ។

លោក​ក៏​បាន​ជំរុញ​ឲ្យ​វិនិយោគិន​ទាំងនោះ​បន្ថែម​ការ​វិនិយោគ ដោយ​បង្កើត​រោងចក្រ​កែ​ច្នៃ​នៅ​នឹង​កន្លែង ដើម្បី​កែ​ច្នៃ​ផលិតផល​ដំឡូង​មី ដែល​ផលិត​បាន មុន​នឹង​នាំ​ចេញ​ទៅ​កាន់​ប្រទេស​មួយទៀត ហើយ​លោក​ជឿជាក់​ថា ពួក​គេ​នឹង​បង្កើត​រោងចក្រ​កែ​ច្នៃ​ដំឡូង​មី​នៅ​កម្ពុជា ។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​មាន​ប្រសាសន៍​ថា កម្ពុជា​បាន​រៀបចំ​បង្កើត​ឡ​ស​ម្ងួ​ត​បន្ថែម​ហើយ​សម្រាប់​ស​ម្ងួ​ត​ផលិតផល​កសិកម្ម​ជា​ច្រើន​ទៀត​ក្រៅពី​ស្រូវ ដើម្បី​រក្សា​ទុក​សម្រាប់​កែ​ច្នៃ​មុន​នាំ​ចេញ ហើយ​កម្ពុជា​ក៏​មាន​សក្ដានុពល​ជា​ច្រើន​សម្រាប់​ឲ្យ​វិនិយោគិន​ខេត្ត​ក្វា​ង​ស៊ី​ចូល​មក​វិនិយោគ ។ ជាក់ស្ដែង ក្រៅពី​ដំណាំ​ស្រូវ និង​ដំឡូង​មី ក៏​មាន​ដំណាំ​ផ្លែ​ឈើ​ជា​ច្រើន​ទៀត​សម្រាប់​ឲ្យ​វិនិយោគិន​កែ​ច្នៃ​នាំ​ចេញ​ទៅ​ប្រទេស​ផ្សេង​ៗ រួម​ទាំង​ចិន​ផង​ដែរ ។

លោក​បន្ត​ថា បច្ចុប្បន្ន​នេះ ក៏​មាន​វិស័យ​មួយទៀត​សម្រាប់​វិនិយោគិន​ចូល​មក​វិនិយោគ​ដែរ គឺ​ការ​កែ​ច្នៃ​ឧស្សាហកម្ម​ទឹក​ស្អាត​នៅ​ខេត្ត​កែប ខណៈ​ខេត្ត​នេះ​មិន​ទាន់​មានទឹក​ស្អាត​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់​នៅឡើយ ហើយ​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក៏​បាន​ស្វះ​ស្វែងរក​ការ​វិនិយោគ​ពី​បណ្ដា​វិនិយោគិន​នានា​មក​វិនិយោគ​ទឹក​ស្អាត​ផ្គត់ផ្គង់​ក្នុង​ខេត្ត​នោះ ។
លោក​ថា ៖« ខេត្ត​កែប ជា​ខេត្ត​ជាប់មាត់​សមុទ្រ ដូចនេះ​ហើយ​បញ្ហា​ទាញ​យក​ទឹក​ពី​ក្នុង​ដី​មក​ប្រើប្រាស់​ផ្ទាល់ ក៏​មិនសូវ​ស្អាត​ល្អ​ប៉ុន្មាន​ដែរ អីចឹង​ហើយ​ត្រូវការ​ឲ្យ​មានការ​កែ​ច្នៃ​បន្ថែម​ទៀត មុន​នឹង​យក​ទៅ​ប្រើប្រាស់​តាម​ផ្ទះ​ពលរដ្ឋ » ។

លោក​រដ្ឋមន្ត្រី​បាន​បង្ហាញ​ជំនឿ​ជាក់​ថា បន្ទាប់​ពី​ជំនួប​នេះ វិនិយោគិន​ចិន​នឹង​ចូល​មក​បណ្ដាក់ទុន​បន្ថែម​ទៀត​ក្នុង​ប្រទេស​កម្ពុជា ។ មិនតែប៉ុណ្ណោះ លោក​ក៏​សង្ឃឹមថា កំណើន​ភ្ញៀវ​ទេសចរ​ចិន​មក​ពី​ខេត្ត​ក្វា​ង​ស៊ី ក៏​នឹង​កើនឡើង​បន្ថែម​ទៀត ស្រប​ពេល​ក្រុមហ៊ុន​អាកាសចរណ៍​ពី​ខេត្ត​ក្វា​ង​ស៊ី ក៏​គ្រោង​នឹង​បើក​ការ​ហោះហើរ​ត្រង់​មក​កាន់​ខេត្តសៀមរាប​ផង​ដែរ ។
លោក Xiong Bo ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្នុង​នាម​ជា​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា លោក​នឹង​ទាក់ទាញ​វិនិយោគិន​ចិន​បន្ថែម​ទៀត​មក​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា ហើយ​លោក​នឹង​ព្យាយាម​សម្របសម្រួល​ឲ្យ​ការ​វិនិយោគ​នៅ​កម្ពុជា​របស់​វិនិយោគិន​កាន់តែ​មាន​ភាព​រលូន និង​រីក​ចម្រើន ។

ក្នុង​ឆ្នាំ​២០១៧ ទំហំ​វិនិយោគ​ចិន​មក​កម្ពុជា មាន​ចំនួន​១៤,៣​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ឬ​ស្មើ​២៧%​នៃ​ទឹកប្រាក់​វិនិយោគ​ពី​បរទេស​សរុប ដែល​ចំនួន​នេះ​បាន​កើនឡើង​ស្ទើរ​ពាក់កណ្ដាល បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ដែល​មាន​ត្រឹមតែ​៧៤៨​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ។
កំណើន​ការ​វិនិយោគ​របស់​ចិន​បាន​សម្រួល​ដល់​ការ​ធ្វើ​ពិពិធ​កម្មវិស័យ​ការងារ​សម្រាប់​ប្រជាពលរដ្ឋ និង​កំណើនសេដ្ឋកិច្ច ដោយសារ​គម្រោង​ចិន​ភាគច្រើន​ផ្តោត​សំខាន់​លើ​វិស័យ​សំណង់ កសិកម្ម ថាមពល ឧស្សាហកម្ម​កាត់ដេរ ធនាគារ​និង​ហិរញ្ញវត្ថុ ទូរគមនាគមន៍ និង​ទេសចរណ៍ ដែល​ជា​សសរស្តម្ភ​សំខាន់​ៗ​នៃ​សេដ្ឋកិច្ច ។

ក្រៅពី​កំណើន​ទឹកប្រាក់​វិនិយោគ ស្ថានភាព​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ចិន និង​កម្ពុជា នៅ​ក្នុង​ឆ្នាំ​២០១៧ ក៏​មាន​វឌ្ឍន​ភាពល្អ​ប្រសើរ​ផង​ដែរ ។ បើ​តាម​ទិន្នន័យ​ផ្លូវការ​បាន​បង្ហាញ​ថា ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​សម្រេច​បាន​ដល់​៥.៧៩០​លាន​ដុល្លារ​អា​មេ​រិ​ក ពោល​គឺ​បាន​កើនឡើង​២១,៧% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦​។ ទន្ទឹម​គ្នា​នេះ ភ្ញៀវ​ទេសចរ​ចិន​ដែល​បាន​ចូល​មក​កម្ពុជា កាលពី​ឆ្នាំ​២០១៧ មាន​ចំនួន​១.២១០.០០០​នាក់ គឺ​បាន​កើនឡើង​ជិត​៤៦% បើ​ធៀប​នឹង​ឆ្នាំ​២០១៦​ដូច​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ