ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​សាងសង់​កំពង់​ផែ​ទឹក​ជ្រៅ​នៅ​កំពត ចាប់ផ្ដើម​កម្រើក​ឡើង​វិញ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គម្រោង​សាងសង់​កំពង់​ផែ​នៅ​ខេត្តកំពត ចាប់ផ្ដើម​មាន​សកម្មភាព​ជា​ថ្មី បន្ទាប់​ពី​ស្ងប់ស្ងាត់​កន្លង​មក ដោយ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ មេ​សា ម្សិលមិញ ក្រុមហ៊ុន​ទ្រី ភាព…

រាជធានី​ភ្នំពេញ ៖ គម្រោង​សាងសង់​កំពង់​ផែ​នៅ​ខេត្តកំពត ចាប់ផ្ដើម​មាន​សកម្មភាព​ជា​ថ្មី បន្ទាប់​ពី​ស្ងប់ស្ងាត់​កន្លង​មក ដោយ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ មេ​សា ម្សិលមិញ ក្រុមហ៊ុន​ទ្រី ភាព គ្រុប បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ ស្ដី​ពី​កំពង់​ផែ​កំពត ជាមួយ​ក្រុមហ៊ុន​កំពង់​ផែ​អន្ដរជាតិ​នៃ​ខេត្ត​គ័ង​ស៊ី ប្រទេស​ចិន ។

កិច្ចព្រមព្រៀង​នេះ ក្នុង​ដំណាក់កាល​ដំបូង ក្រុមហ៊ុន​ទាំង​ពីរ​គ្រោង​សិក្សា​សាងសង់​កំពង់​ផែ​ទឹក​ជ្រៅ​មួយ ដែល​អាច​អនុញ្ញាត​ឲ្យ​នាវា​សមុទ្រ​ធុន​ធំ​ផ្ទុកទំនិញ​១​ម៉ឺន​តោន ដល់​៣​ម៉ឺន​តោន អាច​ចូល​ចត ផ្ទេរ និង​ផ្ទុកទំនិញ​បាន និង​ផ្តល់​ការងារ​ចំនួន​៥០០​កន្លែង​នៅ​ក្នុង​ដំណាក់កាល​ចាប់ផ្តើម ហើយ​ចំនួន​នេះ​នឹង​អាច​កើនឡើង​ដល់​១.៥០០​កន្លែង​បន្ថែម​ទៀត​នៅ​ក្នុង​រយៈពេល​៣​ឆ្នាំ​បន្ទាប់ ។

អគ្គនាយក​ក្រុមហ៊ុន ទ្រី ភាព គ្រុប លោក​ឧកញ៉ា ទ្រី ភាព បាន​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​ថា ការ​បង្កើត​កំពង់​ផែ​នៅ​ក្នុង​ខេត្តកំពត គឺ​មាន​គោលបំណង​ជំរុញ​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​ឲ្យ​កាន់តែ​ទូលាយ ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​រួម​គ្នា​រវាង​ប្រទេស​កម្ពុជា​-​ចិន ដែល​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ដឹក​ជញ្ជូន ជា​ពិសេស​ការ​ចូលរួម​ចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច​សង្គម ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច​លោក​ជំទាវ ម៉ែ​ន សំ​អន បាន​ថ្លែង​ថា កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​កម្ពុជា និង​ក្រុមហ៊ុន​ចិន​នៅ​ពេល​នេះ បាន​បញ្ជាក់​ពី​ការ​លូតលាស់​ឥត​ឈប់​ឈរ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា និង​ចិន ដែល​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លើ​លោក ជា​ប្រទេស​ទី​១​ដែល​បាន​ផ្តល់​ជំនួយ​ធំ​ជាងគេ​ដល់​កម្ពុជា និង​ជា​ប្រភព​នៃ​អ្នក​វិនិយោគទុន​បរទេស​ដ៏​មាន​សក្តានុពល ព្រមទាំង​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ល្អ​បំផុត និង​ក៏​ជា​ប្រទេស​ដែល​មាន​ចំនួន​ភ្ញៀវ​ទេសចរ​ដ៏​ច្រើន​ដែល​កំពុង​មក​ទស្សនា​កម្ពុជា​ផង​ដែរ ។

លោក​ជំទាវ​បន្ត​ថា ការ​សម្រេចចិត្ត​សាងសង់​កំពង់​ផែ​អន្តរជាតិ​នេះ ពិតជា​ជម្រើស​ដ៏​ត្រឹមត្រូវ ព្រោះ​ខេត្ត​នេះ​ជាទី​តាំង​យុទ្ធសាស្ត្រ​ដ៏​ល្អ ជាប់មាត់​សមុទ្រ​ដ៏​ស្រស់​ស្អាត ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​កម្ពុជា ។ ការ​អភិវឌ្ឍ​កំពង់​ផែ មិន​អាច​ធ្វើ​ឡើង​តែ​ឯកឯង​បាន​ទេ ពោល​គឺ​ត្រូវ​អភិវឌ្ឍន៍​ជា​អន្តរ​វិស័យ​ដែល​ពាក់ព័ន្ធ​ជា​ច្រើន ដូច​ជា ហេដ្ឋារចនាសម្ព័ន្ធ កា​រត​ភ្ជាប់​ជាមួយ​ផ្លូវដែក និង​សន្តិសុខ ជាដើម ។
ខេត្តកំពត គឺជា​ទឹកដី​ដែល​កំពុង​មាន​សក្ដានុពល​សេដ្ឋកិច្ច​ខ្លាំង​ទាំង​វិស័យ​សេវាកម្ម និង​ឧស្សាហកម្ម និង​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ដែល​មាន​សមុទ្រ​ទឹក​ជ្រៅ​អំណោយផល​ដល់​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​ភ្ជាប់​ទៅ​កាន់​អន្តរជាតិ ជា​ហេតុ​ធ្វើ​ឲ្យ​ខេត្ត​មួយ​នេះ​មានការ​ចាប់អារម្មណ៍​ពី​អ្នក​វិនិយោគទុន​ទាំង​ក្នុង និង​ក្រៅ​ស្រុក ។

អភិបាល​ខេត្តកំពត លោក ជាវ តា​យ បាន​ថ្លែងប្រាប់​កោះសន្តិភាព​កាលពី​ថ្ងៃ​ទី​២៣ មេ​សា ថា ទៅ​ថ្ងៃ​ខាង​មុខ ខេត្ត​មួយ​នេះ​នឹង​មានការ​រីក​ចម្រើន​ខ្លាំង មិន​ថា​វិស័យ​សំណង់ ហេដ្ឋារចនាសម្ព័ន្ធ ឬ​វិស័យ​អចលនទ្រព្យ​ឡើយ ជា​ពិសេស​កំណើន​ភ្ញៀវ​ទេសចរ ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ខេត្ត​មួយ​នេះ​រីក​លូតលាស់ និង​បង្កើន​ការងារ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ ។

លោក​ថា ៖« ពាក់ព័ន្ធ​នឹង​សក្ដានុពល​សេដ្ឋកិច្ច​បច្ចុប្បន្ន​នេះ កំពត​មាន​កំពង់​ផែ​ចំនួន​៤​រួច​មក​ហើយ ដែល​បាន​ផ្ដល់​ការងារ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់ និង​ជា​ផ្នែក​មួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ឲ្យ​មក​ដាក់​ទុន​នៅ​ខេត្ត​មួយ​នេះ » ។
លោក​បន្ត​ថា ៖« មួយ​រយៈ​ចុង​ក្រោយ​នេះ សន្ទុះ​នៃ​ការ​វិនិយោគ​របស់​ចិន គឺ​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ទិញ​-​លក់​ដីធ្លី​ក៏​កាន់តែ​ច្រើន និង​មាន​តម្លៃ​ខ្ពស់​ជាង​ពេល​មុន​ៗ ។ អីចឹង ការ​អភិវឌ្ឍ​ក៏​ចេះ​តែ​បន្ត​ទៅ​មុខ​ជាក់​ជា​មិន​ខាន » ។

ពាក់ព័ន្ធ​នឹង​ការ​ចូលរួម​អភិវឌ្ឍន៍​កំពង់​ផែ​នៅ​ខេត្តកំពត​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា កំពង់​ផែ​នេះ​មាន​សារសំខាន់​ណាស់ ហើយ​អាច​ជា​របៀង​មួយទៀត​ស្រប​តាម​យុទ្ធសាស្ត្រ​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ​របស់​ចិន ។ សម្ដេច​លើក​ឡើង​នេះ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​អភិបាល​តំបន់​ស្វយ័ត ជនជាតិ​ជាំ​ង​ក្វា​ង​ស៊ី ប្រទេស​ចិន នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ មេ​សា ម្សិលមិញ​នេះ ។

សម្តេច​ថ្លែង​បញ្ជាក់​ថា ៖« របៀង​នោះ​មាន​សារសំខាន់​ស្រប​ពេល​ដែល​ថ្ងៃ​ខាង​មុខ​នេះ នឹង​មានការ​ពង្រីក​ផ្លូវជាតិ​លេខ​៣ ឱ្យ​បាន​ធំ​ទូលាយ​ជាង​មុន​ពី​រាជធានី​ភ្នំពេញ ទៅ​កាន់​ខេត្តកំពត ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ពេលវេលា​សម្រាប់​ការ​ដឹក​ជញ្ជូន​ទំនិញ​ពី​ខេត្តកំពត មក​កាន់​រាជធានី​ភ្នំពេញ » ។

បន្ថែម​ពី​នេះ សម្តេច​បាន​លើក​ឡើង​ថា នៅ​អម​សងខាង​ផ្លូវជាតិ​លេខ​៣ មាន​រោងចក្រ​ជា​ច្រើន និង​បណ្ដាញ​វា​រី​អគ្គិសនី​សម្រាប់​ផ្គត់ផ្គង់​ប្រើប្រាស់​ទៀត​ផង ដែល​នេះ​ជា​អំណោយផល នៅ​ក្នុង​ការ​ធ្វើ​ជា​ច្រករបៀង​សេដ្ឋកិច្ច​មួយ​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ