ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុណវិបត្តិ និង​គុណ​ស​ម្ប​តិ្តនៃ​អាជីវកម្ម​បែប​Franchise

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជីវកម្ម​សិទ្ធិ​លក់​បន្ត ឬ​ហៅ​ថា Franchise នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​មានការ​ប្រកួតប្រជែង​ទាំង​ម៉ាក​ពី​ក្រៅប្រទេស និង​ម៉ាក​បង្កើត​ឡើង​ក្នុងស្រុក ។…

រាជធានី​ភ្នំពេញ ៖ អាជីវកម្ម​សិទ្ធិ​លក់​បន្ត ឬ​ហៅ​ថា Franchise នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​មានការ​ប្រកួតប្រជែង​ទាំង​ម៉ាក​ពី​ក្រៅប្រទេស និង​ម៉ាក​បង្កើត​ឡើង​ក្នុងស្រុក ។ ក្នុង​នោះ​ដែរ អាជីវកម្ម​បែប​នេះ ក៏​មាន​អាជីវករ​ខ្លះ​ទទួល​ជោគជ័យ ហើយ​ក៏​មាន​អ្នកខ្លះ​ស្ទើរតែ​មិន​រួចខ្លួន សម្រាប់​ពី​មួយ​ខែ​ទៅ​មួយ​ខែ ។

តើ​ការ​ធ្វើ​អាជីវកម្ម Franchise មានគុណ​សម្បត្តិ និង​គុណវិបត្តិ​អ្វីខ្លះ ហើយ​អ្នក​ចង់​ធ្វើ​អាជីវកម្ម​មួយ​នេះ ត្រូវ​ត្រៀម​អ្វីខ្លះ ?

អ្នកជំនាញ​ខាង​អាជីវកម្ម​បែប​នេះ បាន​ឲ្យ​ដឹង​ថា ជា​ទូទៅ នៅ​ពេល​ដឹង​ថា​ខ្លួន​មិន​ទាន់​មាន​ជំនាញ និង​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​បង្កើត ម៉ាក​យីហោ​ក្នុងស្រុក​បាន​ទេ ការ​នាំ​ចូល Franchise ពី​ខាងក្រៅ គឺជា​ឱកាសល្អ​មួយ​សម្រាប់​ធ្វើ​អាជីវកម្ម ប៉ុន្ដែ​ក៏​មិន​ប្រាកដ​ថា​ទទួល​ជោគជ័យ​គ្រប់​គ្នា​នោះ​ដែរ ។
លោក គួ​ច សុខ​លី អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​CBM បាន​ឲ្យ​ដឹង​ថា ៖« បើ​យើង​នាំ​ចូល Franchise​ត្រូវ យើង​នឹង​ចំណេញ តែបើ​យើង​នាំ​ចូល​ខុស យើង​នឹង​ខាតបង់ » ។

លោក​បន្ដ​ថា ៖« ការ​ធ្វើ​អាជីវកម្ម​បែប​នេះ វា​មាន​ទាំង​គុណសម្បត្តិ ទាំង​គុណវិបត្តិ ដូចនេះ​ហើយ​ទើប​មុន​នឹង​នាំ​ចូល គឺ​ត្រូវ​តែ​សិក្សា​ឲ្យ​បាន​ច្បាស់លាស់ ដូច​ជា ទីផ្សារ និង​តម្រូវការ ក៏​ដូច​ជា​វប្បធម៌​រវាង​ប្រទេស​យើង និង​ប្រទេស​ដែល​យើង​នាំ​ចូល​ផង​ដែរ » ។

លោក ដួង តារា ស្ថាបនិក​ហាង​កាហ្វេ​ក្នុងស្រុក​មួយ បាន​ឲ្យ​ដឹង​ថា គុណវិបត្តិ​នៃ​ការ​ធ្វើ​អាជីវកម្ម​នេះ​កើត​មាន ដោយសារ​តែ​អ្នកទិញ​មិន​បាន​សិក្សា​ឲ្យ​ច្បាស់​ពី​ម្ចាស់ Franchise នោះ ។
លោក​បាន​លើក​ជា​ឧទាហរណ៍​ថា ៖« ម៉ាក​នោះ​ទើបតែ​បើក​បាន​រយៈពេល​ខ្លី និង​មិន​ទាន់​មាន​លំនឹង​ត្រឹមត្រូវ​ផង ក៏​ប្រកាស​លក់ ដូចនេះ​អ្នកទិញ​អាច​ប្រឈម​នឹង​បញ្ហា​ខាតបង់ ខណៈ​ម៉ាក​នោះ​មិន​ទាន់​មាន​អ្នក​ស្គាល់ ។ ពេល​ខ្លះ​ម្ចាស់ Franchise គ្រាន់តែ​បង្កើត​ចោល ហើយ​ប្រកាស​លក់ ដោយ​មិន​បាន​ធ្វើ​ប្រតិបត្តិការ​ផ្ទាល់ អ្នក​ចង់​ធ្វើ​អាជីវកម្ម Franchise ក៏​មិន​គួរ​ទិញ​បន្ត​ដែរ បើ​ទិញ​ហើយ ហានិភ័យ​នៃ​ការ​ខាតបង់​នឹង​មាន​ខ្ពស់ » ។

លោក​បន្ថែម​ថា ការ​មិន​មាន​អ្នកគ្រប់គ្រង​ច្បាស់លាស់​ទៅ​លើ​អាជីវកម្ម ក៏​ជា​ហានិភ័យ​មួយ​ដែរ វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាជីវកម្ម​អ្នកទិញ​ទៅ​ធ្វើ​អាជីវកម្ម​បន្ត​ទេ តែ​វា​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ម៉ាក​យីហោ​នោះ​ទាំងមូល​ផង​ដែរ ដូចនេះ​ហើយ រាល់​ការ​ទិញ Franchise ត្រូវ​ទាមទារ​ឲ្យ​មាន​ប្រព័ន្ធ​គ្រប់គ្រង​ច្បាស់លាស់ ។
លោក​និយាយ​ថា ៖« អ្វី​ដែល​ភាគី​ទាំង​ពីរ ទាំង​អ្នកលក់​និង​អ្នកទិញ​ត្រូវធ្វើ គឺ​ត្រូវ​តាមដាន និង​ធ្វើការ​ជាមួយ​គ្នា មិនមែន​អ្នកលក់ លក់​ហើយ​បោះបង់​អ្នកទិញ​ចោល​នោះ​ទេ ហើយ​អ្នកទិញ​ក៏​មិនមែន​អាង​តែ​មាន​លុយ​ហើយ ទិញ​រួច​ចង់​ធ្វើ​អី ធ្វើ​តាម​ចិត្ត​ដែរ » ។

លោក​តារា បន្ថែម​ថា គុណវិបត្តិ​មួយទៀត​ចំពោះ​អ្នកទិញ គឺ​នៅ​ពេល​ទិញ​ហើយ អ្នកលក់​មិន​មក​ចូលរួម​ខាតបង់​ជាមួយ​ទេ ក្នុង​ករណី​អាជីវកម្ម​នោះ​មិន​ដើរ ឬ​ខាតបង់​នៅ​ពេល​ធ្វើ​អាជីវកម្ម ។ តែ​អ្នកលក់​អាច​មាន​ជម្រើស​ពីរ ក្នុង​ការ​ជ្រើសរើស ទី​១ កែ​អាជីវកម្ម​ជាមួយនឹង​ម្ចាស់​ម៉ាក ដោយ​កែ​យុទ្ធសាស្ត្រ​មួយ​ចំនួន​ដើម្បី​ទាក់ទាញ​អតិថិជន ។ ជម្រើស​មួយទៀត បើសិនជា​កែទម្រង់​ហើយ នៅ​តែ​មិន​អាច​ដំណើរការ​ទៅ​មុខ​បាន​ទៀត អ្នកទិញ Franchise នោះ អាច​លក់​ទៅ​ម្ចាស់​ដើម​វិញ ក្នុង​ទំហំ​ទឹកប្រាក់​ចរចា​ព្រមព្រៀង​គ្នា​ណាមួយ​ដើម្បី​ឲ្យ​ខាត​ទាំង​សងខាង ព្រោះ​អ្នកលក់ Franchise ក៏​មិន​ចង់​ឲ្យ​ម៉ាក​សញ្ញា​របស់​ខ្លួន​ត្រូវ​បិទទ្វារ​ដែរ ។

លោក​បញ្ជាក់​ថា អាជីវកម្ម Franchise ទាំង​អ្នកលក់ និង​អ្នកទិញ សុទ្ធតែ​មានគុណ​វិបត្តិ​រៀងខ្លួន ដូចនេះ​ហើយ​ទើប​ការ​ធ្វើ​អាជីវកម្ម​បែប​នេះ ត្រូវ​ទាមទារ​ឲ្យ​មានការ​ខិតខំ​ធ្វើ​សហការ​ទៅ​វិញ​ទៅ​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ