ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ធនាគារពាណិជ្ជ និង​ធនាគារ​ឯកទេស ខុស​គ្នា​យ៉ាងដូចម្តេច ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិស័យ​ធនាគារ​នៅ​កម្ពុជា​កំពុង​មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ហើយ​ធនាគារ​ជា​ច្រើន​ត្រូវ​បាន​បង្កើត​ឡើង និង​កំពុង​ប្រតិបត្តិការ​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន ។ ប៉ុន្តែ​ធនាគារ​ទាំងនោះ​បាន​ដើរតួ​នាទី​ខុស​គ្នា​ទៅ​តាម​កម្រិត​ទុន​ចុះបញ្ជី​របស់​ខ្លួន ដែល​អាជ្ញាធរ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ផ្តល់ និង​អនុញាត្ត ដើម្បី​បង្កើត​ជា​ធនាគារពាណិជ្ជ…

រាជធានី​ភ្នំពេញ ៖ វិស័យ​ធនាគារ​នៅ​កម្ពុជា​កំពុង​មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ហើយ​ធនាគារ​ជា​ច្រើន​ត្រូវ​បាន​បង្កើត​ឡើង និង​កំពុង​ប្រតិបត្តិការ​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន ។ ប៉ុន្តែ​ធនាគារ​ទាំងនោះ​បាន​ដើរតួ​នាទី​ខុស​គ្នា​ទៅ​តាម​កម្រិត​ទុន​ចុះបញ្ជី​របស់​ខ្លួន ដែល​អាជ្ញាធរ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ផ្តល់ និង​អនុញាត្ត ដើម្បី​បង្កើត​ជា​ធនាគារពាណិជ្ជ ឬ​ធនាគារ​ឯកទេស ។

តើ​ធនាគារពាណិជ្ជ និង​ធនាគារ​ឯកទេស​មាន​ភាព​ខុស​គ្នា​យ៉ាងដូចម្តេច នៅ​ក្នុង​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ដែល​កំពុង​តែ​មាន​ភាព​រីក​ចម្រើន​នេះ ? ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី អិ​ល​ស៊ី លោក​បណ្ឌិត អ៊ិ​ន ចាន់​នី បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ នា​រសៀល​ថ្ងៃ​ទី​២៣ មេ​សា នេះ​ថា ធនាគារពាណិជ្ជ និង​ធនាគារ​ឯកទេស មាន​ភាព​ខុស​គ្នា​លើ​ទុន​ចុះបញ្ជី និង​ការ​ផ្តល់​សេវាកម្ម ដោយ​ធនាគារពាណិជ្ជ​ទុន​ចុះបញ្ជី​អប្បបរមា​ចំនួន​៧៥​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​ផ្តល់​សេវាកម្ម​ទាក់ទង​នឹង​វិស័យ​ហិរញ្ញវត្ថុ​បាន​ទាំងអស់ ដូច​ជា​ការ​ផ្តល់​ឥណទាន ការ​ទទួល​ប្រាក់​បញ្ញើ និង​ការ​ទូទាត់​ផ្សេង​ៗ​ទៀត ។

ចំណែក​ធនាគារ​ឯកទេស​មាន​ទុន​ចុះបញ្ជី​តិច​ជាង​នេះ ហើយ​សេវាកម្ម​របស់​ពួក​គេ​អាច​ធ្វើ​បាន​តែ​មួយ​ក្នុង​ចំណោម​សេវាកម្ម​ទាំង​បី​ខាងលើ​ប៉ុណ្ណោះ ឬ​អាច​ផ្តល់​សេវាកម្ម​អាស្រ័យ​លើ​ការ​ផ្តល់​ជូន ឬ​កម្រិត​ពី​ធនាគារជាតិ​នៃ​កម្ពុជា ។
លោក​បណ្ឌិត​បាន​បន្ត​ថា ភាព​ខុស​គ្នា​រវាង​វិស័យ​ធនាគារ គឺ​មាន​ក្នុង​កម្រិត​នេះ​ខុស​គ្នា​លើ​ទុន​ចុះបញ្ជី និង​ចំនួន​សេវាកម្ម​ដែល​អាច​ផ្តល់​ជូន​អតិថិជន ខណៈ​បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​ធនាគារពាណិជ្ជ​ចំនួន​៣៩ និង​ធនាគារ​ឯកទេស​ចំនួន​១៣ ។

លោក ឆា​រស៍ វ៉ា​ន់ ប្រធាន​ស្តីទី​សមាគម​ធនាគារ​កម្ពុជា​បាន​ថ្លែង​ថា វិស័យ​ធនាគារ​នៅ​កម្ពុជា​កំពុង​មាន​ភាព​រីក​ចម្រើន​ទោះបីជា​ចំនួន​ធនាគារ​ថ្មី​ៗ មិន​មាន​ចូល​មក​កាន់​ទីផ្សារ​នេះ​នៅ​ដើមឆ្នាំ​នេះ​ក្តី ប៉ុន្តែ​កម្រិត​នៃ​ការ​ផ្តល់​ឥណទាន និង​ប្រាក់​បញ្ញើ​នៅ​តែ​កើនឡើង ដោយសារ​សេដ្ឋកិច្ច​កម្ពុជា​បន្ត​មាន​ភាព​រីក​ចម្រើន ការ​ជឿ​ទុកចិត្ត​លើ​វិស័យ​ធនាគារ​កំពុង​មាន​ភាពល្អ​ប្រសើរ ។ លោក​បន្ត​ថា ៖ « ការ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​បាន​ធ្វើ​ឲ្យ​ធនាគារ​នៅ​កម្ពុជា​ទទួល​បាន​ប្រាក់​បញ្ញើ​កាន់តែ​ច្រើន ដែល​អាច​ប្រើប្រាស់​ក្នុង​ប្រតិបត្តិការ​របស់​ខ្លួន​បាន ប៉ុន្តែ​មិន​គ្រប់​នោះ​ទេ គឺ​ធនាគារ​នានា​នៅ​តែ​ពឹងផ្អែក​ឥណទាន​ពី​បរទេស​នៅឡើយ » ។

លោក​បន្ត​ថា ៖ «​សន្តិភាព និង​ស្ថិរភាព​នយោបាយ​នេះ​ហើយ ដែល​បាន​ទាក់ទាញ​អ្នក​វិនិយោគ​ចូល​មក​កម្ពុជា ហើយ​នៅ​ពេល​ការ​វិនិយោគ​កាន់តែ​ច្រើន ធនាគារ​កាន់តែ​ដើរតួ​នាទី​សំខាន់ និង​កាន់តែ​សកម្ម​ក្នុង​សេដ្ឋកិច្ចជាតិ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ