រាជធានីភ្នំពេញ ៖ ឡៅ ស៊ីណាត មកពីក្លិបកងពលតូចឆត្រយោង៩១១ ដែលបានមកប្រកួតសងសឹកជាមួយកីឡាករប្រេស៊ីលGustarvo នៅលើសង្វៀនស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ កាលពីរសៀលថ្ងៃសៅរ៍ ទី១៩ មករា នោះ មិនត្រឹមតែមិនអាចសងសឹកបានសម្រេចនោះទេ ថែមទាំងត្រូវសន្លប់ធំនៅទឹកទី១ ក្រោកលែងរួចក្រោមស្នៀតកណ្តាប់ដៃរបស់Gustarvo ម៉ាត់ចូលមុខ១ដៃយ៉ាងពេញទំហឹង ។ ចំណែកខ្លាចាស់ជ័យ កុសល មកពីក្លិបសិង្ហកីឡា ចាញ់ពិន្ទុកីឡាករថៃ AMIN MATLI យ៉ាងអស់ចិត្តបំផុត ។
គេនៅចាំបានថា កាលពីលើកមុនឡៅ ស៊ីណាត ត្រូវបានជើងខ្លាំងមកពីប្រេស៊ីលម្នាក់នេះវាយឱ្យសន្លប់នៅទឹកទី៤ម្តងរួចមកហើយ នៅលើសង្វៀនប៉ុស្តិ៍លេខ៣ដូចគ្នា ក្រោមស្នៀតជង្គង់ លើកនេះគេមានឱកាសបានឡើងសងសឹក ប៉ុន្តែបែរជាជួបសំណាងអាក្រក់ជាងមុនទៅទៀត ។ ចាប់ផ្តើមទឹកទី១ភ្លាម គេឃើញឡៅ ស៊ីណាត ព្យាយាមម៉ាត់ចេញឆ្វេងស្តាំ និងទាត់ទៅលើកីឡាករប្រេស៊ីលរូបនោះមិនបន្ធូរដៃឡើយ និងមានការប្រុងប្រយ័ត្នខ្ពស់បំផុត ខណៈ Gustarvo ក៏មិនសូវហ៊ានចូលកៀកភ្លាមដែរ ព្រោះមើលទៅលើការវាយចេញរបស់ស៊ីណាត ហាក់ល្អជាងមុន ។ ទោះបីយ៉ាងណា រឿងស្មានមិនដល់បានកើតឡើងនៅពេលដែលឡៅ ស៊ីណាត ដកថយអែបខ្សែរេញបន្តិចក៏ត្រូវ Gustarvo ស្ទុះចូលវាយចំមុខមួយដៃយ៉ាងពេញទំហឹង បណ្តាលឱ្យដួលសន្លប់ធំមួយរំពេច ធ្វើឱ្យទស្សនិកជនលាន់មាត់ថា ឡៅ ស៊ីណាត មិនគួរអន់ដល់ថ្នាក់នេះទេ ។ តាមពិតប្រវត្តិនៃការឡើងសង្វៀនរបស់ឡៅ ស៊ីណាត មិនតិចជាង៧៨ដងនោះទេ រីឯ Gustarvo វិញទើបតែប្រកួតបាន៤១ដងប៉ុណ្ណោះ ។
ចំណែកការបរាជ័យរបស់ជ័យ កុសល ក្រោមស្នៀតកែង និងជង្គង់របស់កីឡាករថៃ AMIN MATLI លើកនេះ ត្រូវអ្នកទស្សនាភាគច្រើនរិះគន់យ៉ាងចាស់ដៃ ព្រោះតែគេមិនមានសមត្ថភាពវាយតបតឱ្យបានល្អមើលទាល់តែសោះ ។ ចាប់តាំងពីទឹកទី១រហូតទៅការវាយចេញរបស់ជ័យ កុសល ទៅលើ AMIN MATLI មានចំនួនតិចតួចបំផុត គឺគ្មានអ្វីក្រៅពីសម្រុកចូលកៀករួចវាយជង្គង់នោះឡើយ ប៉ុន្តែរាល់ការវាយចេញរបស់គេមិនសូវជាទទួលបានលទ្ធផលល្អទេ ។ AMIN MATLI ដែលគេអះអាងថា ជាម្ចាស់មេដាយមាសសីុហ្គេម និងធ្លាប់ទទួលបានខ្សែក្រវាត់រាប់ភ្លេចនោះ បានប្រើក្បាច់ពិសេសៗវាយ និងទាត់ទៅលើជ័យ កុសល គ្មានត្រាប្រណីឡើយ ជាពិសេសការប្រើក្បាច់ជង្គង់ហោះ ដែលមើលទៅគួរឱ្យញាក់សាច់បំផុត ។ ជ័យ កុសល ត្រូវ AMIN MATLIទាត់មួយជើងចូលពោះទឹករាប់៨ម្តងនៅទឹកទី៣ ធ្វើឱ្យគេចាញ់ប្រៀបដាច់ ទើបចូលដល់ទឹកទី៥ កីឡាករថៃរូបនេះលែងវាយសម្រុកទៅលើជ័យ កុសល ដូចទឹកមុនទៀត ដោយគេមានបំណងយកឈ្នះត្រឹមពិន្ទុប៉ុណ្ណោះកុំឱ្យជ័យ កុសល បាក់មុខខ្លាំងពេក ។
រីឯគូប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដណ្តើមតំណែងជើងឯកប្រាក់ក្នុងធនាគារវិញ វ៉ាន់ ចាន់វ៉េត មកពីក្លិបសិង្ហកីឡា និងរឿម វណ្ណៈ មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ បានកក់កៅអីម្នាក់មួយនៅវគ្គប្រកួតផ្តាច់ព្រ័ត្ររួចទៅហើយ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ រីឯតក់ សោភ័ណ្ឌ មកពីក្លិបអេភូថងកីឡា និងឆាយ មាស មកពីក្លិបតេជៈរាជសីហ៍បង្ក្រាបគ្រឿងញៀនខេត្តក្រចេះ ត្រៀមប្រកួតគ្នាយកចំណាត់ថ្នាក់លេខ៣ ។
វ៉ាន់ ចាន់វ៉េត បានយកឈ្នះឆាយ មាស ដោយពិន្ទុ ឯរឿម វណ្ណៈវិញ យកឈ្នះតក់ សោភ័ណ្ឌ នៅទឹកទី៣ ។ វ៉ាន់ ចាន់វ៉េត ដែលស្ថិតនៅពូល B នោះការប្រកួតវគ្គជម្រុះវិលជុំកន្លងមកមិនធ្លាប់ចាញ់ឡើយ បានន័យថា ឈ្នះ៣លើកជាប់គ្នា។ នៅពេលជួបជាមួយឆាយ មាស លើកនេះ ក៏មិនលំបាកប៉ុន្មានដែរ ដោយគេបានធ្វើឱ្យឆាយ មាស ស្ថិតនៅក្នុងស្ថានភាពមិនសូវល្អស្ទើរគ្រប់ទឹក ។
ចំណែកកត់ សោភ័ណ្ឌ ប្រកួតតាំងពីទឹកទី១រហូតដល់ទឹកទី៣ ពិន្ទុរបស់គេបានឈ្នះរឿម វណ្ណៈ ដាច់ទៅហើយ បើទោះជាគេចាញ់កម្លាំងរឿម វណ្ណៈបន្តិចក្តី ។ រឿម វណ្ណៈ ដែលនៅតែព្យាយាមចូលកៀកវាយកែងជាប់រហូតនោះ មិនខុសពីដើរចូលឱ្យតក់ សោភ័ណ្ឌ វាយនិងទាត់ឡើយ ប៉ុន្តែស្នៀតកែងរបស់គេក៏បានធ្វើឱ្យតក់ សោភ័ណ្ឌ មានរបួសបន្តិចនៅលើចិញ្ចើមខាងឆ្វេងដែរ មុនពេលតក់ សោភ័ណ្ឌ ទាត់ត្រូវកញ្ចឹង.កគេរាប់៨ក្នុងទឹកទី៣ដូចគ្នា ។ នៅចុងទឹកទី៣ ពេលដែលពួកគេទាំងពីរនាក់ប្រើស្នៀតជើងទាត់បញ្ច្រាសគ្នានោះ រឿម វណ្ណៈ បានទាត់ចូលពោះទឹកតក់ សោភ័ណ្ឌ ពេញទំហឹង បណ្តាលឱ្យដួលក្រោកលែងរួច ទោះបីជាអាជ្ញាកណ្តាលរាប់ដល់១០ហើយក្តី ។ អ្នកគាំទ្រតក់ សោភ័ណ្ឌ មួយចំនួនបានចោទថា រឿម វណ្ណៈ ទាត់ត្រូវប្រដាប់ការពារ ប៉ុន្តែមានអ្នកខ្លះថា តក់ សោភ័ណ្ឌ ចង់ឈ្នះដោយការស៊ីឡាក។ តាមរយៈនៃការចាក់ផ្សាយសាឡើងវិញជាច្រើនដង គេមើលឃើញថា រឿម វណ្ណៈ បានទាត់ចូលពោះទឹកតក់ សោភ័ណ្ឌ ពិតប្រាកដមែន ដូច្នេះការបរាជ័យរបស់តក់ សោភ័ណ្ឌ លើកនេះបានត្រឹមតែត្រៀមខ្លួនប្រកួតយកលេខ៣ជាមួយឆាយ មាស ជាបន្តទៀតតែប៉ុណ្ណោះ ។
រីឯលទ្ធផលគូប្រកួតមិត្តភាពវិញ កីឡាករចាន់ គង់រាជ មកពីក្លិបតាព្រហ្មមានជ័យបង្ក្រាបគ្រឿងញៀន ឈ្នះពិន្ទុកីឡាករ យិន បូរី មកពីក្លិបកងពលធំអន្តរាគមន៍លេខ៣ព្រះវិហារ ៕
ចែករំលែកព័តមាននេះ