ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ណែនាំ​ឱ្យ​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខាង​មុខ​នេះ ក្រសួងទេសចរណ៍ បាន​ចេញ​សារាចរ​ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត អនុវត្ត​នូវ​ការងារ​មួយ​ចំនួន​សម្រាប់​បម្រើ និង​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ។…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខាង​មុខ​នេះ ក្រសួងទេសចរណ៍ បាន​ចេញ​សារាចរ​ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត អនុវត្ត​នូវ​ការងារ​មួយ​ចំនួន​សម្រាប់​បម្រើ និង​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ។

យោង​តាម​សារាចរ​នោះ ក្រសួង​បាន​ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ចរាចរណ៍ ទី​ចំណត ជូន​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ល្អ​ប្រសើរ ។ ត្រូវ​សហការ​ជាមួយ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ មន្ទីរ​អប់រំ យុវជន និង​កីឡា បំផុស​ចលនា​ឲ្យ​មានការ​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​នៅ​តាម​គោលដៅ​ទេសចរណ៍​សំខាន់​ៗ ព្រម​ជាមួយ​ការ​ប្រឡង​ចម្រៀង​បុរាណ កំណាព្យ អា​យ៉ៃ ចាប៉ី ដោយ​សង្កត់ធ្ងន់​លើ​ខ្លឹមសារ​ស្តី​ពី​សក្តានុពល និង​សកម្មភាព​ទេសចរណ៍​ដែល​មាន​ក្នុង​មូលដ្ឋាន និង​ត្រូវ​រៀបចំ​ឲ្យ​មានការ​លេងល្បែង​ប្រជាប្រិយ​ទៅ​តាម​ប្រពៃណី​ជាតិខ្មែរ ដូច​ជា បោះ​អ​ង្គុ​ញ ចោល​ឈូង ទាញព្រ័ត្រ លាក់កន្សែង ស្តេចចង់​ ។ និង​ត្រូវ​ជួយ​សម្រួល​ឲ្យ​មានការ​សម្តែង​របាំ​ត្រុដិ​នៅ​តាម​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ដូច​ជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កន្លែង​កម្សាន្ត និង​មូលដ្ឋាន​អាជីវកម្ម​ផ្សេង​ៗ ។

ទន្ទឹម​នឹង​នោះ ត្រូវ​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន មន្ទីរ​សុខាភិបាល និង​ផ្នែក​ពាក់ព័ន្ធ​នានា ដើម្បី​ធ្វើការ​ណែនាំ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ ពិសេស​ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ឲ្យ​ចូលរួម​ថែរក្សា​អនាម័យ ដោយ​លុប​បំបាត់​ការ​បោះ​សំរាម និង​កាក​សំណល់​ផ្សេង​ៗ​នៅ​ក្រៅ​ធុង ជា​ពិសេស​ជំរុញ​យុទ្ធនាការ «​ភោជនីយដ្ឋាន​គ្មាន សំរាម​ក្រោម​តុ​» និង​ត្រូវ​ចាត់វិធានការ​តាម​គ្រប់​រូបភាព ដើម្បី​ធានា​ឲ្យ​បាន​អនាម័យ​ល្អ​នៅ​ក្នុង ភោជនីយដ្ឋាន រួម​ទាំង​បន្ទប់ទឹក បង្គន់​អនាម័យ ហើយ​បុគ្គលិក​បម្រើ​ការងារ​ត្រូវ​មាន​ឯកសណ្ឋាន​ឲ្យ​បាន​ល្អ ។

ក្រសួង​ក៏​បាន​ណែនាំ​ឲ្យ​គ្រប់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ត្រូវ​ខិតខំ​សហការ​ជាមួយ​ផ្នែក​ពាក់ព័ន្ធ ធ្វើការ​អប់រំ​អ្នក​លក់ដូរ​ម្ហូបអាហារ​ភេសជ្ជៈ​តាម​ដងផ្លូវ ( Street Food ) ឲ្យ​ថែរក្សា អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ និង​ផ្តល់​បដិសណ្ឋារកិច្ច​ល្អ​ចំពោះ​ភ្ញៀវ​ទេសចរ ។ ចំពោះ​ខេត្ត​តំបន់ឆ្នេរ​សមុទ្រ​ទាំង​បួន មន្ទីរ​ទេសចរណ៍​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ចាត់តាំង​ឲ្យ​មាន​អ្នក ប្រចាំការ​នៅ​តាម​បណ្តោយ​ឆ្នេរ និង​មាន​អ្នក​សម្អាត​បរិស្ថាន អនាម័យ​ជា​ប្រចាំ ។

ទន្ទឹម​នឹង​នោះ ត្រូវ​សហការ​ជាមួយ​ប្រតិបត្តិ​ករ​ទេសចរណ៍​ក្នុង​ការ​ពង្រឹងគុណភាព​ផលិត ផល​ទេសចរណ៍ និង​ចូលរួម​ទប់ស្កាត់​ការ​ជួញដូរ ការ​ប្រើប្រាស់​គ្រឿងញៀន និង​ការ​ធ្វើ អាជីវកម្ម​ជួញដូរ​ផ្លូវភេទ​លើ​កុមារ ទប់ស្កាត់​រាល់​សកម្មភាព​ក្មេង​ទំនើង និង​ត្រូវ​អនុវត្ត​ច្បាប់ និង​ការ​ណែនាំ​របស់​រដ្ឋ លើកកម្ពស់​គុណភាព​សេវាកម្ម និង​អនាម័យ​ម្ហូបអាហារ ព្រមទាំង​រក្សា​តម្លៃ​ផលិតផល និង​សេវាកម្ម​ឲ្យ​បាន​សមរម្យ​។ រាល់​ថ្លៃ​ស្នាក់​នៅ ម្ហូបអាហារ ត្រូវ​សរសេរ​ឲ្យ​ច្បាស់លាស់​ក្នុង​តារាង ដើម្បី​ជម្រាប​ជូន​ភ្ញៀវ​ឲ្យ​បានដឹង​ជា​មុន ជៀសវាង​ការ​កំណត់​ថ្លៃ​ខ្ពស់​ហួសហេតុ ។ ករណី​ដែល​មិន​អនុវត្ត​តាម​តារាង​ដែល​បាន​បិទ​ផ្សាយ ម្ចាស់​មូលដ្ឋាន ឬ​សេវាកម្ម​ទេសចរណ៍​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ។

ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ មន្ទីរ​នីមួយ​ៗ ត្រូវ​សហការ​ជាមួយ​សាលា​រាជធានី​-​ខេត្ត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដូច​ជា សារព័ត៌មាន វិទ្យុ និង​ទូរទស្សន៍ ដើម្បី​ផ្សព្វផ្សាយ​ស្បត​ទេសចរណ៍ ដែល​បាន​អប់រំ និង​ចូលរួម​ជំរុញ​ចលនា​ប្រឡងប្រណាំង «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ និង​បដិសណ្ឋារកិច្ច​ល្អ​» ។ ដោយឡែក មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ត្រូវ​ខិតខំ​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដើម្បី​ចូលរួម​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឲ្យ​បាន​ជោគជ័យ​ល្អ​ប្រសើរ ។

តាម​សារាចរ​ណែនាំ​ខាងលើ ក្រសួង​ក៏​បាន​ក្រើនរម្លឹក​ដល់​មន្ទីរ​ទេសចរណ៍​ត្រូវ​សហការ​ជាមួយ​មន្ទីរ​ធម្មការ និង​សាសនា រៀបចំ​វត្ត​ទេសចរណ៍​គំរូ​សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​អាច​ឈ្វេងយល់​អំពី​ប្រវត្តិ និង​ទំនៀមទម្លាប់​នៃ​ការ​រៀបចំ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ ត្រូវ​សហការ​គ្នា​ចុះ​តាម​គោលដៅ​ទេសចរណ៍​សំខាន់​ៗ ដើម្បី​អប់រំ​ផ្សព្វផ្សាយ​បញ្ជ្រាប​ការ​យល់​ដឹង​ជា​សាធារណៈ​ដល់​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​។ ត្រូវ​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​រាជធានី​-​ខេត្ត រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍វប្បធម៌ និង​កីឡា នៅ​តាម​មូលដ្ឋាន​ឲ្យ​បាន​ល្អ​ប្រសើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ