រាជធានីភ្នំពេញ ៖ តារាកំប្លែងលោកវីតាមីនសេ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ក្រោយអាការៈជំងឺរបស់លោក បានចាប់ផ្តើមធ្វើទុក្ខខ្លាំងក្នុងដំណាក់កាលធ្ងន់ធ្ងរនៅថ្ងៃទី២៩ មីនា នេះ ។
កូនស្រីរបស់លោក គឺអ្នកនាង ប៉េង ប៉ោង បានអះអាងទាំងទឹកភ្នែកថា លោកវីតាមីនសេ បានធ្លាក់ក្នុងដំណាក់កាលមួយ គួរឱ្យព្រួយបារម្ភ បន្ទាប់ពីលោកមិនអាចទទួលទានអ្វីបាន និងមិនដឹងខ្លួន ដែលតម្រូវឲ្យគ្រូពេទ្យដាក់អុកស៊ីហ្សែន ។ បើតាមអ្នកនាង ប៉េងប៉ោង ក្រុមគ្រូពេទ្យបានដាក់អុកស៊ីហ្សែន ។
អ្នកនាងប៉េងប៉ោងថា ក្រុមគ្រូពេទ្យមិនហ៊ានបញ្ជាក់លទ្ធផលពីអាការៈជំងឺរបស់ឪពុករបស់នាងទេ តែបានឱ្យក្រុមគ្រួសារត្រៀមចិត្តទុកជាមុន ព្រោះជំងឺឪពុកនាងបានវិវត្តកាន់តែធ្ងន់ធ្ងរ ។ គួរបញ្ជាក់ថា នៅមុនពេលដែលលោក វីតាមីនសេ បានឈានដល់ដំណាក់កាលធ្ងន់ធ្ងរនាពេលនេះ លោកធ្លាប់បានចេញទៅព្យាបាលជំងឺចំនួន២លើកនៅក្នុងប្រទេសថៃ ជាមួយនឹងជំងឺដុះសាច់ក្នុងថ្លើម និងដំបៅក្រពះ ។
បើតាមបញ្ជាក់ពីអ្នកនាងប៉េងប៉ោង បានប្រាប់កោះសន្តិភាពនៅមុននេះថា នៅវេលាម៉ោង០២រសៀលថ្ងៃដដែលនេះ ដោយសារស្ថានភាពជំងឺរបស់ឪពុកនាងអស់សង្ឃឹមទៅហើយនោះ នាងក៏បានសម្រេចបញ្ជូនលោកឪពុកទៅកាន់គេហដ្ឋានវិញ ដើម្បីបានឱ្យគាត់ស្តាប់ធម៌ផង ។
ចែករំលែកព័តមាននេះ