ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូប​វិទូ Stephen Hawking ទទួលមរណភាព

6 ឆ្នាំ មុន

រូប​វិទូ​ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​ជាតិ​អង់គ្លេ​ស​ដ៏​ល្បីល្បាញ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សម័យថ្មី លោក Stephen Hawking បាន​ទទួលមរណភាព​នៅ​ថ្ងៃ​ពុធ ទី​១៤ មីនា ២០១៨ ក្នុង​ជន្មា​យុ​៧៦​ឆ្នាំ ។…

រូប​វិទូ​ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​ជាតិ​អង់គ្លេ​ស​ដ៏​ល្បីល្បាញ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សម័យថ្មី លោក Stephen Hawking បាន​ទទួលមរណភាព​នៅ​ថ្ងៃ​ពុធ ទី​១៤ មីនា ២០១៨ ក្នុង​ជន្មា​យុ​៧៦​ឆ្នាំ ។ លោក​បាន​ខិតខំ​ស្រាវជ្រាវ ទម្លាយ​អាថ៌​កំបាំង​របស់​ចក្រ​វា​ឡ ទាំង​ខ្លួន​លោក​មាន​ជំងឺ ធ្លាក់ខ្លួន​ពិការ និយាយ​មិន​ចេញ កម្រើកបាន​តែ​ម្រាមដៃ​មួយ​សម្រាប់​វាយ​អក្សរ។

លោក Stephen Hawking មានឈ្មោះ​ល្បី​រន្ទឺ​ពេញ​ពិភពលោក តាម​រយៈ​ស្នាដៃ​ស្រាវ​ជ្រាវ​ជា​ច្រើន​ប្រមាណ​១៣០​អត្ថបទ​ស្តី​អំពី​អវកាស អំពី​រូបវិទ្យា ភាព​ងងឹត … ដែល​សឹង​ថា​មាន​តែ​អ្នក​វិទ្យាសាស្ត្រ​ខ្លាំង​ៗ​មួយ​ក្តាប់​តូច​អាច​អាន​យល់ ។ ភាព​ល្បីល្បាញ​របស់​លោក​មាន​កាន់តែ​ខ្លាំង​តាម​រយៈ​ការ​សរសេរ​សៀវភៅ​មួយ​ក្បាល​ស្តី​អំពី​ប្រវត្តិ​ខ្លី​នៃ​ពេល “A brief history of Time” ចេញ​លក់​នៅ​ឆ្នាំ​១៩៨៨ និង​ជា​សៀវភៅ​ដែល​លក់ដាច់​ជាង​បង្អស់​នៅ​លើ​ពិភពលោក ដោយ​លក់​អស់​ដល់​ទៅ​រាប់​លាន​ក្បាល​។

ក្នុង​ពិភពលោក​អ្នក​វិទ្យាសាស្ត្រ បន្ទាប់​ពី​អ្នកប្រាជ្ញ Albert Einstein គឺ​លោក Stephen Hawking នេះឯងទន្ទឹម​នឹង​សមត្ថភាព​ផ្នែក​បញ្ញា​គ្មាន​ប្រៀប លោក Stephen Hawking ត្រូវ​រស់​ប្រឈម​នឹង​ភាព​ពិការ ដែល​បង្ក​ឡើង​ដោយ​ជំងឺ​ខូច​ប្រព័ន្ធ​ប្រសាទ​ដ៏​កម្រ ។ ជំងឺ​ដែល​បាន​ធ្វើ​ឱ្យ​បាត់បង់​សមត្ថភាព​ផ្នែក​សរពាង្គ​កាយ​ស្ទើរ​ទាំងស្រុង អាច​បញ្ចេញ​អារម្មណ៍ មតិយោបល់ តែ​តាម​រយៈ​ម្រាមដៃ​មួយ​គត់ ចុច​ក្តារ​កុំព្យូទ័រ​សរសេរ និង​ការ
កន្ត្រាក់​សាច់​មុខ សម្រាប់​ធ្វើ​សំយោគ​សំឡេង ប៉ុន្តែ​មាន​បញ្ញា និង​ខួរក្បាល​ខ្លាំង​ក្រៃ ។ ចូល​ចិត្ត​កំប្លុកកំប្លែង លោក​ធ្លាប់​បាន​និយាយ​ថា ពិការ​ភាព​របស់​លោក​ជា​ចំណែក​មួយ​នៃ​ភាព​ល្បីល្បាញ​។

កើត​នៅ​Oxford ថ្ងៃ​ទី​៨ មក​រា ឆ្នាំ​១៩៤២ ត្រូវ​នឹង​៣០០​ថ្ងៃ​គត់​ក្រោយ​មរណភាព​របស់ Galilée​។ លោក Stephen Hawking ជា​ក្មេង​ដែល​ខ្ជិល មិនសូវ​ចូល​ចិត្ត​សាលារៀន​ទេ រវល់​គិត​ស្រមៃ និង​បង្កើត​ល្បែង​លេង​ជា​ក្រុម​ដែល​មាន​ក្បួនច្បាប់​ប្លែក​ៗ ផលិត​កាំជ្រួច ឬ​គំរូ​កុំព្យូទ័រ … ពោល​គឺ​លោក​មាន​ជំនាញ​ខ្លាំង​លើ​ផ្នែក​វិទ្យាសាស្ត្រ​រូបវិទ្យា ដែល​បាន​ចូល​សិក្សា​យក​ជំនាញ​នៅ​មហាវិទ្យាល័យ Oxford នៅ​ឆ្នាំ​១៩៥៩​។

លោក​មាន​ភាព​វៃឆ្លាត ងឿងឆ្ងល់ និង​តស៊ូព្យាយាម​ប្លែក​ខុស​ពី​មនុស្ស​ទូទៅ ។ បី​ឆ្នាំ​ក្រោយមក​ទៀត នៅ​ឆ្នាំ​១៩៦២ លោក​បាន​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Cambridge ដើម្បី​បន្ត​ការ​ស្រាវជ្រាវ​ផ្នែក​តារាវិទ្យា ។ ប៉ុន្តែ​ជា​សំណាងអាក្រក់ ពេល​ចូល​ដល់​វ័យ​២១​ឆ្នាំ (១៩៦៤) លោក​បាន​ធ្លាក់ខ្លួន​ឈឺ​ខូច​ប្រព័ន្ធ​ប្រសាទ​ដ៏​កម្រ ។ ជំងឺ​នោះ​មានឈ្មោះ​ថា Chacot ដែល​ធ្វើ​ឱ្យ​លោក​ធ្លាក់ខ្លួន​ពិការ​បន្តិច​ម្តង​ៗ​។ កាល​ណោះ​គ្រូពេទ្យ​គិត​ថា លោក​អាច​មាន​ពេលរស់​បាន​តែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ ! មិនដឹង​ថា​តើ​លោក​អាច​បញ្ចប់​និក្ខេបបទ​ថ្នាក់បណ្ឌិត​របស់​លោក​បាន​ឬ​អត់​ឡើយ ។ ដំណឹង​នេះ​បាន​ធ្វើ​ឱ្យ​លោក​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត តែ​ត្រូវ​បានជា​ដោយសារ​និស្ស័យ​ស្នេហ៍​ជួប​យុវតី​និស្សិត Jane Wilde ដែល​លោក​បាន​រៀប​ការ​ជាមួយ​នៅ​ឆ្នាំ​១៩៦៥ និង​រួមរស់​ជាមួយ​មានកូន​បី​នាក់​ក្នុង​រយៈពេល​៣០​ឆ្នាំ​។

នៅ​ឆ្នាំ​១៩៧៤ លោក​លែង​មាន​សមត្ថភាព​ហូប​ចុក និង​ងើបឈរ​អង្គុយ​ដោយ​ខ្លួនឯង ហើយ​ត្រូវ​បាត់បង់​សមត្ថភាព​និយាយ​ស្តី​ទាំងស្រុង​នៅ​ឆ្នាំ​១៩៨៥ ។ ប៉ុន្តែ​ស្មារតី និង​បញ្ញា​គ្មាន​ប្រែប្រួល ! បំណង​ដ៏​សាមញ្ញ​របស់​លោក គឺ​សិក្សា​ស្រាវជ្រាវ​ដើម្បី​បាន​យល់​ទាំង​ស្រុង​ពី​ចក្រ​វា​ឡ ថា​ហេតុ​អ្វី​បានជា​ដូច្នេះ និង​ហេតុ​អ្វី​បានជា​កើតឡើង​។

នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ លោក​បាន​អភិវឌ្ឍ​ទ្រឹស្តី​ស្តី​ពី​ភាព​ងងឹត និង​ពន្លឺ ព្រមទាំង​កាំរស្មី ដែល​ពេល​នេះ​ជាប់​ជា​ក្បួន​សិក្សា​ថា កាំរស្មី​Hawking ។ លោក​គឺជា​ជន​ទី​មួយ​ដែល​សិក្សា​ពន្យល់​អំពី​ដំណើរការ​នៃ​ចក្រ​វា​ឡ អំពី យន្តការ​កង់​ទិច និង​ដែល​គួរតែ​អាច​បាន​ទទួល​ពានរង្វាន់​ណូបែល​រូបវិទ្យា​ផង ប្រសិនបើ​មាន​ពិសោធន៍​បង្ហាញ​។

នៅ​ឆ្នាំ​១៩៨៨ លោក​បាន​បោះផ្សាយ​សៀវភៅ​អំពី​ប្រវត្តិ​នៃ​ពេល​សម្រាប់​ពន្យល់​អ្នក​អាន​ជា​ពលរដ្ឋ​សាមញ្ញ អំពី​គោលការណ៍​នៃ​លោហធាតុវិទ្យា ពី​ប​ន្ទុះ​ធំ​ទៅ​ទ្រឹស្តី​ខ្សែ​អក្សរ​។

ពុំដែល​ធ្លាប់​មាន​ទេ​សៀវភៅ​វិទ្យាសាស្ត្រ​ទទួល​បានការ​អាន​ច្រើន​យ៉ាង​ដូច្នេះ !
បាន​​ក្លាយជា​អ្នក​វិទ្យាសាស្ត្រ​ដ៏​មាន​ប្រជាប្រិយភាព ! បង្កើន​យុទ្ធនាការ​ឃោសនា​គាំទ្រ​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ។ ដោយ​មាន​និស្ស័យកំប្លុកកំប្លែង ពូកែ​ខាង​ទំនាក់ទំនង រហូត​មាន​ចំណែក និង​ដើរតួ​ក្នុង​រឿង​ភាគ Star Trek រឿង The Big Bang Theory និង​រឿង The Simpsons៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ