ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ដាំ​បន្លែ​រអ៊ូរទាំ​រឿង​តម្លៃ​ចុះថោក ខណៈ​ឈ្មួញ​នាំ​ចូល​ច្រើន​លើសលប់

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ កសិករ​ប្រកប​របរ​ដាំ​ដំណាំ​បន្លែ​គ្រប់​ប្រភេទ​នៅ​បណ្តា​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្តកណ្តាល កំពុង​តែ​រអ៊ូរទាំ​គ្រប់​ៗ​គ្នា ដោយសារ​បន្លែ​ដែល​ពួក​គាត់​ផលិត​បាន​ហើយ ពិបាក​រក​ទីផ្សារ និង​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក ធ្វើ​ឲ្យ​ពួក​គាត់​ជួប​ការ​លំបាក និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ គ្រា​ដែល​ពួក​គាត់​យក​ប្លង់​ដី​ទៅ​បញ្ចាំ​តាម​ធនាគារ…

ខេត្តកណ្ដាល ៖ កសិករ​ប្រកប​របរ​ដាំ​ដំណាំ​បន្លែ​គ្រប់​ប្រភេទ​នៅ​បណ្តា​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្តកណ្តាល កំពុង​តែ​រអ៊ូរទាំ​គ្រប់​ៗ​គ្នា ដោយសារ​បន្លែ​ដែល​ពួក​គាត់​ផលិត​បាន​ហើយ ពិបាក​រក​ទីផ្សារ និង​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក ធ្វើ​ឲ្យ​ពួក​គាត់​ជួប​ការ​លំបាក និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ គ្រា​ដែល​ពួក​គាត់​យក​ប្លង់​ដី​ទៅ​បញ្ចាំ​តាម​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ ដើម្បី​យក​លុយ​មក​ធ្វើ​ដើមទុន​ក្នុង​ការ​ដាំ​ដុះ ។

កសិករ​ទាំងនោះ​និយាយ​ថា ទីផ្សារ​បន្លែ​ក្នុងស្រុក​បាន​ធ្លាក់​ថ្លៃ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដោយ​សារ​តែ​ឈ្មួញ​សម្រុក​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ច្រើន​លើសលប់ ធ្វើ​ឲ្យ​ពួក​គាត់​មួយ​ចំនួន​ខ្លាចរអា​លែង​ហ៊ាន​ដាំ សុខចិត្ត​ទុក​ដី​ទំនេរ​ចោល និង​នាំ​គ្នា​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​អស់​មួយ​ចំនួន និង​មួយ​ចំនួន​តូច​ទៀត ព្រោះតែ​ជំពាក់​បំណុល​គេ​ច្រើន​ពេក រត់​ទៅ​បាត់​រហូត​មិន​មក​វិញ​ក៏​មាន​ដែរ ។

ពួក​គាត់​ក៏​បាន​សំណូមពរ​ដល់​ក្រសួង​ពាក់ព័ន្ធ មេត្តា​ជួយ​រក​ទីផ្សារ​ដំណាំ​បន្លែ​ក្នុងស្រុក​ឲ្យ​មាន​តម្លៃ​សមរម្យ​ផង ដើម្បី​ឲ្យ​ពួក​គាត់​មាន​ទឹកចិត្ត​បន្ដ​ដាំ​ដុះ និង​ជា​ប្រភព​ចំណូល​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ ជា​ពិសេស ដើម្បី​កាត់​បន្ថយ​ការ​ធ្វើ​ចំណាកស្រុក ព្រោះ​ពួក​គាត់​មិន​ចង់ទៅ​ធ្វើការ​បែកបាក់​ពី​ក្រុម​គ្រួសារ​ឡើយ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ប៊ុ​ន ទួន​ស៊ីបូ​ណា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកណ្តាល បាន​លើក​ឡើង​ថា ទីផ្សារ​បន្លែ​ធ្លាក់​ថ្លៃ នៅ​ពេល​រដូវ​សម្បូរ ។ ដូច្នេះ​​ហើយ មន្ទីរ​ចង់​ឲ្យ​ពួក​គាត់​ចងក្រង​ជា​សហគមន៍ និង​ដាំ​ដុះ​បន្លែ​សុវត្ថិភាព និង​បន្លែ​សរីរាង្គ​វិញ ទើប​មាន​ទីផ្សារ និង​តម្លៃ​ខ្ពស់ ។

លោក​បន្ដ​ថា ៖« ឥឡូវ មាន​ពលរដ្ឋ​មួយ​ចំនួន​ហើយ​ដែល​ផលិត​បន្លែ​សុវត្ថិភាព​បាន និង​កំពុង​មាន​ទីផ្សារ ។ ចំណែក​អ្នក​ដាំ​បន្លែ​ដែល​ប្រើ​សារធាតុ​គីមី មិន​ទាន់​មាន​ទីផ្សារ​ច្បាស់​លាស់​ទេ ពិសេស​នៅ​ពេល​សម្បូរ​បន្លែ​ច្រើន ទើប​ធ្លាក់​ថ្លៃ ។ ហេតុ​ដូច្នេះ មន្ទីរ​ចង់​ឲ្យ​ពួក​គាត់​ចងក្រង​ប្រមូលផ្តុំ​គ្នា​ជា​សហគមន៍​ផលិត​បន្លែ​សុវត្ថិភាព ហើយ​យើង​នឹង​ភ្ជាប់​ពួក​គាត់​ជាមួយ​ទីផ្សារ ដែល​នេះ​ជា​គោលនយោបាយ​ដោះស្រាយ​បញ្ហា​តម្លៃ​ទីផ្សារ​របស់​កសិករ » ។

លោក​បាន​បន្ថែម​ថា ការ​ដាំ​បន្លែ​ដោយ​ប្រើ​ជីគីមី និង​បាញ់ថ្នាំ​ដោយ​មាន​សារធាតុ​គីមី ធ្វើ​ឲ្យ​ពួក​គាត់​ចំណាយ​ទុន​ខ្ពស់ ។ ដូច្នេះ មន្ទីរ​ចង់​ឲ្យ​ពួក​គាត់​ងាក​មក​ប្រើ​ជីធម្មជាតិ​វិញ ហើយ​ប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត​ផ្សំ​ពី​រុក្ខជាតិ​តាម​ការ​ផ្សព្វផ្សាយ​ណែនាំ​របស់​មន្ត្រី​ជំនាញ ដែល​វា​អាច​កាត់​បន្ថយ​ទាំង​ថ្លៃដើម​ផលិត បន្លែ​ធម្មជាតិ​មាន​ទីផ្សារ និង​មិន​ប៉ះពាល់​ដល់​សុខភាព​ខ្លួន​យើង​ផង ។

លោក​ក៏​សូម​អំពាវនាវ​ដល់​ប្រជា​កសិករ​ដាំ​បន្លែ​ទាំងអស់ ចូលរួម​ចងក្រង​ជា​សហគមន៍​ផលិត​បន្លែ​សុវត្ថិភាព និង​បន្លែ​សរីរាង្គ ដើម្បី​លើកតម្កើង​ជីវភាព​គ្រួសារ និង​សុខភាព​ទាំង​ខ្លួនឯង និង​អ្នក​បរិភោគ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ