ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​ឥន្ទធនូ នឹង​ចូលរួម​ចំណែក​ផ្នែក​សេដ្ឋកិច្ច បន្ទាប់​ពី​ជួសជុល​កែ​លម្អ​រួច

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ស្ពាន​ឥន្ទធនូ ឬ​ស្ពាន​ចាស់​ដែល​បណ្ដែត​ខ្លួន​លើ​ព្រែក​កំពត​តាំងពី​សម័យ​អាណានិគម​បារាំង​នោះ បច្ចុប្បន្ន​មាន​សភាព​ទ្រុឌទ្រោម​ណាស់​ទៅ​ហើយ ។ ទោះជា​យ៉ាងនេះ​ក្ដី រាជរដ្ឋាភិបាល​មិន​បណ្ដោយ​ឲ្យ​ស្ពាន​ប្រវត្តិសាស្ត្រ​មួយ​នេះ​បាត់បង់​នោះ​ទេ ដោយ​គ្រោង​នឹង​ជួសជុល​កែ​លម្អ​ឡើង​វិញ​នា​ពេល​ឆាប់​ៗ​ខាង​មុខ ។…

ខេត្តកំពត ៖ ស្ពាន​ឥន្ទធនូ ឬ​ស្ពាន​ចាស់​ដែល​បណ្ដែត​ខ្លួន​លើ​ព្រែក​កំពត​តាំងពី​សម័យ​អាណានិគម​បារាំង​នោះ បច្ចុប្បន្ន​មាន​សភាព​ទ្រុឌទ្រោម​ណាស់​ទៅ​ហើយ ។ ទោះជា​យ៉ាងនេះ​ក្ដី រាជរដ្ឋាភិបាល​មិន​បណ្ដោយ​ឲ្យ​ស្ពាន​ប្រវត្តិសាស្ត្រ​មួយ​នេះ​បាត់បង់​នោះ​ទេ ដោយ​គ្រោង​នឹង​ជួសជុល​កែ​លម្អ​ឡើង​វិញ​នា​ពេល​ឆាប់​ៗ​ខាង​មុខ ។ បន្ទាប់​ពី​ជួសជុល​រួច ស្ពាន​នេះ​នឹង​ចូលរួម​ចំណែក​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ កាត់​បន្ថយ​ពេលវេលា​ធ្វើ​ដំណើរ និង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ទឹកដី​កំពត​កាន់តែ​កើនឡើង​ថែម​ទៀត ។ នេះ​បើ​តាម​លោក​អភិបាលខេត្ត​កំពត​បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​កាលពី​ពេល​ថ្មី​ៗ​នេះ ។

លោក ជាវ តា​យ អភិបាលខេត្ត បាន​ថ្លែង​តាម​ទូរស័ព្ទ​ថា ស្ពាន​ឥន្ទធនូ ឬ​ហៅ​ថា​ស្ពាន​ចាស់​នេះ មាន​ប្រវែង​ជាង​៣០០​ម៉ែត្រ ឆ្លងកាត់​ព្រែក​ដៃសមុទ្រ​ក្នុង​ក្រុង​កំពត នឹង​ត្រូវ​ជួសជុល​ឡើង​វិញ ដោយ​មិន​អាច​ទុក​ឲ្យ​នៅ​ទ្រុឌទ្រោម​បែប​នេះ​ទៀត​ឡើយ ។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖« ពាក់ព័ន្ធ​នឹង​ស្ពាន​នេះ ខ្ញុំ​បាន​ទាក់ទង​ទៅ​ខាង​បារាំង​ដែល​មាន​ជំនាញ​ឲ្យ​មក​ពិនិត្យ​មើល​រួចរាល់​ហើយ​ថា អាច​ជួសជុល​តាម​របៀប​ណា ដោយ​រក្សា​ភាព​ដើម ត្រូវ​ឲ្យ​គេ​បញ្ជាក់​ឲ្យ​បាន​ច្បាស់ ហើយ​ខេត្ត​ក៏​មិន​ទុក​ឲ្យ​ស្ពាន​នៅ​បែប​នេះ​ដែរ គឺ​ត្រូវ​តែ​ធ្វើ​ឡើង​វិញ ដើម្បី​ជួយ​សម្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ » ។

លោក​អភិបាលខេត្ត​បន្ត​ថា បច្ចុប្បន្ន ស្ពាន​នេះ​នៅ​បើក​ឲ្យ​ឆ្លងកាត់​ជា​ធម្មតា ប៉ុន្តែ​សម្រាប់​តែ​ម៉ូតូ កង់ និង​អ្នក​ថ្មើរជើង​ប៉ុណ្ណោះ ។ បើ​វា​ទ្រុឌទ្រោម​ខ្លាំង យើង​នឹង​បិទ​មិន​ឲ្យ​ធ្វើ​ដំណើរ​​ឆ្លងកាត់​ទៀត​ឡើយ ។ ស្ពាន​នេះ​បាន​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ប្រកបការងារ ឬ​កម្សាន្ត​ប្រចាំ​ថ្ងៃ ។

ទោះជា​យ៉ាងនេះ​ក្ដី ខេត្ត​មិន​ទាន់​ប្រាប់​ច្បាស់​ថា នឹង​ចាប់ផ្ដើម​ជួសជុល​ស្ពាន​មួយ​នេះ​នៅ​ពេល​ណា​ឡើយ ពីព្រោះ​អ្នក​ពាក់ព័ន្ធ​កំពុង​តែ​ពិនិត្យ​ថា គួរ​ធ្វើ​បែប​ណា​មុន ជាមួយ​អ្នក​ជំនាញ ។ នេះ​បើ​តាម​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ ។

ស្ពាន​ឥន្ទធនូ​បាន​សាងសង់​ឡើង​នៅ​ឆ្នាំ​១៩២២ គ្រា​ដែល​បារាំង​ត្រួតត្រា​ស្រុក​ខ្មែរ ប៉ុន្តែ​ក្រោយមក ត្រូវ​បាន​ខ្មែរក្រហម​ដាក់​មីន​បំផ្លាញ​អស់​មួយ​ផ្នែក​ធំ​នៅ​សម័យ​សង្គ្រាម​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ ហើយ​បាន​ជួសជុល​ឡើង​វិញ​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៨០ ដោយ​ក្រាល​ដែក​បន្ទះ ។

រហូត​ដល់​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៥ អាជ្ញាធរ​ខេត្ត​បាន​បិទ​ស្ពាន​ចាស់​នេះ​ជា​បណ្ដោះ​អាសន្ន ព្រោះ​ខ្លាច​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​មាន​គ្រោះថ្នាក់ ។ ក្រោយមក នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​លំដាប់ថ្នាក់​នៅ​ខេត្តកំពត កាលពី​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៦ ប្រមុខ​រាជរដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​ជួសជុល​ជា​ថ្មី ។

រហូត​មក​ដល់​បច្ចុប្បន្ន ស្ពាន​នេះ​ក៏​មានការ​ជួសជុល​បាន​មួយ​ចំនួន ដោយ​មាន​ក្រាល​ដែក​បន្ទះ និង​បាំង​រនាំង​ដែក​នៅ​សងខាង​ស្ពាន ដើម្បី​ការពារ​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​គ្រោះថ្នាក់​ផ្សេង​ៗ ។

បើ​តាម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត បាន​ឲ្យ​ដឹង​ដែរ​ថា បន្ទាប់​ពី​ជួសជុល​កែ​លម្អ​រួច ស្ពាន​នេះ​នឹង​ផ្ដល់​ផលប្រយោជន៍​ច្រើន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​រួមចំណែក​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​កម្សាន្ដ​នៅ​ទឹកដី​ខេត្តកំពត​មាន​កំណើន​ថែម​មួយ​កម្រិត​ទៀត ។

ថ្លែង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​១២ មីនា ម្សិលមិញ លោក សយ ស៊ី​ណុ​ល បាន​លើក​ឡើង​ថា ការ​ជួសជុល​ស្ពាន​ចាស់​មួយ​នេះ​ឡើង​វិញ វា​ជា​រឿង​មួយ​ល្អ ព្រោះ​សព្វថ្ងៃ ស្ពាន​ប្រវត្តិ​សាស្ត្រ​មួយ​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ទ្រុឌទ្រោម ដែល​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​តែ​ម៉ូតូ កង់ និង​អ្នក​ថ្មើរជើង​ធ្វើ​ដំណើរ​ប៉ុណ្ណោះ ។

លោក​ថ្លែង​ថា ៖« បើ​ស្ពាន​នេះ​ជួសជុល​ឡើង​វិញ គឺ​បាន​ជួយ​សម្រួល​ចរាចរណ៍​ក្នុង​ការ​ធ្វើ​ដំណើរ​កាន់តែ​ប្រសើរ​ឡើង ហើយ​ស្ពាន​មួយ​ខ្សែ​នេះ មិន​ត្រឹម​អាច​ជួយ​សម្រួលការ​ធ្វើ​ដំណើរ​នោះ​ទេ វា​ជា​ស្ពាន​ប្រវត្តិសាស្ត្រ​ប្រចាំ​ខេត្ត ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​ទឹកដី​ខេត្តកំពត ពិសេស​នៅ​តាម​ដងព្រែក​កំពង់បាយ​នេះ​មាន​កំណើន​ថែម​មួយ​កម្រិត​ទៀត​។ ម្យ៉ាងទៀត បើសិនជា​ការ​ជួសជុល​នោះ គេ​រក្សា​នូវ​ទម្រង់​ដើម​នៃ​ស្ពាន​​បាន​ល្អ​ប្រសើរ​មែន អីចឹង វា​អាច​នឹង​រក្សា​អាយុកាល​បាន​យូរ​ឆ្នាំទៅ​មុខ​ទៀត ហើយ​កាន់តែ​បន្ថែម​សោភ័ណ​ភាព​ដល់​ស្ពាន​ប្រវត្តិសាស្ត្រ​មួយ​នេះ​នៅ​លើ​ទឹកដី​ខេត្តកំពត​» ។

លោក​បញ្ជាក់​ថា ៖« សព្វ​ថ្ងៃនេះ ស្ពាន​ឥន្ទធនូ បាន​ជួយ​សម្រួល​ដល់​ស្ពាន​ថ្មី​បាន​ខ្លះ​ដែរ នៅ​ពេល​មានបុណ្យ​ទាន​ម្ដង​ៗ ព្រោះ​ភ្ញៀវ​ភាគច្រើន​ឆ្លងកាត់​តាម​ស្ពាន​ទាំង​ពីរ​នេះ​ដើម្បី​ទៅ​កម្សាន្ត​នៅ​តាម​តំបន់ឆ្នេរ » ។

យ៉ាងណា​ក៏​ដោយ បន្ទាប់​ពី​ស្ពាន​នេះ​ជួសជុល​កែ​លម្អ​រួច លោក​មិន​បាន​ប្រាប់​ថា តើ​គេ​អាច​ឲ្យ​រថយន្ដ ឬ​រុ​ឺ​ម៉ក​ដឹក​ទំនិញ​ឆ្លងកាត់​កម្រិត​ណា​នោះ​ទេ តែ​យ៉ាង​ហោច​ណាស់ ក៏​អាច​រក្សា​តម្លៃ​ស្ពាន​មួយ​នេះ​ដែរ ព្រោះ​វា​ជា​ស្ពាន​ប្រវត្តិសាស្ត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ