ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​សេ​ម ម៉ា​កូ ម្តាយ​ស្លា.ប់18​ថ្ងៃក្រោយ​ភ្លើង​ឆេះ​ផ្ទះ​អស់​ទៀត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ខ្សែជីវិត​របស់​តារាចម្រៀង​កម្សត់​មួយ​រូប​ពី​ខេត្តតាកែវ លោ​កសេម ម៉ា​កូ ដែល​ត្រូវ​គេ​ស្គាល់​ក្នុង​សង្គម​សិល្បៈ​ថា «​លោ​កសេម​ៗ» បើ​ដឹង​ហើយ​គួរ​ឲ្យ​អាណិត ដោយសារ​តែ​ម្ដាយ​ស្លាប់​មួយ​រំពេច​ក្រោយ​ទទួលទៀន​ភេសជ្ជៈ​មួយ​កំប៉ុង ហើយ​បន្ទាប់​មក​មិនយូរ​ប៉ុន្មាន​ផ្ទះ​ក៏​ត្រូវ​ទុ​ស្សេ​ចរន្ត​ភ្លើង​ឆេះ​អស់​ទៀត…

រាជធានី​ភ្នំពេញ​ ៖ ខ្សែជីវិត​របស់​តារាចម្រៀង​កម្សត់​មួយ​រូប​ពី​ខេត្តតាកែវ លោ​កសេម ម៉ា​កូ ដែល​ត្រូវ​គេ​ស្គាល់​ក្នុង​សង្គម​សិល្បៈ​ថា «​លោ​កសេម​ៗ» បើ​ដឹង​ហើយ​គួរ​ឲ្យ​អាណិត ដោយសារ​តែ​ម្ដាយ​ស្លាប់​មួយ​រំពេច​ក្រោយ​ទទួលទៀន​ភេសជ្ជៈ​មួយ​កំប៉ុង ហើយ​បន្ទាប់​មក​មិនយូរ​ប៉ុន្មាន​ផ្ទះ​ក៏​ត្រូវ​ទុ​ស្សេ​ចរន្ត​ភ្លើង​ឆេះ​អស់​ទៀត ។

លោ​កសេម ម៉ា​កូ ដែល​មានឈ្មោះ​ពិត​ហ៊ុន ផុល កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​រៀបរាប់​ទាំង​សំឡេង​ក្ដុកក្ដួល​ថា កាលពី​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៧ ម្ដាយ​របស់​លោក​ដែល​មិន​ទាន់​មាន​វ័យ​ជរា​នៅឡើយ​អស់កម្លាំង​ខ្លាំង ក៏​ទិញ​ភេសជ្ជៈ​យក​ហូប​ប៉ូវ​កម្លាំង ប៉ុន្តែ​បាន​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ គាំងបេះដូង​ស្លាប់ ដោយ​កូនចៅ និង​អ្នក​ជិតខាង​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​មន្ទីរពេទ្យ​នៅ​ជិត​ផ្ទះ​នៅ​ម្ដុំ​ត្រាំខ្នារ​ខេត្តតាកែវ​មិន​ទាន់​ទេ ។ ជា​រឿង​រន្ធត់​ខ្លាំង​ណាស់ ដែល​ម្ដាយ​របស់​ខ្លួន​ត្រូវ​ស្លាប់​ដោយ​គ្មាន​ជំងឺ​ណាមួយ​គួរ​ឱ្យ​កត់​សម្គាល់​ទាល់តែ​សោះ ក្នុង​ពេល​ដែល​ម្ដាយ​របស់​លោក​កាលពី​ពេល​នៅ​រស់​ក៏​ជា​អ្នករក​លុយ​ផ្គត់ផ្គង់​គ្រួសារ និង កូន​ៗ​ទាំង​៦​យ៉ាង​សំខាន់ ។

អ្វី​ដែល​ធ្វើ​ឱ្យ​លោ​កសេម​កាន់តែ​រន្ធត់​ចិត្ត និង​តក់ស្លុត​បំផុត គឺ​នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ ក្នុង​ឆ្នាំ​ដដែល ក្រោយ​មរណភាព​របស់​ម្ដាយ​លោក​តែ​១៨​ថ្ងៃ​ប៉ុណ្ណោះ ផ្ទះ​របស់​លោក​ទាំងមូល​ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​ទៀត​ព្រោះតែ​ទុ​ស្សេ​ខ្សែភ្លើង ។ ការ​ឆេះ​ក្នុង​ពេល​គ្រួសារ​របស់​លោក​រវល់​ចេញ​រក​លុយ ។ ស្ថានភាព​ដែល​បាន​កើតឡើង​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​បាត់បង់​ម្ដាយ​ជាទី​ស្រឡាញ់ និង​ផ្ទះ​ដែល​ធ្លាប់​កក់ក្ដៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ត្រូវ​បាត់បង់​ឱកាស​ធ្វើ​ជា​តារា​ចម្រៀង​ដែល​ជោគជ័យ​ម្នាក់​តាម​ក្ដី​ស្រមៃ​ផង​ដែរ ព្រោះតែ​បាក់ទឹកចិត្ត​លែង​ចង់​តស៊ូ​ក្នុង​អាជីព ។ ស្រប​ពេល​លោក​ខូចចិត្ត យំសោក​ស្រណោះ​ម្ដាយ និង​សង្វេគ​ខ្លួន​នោះ លោក​លែង​ទទួល​ការងារ​ណាមួយ​កើត​អស់​រយៈពេល​ច្រើន​ខែ ។ លោក​ទើបតែ​ទទួល​ច្រៀង​ក្នុង​វង់​អក​កេស​ជា​ថ្មី ស្របគ្នា​ដែល​ផលិតកម្ម​ចម្រៀង​ដែល​លោក​ធ្លាប់​ចូល ក៏​ត្រូវ​បិទទ្វារ និង​បាត់​ការ​ទាក់ទង​ជាមួយ​ក្រុម​ផលិតករ​ដែល​ធ្លាប់​ហៅ​សម្ដែង និង​ហៅ​ឱ្យ​ច្រៀង​លើ​ឆាក​នានា ។

មុន​ពេល​ម្ដាយ​ចែក​ឋាន លោ​កសេម​គ្រាន់តែ​ជា​តារាចម្រៀង​មួយ​រូប​ដែល​ប្រឹងរក​លុយ ដើម្បី​ខ្លួនឯង និង​រួមចំណែក​តិចតួច​ផ្គត់ផ្គង់​នៅ​ក្នុង​គ្រួសារ​ប៉ុណ្ណោះ​ទើប​ក្នុង​ពេល​នោះ​លោក​ទទួល​បាន​ជោគជ័យ​ខ្លាំង​ទាំង​លើ​ឆាក​តន្ត្រី និង​ការ​បង្ហាញខ្លួន​ក្នុង​ចំណោម​សិល្បករ ដ្បិតថា​មិន​ដល់​ថ្នាក់​ហ៊ឺហា​ទាន់សម័យ​ដូច​តារា​ភាគច្រើន​។ ប៉ុន្តែ​ក្រោយ​ការ​បាត់បង់​ទាំង​អ្នក​ម្ដាយ និង​ផ្ទះ​ធំដុំ​ដែល​ធ្លាប់​រស់នៅ គឺ​លោក​បាន​ក្លាយជា​បន្ទុក​សម្រាប់​គ្រួសារ ក្នុង​ពេល​ដែល​គ្រួសារ​របស់​លោក​មិន​ទាន់​មាន​លទ្ធភាព​រក​លុយ​ធ្វើ​ផ្ទះ​បាន​នៅ​សមរម្យ​ដូច​ដើម​វិញ​ដែរ ។ គ្រួសារ​លោក​គឺ​ស្ថិត​ក្នុង​សភាព​បាន​ត្រឹមតែ មួយ​គែរ​ៗ​ប៉ុណ្ណោះ ។

លោ​កសេម ម៉ា​កូ ពី​មុន​ជា​តារាចម្រៀង​នៅ​ផលិតកម្ម Siekmin Production ដោយ​មាន​ចម្រៀង​ផ្ទាល់ខ្លួន​មួយ​បទ​ក្រោម​ចំណងជើង​ថា​«​បង​យំ​បង​សើច​» ចេញ​លក់​រួច​ហើយ ដោយ​ក្នុង​ពេល​នោះ​ការងារ​ឡើង​ឆាក និង​សម្ដែង​របស់​លោក​មាន​ត្រើយ ។ លោក​ទើប​តែ​បាន​ទទួល​ការងារ​ជា​ថ្មី​ស្របគ្នា​ដែល​ការងារ​ទាំងនោះ​ត្រូវ​បាន​ជ្រុះ​បាត់​ក្នុង​រយៈពេល​ប្រមាណ​ជា​កន្លះ​ឆ្នាំ​ចុង​ក្រោយ​ប៉ុណ្ណោះ ដោយ​លោក​ត្រូវ​ផ្ដើម​ពី​សូន្យ គឺ​តស៊ូ​ច្រៀង​ក្នុង​វង់​អក​កេស​ជា​ថ្មី​ដើម្បី​បើកមុខ​ក្នុង​សិល្បៈ ។ លោក​នឹង​នៅ​តែ​ប្រឹង​តស៊ូ​នៅ​ក្នុង​សិល្បៈ ដោយ​ក្ដី​សង្ឃឹមថា នឹង​រកបាន​ផលិតកម្ម​ណាមួយ​ចូល​ច្រៀង​ជា​ប្រចាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ