ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានីយ​ដឹក​អ្នកដំណើរ​តាម​ផ្លូវទឹក​6​កន្លែង នឹង​ដាក់​ឱ្យ​ដំណើរការ​សាកល្បង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​ជា​ថ្មី​ថា នៅ​មុន​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ ស្ថានីយ​ដឹក​អ្នកដំណើរ​តាម​ផ្លូវទឹក​ចំនួន​៦​កន្លែង នឹង​ដាក់​ឱ្យ​ដំណើរការ​សាកល្បង ខណៈ​ពេល​នេះ ក្រុមការងារ​ជំនាញ​កំពុង​មមាញឹក…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​ជា​ថ្មី​ថា នៅ​មុន​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ ស្ថានីយ​ដឹក​អ្នកដំណើរ​តាម​ផ្លូវទឹក​ចំនួន​៦​កន្លែង នឹង​ដាក់​ឱ្យ​ដំណើរការ​សាកល្បង ខណៈ​ពេល​នេះ ក្រុមការងារ​ជំនាញ​កំពុង​មមាញឹក ធ្វើ​យ៉ាង​ណា​សម្រេច​ឲ្យ​បាន​តាម​ផែនការ​គ្រោងទុក ។

លោក វ៉ា ស៊ឹ​ម​សុរិយា មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​៥ មីនា ម្សិលមិញ​ថា គម្រោង​ដឹក​អ្នកដំណើរ​តាម​ផ្លូវទឹក​ពី​ព្រែក​ព្នៅ ទៅ​ក្រុង​តា​ខ្មៅ នឹង​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​នៅ​មុន​បុណ្យចូលឆ្នាំ​ខ្មែរ តែ​ពុំ​ទាន់​កំណត់​ច្បាស់លាស់​ថា នៅ​ថ្ងៃ​ណា​នោះ​ទេ ដោយសារ​ពុំ​មាន​របាយការណ៍​លម្អិត​នៅ​ឡើយ គ្រាន់តែ​ដឹង​ថា​ស្ថានីយ​ឬ​ចំណតទូក​នីមួយ​ៗ ក្រុមការងារ​ជំនាញ​កំពុង​មមាញឹក​ធ្វើការ​សាងសង់ ។

លោក វ៉ា ស៊ឹ​ម​សុរិយា មាន​ប្រសាសន៍​ថា ៖« ទូក​យើង​បាន​កុម្ម​ង់ ឬ​អាច​ជួល​នៅ​ក្នុង​រយៈ​ពេល​ណាមួយ ហើយ​ពេល​នេះ ថ្នាក់ដឹកនាំ​កំពង់​ផែ​ភ្នំពេញ​កំពុង​តែ​កុម្ម​ង់ ។ អីចឹង យើង​អត់​ទាន់​មាន​របាយការណ៍​រួម​បង្ហាញ​ឱ្យ​លម្អិត ប៉ុន្តែ​ក្រសួង​បាន​កំណត់​ថា នឹង​ដាក់​ដំណើរ​ការ​ដឹក​អ្នកដំណើរ ឲ្យ​បាន​មុន​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ ជាមួយ​ស្ថានីយ​ឬ​ចំណត​ទូក​៦​កន្លែង មាន​ដូច​ជា ចំណត​ស្ពាន​ព្រែក​ព្នៅ​, ចំណតទូក​ជិត​ទីលាន​ប្រជាធិ​បតេយ្យ​ថ្មី​, ផែ​ភ្នំពេញ​, ផែ​អរិយ​ក្សត្រ​, ម្តុំ​ស្ពាន​ព្រះ​មុនី​វង្ស និង​នៅ​ស្ពាន​តា​ខ្មៅ » ។

ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច នៃ​ក្រុមហ៊ុន Emerging Market Consulting លោក ង៉ែត ជូ ធ្លាប់​មាន​ប្រសាសន៍​ថា ៖« គម្រោង​ដឹក​អ្នកដំណើរ​តាម​ផ្លូវទឹក​នេះ វា​នឹង​ផ្តល់​ជា​ជម្រើស​ថ្មី​សម្រាប់​អ្នក​ដែល​ចង់​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក ។​ប៉ុន្តែ​បើ​វា​ជា​ដំណោះស្រាយ​ពិត គម្រោង​ដឹក​ជញ្ជូន​អ្នកដំណើរ​តាម​ផ្លូវទឹក​នេះ​ជា​ជម្រើស​ល្អ​។ ក្នុង​ករណី​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវគោក​នៅ​ពេល​ខាង​មុខ បើ​សកម្មភាព​ធ្វើ​ដំណើរ​កាន់តែ​ពិបាក ចំណាយពេល​ច្រើន​នោះ ប្រជាពលរដ្ឋ​នឹង​ផ្លាស់​ប្តូរ​ឥរិយាបថ​នៃ​ការ​ធ្វើ​ដំណើរ​របស់​ខ្លួន ព្រោះ​អ្នក​ធ្វើ​ដំណើរ​តែងតែ​ចង់បាន​ការ​ធ្វើ​ដំណើរ​មាន​ភាព​ងាយស្រួល​គ្រប់ពេល » ។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ធ្លាប់​មាន​ប្រសាសន៍​ថា ៖«​គម្រោង​ដឹក​ជញ្ជូន​អ្នកដំណើរ​តាម​ផ្លូវទឹក​នេះ ជា​សក្តានុពល​នៃ​ការ​អភិវឌ្ឍ​វិស័យ​ដឹក​ជញ្ជូន​អ្នកដំណើរ​តាម​ផ្លូវទឹក ពិសេស​បណ្តាញ​ទន្លេ​ដែល​ហូរ​កាត់​ក្នុងភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ និង​ការ​ពង្រីក​វិស័យ​នេះ​ឱ្យ​បាន​ទូលំទូលាយ ប្រកប​ដោយ​ចីរភាព ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍ ក៏​ដូច​ជា​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ» ។

គម្រោង​ដឹក​អ្នកដំណើរ​តាម​ផ្លូវទឹក​នេះ បើ​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន រាជ​រដ្ឋាភិបាល​កំពុង​រៀបចំ​កំពង់​ផែ ចំណត​កាណូត​ដឹក​អ្នកដំណើរ​ចំនួន​១៥​ទីតាំង ក្នុង​នោះ​រាជធានី​ភ្នំពេញ​មាន ៖ ១-​គល់​ស្ពាន​ព្រែក​ព្នៅ​ត្រើយ​ខាងកើត (​កំពុង​ពិចារណា​), ២-​គីឡូ​ម៉ែត្រ​លេខ​៦, ៣-​ខាង​មុខ​ឃ្លាំង​សាំង​ឫស្សី​កែវ ជាប់​នឹង​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​, ៤-​ផែបណ្ដែត​មុខ​ផ្សារ​រាត្រី​, ៥-​កំពង់ចម្លង​កោះ​ពេជ្រ​-​អា​រី​យក្ស​ត្រ​, ៦-​ភូមិ​ដើម​ចាន់ ឬ​គល់​ស្ពាន​ក្បាលថ្នល់​ខាងកើត​, ៧-​ចំណតរថយន្ត​ចាក់​អង្រែ​ក្រោម​, ៨-​បាក់​ខែង ត្រង់​ផ្លូវ​បំបែក​​លី យ៉ុ​ង​ផាត់​, ៩-​ទល់មុខ​ផ្សារ​ព្រែក​លៀប (​កំពង់ចម្លង​ព្រែក​លៀប​), ១០-​ជាប់​សណ្ឋាគារ​សុខា​ភ្នំពេញ​, ១១-​ភូមិ​កោះន​រា​, ១២-​កំពង់ចម្លង​ក្តី​តា​កុយ​, ១៣-​កំពង់ចម្លង​តា​ព្រហ្ម​មាត់​ក្រ​សះ ។ ចំណែក​នៅ​ខេត្តកណ្តាល​មាន ៖ ១-​មុខ​វត្ត​ព្រែក​សំរោង ក្រុង​តា​ខ្មៅ (កំពុង​ពិចារណា​) និង​២-​កំពង់ចម្លង​រោងចក្រ​ក្តារបន្ទះ​ផ្លូវ​ត្រី ។

គួរ​រំឭក​ថា កាលពីដើម​ខែកុម្ភៈ ឆ្នាំ​២០១៧ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រជុំ​លើ​គម្រោង​នៃ​ការ​បង្កើត​ឱ្យ​មាន​កប៉ាល់​ដឹក​ជញ្ជូន​អ្នកដំណើរ​តាម​ដង​ទន្លេ​ចេញ​-​ចូល ភ្នំពេញ​-​ក្រុង​តា​ខ្មៅ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ ។

បើ​តាម​គម្រោង​នេះ នឹង​មាន​កប៉ាល់​ល្បឿន​លឿន​ប្រមាណ​២០​គ្រឿង​ដាក់​ឱ្យ​ដំណើរការ​តាម​ផ្លូវទឹក​នេះ ។ គម្រោង​នោះ នឹង​ដឹក​អ្នកដំណើរ​តាម​ចំណត​ដែល​នឹង​មាននៅ​តាម​ទន្លេសាប ទន្លេចតុមុខ ទន្លេបាសាក់ ចាប់ពី​ស្ពាន​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រហូត​មក​ដល់​រាជធានី​ភ្នំពេញ និង​បន្ត​ដល់​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។ ការ​ផ្ដល់​សេវា បើ​តាម​គម្រោង នឹង​ចាប់ផ្ដើម​ពី​ម៉ោង​៦​ព្រឹក ដល់​ម៉ោង​៨​យប់ ដែល​មាន​ចម្ងាយ​ធ្វើ​ដំណើរ​ជាង​២៤​គីឡូម៉ែត្រ ។

គម្រោង​នេះ​ក៏​មានការ​គាំទ្រ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ផង​ដែរ ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​កន្លង​មក​ថា ការ​ផ្តួចផ្តើម​ឲ្យ​មានការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​ពី​ព្រែក​ព្នៅ មក​ភ្នំពេញ ហើយ​ទៅ​កាន់​ក្រុង​តា​ខ្មៅ ដោយ​មាន​ផែ​ចំណត​ច្រើន គឺជា​គំនិត​ផ្តួចផ្តើម​ដោះស្រាយ​បញ្ហា​ដឹក​ជញ្ជូន ។

សម្តេច​ថ្លែង​ថា ៖« គ្រាន់តែ​ប៉ុណ្ណឹង យើង​ឃើញ​ថា ការ​គិតគូរ​ទៅ​លើ​ស្មារតី​នៃ​ការ​ទទួល​ខុសត្រូវ​សម្រាប់​ដោះស្រាយ​ការ​កកស្ទះ​ចរាចរណ៍ វា​ជា​ផ្នែក​ដ៏​សំខាន់ ។ បើសិន​ធ្វើ​ដំណើរ​​តាម​រថយន្ត​ពី​តា​ខ្មៅ ឆ្លងកាត់​ក្រុងភ្នំពេញ ការ​ធ្វើ​ដំណើរ​អាច​ប្រើប្រាស់​ពេល​វេលា​​យូរ​ជាង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក ។ ចាំ​មើលចុះ អាច​នឹង​មាន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​​កម្សាន្ត​លេង​ច្រើន ហើយ​នេះ​ក៏​អាច​បង្កើត​បានការ​ងារ​ធ្វើ​នៅ​តាម​បណ្តា​កំពង់​ផែ​នានា ដែល​ធ្វើ​ឱ្យ​មានការ​រីក​លូតលាស់​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ថែម​ទៀត » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ