ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ប្រារព្ធ​ទិវា​ជាតិ​ទីក្រុង​ស្អាត​ក្រោម​ប្រធានបទ «​ទីក្រុង​ស្អាត​ដើម្បី​ទាំងអស់​គ្នា​»

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ជា​ថ្ងៃ​ប្រារព្ធ «​ទិវា​ជាតិ​ទីក្រុង​ស្អាត​» ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ជា​ប្រទីប​បំភ្លឺ និង​ក្រើនរំឭក​ដល់​ប្រជាពលរដ្ឋ និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ក្នុង​ចលនា​ប្រណាំង​ទីក្រុង​ស្អាត…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ជា​ថ្ងៃ​ប្រារព្ធ «​ទិវា​ជាតិ​ទីក្រុង​ស្អាត​» ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ជា​ប្រទីប​បំភ្លឺ និង​ក្រើនរំឭក​ដល់​ប្រជាពលរដ្ឋ និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ក្នុង​ចលនា​ប្រណាំង​ទីក្រុង​ស្អាត ដែល​ជា​ផ្នែក​មួយ​នៃ «​ព្រះរាជាណាចក្រ​អច្ឆរិយ​» ក្នុង​ស្មារតី​បណ្តុះ​ឆន្ទៈ​គ្រប់​ភាគី​ទាំងអស់​ឲ្យ​ស្រឡាញ់​ភាព​ស្អាត និង​បៃតង ព្រមទាំង​ចូលរួម​ជំរុញ​ធ្វើ​ឲ្យ​ទីក្រុង​របស់​យើង​កាន់តែ​ស្រស់​ស្អាត​ប្រកបដោយ​ភាព​ទាក់ទាញ​បន្ថែម​ទៀត ។

សម្រាប់​កម្ពុជា ទីក្រុង​ស្អាត ឬ​ទីក្រុង​បៃតង គឺ​សំដៅ​ដល់ទី​ក្រុង​ដែល​មាន​បរិស្ថាន អនាម័យ សណ្ដាប់ធ្នាប់​ល្អ សុវត្ថិភាព គួប​ផ្សំ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រទ្រង់​គ្រប់គ្រាន់ ដែល​ផ្ដល់​នូវ​ភាព​កក់ក្តៅ និង​មជ្ឈដ្ឋាន​រស់នៅ​ល្អ​ប្រសើរ​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ទីក្រុង និង​ការ​ទស្សនា​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ ។

ជាក់ស្តែង នៅ​ឆ្នាំ​នេះ ជា​ខួប​លើក​ទី​៦ នៃ​ការ​ប្រារព្ធ​ទិវា​ជាតិ​ទីក្រុង​ស្អាត ក្រោម​ប្រធាន បទ «​ទីក្រុង​ស្អាត​ដើម្បី​ទាំងអស់​គ្នា​» (Clean City for All) អម​ជាមួយ​ពិធី​ប្រកាស​ជ័យ​លា​ភី​ទីក្រុង​ស្អាត​លើក​ទី​២ សម្រាប់​ឆ្នាំ​២០១៨-២០២១ ។

ប្រធានបទ​នេះ មាន​អត្ថន័យ​រំលេច​ឲ្យ​ឃើញ​ពី​អន្តរ​ទំនាក់ទំនង​ដ៏​ជិត​ស្និទ្ធ​រវាង «​ទីក្រុង​ស្អាត និង​ទេសចរណ៍​», «​ទីក្រុង និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​» ពោល​គឺ​ការ​រីក​ចម្រើន​នៃ​ទីក្រុង និង​ផ្ដល់​ឥទ្ធិពល​ជា​វិជ្ជមាន​ដល់​ការ​អភិវឌ្ឍ​នៃ​វិស័យ​ទេសចរណ៍ ដោយ ហេតុ​ថា ទីក្រុង​ជា​បណ្ដុំ​ដ៏​សំខាន់​ទាំង​ការ​រស់នៅ ការ​សម្រាកលំហែ សកម្មភាព​ទេស ចរណ៍​នានា ពាណិជ្ជកម្ម សេដ្ឋកិច្ច នយោបាយ និង​វប្បធម៌ ជាដើម ។

ជាមួយ​គ្នា​នេះ ជោគជ័យ​នៃ​វិស័យ​ទេសចរណ៍ ក៏​នឹង​ចូលរួម​ដល់​ការ​អភិវឌ្ឍ​ទីក្រុង​តាម​រយៈ​ការ​នាំ​មក​នូវ​កាលានុវត្តភាព​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ​គំរូ​ថ្មី​នៃ​ការ​អភិវឌ្ឍ​នគរូប​នីយកម្ម ការ​អភិរក្ស​បេតិកភណ្ឌ​ទីក្រុង ការ​គិតគូរ​ពី​និរន្តរភាព​បរិស្ថាន ភាព​ស្អាត និង​ភាព​បៃតង ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រទ្រង់​ចាំបាច់​នានា​បម្រើ​ដល់​សេចក្តី​ត្រូវ​ការ​របស់​ភ្ញៀវ​ទេសចរ ។ ទាំងនេះ​នឹង​ជួយ​ជំរុញ​ឲ្យ​ទីក្រុង​កាន់តែ​មាន​ភាព​រស់​រវើក កាន់​តែ​​មាន​ឧត្តមភាព​សម្រាប់​ការ​រស់នៅ ការ​ប្រកប​ធុរកិច្ច និង​ការ​ទស្សនា​កម្សាន្ត ដែល​ជា​ការ​ចូលរួម​ដ៏​សំខាន់​មួយ​ក្នុង​ការ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០ របស់​អង្គការសហប្រជាជាតិ (UN) ក្នុង​នោះ​គោលដៅ​ទី​១១ បាន​ចែង​អំពី​ការ​ខិតខំ​រួម​គ្នា​ក្នុង​ការ​អភិវឌ្ឍ​ទីក្រុង​ឲ្យ​មាន​និរន្តរភាព ប្រកបដោយ​សន្តិសុខ សុវត្ថិភាព ស្ថិរភាព និង​ប្រកបដោយ​បរិ​យា​បន្ន (Make cities inclusive, safe, resilient and sustainable) ។

នៅ​ក្នុង​សារលិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ជា​ប្រធាន​កិត្តិ​យស​នៃ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត បាន​មាន​ប្រសាសន៍​ថា ៖«​ទីក្រុង​ទេសចរណ៍​ទាំងអស់​ត្រូវ​បន្ត​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ សម្បទា ផលិតផល និង​សេវា​ទេសចរណ៍​សម្រាប់​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ​ជា​ជន​ពិការ ទេស​ចរណ៍​វ័យ​ចំណាស់ ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​ជាដើម ស្រប​តាម​និន្នាការ​តំបន់​អាស៊ាន​ក្នុង​ការ​ជំរុញ «​ទេសចរណ៍​សម្រាប់​ទាំងអស់​គ្នា​» (Tourism for All) » ។

សម្តេច​បន្ត​ថា គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នឹង​បន្ត​សហការ​ចូលរួម​គាំទ្រ ឧបត្ថម្ភ និង​អនុ​វត្ត​ចលនា​ប្រឡងប្រណាំង «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិ​សណ្ឋារ​កិច្ច​ល្អ» និង​រាល់​យុទ្ធនាការ​នានា ដែល​ត្រូវ​បាន​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល ដើម្បី​គាំទ្រ​ដល់​​ចលនា​ប្រណាំង​ទីក្រុង​ស្អាត ស្រប​តាម​ប្រធានបទ «​ទីក្រុង​ស្អាត​ដើម្បី​ទាំងអស់​គ្នា»។

សម្តេច​តេ​ជោ​បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេស គ្រប់​ក្រសួង​-​ស្ថាប័ន រាជធានី​-​ខេត្ត អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ វិស័យ​ឯកជន អង្គការ​សង្គម​ស៊ី​វិល ដៃគូ​អភិវឌ្ឍន៍ និង​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​បន្ត​ផ្ដល់​​ការ​គាំទ្រ និង​ចូលរួម​អនុវត្ត​ឲ្យ​បាន​ផុសផុល​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​នូវ​​ចលនា​ប្រណាំង​ទីក្រុង​ស្អាត សំដៅ​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​បៃតង​ប្រកបដោយ​គុណភាព និរន្តរភាព និង​ភាព​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ ស័ក្តិសម​នឹង​កិត្តិនាម «​កម្ពុជា​៖ ព្រះរាជាណាចក្រ​អច្ឆរិយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ