ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាណូត​កម្សាន្ត​តាម​ដង​ទន្លេ​គយគន់​ថ្ងៃ​លិច ចំនួន​ភ្ញៀវ​ទេសចរ​កើន​ឡើងរាល់ថ្ងៃ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​កម្សាន្ត​មើល​ថ្ងៃ​រៀប​លិច និង​លំហែ​អារម្មណ៍​ស្រូប​ខ្យល់អាកាស​បរិសុទ្ធ​នៅ​តាម​ដង​ទន្លេមេគង្គ និង​ទន្លេចតុមុខ នៅ​រាជធានី​ភ្នំពេញ កំពុង​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ដែល​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​គឺ​ចំនួន​ភ្ញៀវ​ជិះ​កាណូត​កំសាន្ត​បាន​ឡើង​ដល់​៣០០​នាក់​ឬ​លើស​ពី​នេះ ។ គេ​សង្កត​ឃើញ​ថា​ការ​ជិះទូក​កាណូត​កំសាន្ត​តាម​ដង​ទន្លេ​នា​ពេល​បច្ចុប្បន្ន​នេះ​មិន​ថា​ពេល​​ព្រឹក…

រាជធានី​ភ្នំពេញ ៖ ការ​កម្សាន្ត​មើល​ថ្ងៃ​រៀប​លិច និង​លំហែ​អារម្មណ៍​ស្រូប​ខ្យល់អាកាស​បរិសុទ្ធ​នៅ​តាម​ដង​ទន្លេមេគង្គ និង​ទន្លេចតុមុខ នៅ​រាជធានី​ភ្នំពេញ កំពុង​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ដែល​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​គឺ​ចំនួន​ភ្ញៀវ​ជិះ​កាណូត​កំសាន្ត​បាន​ឡើង​ដល់​៣០០​នាក់​ឬ​លើស​ពី​នេះ ។

គេ​សង្កត​ឃើញ​ថា​ការ​ជិះទូក​កាណូត​កំសាន្ត​តាម​ដង​ទន្លេ​នា​ពេល​បច្ចុប្បន្ន​នេះ​មិន​ថា​ពេល​​ព្រឹក ឬ​ពេល​ល្ងាច​នោះ​ទេ គឺ​មាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​នាំ​គ្នា​ជិះ​កំសាន្ត តាម​ដង​ទន្លេមេគង្គ​ដើម្បី​លំហែកាយ ក៏​ដូច​ជា​ទស្សនា​មើល​ព្រះ​បរមរាជវាំង និង​ដង​ទន្លេសាប ដង​ទន្លេបាសាក់ ។ ក៏​មាន​ភ្ញៀវ​ខ្លះ​ទៀត​ជួល​កាណូត​រៀបចំ​ធ្វើ​កម្មវិធី​នៅ​លើ​កាណូត​តែ​ម្តង​មាន​ខួបកំណើត​ជាដើម គឺ​មាន​ចំនួន​ច្រើន​លើសលុប ។

យ៉ាងណាមិញ ម្ចាស់​កាណូត​កំសាន្ត​បាន​ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ឱ្យ​មានការ​រៀបចំ​តារាង​នៃ​ការ​ចេញ​ទូក​កំសាន្ត ឱ្យ​បាន​ត្រឹមត្រូវ ចៀសវាង​ការ​ចេញ​ទូក​កំសាន្ត​ជាន់​ម៉ោង​គ្នា ឬ​ដណ្តើម​ម៉ូយ​គ្នា ។

លោក រិ​ត ណា​រ៉ាត់ អ្នកគ្រប់គ្រង​កាណូត​ដឹក​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​នៅ​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ បាន​រៀបរាប់​ឱ្យ​ដឹង​ថា​កាណូត​សម្រាប់​ដឹក​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ​​នៅ​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ មាន​ធុន​ធំ​៥​គ្រឿង និង​ខ្នាត​តូច​មួយ​គ្រឿង ។ លោក រិ​ត ណា​រ៉ាត់ បាន​បន្ត​ថា​រូប​លោក​ប្រកប​មុខរបរ​ដឹក​ភ្ញៀវ​តាម​កាណូត​នេះ​អស់​រយៈ​ជាង​១០​ឆ្នាំ​មក​ហើយ មួយ​រយៈ​មកនេះ​ភ្ញៀវ​បរទេស​និយម​ជិះ​កាណូត​កំសាន្ត តាម​ដង​ទន្លេសាប និង​ទន្លេមេគង្គ គយគន់​មើល​ព្រះ​បរមរាជវាំង ហើយ​តម្លៃ​នៃ​ការ​ជិះ​កាណូត​កំសាន្ត​តាម​ផ្ទៃ​ទន្លេ​ក្នុង​ម្នាក់​ៗ ចំពោះ​ជនបរទេស​គឺ​មាន​តម្លៃ​៥​ដុល្លារ ជនជាតិ​ខ្មែរ​៥​ពាន់​រៀល និង​ព្រះសង្ឃ​៤​ពាន់​រៀល ។ កាណូត​ចេញដំណើរ​កំណត់​មួយ​ជុំ​៤៥​នាទី​វិល​ចូល​ចំណត​វិញ ។ កាណូត​មួយ​ៗ​មានការ​រៀបចំ​លំអរ​យ៉ាង​ស្អាត​ខាងក្នុង​ក៏​ដូច​លើដំបូល​និង​ខាងក្រៅ​មើលឃើញ​គួរ​ឱ្យ​ចង់​ជិះ​កំសាន្ត ។

ម្ចាស់​ទូក​កំសាន្ត​រូប​នេះ​បន្ត​ទៀត​ថា ក្នុង​មួយ​ថ្ងៃ​មាន​ភ្ញៀវ​បរទេស​ដូច​ជា ជា​ជនជាតិ​ចិន វៀតណាម និង​អឺរ៉ុប​ប្រហែលជា​៧០​នាក់ ទៅ​១០០​នាក់​មក​ជិះ​កាណូត​នៅ​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ ហើយ​សម្រាប់​ថ្ងៃ​ចុង​ស​ប្តា​ហ៍​វិញ​សៅរ៍​និង​ថ្ងៃអាទិត្យ​គឺ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មក​ជិះ​កាណូត​មាន​ចំនួន​កើនឡើង​គុណ​នឹង​២​ទៅ​៣​ឯណោះ​ធៀប​នឹង​ថ្ងៃ​ធម្មតា ។ បើ​តាម​ការ​សង្កេត​ឃើញ​ពិតជា​មាន​កើនឡើង​ចំពោះ​ភ្ញៀវ​បរទេស​និយម​ជិះ​កាណូត​កំសាន្ត​តាម​ដង​ទន្លេ​នៅ​ពេល​បច្ចុប្បន្ន ខណៈ​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិ​ភាពល្អ ។

លោក រិ​ត ណា​រ៉ាត់ មាន​ប្រសាសន៍​បន្ត​ថា «​ចំនួន​ភ្ញៀវ​ទេសចរណ៍​ជិះទូក​កំសាន្ត​តាម​ដង​ទន្លេ ក៏​ដូច​ជា​ស្រូប​យក​អាកាសធាតុ​បរិសុទ្ធ គឺ​មាន​ចំនួន​កើនឡើង​ច្រើន បើ​ធៀប​នឹង​បណ្តា​ឆ្នាំ​មុន​ៗ ។ ក្នុង​នោះ​ផង​ដែរ ភ្ញៀវ​ក្នុងស្រុក​ក៏​មានការ​កើនឡើង ជា​ពិសេស​ពួក​គាត់​និយម​ជួល​កាណូត​កំសាន្ត​ដើម្បី​ជប់លៀង​មិត្ត​រួម​អាជីព ឬ​ក៏​ជា​លក្ខណៈ​គ្រួសារ​ផង​ដែរ​» ។ លោក​បន្ត​ថា ចំពោះ​បាតុភាព​មិន​ប្រក្រតី​ណាមួយ​គឺ​មិន​មាន​កើតឡើង​ម្តងណា​ឡើយ​រវាង​ម្ចាស់​កាណូត​ក៏​ដូច​ជា​អ្នកគ្រប់គ្រង​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ យើង​តែងតែ​យក​ចិត្តទុ​កដាក់​ទៅ​លើ​សុវត្ថិភាព សណ្តាប់ធ្នាប់​ចំពោះ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ពេល​ជិះ​កាណូត ។

លោក រិ​ន ណា​រ៉ាត់ បាន​បញ្ជាក់​ថា កាណូត​ទេសចរណ៍​ដែល​ចត​នៅ​មុខ​ក្រុមប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា (CDC) កាណូត​ទាំងនោះ​គឺ​មាន​សមាគម​ទូក​ទេសចរណ៍ ។ ដោយឡែក​កាណូត​នៅ​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ មាន​កាណូត​ធំ​៥​គ្រឿង​និង​កាណូត​តូច​មួយ​គ្រឿង​ជា​កម្ម​សិទ្ធ​របស់​លោក ដោយ​កាណូត​លោក​មាន​ឯកសារ​ត្រឹមត្រូវ​ចេញពី​មន្ទីរ​ជំនាញ​ទើប​លោក​ជួល​ទីតាំង​ពី​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​ធ្វើ​អាជីវកម្ម​ដឹក​ភ្ញៀវ​ជាតិ អន្តរជាតិ​ហើយ​បង់ប្រាក់​ប្រចាំខែ​ឱ្យទៅ​កំពង់​ផែ​ស្វយ័ត​ផង​ដែរ ។

ចំណែក​អ្នកស្រី ស្រី​ម៉ៅ អាយុ​៣២​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​មហា​សៀ​ក ឃុំ​មហា​ខ្ញូ​ង ស្រុក​កោះសូទិន ខេត្តកំពង់ចាម​ដែល​ជា​ម្ចាស់​កាណូត​ឈ្មោះ រ៉ា​វី បាន​និយាយ​ឱ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ​អ្នកស្រី​មាន​កាណូត​៣​គ្រឿង​យីហោ រ៉ា វី សម្រាប់​ដឹក​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ក៏​ដូច​ជា​ជួល​ជិះ​កំសាន្ត​មើល​ទេសភាព​តាម​ដង​ទន្លេ​មេ​ង្គ​ដង​ទន្លេសាប​និង​ជួល​រៀបចំ​កម្មវិធី​លើ​កាណូត​ផង​ដែរ ហើយ​អ្នកស្រី​បាន​ប្រកប​មុខរបរ​នេះ​អស់​រយៈពេល​១២​ឆ្នាំ​មក​ហើយ ។

បច្ចុប្បន្ន​នេះ​ការ​ណូ​តរបស់​អ្នកស្រី​ដឹក​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ដែល​ភាគច្រើន​ជា​ជនជាតិ​ចិន​និង​វៀតណាម ក្នុង​មួយ​ថ្ងៃ​រកបាន​ប្រាក់​ចំណេញ​ទាប​បំផុត​ក៏​៥០​ដុល្លារ ហើយ​ថ្ងៃ​ដែល​សំបូរ​ភ្ញៀវ​គឺ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​និង​រដូវ​បុណ្យ​ទាន ។

អ្នកស្រី​បន្ត​ថា ការ​រក​សុ​ី​មុខរបរ​ដឹក​ភ្ញៀវ​តាម​កាណូត​នេះ កាលពីដើម​ជួប​ផលវិបាក​ច្រើន​ដោយសារ​តែ​មាន​សមត្ថកិច្ច​ជំនាញ​មួយ​ចំនួន​តូច​មក​រករឿង​ទាមទារ​លិខិត​ស្នាម​និង​បង្ខំ​ឱ្យ​បង់លុយ​តាមតែ​គេ​និយាយ ក៏​ប៉ុន្តែ​ឥឡូវនេះ​មាន​សភាព​ធូរស្រាល​ច្រើន​សមត្ថកិច្ច​ជំនាញ​គាត់​យល់យោគ​ច្រើន​ណាស់ ។

អ្វី​ដែល​ជួប​ការ​លំបាក​នោះ​គឺ​បច្ចុប្បន្ន​នេះ​កាណូត​មាន​រហូត​ទៅ​ដល់​ជាង​៧០​គ្រឿង ហើយ​ការ​មក​សំចត​នៅ​មុខ​ក្រុមប្រឹក្សារ​អភិវឌ្ឍន៍​កម្ពុជា (CDC) តាម​បណ្តោយ​វិ​ថី​ព្រះ​សុ​ី​សុ​ត្ថិ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ក្នុង​ទឹកដី​ខណ្ឌដូនពេញ​មិនសូវ​មាន​អំណោយផល ម្យ៉ាងវិញទៀត​សមាគម​កាណូត​ទេសចរណ៍​ដែល​បោះ​ឆ្នោត​ជ្រើសរើស​បាន​កន្លង​មក​គឺ មិន​មាន​សកម្មភាព​នោះ​ទេ ។ ដូច្នេះ​អ្នកស្រី​សុំ​ឱ្យ​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ រៀបចំ​ឱ្យ​មាន​សមាគម​កាណូត​ទេសចរណ៍ ដើម្បី​ដំណើរការ​និង​សម្រាប់​ពេល​ម្ចាស់​កាណូត​ជួប​ផលវិបាក​ណាមួយ រត់​ទៅ​ពឹងពាក់​ជួយ​ដោះស្រាយ បើសិន​ដូច​ជា​សកម្មភាព​សព្វថ្ងៃ គឺ​បងប្អូន​ម្ចាស់​កាណូត​ពិតជា​ពិបាក​ណាស់ ហើយ​ម្យ៉ាងវិញទៀត​បច្ចុប្បន្ន​នេះ​ដែរ​លេច​ឮ​ថា ចំណត​កាណូត​សព្វ​ថ្ងៃនេះ​គឺ​បំរុង​និង​រុះរើ​ទៅ​ទីតាំង​ថ្មី​តែ​មិនដឹង​ទៅ​កន្លែង​ណា​ឱ្យ​ច្បាស់លាស់​នៅឡើយ​ទេ ។

អ្នកស្រី ស្រី​ម៉ៅ បាន​បន្ថែម​ថា​សព្វ​ថ្ងៃនេះ​អ្នកស្រី​ក៏​ដូច​ជា​ក្រុម​គ្រួសារ​ជា​អ្នក​ចាំ​ចាប់​ភ្ញៀវ​ដាក់​កាណូត ហើយ​ភាគច្រើន​រក​ភ្ញៀវ​ដែល​ជួល​កាណូត​ផ្តាច់​តែ​ម្តង គឺ​ក្នុង​មួយ​ម៉ោង​តម្លៃ​២៥​ដុល្លារ សរុប​មក​វិញ​អ្នកស្រី​អាច​រក​ចំណូល​បាន​ក្នុង​មួយ​១​ខែ​ច្រើន​បំផុត​៥០០​ដុល្លារ តិច​បំផុត​ក៏​បាន​៣០០​ដុល្លារ​ដែរ ។ តែ​ទោះជា​យ៉ាងណា​អ្នកស្រី​នៅ​តែ​ចង់ឱ្យ​មាន​សមា​គម​កាណូត​ទេសចរណ៍​នេះ​ឡើង​វិញ ដើម្បី​ឱ្យ​សមាគម​គាត់​រៀបចំ​កាណូត​ចេញ​បាន​វេន​ច្បាស់លាស់ ព្រោះ​បច្ចុប្បន្ន​នេះ​នៅ​ខេត្តសៀមរាប​មានការ​រៀបចំ​យ៉ាង​ល្អ គ្មាន​ភាព​អនាធិបតេយ្យ​រត់​ចាប់​គ្មាន​សណ្តាប់ធ្នាប់​នោះ​ទេ ។

លោក អ៊ិ​ត សំណាង មគ្គុទេសក៍​ទេសចរណ៍​មួយ​រូប​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ​ភ្ញៀវ​​អន្តរជាតិ​មិន​ថា អា​សុ​ី ឬ​អឺរ៉ុប​នោះ​ទេ​មានការ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​ពួក​គេ​និយម​ជិះ​កាណូត​ជា​លក្ខណៈ​តាម​ទួ​រ (Tour) ហើយ​ក៏​មាន​អ្នកខ្លះ​ទៀត​គេ​ជិះ​តាម​ក្រុម​គ្រួសារ​និង​មាន​អ្នកខ្លះ​ទៀត​រៀបចំ​កម្មវិធី​ជួបជុំ​គ្នា​នៅ​លើ​កាណូត​តែ​ម្តង ។

មគ្គុទេសក៍​ទេសចរណ៍​រូប​នេះ​បញ្ជាក់​ថា «​ភ្ញៀវ​បរទេស​គេ​ជិះ​កាណូត​ដោយសារ​ចង់​គយគន់​មើល​ទេសភាព​នៅ​ពេល​ល្ងាច​ថ្ងៃ​រៀប​លិច មើល​ដង​ទន្លេសាប និង​ដង​ទន្លេ​មេគង្គ​ហើយ​ក៏​មាន​ភ្ញៀវ​អា​ស៊ីនិង​អឺរ៉ុប​បាន​សរសើរ​ដល់​ការ​ដឹក​ជញ្ជូន​ភ្ញៀវ​តាម​កាណូត​មាន​លក្ខណៈ​ល្អ​ប្រសើរ​ទាំង​ផ្នែក​សន្តិសុខ​និង​សណ្តាប់ធ្នាប់​ល្អ​ដោយ​កាណូត​រៀបចំ​ទូលាយ​ដាក់​មនុស្ស​មិន​មានការ​ប្រជ្រៀត​គ្នា​ឡើយ ហើយ​ពួក​គេ​ក៏​បាន​កោតសរសើរ​ការ​អភិវឌ្ឍន៍​នៅ​រាជធានី​ភ្នំពេញ មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​លើ​គ្រប់​វិស័យ​ដែល​ម្នាក់​ៗ​នឹក​ស្មាន​មិន​ដល់​សោះ ។ ជា​ពិសេស​ពួក​គាត់​មាន​អារម្មណ៍​ជ្រះថ្លា​បាត់​អស់​ស្ត្រេ​ស​ពេល​បាន​កំសាន្ត​តាម​កាណូត​កំសាន្ត​លើ​ផ្ទៃ​ជលសារ​នេះ​» ។

អ្នកស្រី ន​ង ច​ន្ថា ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​បាន​និយាយ​ថា ជា​រៀង​រាល់
ស​ប្តា​ហ៍​អ្នកស្រី​តែងតែ​ចំណាយ​លុយ​អស់​៥​ពាន់​រៀល​ដើម្បី​នាំ​កូន​ជិះ​កាណូត​ទេស​ចរណ៍​នៅ​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​ដើម្បី​គយគន់​មើល​ទេសភាព​តាម​ដង​ទន្លេសាប ទន្លេ​មេគង្គ កោះ​ពេជ្រ​និង​មុខ​ព្រះ​បរមរាជវាំង ហើយ​ជា​ការ​បន្ធូរ​អារម្មណ៍​ផង​ដែរ​ក្រោយ​ពី​បញ្ចប់​ការងារ ។ ដោយឡែក​កាណូត​ទេសចរណ៍​នៅ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) គេ​មិន​ដឹក​ភ្ញៀវ​ដូច​អ្នកស្រី​នោះ​ទេ គឺ​គេ​រង់ចាំ​ដឹក​ភ្ញៀវ​បរទេស បើ​ដឹក​ភ្ញៀវ​ខ្មែរ​លុះត្រាតែ​ភ្ញៀវ​នោះ​ប៉ាវ​កាណូត​តែ​ម្តង​គឺ​ក្នុង​មួយ​ម៉ោង​តម្លៃ​២៥​ដុល្លារ​សម្រាប់​មនុស្ស​២០​នាក់​ជិះ​មួយ​ជុំ ។

លោក ជិត ណា​រិ​ទ្ធ ប្រធាន​ការិយាល័យ​ទេសចរណ៍​ខណ្ឌដូនពេញ​បានឱ្យ​ដឹង​ថា បច្ចុ​ប្បន្ន​នេះ​កាណូត​ទេសចរណ៍​ដែល​សំចត​នៅ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​តាម​បណ្តោយ​វិ​ថី​ព្រះ​សុ​ី​សុវត្ថិ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ មានច្បាប់​អនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម​ចំនួន​៥៨​កាណូត តែ​មានការ​បែងចែក​ជា​ពីរ មួយ​គ្រប់គ្រង​ដោយ​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ មួយទៀត​គ្រប់គ្រង​ដោយ​មន្ទីរ​ទេសចរណ​និង​មន្ទីរ​សាធារណៈការ​រាជ​ធានី​ភ្នំពេញ ។

មន្ទីរ​សាធារណៈការ​ជា​អ្នក​ចេញ​លិខិតអនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម​និង​ត្រួតពិនិត្យ​បច្ចេក​ទេស មន្ទីរ​ទេសចរណ៍​ជា​អ្នក​ចេញ​លិខិតអនុញ្ញាត​សេវាកម្ម​ល្អ​និង​ម្ហូបអាហារ​នៅ​លើ​កាណូត​នេះ​និយាយ​តែ​កាណូត​ដែល​សំចត​នៅ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​តែ​ប៉ុណ្ណោះ ។

លោក ជិត ណា​រិ​ទ្ធ បញ្ជាក់​ថា​កន្លង​មក​ការិយាល័យ​ទេសចរណ៍​ខណ្ឌដូនពេញ​បាន​ធ្វើការ​ណែនាំ​និង​សូម​ឱ្យ​បងប្អូន​ម្ចាស់​កាណូត​ទេសចរណ៍​ប្រតិបត្តិ​ករ​កាណូត​ទេស​ចរណ៍ ចូលរួម​គោរព​ច្បាប់​និង​ជួយ​សម្អាត​បរិវេណ​ជុំវិញ​ផែ ដែល​បងប្អូន​កំពុង​ធ្វើ​អាជីវ​កម្ម​ឱ្យ​ស្អាត​និង​បៃតង​ដូច​ពាក្យស្លោក​ថា​«​ខ្ញុំ​ស្រឡាញ់​ក្រុង​ស្អាត សុខ​សុវត្ថិ​ភាពល្អ ទេសចរណ៍​មាន​កំណើន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ