ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ក្នុង​វិស័យ​សំណង់​កម្ពុជា​មាន​បញ្ហា​ប្រឈម​អ្វីខ្លះ ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ គេ​សង្កេត​ឃើញ​ថា វិស័យ​សំណង់​​របស់​កម្ពុជា​បាន​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ដោយ​អគារ​ទាប និង​ខ្ពស់​ផុស​ឡើង​ច្រូងច្រាង​នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​ពុំ​ដឹង​ថា តើ​មាន​បញ្ហា​ប្រឈម​អ្វីខ្លះ​ដែល​បាន​កើតឡើង​នៅ​ក្នុង​វិស័យ​សំណង់​នេះ ?…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ គេ​សង្កេត​ឃើញ​ថា វិស័យ​សំណង់​​របស់​កម្ពុជា​បាន​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ដោយ​អគារ​ទាប និង​ខ្ពស់​ផុស​ឡើង​ច្រូងច្រាង​នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​ពុំ​ដឹង​ថា តើ​មាន​បញ្ហា​ប្រឈម​អ្វីខ្លះ​ដែល​បាន​កើតឡើង​នៅ​ក្នុង​វិស័យ​សំណង់​នេះ ?

លោក ឆាន់ សូរ្យ​ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សំណង់ នៃ​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ បាន​មាន​ប្រសាសន៍​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​បន្ត កាលពី​ពេល​ថ្មី​ៗ​នេះ​ថា មាន​បញ្ហា​ប្រឈម​ចំនួន​៩​ចំណុច​ក្នុង​វិស័យ​សំណង់ ដូច​ជា ៖

១-​ការ​សាងសង់​មុន​លិខិតអនុញ្ញាត ឬ​ខុស​ពី​លិខិតអនុញ្ញាត
២-​ការ​ស្រង់​ទិន្នន័យ​សំណង់​នៅ​ពុំ​ទាន់​បាន​លម្អិត​ស៊ីជម្រៅ
៣-​ការ​ចេញ​លិខិតអនុញ្ញាត​បើក និង​បិទ​ការដ្ឋាន មិន​ទាន់​ឆ្លើយ​តប​នឹង​ចំនួន​លិខិតអនុញ្ញាត​សាងសង់

៤-​សណ្តាប់ធ្នាប់​នៅ​ការដ្ឋាន​នៅ​មាន​កម្រិត

៥-​ការ​អនុវត្ត​ប្រកាស​អន្តរក្រសួង ១២២៩ រវាង​ក្រសួងមហាផ្ទៃ និង​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ នៅ​ពុំ​ទាន់​បាន​ពេញលេញ ដោយ​ខ្វះ​របាយការណ៍​លម្អិត​អំពី​ការដ្ឋាន​សំណង់​ដែល​សាងសង់ ខុស​ពី​លិខិតអនុញ្ញាត​សាងសង់ ឬ​សាងសង់​មុន​លិខិតអនុញ្ញាត

៦-​សំណង់​លំនៅ​ឋាន​ជា​លក្ខណៈ​បុរី​មួយ​ចំនួន​បាន​ធ្វើការ​បំបែក​ប្លង់​ដី​ជា​ឡូ​តិ៍
៧-​ការ​ដោះស្រាយ​វិវាទ​ពាក់ព័ន្ធ​នឹង​ការ​សាងសង់​នៅ​មាន​កម្រិត

៨-​ពុំ​ទាន់​មាន​បទដ្ឋាន​បច្ចេកទេស ឬ​ស្តង់ដា​បច្ចេកទេស​សំណង់​គ្រប់គ្រាន់ ដែល​ទទួលស្គាល់​ជា​ផ្លូវការ​ពី​ស្ថាប័ន​ជំនាញ

៩-​ការ​ផ្សព្វផ្សាយ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​វិស័យ​សំណង់ ពុំ​ទាន់​ទូលំទូលាយ​ស្រប​តា​មកា​រវិ​វត្ត​នៃ​វិស័យ​សំណង់​។

ដើម្បី​ដោះស្រាយ និង​ឆ្លើយ​តប​នឹង​បញ្ហា​ប្រឈម​នា​ពេល​បច្ចុប្បន្ន ក៏​ដូច​ជា​អនាគត​សម្រាប់​​វិស័យ​សំណង់ លោក ឆាន់ សូរ្យ​ផល គូសបញ្ជាក់​ថា ការ​អភិវឌ្ឍ​ស្ថាប័ន ជា​ពិសេស ការ​គ្រប់គ្រង​សំណង់​, ការ​ពង្រឹង​អាជីវកម្ម​សំណង់​, ការ​ជំរុញ​វិនិយោគ​ក្នុង​វិស័យ​​សំណង់​, ការ​កសាង​ច្បាប់​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​, ការ​កំណត់​ស្តង់ដា​សំណង់ និង​ការ​ព​ន្លឿ​ន​​រយៈពេល​ចេញ​លិខិតអនុញ្ញាត​សាងសង់​, លិខិតអនុញ្ញាត​បើក​-​បិទ​ការដ្ឋាន​សាង​សង់ ព្រមទាំង​ការ​ផ្តល់​វិញ្ញាបនបត្រ​ប្រកប​អាជីវកម្ម​សំណង់​ជូន​ប្រជាពលរដ្ឋ និង​វិនិយោគិន គឺជា​កត្តា​សំខាន់​ចាំបាច់ និង​បន្ទាន់ ។

លោក​លើក​ឡើង​ថា មក​ដល់​បច្ចុប្បន្ន​នេះ អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​បាន​និង​កំពុង​អនុវត្ត​តាម​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន ដែល​ជា​មូលដ្ឋាន​សម្រាប់​គ្រប់គ្រង​ការ​សាងសង់​ទាំង​ក្នុងអំឡុងពេល​សាងសង់ និង​ក្រោយ​ពេល​សាងសង់ រួម​មាន ច្បាប់​ស្តី​ពី​ការ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឆ្នាំ​១៩៩៤, អនុក្រឹត្យ​ស្តី​ពី​លិខិតអនុញ្ញាត​សាងសង់​ឆ្នាំ​១៩៩៧, ប្រកាស​អន្តរក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន​, ប្រកាស និង​សេចក្តីណែនាំ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រួម​ទាំង​លិខិត​ណែនាំ​របស់​ថ្នាក់​ជាតិ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ជា​ច្រើន​ទៀត ។

លោក​បន្ត​ថា ច្បាប់​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នេះ នៅ​ពុំ​ទាន់​ឆ្លើយ​តប​បាន​នឹង​តម្រូវការ​ជាក់ស្តែង​ចំពោះ​សភាពការណ៍​រីក​ចម្រើន​នៃ​វិស័យ​សំណង់​នៅឡើយ​ទេ ។

អគ្គនាយកដ្ឋាន​សំណង់​កំពុង​ចូលរួម​រៀបចំ​កែសម្រួល​ច្បាប់​លិខិត​បទដ្ឋាន​ដែល​មាន​ស្រាប់ ដើម្បី​ឆ្លើយ​តប​នឹង​កា​រវិ​វត្ត​នៃ​វិស័យ​សំណង់​បច្ចុប្បន្ន ។

យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៧​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បង្ហាញ​ថា ក្រសួង​បាន​ចេញ​វិញ្ញាបនបត្រ​ប្រកប​អាជីវកម្ម សិក្សា​គម្រោង​ប្លង់ និង​សាងសង់​សរុប​ចំនួន​២៧៥​ក្រុមហ៊ុន បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៦ មាន​ចំនួន​៣៣៤​ក្រុមហ៊ុន គឺ​ថយ​ចុះ​ប្រមាណ​៥៩​ក្រុមហ៊ុន​ស្មើ​១៧,៦% ។

របាយការណ៍​ដដែល​បង្ហាញ​ថា អគ្គនាយកដ្ឋាន​សំណង់​បាន​ទទួល​ពាក្យបណ្តឹង​វិវាទ​ពាក់ព័ន្ធ​នឹង​ការងារ​សាងសង់​សរុប​ជាង​៦០​ករណី ក្នុង​នោះ​បាន​ដោះស្រាយ​បញ្ចប់​ជា​ស្ថាពរ​១៤​ករណី​, កំពុង​ដោះស្រាយ​៣៧​ករណី​, បញ្ជូន​ទៅ​មន្ទីរ​រៀបចំ​ដែនដី នគរូប​នីយ​កម្ម សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ ៦​ករណី​, បញ្ជូន​ទៅ​ស្ថាប័ន​តុលាការ​៣​ករណី និង​បាន​ផ្អាក​ការដ្ឋាន​៤​ករណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ