ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បាន​កំណត់​យក «​ម្លិះ​អង្គរ​»​ ជា​ម៉ាក​វិ​ញ្ញាតកម្ម​ជាតិ​សម្រាប់​អង្ករ​ក្រអូប​ប្រណីត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ចំណាយពេល​អស់​ជា​ច្រើន​ឆ្នាំ​ដើម្បី​ជជែក​ពិភាក្សា​ទៅ​លើ​ការ​កំណត់​ម៉ាក​សញ្ញា​អង្ករ​កន្លង​មក ពេល​នេះ​កម្ពុជា​បាន​កំណត់​យក​«​ម្លិះ​អង្គរ​»“ MALYS ANGKOR” ជា​ម៉ាក​វិញ្ញាតកម្ម​ជាតិ​សម្រាប់​អង្ករ​ក្រអូប​ប្រណីត ដែល​សហព័ន្ធ​ស្រូវ​អង្ករ បាន​ចាត់​ទុក ជា​ការ​បោះ​ជំហាន​ឆ្ពោះទៅ​មុខ​ប្រកបដោយ​សុ​ទិ​ដ្ឋ​និយម​ក្នុង​ការ​រួមចំណែក…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ចំណាយពេល​អស់​ជា​ច្រើន​ឆ្នាំ​ដើម្បី​ជជែក​ពិភាក្សា​ទៅ​លើ​ការ​កំណត់​ម៉ាក​សញ្ញា​អង្ករ​កន្លង​មក ពេល​នេះ​កម្ពុជា​បាន​កំណត់​យក​«​ម្លិះ​អង្គរ​»“ MALYS ANGKOR” ជា​ម៉ាក​វិញ្ញាតកម្ម​ជាតិ​សម្រាប់​អង្ករ​ក្រអូប​ប្រណីត ដែល​សហព័ន្ធ​ស្រូវ​អង្ករ បាន​ចាត់​ទុក ជា​ការ​បោះ​ជំហាន​ឆ្ពោះទៅ​មុខ​ប្រកបដោយ​សុ​ទិ​ដ្ឋ​និយម​ក្នុង​ការ​រួមចំណែក លើក​ស្ទួយ​វិស័យ​អង្ករ​កម្ពុជា ជាមួយ​រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រសួងពាណិជ្ជកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​ជា​ច្រើន​ទៀត ។

ការ​សម្រេច​បាន​នូវ​ម៉ាក​វិញ្ញាតកម្ម​អង្ករ នា​ពេល​នេះ គឺ​មាន​រយៈពេល​៨​ឆ្នាំ​ហើយ បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​សម្រេច​ដាក់​ចេញ​នូវ​គោលនយោបាយ​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ​ក្នុង​ឆ្នាំ​២០១០ និង​ការ​ជួយ​ជ្រោមជ្រែង​យ៉ាង​ខ្លាំង​ពី​សំណាក់​ដៃគូ​អភិ​វឌ្ឍន៍​ជា​ច្រើន​ក្នុង​ការ​រៀបចំ​ម៉ាក​វិញ្ញាតកម្ម ដែល​អាច​ផ្តល់​នូវ​ទំនុកចិត្ត​ដល់​អ្នក​ប្រើប្រាស់​អង្ករ​កម្ពុជា ។

«​ម្លិះ​អង្គរ​» «MALYS ANGKOR» ជា​ម៉ាក​អង្ករ​ក្រអូប​ប្រណីត​របស់​កម្ពុជា ដែល​នឹង​ផ្តល់​ការ​បញ្ជាក់​ទៅ​លើ​ប្រភេទ​អង្ករ​ក្រអូប​ប្រណីត​នានា​ដែល​កម្ពុជា​ផលិត​បាន រួច​កិន​កែ​ច្នៃ​សម្រាប់​នាំ​ចេញ ឬ​ចែកចាយ​ក្នុង​ទីផ្សារ​ក្នុងស្រុក ។ រាល់​ការ​ប្រើប្រាស់​ម៉ាក​«​ម្លិះ​អង្គរ​» «MALYS ANGKOR» គឺជា​ការ​ធានា​ចំពោះ​មុខ​ច្បាប់​ថា អង្ករ​នោះ​ជា​ផលិតផល​កម្ពុជា យ៉ាង​ពិតប្រាកដ ។

លោក​ឧកញ៉ា ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​២១ មក​រា កន្លង​មក​ថា កន្លង​មក កម្ពុជា​បាន​លក់​អង្ករ​ប្រណីត​ក្នុង​តម្លៃ​ដូច​អង្ករ​ក្រអូប​ធម្មតា ដោយសារ​ពុំ​ទាន់​បាន​កំណត់​អត្តសញ្ញាណ​ម៉ាក​អង្ករ​ច្បាស់លាស់ ។ ដូច្នេះ នៅ​ពេល​កំណត់ និង​ទទួលស្គាល់​ជា​ផ្លូវការ​ទាំង​ក្នុង​ប្រទេស និង​អន្តរជាតិ​ហើយ ពេល​នោះ​តម្លៃនឹង​ឡើង​ខ្ពស់ ដែល​ធ្វើ​ឲ្យ​អ្នក​ផលិត​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ផល​ចំណេញ ហើយ​ធ្វើ​ឱ្យ​គាត់​ខិតខំ​ប្រឹងប្រែង​ផលិត​បន្ថែម​ទៀត ។

លោក​ឧកញ៉ា​បន្ដ​ថា ៖« នៅ​ពេល​កម្ពុជា​មាន​ម៉ាក​សញ្ញា​អង្ករ «​ម្លិះ​អង្គរ​» ប្រកាស​ជា​ផ្លូវការ​ហើយ វា​នឹង​ចូលរួម​ចំណែក​ជួយ​រក្សា​ស្ថិរភាព និង​គុណ​តម្លៃ​នៃ​ប្រភេទ​ស្រូវ​អង្ករ ហើយ​ការ​បង្កើត​ម៉ាក​សញ្ញា​នេះ គឺ​សំដៅ​ទៅ​ដល់​ការ​កំណត់​អត្តសញ្ញាណ​ឱ្យ​បាន​នូវ​ប្រភេទ​ពូជស្រូវ អង្ករ​ប្រណីត​របស់​កម្ពុជា » ។

តាម​អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា អង្ករ​ស្ថិត​នៅ​ក្រោម​ម៉ាក​សញ្ញា «​ម្លិះ​អង្គរ​» គឺ​ពពួក​ស្រូវ​ប្រណីត​សុទ្ធ​ល្អ​ជាងគេ ។ លោក​ឧកញ៉ា​បន្ត​ថា ៖« ក្រោម​ម៉ាក​សញ្ញា​អង្ករ «​ម្លិះ​អង្គរ​» យើង​ហៅ​ថា ជា​ពពួក​ស្រូវ​ប្រណីត ។ វា​មានឈ្មោះ​ហៅ​ខុស​ៗ​គ្នា តែ​នៅ​ក្នុង​ចង្កោម​ម្លិះ​ដែល​មានពូជ​សុទ្ធ​ល្អ ។ អីចឹង យើង​អាច​សន្មត​ថា ស្ថិត​នៅ​ក្នុង​ចង្កោម​ពូជ​ម្លិះ ដែល​ដាក់​ប្រកួត​ឈ្នះ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន » ។ លោក​ថា ៖« ម្លិះ​អង្គរ ជា​អង្ករ​ប្រណីត​របស់​កម្ពុជា ហើយ​មិន​សំដៅ​តែ​មួយ​មុខ​ទេ បាន​ន័យ​ថា ឱ្យ​តែ​អង្ករ​ប្រណីត​ខ្ពស់​បំផុត​ជាងគេ ហ្នឹងហើយ​ជា «​ម្លិះ​អង្គរ​» ។

លោក​ឧកញ៉ា វង្ស ប៊ុ​ន​ហេង នាយក​ក្រុមហ៊ុន​វង្ស​ប៊ុ​ន​ហេង រាយ​ស៍ មាន​ប្រសាសន៍​ថា នេះ​ជា​រឿង​ល្អ​ណាស់ ព្រោះ​ខាង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ខិតខំ​រាប់​ឆ្នាំ​ដើម្បី​បាន​ម៉ាក​សញ្ញា​អង្ករ​មួយ​ជា​របស់​ជាតិ សម្រាប់​ផ្សព្វផ្សាយ​ឱ្យ​អន្តរជាតិ​បានដឹង និង​ទទួលស្គាល់​ម៉ាក​សញ្ញា​មួយ​នេះ​ថា ពិតជា​អង្ករ​មានគុណ​ភាពល្អ និង​មាន​ស្តង់ដា ។

លោក​ឧកញ៉ា​បន្ត​ថា ៖« យើង​គិត​ថា នៅ​ពេល​ម៉ាក​សញ្ញា​អង្ករ​នេះ​ចេញ​ជា​ផ្លូវការ គឺ​យើង​អាច​លក់​អង្ករ​បាន​ល្អ​ជាង​មុន បាន​ន័យ​ថា អ្នក​ប្រើប្រាស់ ឬ​អ្នកទិញ​ពី​យើង គេ​ដឹង​ច្បាស់​ថា​ពិតជា​អង្ករ «​ម្លិះ​អង្គរ​» មែន វា​មិន​ដូច​លើក​មុន​ទេ » ។

លោក​ឧកញ៉ា​លើក​ឡើង​ថា ៖« តាម​ពិត ម៉ាក​សញ្ញា​នេះ​យើង​ធ្វើ​យូរហើយ តែ​អត់​មាន​ការ​ឯកភាព​គ្នា​រវាង​វិស័យ​ឯកជន សហព័ន្ធ ក្រសួងពាណិជ្ជកម្ម និង​ក្រសួងកសិកម្ម ប៉ុន្តែ​នៅ​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ យើង​ឃើញ​មានការ​រួមចិត្ត​គំនិត​គ្នា​សម្រេច​ថា យក​ម៉ាក​សញ្ញា​អង្ករ​កម្ពុជា គឺ​ម្លិះ​អង្គរ » ។

កម្ពុជា​បាន​ចាប់​យក​ឱកាស​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ជា​ផ្លូវការ​ចាប់តាំងពី​ឆ្នាំ​២០០៨​មក ។ ដោយ​មើលឃើញ​នូវ​សក្តានុពល​ក្នុង​នាំ​អង្ករ​ចេញ រាជរដ្ឋាភិបាល​បាន​សម្រេច​ដាក់​ចេញ​នូវ​គោលនយោបាយ​ស្រូវ​អង្ករ​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​២០១០ ដែល​កាល​នោះ បរិមាណ​នាំ​អង្ករ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ជិត ៤​ម៉ឺន​តោន ហើយ​បរិមាណ​នាំ​ចេញ​បាន​កើន​៥​ដង រហូត​ដល់​២០​ម៉ឺន​តោន​នៅ​ឆ្នាំ​បន្ទាប់ ។ បរិមាណ​នាំ​ចេញ​បាន​កើន​ឡើង​រហូត​ដល់​៤០​ម៉ឺន​តោន​នៅ​ឆ្នាំ​២០១៣ ដោយ​កើនឡើង​ជិត​១០​ដង​ធៀប​នឹង​ឆ្នាំ​២០១០ ។ នៅ​ដំណាច់ឆ្នាំ​២០១៧ កម្ពុជា​សម្រេចការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្ត​រជាតិ​ជាង​៦៣៥.០០០​តោន​ទៅ​កាន់​ប្រទេស​៦៣​ក្នុង​សកលលោក ។

ទិន្នន័យ​ចុង​ក្រោយ​ក្នុង​ឆ្នាំ​២០១៧ បង្ហាញ​ថា ទីផ្សារ​នៃ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​បាន​ស្រូប​យក​អង្ករ​កម្ពុជា​៤៣% នៃ​បរិមាណ​នាំ​ចេញ​សរុប ស្រប​ពេល​ទីផ្សារ​ចិន​កំពុង​ប្រជែង​ក្នុង​ល្បឿន​យ៉ាង​រហ័ស​ក្នុង​ការ​ស្រូប​យក​អង្ករ​ពី​កម្ពុជា ដោយ​មាន​ចំណែក​៣៤%​នៃ​ការ​នាំ​ចេញ​សរុប​។

នៅ​ឆ្នាំ​២០១៨ សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​បាន​ចុះ​អនុស្សា​រណៈ​ទិញ​អង្ករ​កម្ពុជា​៣០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ ។ កត្តា​នេះ​បាន​ធ្វើ​ឲ្យ​ឱកាស​ពង្រីក​ទីផ្សារ​កាន់តែ​ធំ​ទូលំទូលាយ​សម្រាប់​អង្ករ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ