ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​2017 ចំណូល​ពី​កំពង់​ផែ​ទាំង​ពីរ​កើនឡើង​ជាង​10%​ដូច​គ្នា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​ថា នៅ​ឆ្នាំ​​២០១៧ កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​រក​ចំណូល​ពី​ការ​ផ្តល់​សេវា​បាន​ប្រមាណ​៧៥​ពាន់​លាន​​រៀល​ឬ​ស្មើ​ប្រមាណ​១៨​លាន​ដុល្លារ កើនឡើង​១៤% ខណៈ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ រក​ចំណូល​កើនឡើង​ដល់​១៦,៨០%…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​ថា នៅ​ឆ្នាំ​​២០១៧ កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​រក​ចំណូល​ពី​ការ​ផ្តល់​សេវា​បាន​ប្រមាណ​៧៥​ពាន់​លាន​​រៀល​ឬ​ស្មើ​ប្រមាណ​១៨​លាន​ដុល្លារ កើនឡើង​១៤% ខណៈ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ រក​ចំណូល​កើនឡើង​ដល់​១៦,៨០% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦ ។

ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៨ កាលពី​ថ្ងៃ​ទី​១៦ មក​រា នៅ​សាលសន្និសីទ​ចតុមុខ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​មាន​ប្រសាសន៍​ថា ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ កំពង់​ផែ​ស្វយ័ត​ភ្នំពេញ មាន​ទំនិញ​ឆ្លងកាត់​ជាង​២,៧​លាន​តោន កើនឡើង​១៤%,​នាវា​ឆ្លងកាត់​១.៦៧៦​គ្រឿង ថយ​ចុះ​០,១៨%, អ្នកដំណើរ​បរទេស​និង​ទេសចរ​ឆ្លងកាត់ មាន​ជាង​២,៦​ម៉ឺន​នាក់ កើនឡើង​៦%, កុងតឺន័រ​ឆ្លងកាត់ មាន​ជាង​១៨,៤​ម៉ឺន TEUs កើនឡើង​២២% ហើយ​ចំណូល​សរុប​ដែល​ទទួល​បាន​ប្រមាណ​៧៥​ពាន់​លាន​រៀល ឬ​ប្រមាណ​១៨​លាន​ដុល្លារ កើនឡើង​១៤% ធៀប​នឹង​២០១៦ ។

ក្នុង​ឆ្នាំ​កន្លង​ទៅ​ដែរ កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មាន​ទំនិញ​ឆ្លងកាត់​សរុប​ជាង​៤,៣​លាន​តោន កើនឡើង​៦,៥៥%, នាវា​ឆ្លងកាត់​១.៣០០​គ្រឿង ថយ​ចុះ​១,៦៦%, កុងតឺន័រ ឆ្លងកាត់​ជាង​៤៥​ម៉ឺន TEUs កើនឡើង​១៤% បើ​ធៀប​នឹង​២០១៦ ហើយ​រក​ចំណូល​បាន​ជាង​៥២​លាន​ដុល្លារ កើនឡើង​១៦,៨០% ធៀប​នឹង​ឆ្នាំ​២០១៦ ។

សម្រាប់​ឆ្នាំ​២០១៨ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល មាន​ប្រសាសន៍​ថា កំពង់​ផែ​ភ្នំពេញ​នឹង​បន្ត​ពង្រីក​ការ​ផ្តល់​សេវា​ដល់​អ្នក​ប្រើប្រាស់​កំពង់​ផែ តាម​រយៈ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ចំណត​ផែ​រណប បង្កើត​សេវាកម្ម​លើកដាក់​នៅ​តាម​ដង​ទន្លេ ដើម្បី​ជំរុញ​ឱ្យ​មានការ​ប្រើប្រាស់​ការ​ដឹក​ជញ្ជូន​ផ្លូវទឹក​កាន់តែ​មាន​ភាព​មមាញឹក​។ បញ្ចប់​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​កុងតឺន័រ LM 17 ជំហាន​ទី​២ ដើម្បី​ពង្រីក​សមត្ថភាព​ផែ​បន្ថែម។

លោក​ទេស​រដ្ឋមន្ត្រី​បន្ត​ថា ចំពោះ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ធ្វើ​យ៉ាងណា បង្កើន​ទំនិញ​ឆ្លងកាត់​ឱ្យ​កើនឡើង​ជាង​ឆ្នាំ​២០១៧, ជំរុញ​ឱ្យ​មានការ​វិនិយោគ​កាន់តែ​ច្រើន​ថែម​ទៀត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​, ស្វែងរក​ប្រភព​ថវិកា​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​កុងតឺន័រ​ថ្មី​, បន្ត​សាងសង់​ចំណត​កំពង់​ផែ​កុងតឺន័រ ប្រវែង ៣៥០​ម៉ែត្រ ជម្រៅ​ទឹក​១៤,៥​ម៉ែត្រ ទីលាន​កុងតឺន័រ ការងារ​បូម​ស្តា​រអាង​នាវា ឃ្លាំង​នាវា​ជម្រៅ​១៤,៥​ម៉ែត្រ និង​បំពាក់​គ្រឿងចក្រ​លើកដាក់​កុងតឺន័រ ។

ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន Emerging Marketing Consulting លោក​ង៉ែត ជូ មើលឃើញ​ថា កំពង់​ផែ​កម្ពុជា​ដើរតួ​នាទី​សំខាន់ ពិសេស​ទាក់ទង​នឹង​ការ​នាំ​ចូល​វត្ថុធាតុដើម​សម្រាប់​ការ​ផលិត​ក្នុងស្រុក និង​នាំ​ចេញ​ទៅ​វិញ តាម​រយៈ​កំពង់​ផែ​ក្រុង​ព្រះ​សីហនុ ដូច​ជា​ពាណិជ្ជកម្ម​ធំ​ៗ ។

លោក​ថ្លែង​ថា ៖« ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​ធំ​ៗ ចាំបាច់​ត្រូវ​ឆ្លងកាត់​កំពង់​ផែ​ក្រុង​ព្រះ​សីហនុ លើកលែងតែ​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី ដឹក​តាម​ផ្លូវគោក​ក្នុង​រូបភាព​ក្រៅ​ផ្លូវការ ដែល​មិន​ឆ្លងកាត់​កំពង់​ផែ ។ អីចឹង​ហើយ​យើង​មើល​ដូច​ជា​សម្ភារ​កាត់ដេរ ឬអ្វី​ដែល​ផលិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ត្រូវ​ឆ្លងកាត់​កំពង់​ផែ​ក្រុងព្រះសីហនុ​ទាំង​អស់។ ចំណែក​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ វា​ជា​ជម្រើស​មួយ​ផ្សេង​ទៀត​ទាក់ទង​នឹង​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​ឆ្លងកាត់​ប្រទេស​វៀតណាម » ។

ដើម្បី​ឱ្យ​ការ​ផ្តល់​សេវា ក៏​ដូច​ជា​កំណើន​នៃ​ប្រាក់​ចំណូល​នៅ​តែ​ទទួល​បាន​កាន់តែ​ប្រសើរ​ទៀត​នោះ ទីប្រឹក្សា​សេដ្ឋកិច្ច​រូប​នេះ​ថា គ្មាន​អ្វី​ក្រៅពី​ការ​ពង្រឹង​អភិបាលកិច្ច​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​តម្លាភាព​នៃ​ការ​គ្រប់គ្រង​ចំណូល ចំណាយ ។

លោក​ថ្លែង​ថា ៖« វា​ជា​មោទនភាព​របស់​អ្នកគ្រប់គ្រង​ស្ថាប័ន នៅ​ពេល​ការ​គ្រប់គ្រង​មាន​ប្រសិទ្ធភាព មានការ​ទទួលខុសត្រូវ មាន​តម្លាភាព​ហិរញ្ញវត្ថុ ហើយ​មាន​កំណើន​ចំណូល​ថវិកា​បាន​មក​ពី​ផល​ចំណេញ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ