ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ផ្លូវ​ល្បឿន​លឿនភ្នំពេញ​-​ព្រះ​សីហ​នុ ត្រូវ​បាន​ចុះហត្ថលេខារួច​ហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង លើក​ទី​២ កាលពី​ថ្ងៃ​ទី​១១ មក​រា កន្លង​មក កម្ពុជា​-​ចិន​បាន​ចុះហត្ថលេខា​លើ​គម្រោង​ជា​ច្រើន ក្នុង​នោះ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ ត្រូវ​បាន​ចុះហត្ថលេខា​រួចរាល់​ហើយ​រវាង​លោក​ទេស​រដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង លើក​ទី​២ កាលពី​ថ្ងៃ​ទី​១១ មក​រា កន្លង​មក កម្ពុជា​-​ចិន​បាន​ចុះហត្ថលេខា​លើ​គម្រោង​ជា​ច្រើន ក្នុង​នោះ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ ត្រូវ​បាន​ចុះហត្ថលេខា​រួចរាល់​ហើយ​រវាង​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ជាមួយ​លោក លាវ ឈឺ​ថាវ ប្រធាន​ក្រុមហ៊ុន​សំណង់​គមនាគមន៍​ចិន ដែល​ជា​ការ​ទន្ទឹងរង់ចាំ​របស់​ប្រជាពលរដ្ឋ​កម្ពុជា បន្ទាប់​ពី​ភាគី​ទាំង​ពីរ​បាន​បញ្ចប់​ការ​ចរចា​ដោយ​ជោគជ័យ​នា​ពេល​កន្លង​មក ។

គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ​មាន​ប្រវែង​១៩០,៦៣​គីឡូម៉ែត្រ ដែល​មាន​ទំហំ​ទទឹង​២៤​ម៉ែត្រ សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​ជា​ទម្រង់ BOT ហើយ​គ្រោង​នឹង​ចាប់ផ្ដើម​នៅ​ដើមឆ្នាំ​២០១៨​នេះ ។ ទោះបី​យ៉ាងណា ការ​ចាប់ផ្ដើម​ស្ថាបនា​អាច​នឹង​ចាប់​អនុវត្ត​នៅ​ឆ្នាំ​ក្រោយ អាស្រ័យ​លើ​ការ​ដោះស្រាយ​ផល​ប៉ះពាល់​នានា​។ នេះ​បើ​តាម​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។

លោក វ៉ា ស៊ី​ម​សូ​រិ​យា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ថ្លែងប្រាប់​កោះសន្តិភាព តាម​រយៈ​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​១២ មក​រា ម្សិលមិញ​ថា គម្រោង​នេះ​នឹង​ចាប់ផ្ដើម​នៅ​ដើមឆ្នាំ​២០១៨ ប៉ុន្តែ​បើ​និយាយ​ពី​ការ​ចាប់ផ្ដើម​សាងសង់ គឺ​អាច​ថា​នៅ​ឆ្នាំ​ក្រោយ ។

មន្ត្រី​អ្នកនាំពាក្យ​រូប​នេះ​បន្ដ​ថា ៖« បើ​និយាយ​ពី​គម្រោង គឺ​ចាប់ផ្ដើម​នៅ​ថ្ងៃ​ហ្នឹង​ក៏​បាន​ដែរ ប៉ុន្តែ​យើង​នៅ​ដោះស្រាយ​ដីធ្លី ផ្ទះសម្បែង​សិន បើ​ឲ្យ​ចាប់ផ្ដើម​សាងសង់​ដោយ​មាន​បុក​គ្រឹះ​ផ្សេង​ៗ​នៅ​ក្នុង​កិច្ចសន្យា​អាច​ថា នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត លឿន​ឬ​យឺត គឺ​អាស្រ័យ​លើ​យើង​សម្រួល​ផ្ទះ និង​ដីធ្លី​បាន​សិន ។ បើ​យើង​ធ្វើ​លឿន គឺ​ឆ្នាំ​ក្រោយ​ចាប់ផ្ដើម​សាងសង់ តែបើ​យឺត​គឺ​២​ឆ្នាំ​ក្រោយ​ៗ​ទៀត ។ អីចឹង ទាល់តែ​យើង​ដោះស្រាយ​បញ្ហា​នេះ​រួចរាល់​ឲ្យ​អស់ ទើប​ខាង​ក្រុមហ៊ុន​គេ​ចាប់ផ្ដើម​សាងសង់ » ។

គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ នឹង​ត្រូវ​សាងសង់​ដោយ​វិនិយោគិន​ចិន តាម​រូប​ភាព​វិនិយោគ​សាងសង់​-​ធ្វើ​អាជីវកម្ម​-​ផ្ទេរ (BOT) ជា​ផ្លូវ​៤​គន្លង មាន​ប្រវែង​សរុប​១៩០,៦៣​គីឡូម៉ែត្រ ចេញពី​រាជធានី​ភ្នំពេញ រហូត​ដល់​ខេត្ត​ព្រះ​សីហ​នុ ។ វា​ជា​ផ្លូវ​ថ្មី​ទាំង​ស្រុង ដែល​តួ​ផ្លូវ​មាន​ទទឹង​២៤​ម៉ែត្រ ក្រាល​កៅស៊ូ AC មាន​សួនច្បារ​ខណ្ឌ​កណ្តាល មាន​ផ្លូវបំបែក​ប្តូរ​ទិស មាន​ទីតាំង​ឈប់​សម្រាក មាន​របង​បាំង​សងខាង​ផ្លូវ និង​ហេដ្ឋារចនា​សម្ព័ន្ធ​​សំណង់​សេវា​គាំទ្រ​ជា​ច្រើន​ទៀត ។

លោក វ៉ា ស៊ី​ម​សូ​រិ​យា បន្ត​ថា ៖« គម្រោង​សាងសង់​ក្រោម​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន ក្នុង​ទំហំ​ទឹកប្រាក់​ចំណាយ​រហូត​ដល់​១.៩០០​លាន​ដុល្លារ ហើយ​លោក​មិន​អាច​បញ្ជាក់​បាន​ទេ​ថា ការ​សាងសង់​នោះ​ត្រូវ​ចំណាយពេល​អស់​ប៉ុន្មាន​ឆ្នាំ​ទើប​រួចរាល់​ទេ ព្រោះ​ការ​ងារ​នេះ​ស្ថិត​នៅ​លើ​ក្រុមហ៊ុន​ទទួល​ការ​សាងសង់ ប៉ុន្តែ​បើ​តាម​បច្ចេកទេស​ប្រើ​រយៈពេល​៤​ឆ្នាំ តែ​ត្រូវ​ទុក​ពេល​២​ឆ្នាំ​សម្រាប់​ដោះស្រាយ​រឿង​ដីធ្លី និង​ផ្ទះសម្បែង » ។

លោក​បញ្ជាក់​ថា សម្រាប់​រយៈពេល​ការ​ធ្វើ​ដំណើរ លោក​មិន​អាច​ផ្ដល់​ព័ត៌មាន​បាន​ទេ​ថា​កាត់​បន្ថយ​បាន​ប៉ុន្មាន​ភាគរយ ព្រោះ​វា​ស្ថិត​នៅ​ក្រោម​ការ​សិក្សា​របស់​គេ តែ​ត្រូវធ្វើ​យ៉ាង​ណា ឲ្យ​ការ​ធ្វើ​ដំណើរ​ប្រើ​រយៈពេល​លឿន​បំផុត ។ លោក​ថា ៖« បើសិន​យើង​ធ្វើ​ដំណើរ​ពី​ភ្នំពេញ ទៅ​ព្រះ​សីហ​នុ ធម្មតា​ចំណាយពេល​អស់​៤​ម៉ោង ប៉ុន្តែ​ផ្លូវ​នេះ​អាច​ចំណាយពេល​តែ​២​ម៉ោង​ទេ ក្នុង​១៩០​គីឡូម៉ែត្រ (​បញ្ជាក់​ជា​ឧទាហរណ៍​) » ។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ថ្លែង​​ថា ក្រោយ​សាងសង់​រួច ផ្លូវ​ល្បឿន​លឿន​នេះ​នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​មក​ពី​រាជធានី​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ​ក្នុង​រយៈពេល​ខ្លី និង​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​ថ្នាក់​ចរាចរណ៍ ការ​កកស្ទះ សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ និង​ធ្វើ​ឱ្យ​សេដ្ឋកិច្ចជាតិ​រីក​ចម្រើន​កាន់តែ​ប្រសើរ ។ លើស​ពី​នេះ​ទៀត ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​បាន​ផល​ចំណេញ​មិន​អាច​កាត់ថ្លៃ​បាន ពី​ការ​អភិវឌ្ឍ​ច្រករបៀង​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ ។

ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ លោក​បណ្ឌិត ម៉ី កល្យាណ បាន​ថ្លែង​ថា ចង់​អភិវឌ្ឍន៍​សេដ្ឋកិច្ច ត្រូវ​តែ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​រាជរដ្ឋាភិបាល​បាន​និង​កំពុង​វិនិយោគ​លើ​វិស័យ​នេះ ប៉ុន្តែ​ល្បឿន​នៃ​ការ​អភិវឌ្ឍ​នៅ​មាន​កម្រិត​នៅឡើយ ដែល​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​ព​ន្លឿ​ន​ការ​វិនិយោគ​លើ​វិស័យ​នេះ​បន្ថែម​ទៀត ព្រោះ​បញ្ហា​ប្រឈម​របស់​កម្ពុជា​បច្ចុប្បន្ន គឺ​ការ​ដឹក​ជញ្ជូន​នៅ​មាន​តម្លៃ​ខ្ពស់ បើ​ធៀប​ជាមួយ​ប្រទេស​ក្នុង​តំបន់ ។

លោក​បន្ត​ថា ៖« យើង​ត្រូវការ​វិនិយោគ​ច្រើន​ថែម​ទៀត ព្រោះ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​រឿង​ចាំបាច់​បំផុត​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ