ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចុប្បន្នភាព​នៃ​ការ​ចរាចរ​ប្រាក់​យន់​ចិន​នៅ​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កម្ពុជា​បាន​ចាប់ផ្តើម​ជំរុញ​ឱ្យ​មានការ​ទូទាត់​ទំនិញ​ជា​ប្រាក់​យន់​ចិន​នៅ​តំបន់​សក្ដានុពល​សេដ្ឋកិច្ច និង​ទេសចរណ៍​មួយ​ចំនួន ហើយ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​និង​កំពុង​រៀបចំ​យុទ្ធសាស្ដ្រ​បង្កើន​ការ​ប្រើប្រាស់​ឲ្យ​កាន់តែ​ទូលំទូលាយ​ថែម​ទៀត​ផង​ដែរ ។ រាជរដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​រូបិយប័ណ្ណ​យន់​ចិន​ចរាចរ​នៅ​ក្នុង​ប្រទេស​បែប​នេះ ត្រូវ​បាន​អ្នកជំនាញ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​, សេដ្ឋកិច្ច…

រាជធានី​ភ្នំពេញ ៖ នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កម្ពុជា​បាន​ចាប់ផ្តើម​ជំរុញ​ឱ្យ​មានការ​ទូទាត់​ទំនិញ​ជា​ប្រាក់​យន់​ចិន​នៅ​តំបន់​សក្ដានុពល​សេដ្ឋកិច្ច និង​ទេសចរណ៍​មួយ​ចំនួន ហើយ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​និង​កំពុង​រៀបចំ​យុទ្ធសាស្ដ្រ​បង្កើន​ការ​ប្រើប្រាស់​ឲ្យ​កាន់តែ​ទូលំទូលាយ​ថែម​ទៀត​ផង​ដែរ ។

រាជរដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​រូបិយប័ណ្ណ​យន់​ចិន​ចរាចរ​នៅ​ក្នុង​ប្រទេស​បែប​នេះ ត្រូវ​បាន​អ្នកជំនាញ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​, សេដ្ឋកិច្ច ក៏​ដូច​ជា​ទេសចរណ៍ បាន​លើក​ឡើង​ថា ការ​អនុញ្ញាត​ឲ្យ​មានការ​ទូទាត់​ប្រាក់​យន់​ចិន​នេះ គឺ​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ដល់​កម្ពុជា ព្រោះ​ចិន​ជាទី​ផ្សារ​សក្ដានុពល​ធំ​ជាងគេ រួម​ទាំង​ទំហំ​ការ​វិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍ ។ ដូច្នេះ គោលនយោបាយ​នេះ​បាន​ផ្ដល់​ភាព​ងាយស្រួល​ថែម​ទៀត​ដល់​វិនិយោគិន​ចិន ទេសចរ​ចិន​ក្នុង​ការ​ទូទាត់​ទំនិញ​នៅ​កម្ពុជា និង​ជា​គោលនយោបាយ​បើកចំហ​ជើងមេឃ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ដែរ ។ ទោះបី​យ៉ាងណា រហូត​ដល់​បច្ចុប្បន្ន នេះ ទីផ្សារ​រូបិយប័ណ្ណ​ចិន​នៅ​កម្ពុជា​មាន​ភាព​តូច​ចង្អៀត​នៅឡើយ បើ​ធៀប​នឹង​ដុល្លារ​អា​មេ​រិ​ក ។

បើ​តាម​លោក​ជំទាវ ជា សេរី អគ្គ​នាយិកា​ធនាគារជាតិ​នៃ​កម្ពុជា ដែល​បាន​លើក​ឡើង​កន្លង​​មក បាន​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៦ ប្រាក់​យន់​ចិន​ត្រូវ​បាន​ប្រើ​ទូទាត់​លើ​ការ​ដោះ​ដូរ​ទំនិញ​នៅ​កម្ពុជា​ត្រឹមតែ​៧% ស្មើនឹង​ចំនួន​២,៥​ពាន់​លាន​យន់ ឬ​ប្រមាណ​៣៧៧​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ខណៈ​ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​មាន​ប្រមាណ​៩៣% លើ​ពាណិជ្ជ​កម្ម​អន្តរជាតិ​កម្ពុជា​-​ចិន ។

គេ​សង្កេត​ឃើញ​ថា ការ​ប្រើប្រាស់​ប្រាក់​យន់​នៅ​កម្ពុជា គឺ​ច្រើន​តែ​មាននៅ​តាម​តំបន់​ទេស​ចរណ៍ ឬ​តាម​អាកាសយានដ្ឋាន ។ ចំណែក​ប្រតិបត្តិការ​ប្តូរ​ប្រាក់​ក្នុង​វិស័យ​ធនាគារ​វិញ ពលរដ្ឋ​ខ្មែរ​ច្រើន​តែ​ប្តូរ​ប្រាក់​យន់​មក​ចាយវាយ ពេល​មាន​តម្រូវការ​ទៅ​ប្រទេស​ចិន​ប៉ុណ្ណោះ ។

លោក​បណ្ឌិត ម៉ី កល្យាណ អ្នកវិភាគ​សេដ្ឋកិច្ច​កម្ពុជា មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​លុយ​យន់​មិនសូវ​ពេញ​និយម​ប្រើប្រាស់​ទូលំទូលាយ​ដូច​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ដោយសារ​ប្រាក់​ដុល្លារ​ជា​រូបិយប័ណ្ណ​អន្តរជាតិ​យូរ​មក​ហើយ មាន​គេ​ស្គាល់​ច្រើន និង​ទទួល​បាន​ទំនុកចិត្ត​ពី​អ្នក​ចាយ​ផង​ដែរ ។ ដោយឡែក ប្រាក់​យន់​វិញ វា​ហាក់​នៅ​ថ្មី​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ ។

លោក​បណ្ឌិត​បន្ថែម​ថា ៖« ធម្មតា លុយ​ណា​ដែល​គេ​ជឿ​ទុកចិត្ត គេ​ស្គាល់ គេ​ធ្លាប់​ប្រើ​ប្រាស់​​វា​តាំងពី​ដើម ដល់​អីចឹង​ទៅ​និយម​ប្រើប្រាស់​ដុល្លារ ដោយសារ​តែ​អា​មេ​រិ​ក​នៅ​តែ​ជា​មហាអំណាច គេ​ជឿ​លើ គេ​ទុកចិត្ត​ដុល្លារ​ជាង ហើយ​មួយទៀត របៀប​ទូទាត់ របៀប​ទំនាក់ទំនង​ក្នុង​ទីផ្សារ​លុយកាក់ ដុល្លារ​មាន​ទីផ្សារ​ធំ​ជាង » ។

លោក​បន្ត​ថា យ៉ាងណាមិញ ប្រាក់​យន់​ចិន​នឹង​ជ្រាប​ចូល​បន្តិច​ម្តង​ៗ ។ លោក​ថា បើ​ចង់ឱ្យ​ក្រដាសប្រាក់​យន់​របស់​ចិន​មាន​ប្រជាប្រិយភាព វា​ទាមទារ​ពេលវេលា​យូរ​បន្តិច ។
ប្រាក់​យន់ «CN¥» ឬ​ហៅ​ថា ក្រដាសប្រាក់​នៃ​ប្រជាជន​ប្រជាមានិត​ចិន បាន​ក្លាយជា​រូបិយប័ណ្ណ​អន្តរជាតិ ក្នុង​ចំណោម​រូបិយប័ណ្ណ​គោល​ធំ​ៗ​នៃ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ មាន​ដូច​ជា ប្រាក់​ដុល្លារ​អា​មេ​រិ​ក ប្រាក់​អឺ​រ៉ូ​របស់​អឺរ៉ុប ប្រាក់​ផោន​របស់​អង់គ្លេស និង​ប្រាក់​យ៉េន​របស់​ជប៉ុន ។

ការ​ចាត់​បញ្ចូល​ជា​ក្រដាសប្រាក់​គោល​អន្តរជាតិ​នេះ មាន​ន័យ​ថា ចាប់ពី​ពេល​នេះ​ទៅ គេ​អាច​ធ្វើការ​បោះពុម្ព​ពិសេស​នូវ​ក្រដាសប្រាក់​យន់​នេះ ដើម្បី​ផ្តល់​ជំនួយ ឬ​កម្ចី​ទៅ​ឲ្យ​ប្រទេស​​ណាមួយ ដែល​ផ្តល់​ឲ្យ​ដោយ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​។ បន្ថែម​ពី​នេះ​ទៀត ធនាគារ​ធំ​ៗ​ទាំងអស់​ត្រូវ​មាន​តម្កល់​សាច់ប្រាក់​យន់​នៅ​ក្នុង​រតនាគារ​របស់​ខ្លួន ។

ជុំវិញ​ការ​ប្រតិបត្តិការ​ប្រាក់​យន់​នៅ​កម្ពុជា លោក​បណ្ឌិត អុ​ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា បាន​ប្រាប់​កោះសន្តិភាព នៅ​ថ្ងៃ​ទី​១០ មក​រា ថា ការ​ប្រតិបត្តិការ​លុយ​យន់​នៅ​ធនាគារ​អេ​ស៊ី​លី​ដា មិនសូវ​មាន​ទេ ហើយ​ធនាគារ​អេ​ស៊ី​លី​ដា ក៏​មិន​មាន​សេវា​ផ្តល់​ឥណទាន​ជា​ប្រាក់​យន់​ដែរ ។

លោក​បញ្ជាក់​ដូចនេះ ដោយសារ​តែ​អតិថិជន​របស់​ធនាគារ​អេ​ស៊ី​លី​ដា គឺ​ភាគច្រើន​ជា​សហគ្រាស​ធុន​តូច និង​មធ្យម និង​កសិករ ដែល​ពួក​មិន​មាន​តម្រូវការ​ទូទាត់​ជា​ប្រាក់​យន់​ឡើយ ។

ចំពោះ​ការ​មិន​ពេញ​និយម​ក្នុង​ការ​ប្រើប្រាស់ លុយ​យន់​ដូច​លុយ​ដុ​លា្ល​រ លោក​បណ្ឌិត​យល់​ថា មក​ពី​លុយ​ដុល្លារ​បាន​ចរាចរ​នៅ​ប្រទេស​កម្ពុជា​តាំងពី​ទសវត្សរ៍​៩០ ដែល​បច្ចុប្បន្ន ការ​ទូទាត់​ប្រាក់​ដុល្លារ​មាន​ប្រមាណ​៩០% ពោល​គឺ​ប្រាក់​ដុល្លារ​មាន​ស្រាប់​នៅ​ក្នុង​ទីផ្សារ​កម្ពុជា ហើយ​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ចូល​ចិត្ត​ប្រើប្រាស់​អ្វី​ដែល​មាន​ស្រាប់ ។
លោក​បណ្ឌិត​បន្ត​ថា ៖« តាម​ធម្មតា អ្នក​ប្រើប្រាស់ បើ​អាណា​ប្រើ​ស្រួល គាត់​ប្រើ​អាហ្នឹង អាណា​ដែល​មាន​ស្រាប់ អីចឹង ប្រាក់​ដុ​លា្ល​រ​វា​មាន​ស្រាប់​ហើយ ហើយ​លុយ​យន់​ជា​រឿង​មួយ ដែល​អ្នក​នាំ​ចេញ និង​នាំ​ចូល​ត្រូវ​បង្កើត​សកម្មភាព​សេដ្ឋកិច្ច​ដើម្បី​គាំទ្រ​ផ្នែក​នេះ »។

ប្រទេស​កម្ពុជា និង​ចិន​មាន​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​យ៉ាង​ជិត​ស្និទ្ធ ទាំង​ថ្នាក់​រដ្ឋាភិបាល ស្ថាប័ន និង​ប្រជាពលរដ្ឋ លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច វប្ប​ធម៌ និង​សង្គមកិច្ច ។ ការ​ប្រើប្រាស់​ប្រាក់​យន់​ចិន​អាច​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​កម្ពុជា ដូច​ជា ការ​ទាក់ទាញ​វិនិយោគិន និង​ភ្ញៀវ​ទេសចរ​ចិន​បន្ថែម​ទៀត​។ ចាប់តាំងពី​ឆ្នាំ​២០១០​មក ប្រទេស​ចិន​ជា​ម្ចាស់​ជំនួយ​របស់​កម្ពុជា នៅ​លំដាប់​លេខ​១ និង​ការ​ផ្ដល់​កម្ចី​សម្បទាន ហើយ​ជំនួយ​ទាំងនេះ ត្រូវ​បាន​ប្រើប្រាស់​ភាគច្រើន​ក្នុង​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ និង​វិស័យ​ការពារ​ជាតិ ក្នុង​គោលដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច កាត់​បន្ថយ​ភាព​ក្រីក្រ និង​ពង្រឹង​សន្ដិសុខ​ជាតិ ។

ថ្លែង​ក្នុង​សន្និសីទ​ស្ដី​ពី «​ការ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​យន់​ចិន និង​ប្រាក់​រៀល​នៅ​ក្នុង​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ទ្វេភាគី​» កាលពី​ខែតុលា ឆ្នាំ​២០១៧ លោក​ជំទាវ ជា សេរី បាន​មាន​ប្រសាសន៍​ថា ធនាគារជាតិ​បាន​រៀបចំ​យុទ្ធសាស្ត្រ​បង្កើន​ការ​ប្រើប្រាស់​ប្រាក់​យន់ របស់​ចិន​ឲ្យ​កាន់តែ​ច្រើន និង​ទូលំទូលាយ​ជាង​មុន​។ លោក​ជំទាវ​អះអាង​ថា ការ​ទូទាត់​ប្រាក់​យន់ ក៏​អាច​ជួយ​ឱ្យ​មាន​កំណើន​នៃ​ប្រើប្រាស់​ប្រាក់​រៀល​ផង​ដែរ ។
លោក​បណ្ឌិត អ៊ិ​ន ចាន់​នី គាំទ្រ​ចំពោះ​ការ​ជំរុញ​ឱ្យ​ប្រើប្រាស់​ប្រាក់​យន់​នៅ​កម្ពុជា ។

លោក​បាន​អះអាង​ថា ប្រាក់​យន់​នឹង​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​លូតលាស់​ប្រសើរ​ជាង​មុន តាម​រយៈ​កំណើន​នៃ​ការ​នាំ​ចេញ ក៏​ដូច​ជា​ការ​ធ្វើ​ឱ្យ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ចិន​កាន់តែ​ល្អ​ផង​ដែរ ។

ទាក់ទិន​នឹង​ករណី​នេះ លោក​បណ្ឌិត ម៉ី កល្យាណ ពន្យល់​ថា រវាង​ការ​ប្រើប្រាស់​ប្រាក់​យន់​ចិន និង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ពិបាក​ក្នុង​ការ​ចាត់​ទុក​ថា មួយ​ណា​មាន​ប្រយោជន៍​ជាង​មួយ​ណា វា​អាស្រ័យ​ទៅ​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម ។

អ្នកវិភាគ​សេដ្ឋកិច្ច​រូប​នេះ​បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា ៖« ប្រសិនបើ​យើង​មានការ​រកស៊ី​ជា​មួយ​អា​មេ​រិ​ក​កាំ​ង​ច្រើន ជាមួយ​បរទេស​ច្រើន​អាហ្នឹង​ក៏​ជំរុញ​ការ​ប្រើប្រាស់​ដុ​លា្ល​រ​ទៅ ក៏​ប៉ុន្តែ​បើ​រកស៊ី​ជាមួយ​ចិន​ច្រើន ប្រើប្រាស់​យន់​ទៅ វា​អាស្រ័យ​ទៅ​លើ​ការ​ធ្វើ​ជំនួញ​ជាមួយ​ប្រទេស​ផ្សេង​ៗ » ។

លោក ហូ វ​ណ្ឌី អគ្គលេខាធិការ​នៃ​សម្ព័ន្ធ​ទេសចរណ៍​កម្ពុជា មាន​ប្រសាសន៍​ថា ៖« កម្ពុជា​បើកចំហ​ការ​ទូទាត់​រូបិយប័ណ្ណ​ផ្សេង​ៗ​នៅ​លើ​ទីផ្សារ​កម្ពុជា ស្រប​ទៅ​តាម​គោល​នយោ​បាយ​របស់​រាជរដ្ឋាភិបាល ។ អីចឹង យើង​ឃើញ​ការ​ចរាចរ​រូបិយប័ណ្ណ​នៅ​កម្ពុជា​មាន​លក្ខណៈ​ទូលំទូលាយ » ។

លោក​បន្ត​ថា កម្ពុជា​សម្រួលការ​ទូទាត់​ប្រាក់​យន់ ក្នុង​នោះ​វា​មិន​ត្រឹមតែ​ជួយ​សម្រួល​រូបិយប័ណ្ណ​របស់​ចិន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ពង្រឹង​ទំនាក់ទំនង​ការទូត និង​សម្រួល​ឯកសារ​ផ្សេង​ៗ​របស់​រាជរដ្ឋាភិបាល​បាន​ច្រើន​ទៅ​ដល់​ភ្ញៀវ​ទេសចរ​ចិន​ចូល​មក​កម្ពុជា ឈរ​នៅ​លំដាប់ថ្នាក់​ទី​១ ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​បរទេស ។ ជាង​នេះ ធ្វើ​ឲ្យ​ការ​ហោះ​ហើរ​ត្រង់​ពី​គោលដៅ​ក្នុងស្រុក​ចិន​ចូល​មក​កម្ពុជា​ច្រើន​បន្ថែម​ទៀត ។

តាម​មន្ត្រីជាន់ខ្ពស់​របស់​ធនាគារជាតិ​ដែល​បាន​លើក​ឡើង​កន្លង​មក ការ​រីក​ចម្រើន​នៃ​វិស័យសេដ្ឋកិច្ច​របស់​កម្ពុជា ក៏​មានការ​ចូលរួម​ពី​ប្រទេស​ចិន តាម​រយៈ​ការ​ទំនាក់ទំនង​រវាង​សេដ្ឋកិច្ច​ចិន និង​កម្ពុជា ទាំង​វិស័យ​ផ្លូវការ និង​វិស័យ​ឯកជន ។ ចំពោះ​វិស័យ​ពាណិជ្ជកម្ម ប្រទេស​ចិន​ជា​ដៃគូ​នាំ​ទំនិញ​ចូល​មក​កម្ពុជា លំដាប់​ទី​១ ចាប់ពី​ឆ្នាំ​១៩៩៨​មក​ម្ល៉េះ ហើយ​ក្នុង​កំឡុង​ឆ្នាំ​២០០៤-២០១៦ ការ​នាំ​ចូល​ទំនិញ​ពី​ចិន​មក​កម្ពុជា មាន​ទំហំ​២៣,៤​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក គិត​ជា​មធ្យម​ប្រមាណ​២៩,៥% នៃ​ការ​នាំ​ចូល​សរុប ។

ចំណែក​ការ​វិនិយោគ​វិញ ចិន​នាំមុខ​គេ ដែល​បាន​មក​វិនិយោគ​នៅ​កម្ពុជា ដែល​មាន​ទឹកប្រាក់​វិនិយោគ​សរុប​កើនឡើង​ដល់​៥,២​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក (២៩,៥% នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​សរុប​) គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០១៧​។ ការ​វិនិយោគ​ផ្ទាល់​បរទេស​ពី​ចិន ផ្ដោត​លើ​វិស័យ​ចម្បង​ៗ​ដូច​ជា វា​រី​អគ្គិសនី (៣៧,៦% នៃ​ការ​វិនិយោគ​សរុប​), កាត់ដេរ​២៣%, កសិកម្ម​១០,៤% និង​វិស័យ​ធនាគារ​៥,៦% ។ សម្រាប់​វិស័យ​ទេសចរណ៍ កំណើន​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ចិន​បាន​កើន​ឡើងជា​លំដាប់​ឈរ​នៅ​លំដាប់​លេខ​១ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។

គួរ​បញ្ជាក់​ថា គិត​ចុងឆ្នាំ​២០១៧ ធនាគារ​ចិន​ចំនួន​២ មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា គឺ​ធនាគារ ICBC និង​ធនាគារ​ចិន​សាខា​ភ្នំពេញ​។ ក្រៅពី​នេះ ក៏​មាន​ធនាគារ​ចំនួន​១៧​ផ្សេង​ទៀត កំពុង​ប្រតិបត្តិការ​ជា​ប្រាក់​យន់ ដោយ​ភាគច្រើន​ប្រើប្រាស់​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ខ្មែរ​-​ចិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ