ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋវិទូ ៖ ការ​សម្រេច​បាន កំណើនសេដ្ឋកិច្ច​6,9% ជា រឿង​គួរ​ឱ្យ​អបអរសាទរ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេដ្ឋវិទូ​នានា​បាន​លើក​ឡើង​ថា ការ​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​៦,៩%​កាលពី​ឆ្នាំ​២០១៧ ជា​រឿង​គួរ​ឲ្យ​អបអរសាទរ ដែល​មាន​ភាព​សម​ស្រប និង​ត្រូវ​ខិតខំ​បន្ត​ទៀត ។ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ លោក​បណ្ឌិត…

រាជធានី​ភ្នំពេញ ៖ សេដ្ឋវិទូ​នានា​បាន​លើក​ឡើង​ថា ការ​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​៦,៩%​កាលពី​ឆ្នាំ​២០១៧ ជា​រឿង​គួរ​ឲ្យ​អបអរសាទរ ដែល​មាន​ភាព​សម​ស្រប និង​ត្រូវ​ខិតខំ​បន្ត​ទៀត ។

ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ លោក​បណ្ឌិត ម៉ី កល្យាណ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​៨ មក​រា ថា ការ​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់​៧%​បែប​នេះ ជា​រឿង​ល្អ​ប្រសើរ​ណាស់ ដែល​គួរ​ស្រែក «​ជយោ ! ជយោ ! » ព្រោះ​ការ​សម្រេច​បាន​នេះ ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង​ទាំងអស់​គ្នា ធ្វើ​ឲ្យ​ប្រទេស​យើង​មាន​ភាព​រីក​ចម្រើន​បន្តិច​ម្តង​ៗ ប៉ុន្តែ​លោក​គិត​ថា កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​អាច​ថមថយ​នៅ​៥​ទៅ​១០​ឆ្នាំ​ខាង​មុខ ដោយសារ​មូលដ្ឋាន​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​រីក​ធំ ។

លោក​បន្ត​ថា ៖« ការ​ថមថយ​កំណើនសេដ្ឋកិច្ច​ជា​រឿង​ធម្មតា ព្រោះ​មូលដ្ឋាន​សេដ្ឋកិច្ច​យើង​កាន់តែ​ធំ ប៉ុន្តែ​បើ​យើង​ខិតខំ​ហើយ​សម្រេច​បាន​ក្នុង​រង្វង់​៧%​បន្ត​ទៀត ជា​រឿង​ល្អ​មែនទែន​»​។ លោក​បន្ត​ថា ៖« វា​ប្រៀប​ដូច​ជា​យើង​ឡើង​កាំជណ្តើរ​អីចឹង គឺ​១​ជំហាន​ម្តង​ៗ និង​កាន់តែ​ខ្ពស់​ទៅ​ៗ » ។

តើ​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា សម្រេច​បាន​កំណើន​ខ្ពស់​បន្ត​ទៀត ? លោក​បណ្ឌិត​បាន​ពន្យល់​ថា កម្ពុជា​ត្រូវ​តែ​ធ្វើ​ពិពិធ​កម្ម​លើ​វិស័យ​កសិកម្ម សេវាកម្ម និង​ឧស្សាហកម្ម​បន្ថែម​ទៀត ជាមួយ​ទស្សនវិស័យ​ច្បាស់លាស់​ថា យើង​កំពុង​នៅ​ទីណា និង​ត្រូវ​ដើរទៅ​ទីណា​។

ចំណែក​លោក​បណ្ឌិត ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែង​ថា ប្រសិនជា​គិត​ក្នុង​ក្របខ័ណ្ឌ​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា ការ​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​រង្វង់​៦,៩%​ជា​រឿង​ល្អ ដែល​អាច​ឲ្យ​កម្ពុជា​ឈោង​យក​កំណើនសេដ្ឋ​កិច្ច​បាន​ល្អ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត ហើយ​ប្រសិនជា​កម្ពុជា​រក្សា​បាន​នូវ​សន្តិភាព និង​ស្ថិរភាព​នយោបាយ សេដ្ឋកិច្ច​កម្ពុជា​នឹង​រក្សា​បាន​កំណើន​ក្នុង​រង្វង់​៧% ឬ​អាច​ខ្ពស់​ជាង​នេះ​ទៀត ដោយសារ​កំណើន​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ពិសេស​ពី​ប្រទេស​ចិន ប្រទេស​សមាជិក​អាស៊ាន និង​អឺរ៉ុប​ជាដើម ។

លោក​បណ្ឌិត​បន្ត​ថា ៖« ខ្ញុំ​នៅ​តែ​មើលឃើញ​ថា អ្នក​វិនិយោគ​ចិន​កាន់តែ​ច្រើន​នៅ​បន្ត​ចូល​មក​កម្ពុជា ហើយ​អ្នក​វិនិយោគ​ដទៃ​ទៀត​ក៏​បាន​ចូល​មក ដោយ​មិនឃើញ​សញ្ញា​ថមថយ​ដែរ ។ នេះ​សុទ្ធតែ​ជា​សញ្ញា​ល្អ ដែល​អាច​ឲ្យ​រាជរដ្ឋាភិបាល​ប្រមូល​ចំណូល​បាន​កាន់តែ​ច្រើន​ដើម្បី​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន » ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​ក្នុង​ទិវា​អបអរ​ជ័យ​ជំនះ​៧ មក​រា លើក​ទី​៣៩ ថា សេដ្ឋកិច្ច​កម្ពុជា​កាលពី​ឆ្នាំ​មុន​សម្រេច​បាន​កំណើន​៦,៩% និង​ប្រាក់​ចំណូល​ប្រជាពលរដ្ឋ​ម្នាក់​ៗ​ទទួល​បាន​១.៤៣៥​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ឆ្នាំ ។

សម្តេច​ថ្លែង​ថា ៖« ការ​រក្សា​បាន​នូវ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​សន្តិសុខ​ដ៏​រឹង​មាំ បាន​ធានា​ឲ្យ​កម្ពុជា​សម្រេច​បាន​សមិទ្ធផល​ធំ​ៗ​ជា​ថ្មី​ទៀត ក្នុង​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម និង​កែ​លម្អ​ជីវភាព​រស់នៅ​របស់​ប្រជាជន » ។

សម្តេច​បាន​បន្ត​ថា កំណើនសេដ្ឋកិច្ច​ដ៏​រឹង​មាំ​នេះ ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ការ​រីក​ចម្រើន​នៃ​វិស័យ​ឧស្សាហកម្ម​កម្មន្តសាល សំណង់ កសិកម្ម និង​សេវាកម្ម ដូច​ជា ទេស​ចរណ៍ និង​អចលនទ្រព្យ​ជាដើម ។ ជាមួយ​គ្នា​នេះ កម្ពុជា​បាន​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋ​កិច្ច ពី​ប្រទេស​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម ទៅ​ជា​ប្រទេស​ដែល​ពឹងផ្អែក​លើ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ