ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NBC​ គ្រោង​ដាក់​ដំណើរការ​សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយ​វត្ថុ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយ​វត្ថុ ព្រះ​ស្រី​ឦសាន​វរ្ម័ន មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​លេខ​១០៦ សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដែល​ជា​គំនិត​ផ្ដួចផ្ដើម​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយ​វត្ថុ ព្រះ​ស្រី​ឦសាន​វរ្ម័ន មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​លេខ​១០៦ សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដែល​ជា​គំនិត​ផ្ដួចផ្ដើម​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេ​ជោ ហ៊ុន សែន ដើម្បី​ឲ្យ​ធនាគារជាតិ​នៃ​កម្ពុជា​(NBC)​ស្ថាបនា​ឡើង ពេល​នេះ​បើ​តាម​ការ​លើក​ឡើង​ពី​មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា បាន​អះអាង​ថា គ្រោង​នឹង​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​ដើមឆ្នាំ​២០១៨​នេះ ។

ការ​បង្កើត​សារមន្ទីរ​នេះ​ឡើង ក្នុង​គោលបំណង​បង្ហាញ​ពី​ប្រវត្តិ​នៃ​ការ​រីក​ចម្រើន​នៃ​ប្រព័ន្ធ ធនាគារ​និង​ហិរញ្ញវត្ថុ និង​ការ​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​ចាប់តាំងពី​សម័យ​ហ្វូ​ណ​ន រហូត​មក​ដល់​បច្ចុប្បន្ន និង​ឲ្យ​យុវជន​ជំនាន់​ក្រោយ​បាន​ឈ្វេងយល់​ពី​វដ្ដ​នៃ​សេដ្ឋកិច្ច ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ក៏​ដូច​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផង​ដែរ ។

លោក ជា ចាន់​តូ ទេសាភិបាល​ធន​គារ​ជាតិ នៃ​កម្ពុជា បាន​មាន​ប្រសាសន៍​ក្នុង​ឱកាស​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៨ កាលពី​ថ្ងៃ​ទី​៤ មក​រា ម្សិលមិញ​ថា សារមន្ទីរ​សេដ្ឋកិច្ច​និង​រូបិយ​វត្ថុ របស់​ធនាគារជាតិ​នៃ​កម្ពុជា នឹង​ត្រូវ​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ​នា​ដើមឆ្នាំ​២០១៨​នេះ ។

លោក​បញ្ជាក់​ថា ៖« សារមន្ទីរ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​បង្ហាញ​ពី​ប្រវត្តិ​នៃ​ការ​រីក​ចម្រើន​ប្រព័ន្ធ​ធនាគារ​និង​ហិរញ្ញវត្ថុ ព្រមទាំង​តួនាទី​ធនាគារកណ្តាល និង​រូបិយ​វត្ថុ ក្នុង​ការ​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម នៅ​កម្ពុជា ចាប់តាំងពី​សម័យ​ហ្វូ​ណ​ន​រហូត​ដល់​បច្ចុប្បន្ន »​។

លោក ជា ចាន់​តូ លើក​ឡើង​ថា សារមន្ទីរ​នេះ​ហៅ​កាត់​ថា​(​ស​.​ស​.​រ​)​ដែល​មានឈ្មោះ​ពេញ​ថា សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយ​វត្ថុ ព្រះ​ស្រី​ឦសាន​វរ្ម័ន ត្រូវ​បាន​សាងសង់​តាម​ការ​ណែ​នាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០០៩ ក្នុង​ឱកាស​ប្រារព្ធ​ខួប​អនុស្សាវ​រីយ៍​លើក​ទី​៣០​នៃ​ការ​បង្កើត​ធនាគារជាតិ​នៃ​កម្ពុជា​ឡើង​វិញ ។

អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ កម្ពុជា​លោក​ជំទាវ ជា សិរី ធ្លាប់​មាន​ប្រសាសន៍​​ថា ៖« សារមន្ទីរ​នេះ​មា​នទី​តាំងនៅ​ទល់មុខ​ផ្សារ​ចាស់ ស្ថាបនា​ឡើង​ក្នុង​គំនិត​ឲ្យ​សាធារណជន ពិសេស​យុវជន​ជំនាន់​ក្រោយ​បាន​យល់ និង​បានដឹង​ពីសារ​សំខាន់​នៃ​រូបិយ​វត្ថុ ឱ្យ​គាត់​យល់​ពី​វដ្ត​សេដ្ឋកិច្ច ដើម្បី​គាត់​ងាយ​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ប្រទេស​ជាតិ »​។

លោក​ជំទាវ​បន្ត​ថា ៖« សារមន្ទីរ​នេះ​ចូលរួម​ចំណែក​ជួយ​ពង្រឹង​ចំណេះដឹង​ដល់​ក្មេង​ជំនាន់​​ក្រោយ អ្នកទេសចរ ក៏​ដូច​ជា​អ្នក​ផ្សេង​ឱ្យ​យល់​កាន់តែ​ច្បាស់ ពីព្រោះ​អ្នក​មក​ទស្សនា​កម្ពុជា​យើង​ភាគច្រើន គាត់​មើលឃើញ​តែ​ប្រាសាទអង្គរវត្ត ប៉ុន្តែ​គាត់​មិន​ទាន់​យល់​ពី​វិវត្តន៍​នៃ​សេដ្ឋកិច្ច និង​កា​រវិ​វត្ត​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​យើង​ទេ ។ តួយ៉ាង កន្លង​មក​មានការ​ពន្យល់​ថា រូប​នេះ​សង់​នៅ​សតវត្សរ៍​នេះ ដោយ​ស្តេច​អង្គ​នេះ ឬ​អង្គ​នោះ​ជាដើម ប៉ុន្តែ​អ្វី​ដែល​ធនាគារជាតិ​ធ្វើ គឺ​យើង​រៀបរាប់​ដំណើរ​ដើមទង​ទាំងអស់ ពី​ការ​គ្រប់គ្រង​ពី​សម័យកាល​មួយ​ទៅ​សម័យកាល​មួយ នោះ​វា វិវត្តន៍​យ៉ាងដូចម្តេច ហើយ​យើង​និយាយ​តាម​រយៈ​ទិដ្ឋភាព​រូបិយ​វត្ថុ ទិដ្ឋភាព​សេដ្ឋកិច្ច »​។

បើ​តាម​លោក​ជំទាវ សារមន្ទីរ​នេះ​មានការ​ចាប់អារម្មណ៍​ខ្លាំង​យ៉ាង​ខ្លាំង ពិសេស​គឺ​មាន​ហ្គេ​ម​ផ្ដល់​ចំណេះដឹង​សម្រាប់​ឱ្យ​ក្មេង​លេង បាន​យល់​អំពី​រូបិយ​វត្ថុ ឱ្យ​ក្មេង​យល់​វ​ដ្ឋ​សេដ្ឋកិច្ច​របស់​កម្ពុជា ។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ដែរ​ថា ការ​បង្កើត​សារមន្ទីរ​នេះ វា​បាន​ចែករំលែក​ចំណេះ​ដឹង​ទៅ​ដល់​សិស្ស​និស្សិត ដែល​គាត់​រៀនសូត្រ​នៅ​លើ​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ និង​អាច​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​មក​ទស្សនា​រូបិយ​វត្ថុ​របស់​ខ្មែរ និង​មាន​បង្កើត​ឱ្យ​មាន​កន្លែង​លក់​ជា​កាក់​បុរាណ ឬ​ក្រដាសប្រាក់​ដែល​បាន​បោះពុម្ព​នៅ​ទសវត្សរ៍​មុន​ៗ ដែល​យើង​មិន​បាន​ចាយវាយ​នោះ​លក់ បានជា​ចំណូល​រួម​ក្នុង​កំណើនសេដ្ឋកិច្ច​មួយ​ចំណែក​ដែរ​ជា​ជាង​យក​ទៅ​ដុត​ចោល ។

លោក​បណ្ឌិត​បន្ត​ថា ៖« ខ្ញុំ​រំពឹង​ថា នៅ​ពេល​សារមន្ទីរ​នេះ​ដាក់​ឱ្យ​ដំណើរការ​ថ្មី​ៗ ប្រាកដ​ថា​នឹង​មាន​អ្នក​ចូល​ទស្សនា​ច្រើន ប៉ុន្តែ​នៅ​ក្នុង​រយៈ​យូរ​បន្តិច​ទៅ នឹង​មានការ​ថមថយ​ចំនួន​ភ្ញៀវ​ចូល​ទស្សនា ព្រោះ​សិស្ស​និស្សិត​ខ្មែរ​មួយ​ចំនួន​មិន​ចង់​សិក្សា​ស្វែង​យល់ បាន​ទៅ​តែ​ម្តង​ហើយ គាត់​លែង​ចង់ទៅ​ទស្សនា​ម្តងទៀត​ហើយ »​។

លោក​បណ្ឌិត​បន្ត​ថា ៖« ការ​បង្កើត​សារមន្ទីរ​នេះ ខ្ញុំ​យល់​ស្រប​ថា​វា​មាន​សារ​ប្រយោជន៍​ច្រើន​សម្រាប់​សង្គម​ជាតិ តែ​ត្រូវ​រក​វិធី​ជំរុញ​ឱ្យ​សិស្ស​និស្សិត​ប្តូរ​ឥរិយា​បទ បែរ​ងាក​ទៅ​រក​ការ​រៀនសូត្រ ធ្វើការ​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​រូបិយ​វត្ថុ​របស់​ខ្មែរ ដោយសារ​មន្ទីរ​អាច​បង្កើត​​ប្រវត្តិ​សេដ្ឋកិច្ច​របស់​កម្ពុជា សរសេរ​ឬ​ផលិត ជា​ខ្សែភាពយន្ត​ពី​ប្រវត្តិ​នៃ​ការ​ចាយ​វាយ​រូបិយ​វត្ថុ​។ មាន​ន័យ​ថា នៅ​ក្នុង​សារមន្ទីរ មាន​ប្លុក​អាច​ឈរ​មើល​ពី​ការ​រៀបរាប់​ថា សម័យ​ហ្វូ​ណ​ន មាន​កាក់​អ្វីខ្លះ និង​មានការ​ជួញដូរ​ជាមួយ​អ្នក​ណាខ្លះ តាម​រយៈ​គំនូរ​ជីវ​ចល ។ នេះ​ជា​ការ​ទាក់ទាញ​មួយ​ល្អ នឹង​អាច​រក​ចំណូល​បាន​ពី​ការ​ចូល​ទស្សនា »​។

បន្ថែម​លើស​ពី​នេះ លោក​បណ្ឌិត​ថា គួរ​មានការ​រ​សរសេរ​អំពី​ផលិតកម្ម​កម្ពុជា មាន​ផលិតកម្ម​អី្វ​ខ្លះ​រាប់​តាំងពី​សម័យ​ហ្វូ​ន​ណ​ន ,​ចេ​ន​ឡា​, សម័យ​មុន ឬ​ក្រោយ​អង្គរ ថា​តើ​របត់​ផលិតកម្ម​កម្ពុជា ប្តូរ​ពី​ផលិតកម្ម​លក្ខណៈ​គ្រួសារ ឬ​ប្រភេទ​សិប្បកម្ម​រហូត​មក​ដល់​បច្ចុប្បន្ន ដើម្បី​បង្ហាញ​ពី​ការ​លូតលាស់​ពី​វិស័យ​ឧស្សាហកម្ម និង​ផលិតកម្ម ។

ជាមួយ​គ្នា​នេះ លោក​បណ្ឌិត​ក៏​ស្នើ​ឱ្យ​ធនាគារជាតិ​នៃ​កម្ពុជា ក៏​ដូច​ជា​រាជរដ្ឋាភិបាល​យកចិត្តទុកដាក់​ជំរុញ​បង្កើត​ឱ្យ​មាន​សារមន្ទីរ ដើម្បី​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ