ខេត្តបន្ទាយមានជ័យ ៖ រោងម៉ាស៊ីនកែច្នៃស្រូវអង្ករកម្ពុជា-កូរ៉េ ស្ថិតនៅភូមិទេពកោសារ ឃុំរហាល ស្រុកព្រះនេត្រព្រះ ជាជំនួយឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ លើគម្រោងទឹកប្រាក់ប្រមាណជា២លានដុល្លារអាមេរិក ត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី២២ វិច្ឆិកា ២០១២ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងមានការអញ្ជើញចូលរួមពីឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ និងប្រតិភូអមដំណើរ លោកអ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងអស់លោកជាប្រធាន អនុប្រធាន មន្ទីរស្ថាប័នជុំវិញខេត្ត ប្រជាពលរដ្ឋ សិស្សានុសិស្សយ៉ាងច្រើនកុះករ ។
លោកអ៊ុង អឿន បានមានប្រសាសន៍លើកឡើងពីវិស័យកសិកម្មក្នុងខេត្តតាមផែនការរបស់ក្រសួងកសិកម្ម បានដាក់ឱ្យខេត្តធ្វើស្រែចំនួន២២០.០០០ហិកតា ជាក់ស្តែងខេត្តធ្វើស្រែបានចំនួន២៣១.១១៤ហិកតា លើផែនការស្មើនឹង១០៥% ។ ផលស្រូវវស្សាដែលកំពុងប្រមូលបានមានចំនួន៧៤.១០៨តោន ស្មើនឹង១២,៦៦% លើផ្ទៃដី២៧.៧៩៤ហិកតា ។ ដំណាំកសិឧស្សាហកម្មខេត្តមាន ដំឡូងមីចំនួន៤២.០០០ហិកតា ពោតចំនួន៥.០០០ហិកតា កៅស៊ូជិត៤០០ហិកតា ហើយក្រៅពីនោះមានសណ្តែក និងល្ង ។ល។
ចំពោះទិន្នផលស្រូវឆ្នាំ២០១២-២០១៣ នេះ ខេត្តសន្និដ្ឋានថា ការប្រមូលផលបានប្រហែលពី៦០០.០០០តោនទៅ៦៣០.០០០តោន ទុកពូជ និងទុកហូបចុក ខេត្តអាចសល់ស្រូវប្រហែល៤០០.០០០តោន ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ