ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ ​៖ ​វិស័យ​ទេសចរណ៍​កម្ពុជាកាន់តែ​បង្ហាញ​ពី​ភាព រឹង​មាំ​បន្ថែម​ទៀត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ទុន​វិនិយោគ​វិស័យ​ទេសចរណ៍​មាន​រហូត​ដល់​៣,១​ពាន់​លាន​ដុល្លារ ដែល​ត្រូវ​បាន​អ្នកជំនាញ និង​អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​កម្ពុជា​មើលឃើញ​ថា វា​កាន់តែ​បង្ហាញ​ពី​ភាពរឹងមាំ​បន្ថែម​ទៀត​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន ក៏​ដូច​ជា​អនាគត ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ទុន​វិនិយោគ​វិស័យ​ទេសចរណ៍​មាន​រហូត​ដល់​៣,១​ពាន់​លាន​ដុល្លារ ដែល​ត្រូវ​បាន​អ្នកជំនាញ និង​អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​កម្ពុជា​មើលឃើញ​ថា វា​កាន់តែ​បង្ហាញ​ពី​ភាពរឹងមាំ​បន្ថែម​ទៀត​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន ក៏​ដូច​ជា​អនាគត ។

អគ្គលេខាធិការ​នៃ​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា បានឱ្យ​ដឹង​ថា ទុន​វិនិយោគ​ក្នុង​រយៈ​ពេល​១១​ខែ​ឆ្នាំ​កន្លង​ទៅ​នេះ ភាគច្រើន​វិនិយោគ​ទៅ​លើ​អគារ​សម្រាប់​ស្នាក់​នៅ សណ្ឋា​គារ តំបន់​កម្សាន្ត រួម​នឹង​ព្រ​លាន​យន្ត ដែល​បម្រើ​ដល់​វិស័យ​ទេសចរណ៍ ។ ទុន​វិនិយោគ​នេះ វា​ក៏​បង្ហាញ​ពី​ភាព​ខ្លាំង ក៏​ដូច​ភាព​រីក​ចម្រើន​របស់​វិស័យ​ទេសចរណ៍ បន្ទាប់​ពី​កម្ពុជា​បើកចំហរ​ជើងមេឃ​កាលពី​ឆ្នាំ​១៩៩៩​មក ។

លោក ហូ វ​ណ្ឌី អគ្គលេខាធិការ​នៃ​សម្ព័ន្ធ ទេសចរណ៍​ជាតិ​កម្ពុជា​មាន​ប្រសាសន៍​ថា ៖«ទុន​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​ដែល​កម្ពុជា​ទទួល​បាន វា​បាន​បង្ហាញ​ពី​ភាព​ខ្លាំង​មួយទៀត បន្ទាប់​ពី​វិស័យ​ផ្សេង​ៗ​ដែល​កម្ពុជា​មាន​បច្ចុប្បន្ន​។ ទន្ទឹម​នឹង​នេះ រាជ​រដ្ឋា​ភិបាល​ក្តី ក៏​ដូច​ជា​ក្រសួង​ជំនាញ​ក្តី​ថា វិស័យ​ទេសចរណ៍​ជា​វិស័យ​មួយ​លេចធ្លោ​ជាង​វិស័យ​ផ្សេង​ៗ »​។

បើ​តាម​លោក ហូ​វ​ណ្ឌី ថា ៖« ចាប់តាំងពី​ឆ្នាំ​១៩៩៩​មក វិស័យ​ទេសចរណ៍​កម្ពុជា មាន​ភាព​លេចធ្លោ​ជា​បន្តបន្ទាប់ តាម​រយៈ​ការ​ពង្រឹង​ការ​អភិបាលកិច្ច​របស់​ក្រសួង មន្ទីរ​ជំនាញ រួម​នឹង​វិស័យ​ឯកជន បាន​ចូលរួម​យ៉ាង​សកម្ម ។ លើស​ពី​នេះ គោលនយោបាយ ជា​ពិសេស​ច្បាប់​ក្នុងស្រុក មាន​ភាព​ប្រទាក់ក្រឡា​គ្នា​នៅ​ក្នុង​តំបន់ និង​ច្បាប់​អន្តរជាតិ​ដែល​កត្តា​ទាំងនេះ វា​ជា​ចំណុច​ល្អ​របស់​កម្ពុជា »​។

អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យសភាកម្ពុជា​មើលឃើញ​ថា ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​ទស្សនា​នៅ​កម្ពុជា​ច្រើន​ជាងគេ​នា​សព្វ​ថ្ងៃនេះ គឺ​ភ្ញៀវ​ទេចរ​ចិន មក​ទស្សនា​ផង និង​វិនិយោគ​ក្នុង​វិស័យ​នេះ​ផង ជា​ហេតុ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ដើរទៅ​មុខ​កាន់តែ​ខ្លាំង​បន្ថែម​ទៀត ។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យសភាកម្ពុជា​មាន​ប្រសាសន៍​ថា ៖« កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ច្រើន​ជាងគេ​ភ្ញៀវ​ទេសចរ​ចិន​។ ភ្ញៀវ​ទេសចរ​ចិន គាត់​ទស្សនា​ផង​និង​បាន​ទម្លាក់​កញ្ចប់​លុយ​វិនិយោគ​លើ​វិស័យ​នេះ​ផង »​។

លោក​បណ្ឌិត​បន្ត​ថា ៖«​ភ្ញៀវ​ទេសចរ​ចិន ហូរ​មក​ផ្ទាល់​នេះ គឺ​បាន​ជួយ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ដើរ​បាន​ខ្លាំង បាន​ន័យ​ថា ទេសចរ​មក​តាម​យន្តហោះ ហើយ​ស្នាក់​នៅ​យ៉ាងតិច​ពី​៣​ទៅ​៥​ថ្ងៃនេះ បាន​រួមចំណែក​ក្នុង​កំណើនសេដ្ឋកិច្ច​កម្ពុជា​បាន​ច្រើន ព្រោះ​ការ​ចំណាយ​របស់​ភ្ញៀវ​ទេសចរ​ម្នាក់​ក្នុង​មួយ​ថ្ងៃ​អស់ប្រាក់​ប្រហែល​១០០​ដុល្លារ »​។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ បញ្ជាក់​ថា ៖« វិស័យ​ទេសចរណ៍ ជា​វិស័យ​សក្តានុពល​ជាង​គេ ដោយសារ​យើង​មាន​សក្តានុពល​ទៅ​ផ្នែក​វប្បធម៌​, ធនធានធម្មជាតិ និង​សក្តានុ​ពល​នៅ​តំបន់​សមុទ្រ ។ អីចឹង​សក្តានុពល​ទាំងនេះ ជា​អំណោយផល​ធម្មជាតិ​សុទ្ធ​សាទ ដោយ​​គ្រាន់តែ​ការ​គ្រប់​គ្រង់​របស់​កម្ពុជា​នៅ​មាន​កម្រិត ដូច្នេះ​បើសិន​ការ​រៀបចំ​គោល​នយោបាយ និង​គ្រប់គ្រង​ទេសចរណ៍​បាន​ប្រសើរ នោះ​វិស័យ​ទេសចរណ៍​នឹង​ដើរ​ជា​តួនាទី​ស្នូល​សម្រាប់​សេដ្ឋកិច្ចជាតិ » ។

លោក​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី ២៣ វិ​ច្ចិ​កា កន្លង​ទៅ​ថា គិត​ត្រឹម​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៧​កន្លង​មក កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ចំនួន​៣.៩១២.៧៦១​នាក់ ក្នុង​កំណើន​១១,៥% ដោយ​បាន​នាំ​មក​នូវ​ប្រាក់​ចំណូល​ប្រមាណ​៣.៤០០​លាន​ដុល្លារ បង្កើត​ឱកាស​ការងារ​ដោយ​ផ្ទាល់​ប្រមាណ​ជាង​៦២​ម៉ឺន​នាក់ និង​ដោយ​ប្រយោល​រាប់​សិប​ម៉ឺន​នាក់​បន្ថែម​ទៀត ដោយ​ក្នុង​នោះ​កម្លាំង​ជា​ស្ត្រី​មាន​ប្រមាណ​៦០% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ