ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុន​វិនិយោគ​សរុប​រយៈពេល​11​ខែ​ឆ្នាំ​នេះ​ស្មើ​ជាង​6​ពាន់​លាន​ដុល្លារ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC បាន​គូសបញ្ជាក់​ថា ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​គិត​ត្រឹម​រយៈពេល​១១​ខែ​ឆ្នាំ​២០១៧ មាន​គម្រោង​វិនិយោគ​ប្រមាណ​១៧២​គម្រោង គិត​ជា​ទុន​វិនិយោគ​ស្មើ​ជាង​៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើន​ឡើង​​ទ្វេ​ដង…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC បាន​គូសបញ្ជាក់​ថា ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​គិត​ត្រឹម​រយៈពេល​១១​ខែ​ឆ្នាំ​២០១៧ មាន​គម្រោង​វិនិយោគ​ប្រមាណ​១៧២​គម្រោង គិត​ជា​ទុន​វិនិយោគ​ស្មើ​ជាង​៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើន​ឡើង​​ទ្វេ​ដង បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៦ ក្នុង​នោះ​ទុន​វិនិយោគ​ក្នុងស្រុក​ឈរ​លំដាប់​ទី​១ ។

លោក នុ​ន អ៊ុ​ន​វណ្ណ​រ៉ា ប្រធាន​លេខាធិការដ្ឋាន​ដឹកនាំ និង​សម្រប​សម្រួលការ​អនុវត្ត​គោលនយោបាយ​វិស័យ​ឧស្សាហកម្ម​កម្ពុជា នៃ​លេខា​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្នុង​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​បន្ត​របស់​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃ​ទី​២៧ ធ្នូ មាន​ប្រសាសន៍​ថា ៖« សម្រាប់​ស្ថានភាព​វិនិយោគ​កម្ពុជា គិត​ត្រឹម​រយៈពេល​១១​ខែ​ឆ្នាំ​២០១៧​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា តាម​រយៈ​គណៈកម្មការ​វិនិយោគ​កម្ពុជា និង​គណៈកម្មការ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ បាន​កត់ត្រា​គម្រោង​វិនិយោគ​ចំនួន​១៧២​គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​៦,២​ពាន់​លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ជាង​១,៩២​ម៉ឺន​កន្លែង » ។

លោក​បន្ត​ថា ៖« ក្នុង​ចំណោម​គម្រោង​វិនិយោគ​ទាំងអស់ គម្រោង​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​មាន​ទុន​វិនិយោគ​ច្រើន​ជាងគេ រហូត​ដល់​៣,១​ពាន់​លាន​ដុល្លារ ខណៈ​ទុន​វិនិយោគ​ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ ប្រមាណ​១,៤​ពាន់​លាន​ដុល្លារ​, វិស័យ​ឧស្សាហ​កម្ម និង​កម្មន្តសាល មាន​ប្រមាណ​១,១​ពាន់​លាន​ដុល្លារ និង​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម ប្រមាណ​៣៩៦​លាន​ដុល្លារ » ។

លោក​បញ្ជាក់​ថា ក្នុង​ចំណោម​ទុន​វិនិយោគ​ទាំងនេះ ទុន​វិនិយោគ​ក្នុងស្រុក​ឈរ​នៅ​លេខ​រៀង​១ ខណៈ​តួលេខ​មក​ពី​ប្រទេស​ចិន ឈរ​លំដាប់​លេខ​រៀង​ទី​២ បន្ទាប់​មាន​ប្រទេស​វៀតណាម ម៉ា​ឡេ​ស៊ី សិង្ហ​បុរី កូរ៉េ និង​ជប៉ុន ឈរ​នៅ​លេខ​រៀង​បន្តបន្ទាប់​គ្នា ។

ទាក់ទង​នឹង​ទុន​វិនិយោគ​កើនឡើង​នៅ​កម្ពុជា​ជិត​១​ឆ្នាំ​កន្លង​ទៅ​នេះ អ្នក​ស្រាវជ្រាវ​នៅ​រាជបណ្ឌិត្យសភាកម្ពុជា​មើលឃើញ​ថា ទុន​វិនិយោគ​ដែល​កម្ពុជា​ទទួល​បាន​នេះ គឺ​បាន​មក​ពី​ការ​ប្តូរ​ទិស​នៃ​កំណើន​វិនិយោគ​ចិន ខុស​ប្លែក​ពី​លំហូរ​វិនិយោគ​នា​ពេល​មុន​ៗ ដែល​មក​ពី​ប្រទេស​ជប៉ុន អឺរ៉ុប ឬ​វៀតណាម ។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជ្យ​បណ្ឌិតសភា មាន​ប្រសាសន៍​ថា សេដ្ឋកិច្ច​កម្ពុ​ជានា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​កើនឡើង​លឿន ដោយសារ​ការ​ប្តូរ​ទិស​នៃ​កំណើន​។ កំណើន​កើនឡើង​លឿន​នៅ​ឆ្នាំ​២០១៧​នេះ កើត​ចេញ​ការ​វិនិយោគ​របស់​ចិន ដែល​បាន​ធ្វើ​ឱ្យ​មាន​កំណើន​ខ្លាំង និង​ចូលរួម​ជួយ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ទទួល​បានការ​ងារ​ធ្វើ​ច្រើន​ផង​ដែរ ។

បើ​ទោះជា​កំណើន​វិនិយោគ​ដែល​កម្ពុជា ទទួល​បាន​កើនឡើង​ក្តី ប៉ុន្តែ​ទាក់ទង​នឹង​ច្បាប់ ហេដ្ឋារចនាសម្ព័ន្ធ​របស់​កម្ពុជា​វិញ លោក​បណ្ឌិត​យល់​ថា មិន​ទាន់​បាន​អភិវឌ្ឍន៍​រួចរាល់​ទេ ។ លោក​ថា ៖« ការ​រៀបចំ​ទាក់ទង​និង​ច្បាប់ ក៏​ដូច​ជា​ហេដ្ឋារចនាសម្ព័ន្ធ​នានា​មិន​ទាន់​រួចរាល់​នៅឡើយ​ទេ ។ ខ្ញុំ​យល់​ថា រាជរដ្ឋាភិបាល​កំពុង​រៀបចំ តែ​ការ​រៀបចំ​នេះ​ត្រូវការ​ពេលវេលា​វែង​ឆ្ងាយ​ទៀត ជា​ពិសេស​ទាក់ទង​នឹង​ប្រព័ន្ធ​ដឹក​ជញ្ជូន និង​ពាក់ព័ន្ធ​ជំនាញ​កម្មករ ដោយសារ​ការ​តម្រង់​ទិស​របស់​យើង​នៅ​ខ្វះខាត ។ អ្វី​ជា​ឆ្លើយ​តប​នៅ​ពេល​បច្ចុ​ប្បន្ន រាជរដ្ឋាភិបាល​បាន​បង្កើត​ច្បាប់​ដូច​ជា ច្បាប់​វិនិយោគ​, ច្បាប់​ពន្ធដារ​, គោល​នយោ​បាយ​ធនធាន​រ៉ែ ហើយ​ច្បាប់​ទាំងនេះ​ជា​គោលនយោបាយ​មួយ​ជួយ​គាំពារ​ដល់​ការ​វិនិយោគ និង​លើកទឹកចិត្ត​វិនិយោគិន » ។

លោក នុ​ន អ៊ុ​ន​វណ្ណ​រ៉ា មាន​ប្រសាសន៍​បន្ត​ថា ៖«​ទន្ទឹម​នឹង​សមិទ្ធផល​ដែល​យើង​សម្រេច​បាន​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្នុង​នាម​ជា​ស្ថាប័ន​គន្លឹះ​មួយ​ធ្វើការ​ដោយ​ផ្ទាល់​ជា​មួយ​វិនិយោគិន បាន​បំពេញការងារ​យ៉ាង​សកម្ម​ក្នុង​ការ​បន្ត​ទាក់ទាញ​អ្នក​វិនិយោគ​ថ្មី​ៗ, រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​អ្នក​វិនិយោគ និង​ផ្តល់​សេវា​ថែទាំ​អ្នក​វិនិយោគ ក្នុង​គោលបំណង​ជួយ​ឱ្យ​ពួក​គេ​ទទួល​បាន​ជោគជ័យ​ក្នុង​សកម្មភាព​វិនិយោគ និង​បន្ត​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ