ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បឹង​កក់​នឹង​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ដ៏​មាន​សក្ដានុពល​មួយ​នៅ​រាជធានី​ភ្នំពេញ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ទទួល​បាន​សម្បទាន​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​តំបន់​បឹង​កក់ បច្ចុប្បន្ន តំបន់​នេះ​បាន​កែប្រែ​មុខមាត់​បន្តិច​ម្ដង​ៗ ដោយ​ជំហាន​ដំបូង ក្រុមហ៊ុន​អភិវឌ្ឍន៍​បាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​កាត់​តាម​តំបន់​នោះ ហើយ​ក៏​បាន​និង​កំពុង​សាងសង់​លំនៅ​ឋាន​មួយ​ចំនួន​នៅ​ជុំវិញ​ផង​ដែរ ដោយ​ទុក​ទីតាំង​កណ្ដាល​ឲ្យ​នៅ​ទំនេរ​សិន…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ទទួល​បាន​សម្បទាន​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​តំបន់​បឹង​កក់ បច្ចុប្បន្ន តំបន់​នេះ​បាន​កែប្រែ​មុខមាត់​បន្តិច​ម្ដង​ៗ ដោយ​ជំហាន​ដំបូង ក្រុមហ៊ុន​អភិវឌ្ឍន៍​បាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​កាត់​តាម​តំបន់​នោះ ហើយ​ក៏​បាន​និង​កំពុង​សាងសង់​លំនៅ​ឋាន​មួយ​ចំនួន​នៅ​ជុំវិញ​ផង​ដែរ ដោយ​ទុក​ទីតាំង​កណ្ដាល​ឲ្យ​នៅ​ទំនេរ​សិន ។

លោក ប៉ូ អ៊ា​វ​គង់ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ Advance ឲ្យ​ដឹង​ថា តាម​រយៈ​ការ​អភិវឌ្ឍ​នៅ​ពេល​នេះ គេ​អាច​ដឹង​បាន​ថា នៅ​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ បឹង​កក់​នឹង​ក្លាយទៅជា​តំបន់​ពាណិជ្ជកម្ម​ដ៏​មាន​សក្ដានុពល​មួយ​នៅ​រាជធានី​ភ្នំពេញ ។

លោក​ថា ៖« យើង​បាន​មើលឃើញ​ហើយ អ្នក​អភិវឌ្ឍន៍​កំពុង​អភិវឌ្ឍន៍​ជា​លំនៅ​ឋាន​នៅ​ជុំវិញ​តំបន់​បឹង​កក់ ដោយ​ទុក​ទីតាំង​កណ្ដាល​មិន​ទាន់​អភិវឌ្ឍន៍​អ្វី​ទាំងអស់ ។ ដូចនេះ ខ្ញុំ​គិត​ថា អ្នក​អភិវឌ្ឍន៍​នឹង​ទុក​ទីតាំង​កណ្ដាល​នោះ​ទៅ​ជា​កន្លែង​ពាណិជ្ជកម្ម​ដ៏​សំខាន់ » ។

លោក​បន្ត​ថា នៅ​រយៈពេល​ប្រមាណ​ពី​៥​ទៅ​១០​ឆ្នាំ​ទៀត បឹង​កក់​នឹង​ក្លាយទៅជា​តំបន់​មាន​សក្ដានុពល​សម្រាប់​ពាណិជ្ជកម្ម​ដ៏​សំខាន់ ពីព្រោះ​បើ​ក្រឡេក​មើល​តំបន់​នោះ វា​នៅ​ជាប់​ព្រំប្រទល់​ខណ្ឌទួលគោក និង​ខណ្ឌដូនពេញ ។ ម្យ៉ាងទៀត ការ​អភិវឌ្ឍ​នៅ​ពេល​បច្ចុប្បន្ន​របស់​វិនិយោគិន នឹង​ទទួលផល​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី​។ ជាក់ស្ដែង លំនៅ​ឋាន​ដែល​អភិវឌ្ឍន៍​នេះ ក្នុង​តំបន់​តម្លៃ​ត្រឹម​ជុំវិញ​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក វា​នឹង​ឡើង​ដល់​៥០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ឬ​៦០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​នៅ​រយៈពេល​ចន្លោះ​ពី​៥​ឆ្នាំ ទៅ​១០​ឆ្នាំ​ទៀត។

លោក​បន្ថែម​ថា បឹង​កក់​ជា​តំបន់​ដែល​ភ្ជាប់​ទៅ​កាន់​មហាវិថី​ធំ​ៗ​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។ ជាក់ស្ដែង ផ្លូវ​មួយ​ដែល​ទើប​អភិវឌ្ឍន៍​កាត់​តាម​តំបន់​បឹង​កក់ គឺ​បាន​កាត់​ពី​មហា​វិថី​សហព័ន្ធ​រុ​ស្ស៊ី ទៅ​កាន់​ផ្លូវ​ទំនប់​ទួល​គោក ហើយ​មាន​ផ្លូវ​ខ្វាត់ខ្វែង​ជា​ច្រើន​ទៀត ដែល​អ្នក​អភិវឌ្ឍន៍​កំពុង​គិតគូរ​កសាង​ឡើង ។

លោក ឌឹ​ត ច​ណ្ណា អ្នកគ្រប់គ្រង​ក្រុមហ៊ុន​អចលនទ្រព្យ​ឡាក់​គី ឲ្យ​ដឹង​ថា ជា​ការ​ពិត​ណាស់ បើ​តាម​អ្វី​ដែល​លោក​ទទួល​បាន​នា​ពេល​នេះ បឹង​កក់​មាន​គម្រោង​អភិវឌ្ឍន៍​ជា​ច្រើន ហើយ​គម្រោង​ទាំងនោះ​មាន ធនាគារ​ធំ​ៗ និង​អគារ​ការិយាល័យ​មួយ​ចំនួន​ផង​ដែរ ។ ដូចនេះ នៅ​ពេល​ខាង​មុខ បឹង​កក់​នឹង​អភិវឌ្ឍន៍​ខ្លាំង ហើយ​វា​នឹង​ជួយ​ឱ្យ​តំបន់​ជិតខាង​មាន​តម្លៃ​ខ្ពស់​ទៅ​តាម​នោះ​ដែរ ។

លោក​បន្ត​ថា ការ​អភិវឌ្ឍ​តំបន់​បឹង​កក់​លឿន​ឬ​យឺត គឺ​អាស្រ័យ​លើ​ម្ចាស់​គម្រោង​នោះ​ទាក់ទាញ​បណ្ដា​វិនិយោគិន​បាន​កម្រិត​ណា ហើយ​វិនិយោគិន​នឹង​ចាប់ផ្ដើម​អភិវឌ្ឍន៍​គម្រោង​របស់​ខ្លួន​នៅ​ពេល​ណា ។ ប៉ុន្តែ​បើ​តាម​លោក ច​ណ្ណា ថា មិនយូរ​ទេ បឹង​កក់​នឹង​ទាក់ទាញ​បណ្ដា​វិនិយោគិន​នានា​បន្ថែម ព្រោះ​តំបន់​នេះ​មាន​ផ្លូវ​ខ្វាត់ខ្វែង​ល្អ និង​ផ្លូវ​ធំ​ៗ ហើយ​ផ្លូវ​ទាំងនោះ​ក៏​បាន​ភ្ជាប់​ទៅ​តំបន់​ផ្សេង​ទៀត​នៅ​ជុំវិញ​រួច​ជា​ស្រេច​ដែរ ។

លោក​ថា ៖« បើ​យើង​ប្រៀបធៀប​ទៅ​នឹង​តំបន់​ផ្សេង​ទៀត​ក្នុង​រាជធានី​ភ្នំពេញ បឹង​កក់​ជា​តំបន់​ទាក់ទាញ​មួយ ហើយ​ធៀប​នឹង​កោះ​ពេជ្រ វា​ម្យ៉ាង​ម្នាក់​ទេ ។ កោះ​ពេជ្រ ជា​តំបន់​ស៊ី​វិ​ល័យ និង​ជា​តំបន់​សម្រាប់​អ្នកមាន​រស់នៅ ហើយ​បឹង​កក់​វិញ​ជា​តំបន់​លំនៅ​ឋាន​ចម្រុះ ទាំង​អ្នកមាន និង​អ្នក​មធ្យម » ។

គួរ​បញ្ជាក់​ថា គម្រោង​ធំ​មួយ​នៅ​ក្នុង​តំបន់​បឹង​កក់ នឹង​លេច​រូបរាង​នៅ​ពេល​ឆាប់​ៗ​នេះ ហើយ​វា​នឹង​លើកកម្ពស់​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​មានមុខមាត់​មួយ​កម្រិត​ទៀត ។

ម្យ៉ាងទៀត តាម​ការ​សង្កេត​ជាក់ស្ដែង នៅ​ជុំវិញ​តំបន់​បឹង​កក់ ក៏​មានការ​អភិវឌ្ឍ​គម្រោង​ជា​ច្រើន​ទៀត​ដែរ ដូច​ជា ផ្សារ​ទំនើប​ផាក​សុ​ន ដែល​ចាត់ទុកជា​ផ្សារ​ទំនើប​ធំ​ជាងគេ​នៅ​កម្ពុជា​, គម្រោង​ខុន​ដូ​ជា​ច្រើន​កំពុង​អភិវឌ្ឍន៍​នៅ​តំបន់​ទួល​គោក និង​ដូនពេញ​ផង​ដែរ ។ ដូចនេះ យ៉ាង​យូរ​១០​ឆ្នាំ​ទៀត រាជធានី​ភ្នំពេញ​នឹង​កាន់តែ​ទាក់ទាញ​វិនិយោគិន​និង​ទេសចរ ព្រមទាំង​ជំរុញ​ឲ្យ​វិស័យ​អចលនទ្រព្យ​កាន់តែ​រីក​ចម្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ