ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាប់បែក​គីមី​២​គ្រាប់​ត្រូវ​បាន​កម្លាំង​អង្គការ​ហាមឃាត់​អាវុធ​គីមី​ចុះ​ពិនិត្យ

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ គ្រាប់បែក​គីមី​ចំនួន​២​គ្រាប់​ដែល​កងកម្លាំង​ស៊ី​ម៉ាក ចុះ​សម្អាត​ដី​ក្នុង​ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ សេសសល់​ពី​សម័យ​សង្គ្រាម បាន​បន្សល់​ទុក​មក​ដល់​សព្វថ្ងៃ និង​បាន​បង្កក្តី​ព្រួយបារម្ភ​សម្រាប់​ប្រជាពលរដ្ឋ​ផង​ដែរ​។ ដោយឡែក​ព្រឹក​ថ្ងៃ​ទី​១៤ ខែធ្នូ…

ខេត្ត​ត្បូងឃ្មុំ ៖ គ្រាប់បែក​គីមី​ចំនួន​២​គ្រាប់​ដែល​កងកម្លាំង​ស៊ី​ម៉ាក ចុះ​សម្អាត​ដី​ក្នុង​ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ សេសសល់​ពី​សម័យ​សង្គ្រាម បាន​បន្សល់​ទុក​មក​ដល់​សព្វថ្ងៃ និង​បាន​បង្កក្តី​ព្រួយបារម្ភ​សម្រាប់​ប្រជាពលរដ្ឋ​ផង​ដែរ​។ ដោយឡែក​ព្រឹក​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៧ ត្រូវ​បាន​កម្លាំង​បច្ចេកទេស​របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី​នៃ​អង្គការសហប្រជាជាតិ​(UN-OPCW) បាន​ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​ផង​ដែរ​។
លោក គី​ម ហៀ​ង នាយ​ផ្នែក​ត្រួតពិនិត្យ​គុណភាព​ប្រតិបត្តិការ​នៅ​កងឯកភាព​កំចាត់​មីន​ទី​៥ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ពេល​ដែល​ចុះ​ទៅ​ពិនិត្យ​ទីតាំង​គ្រាប់បែក​គីមី​ខាងលើ​នោះ មាន​កម្លាំង​ស៊ី​ម៉ាក​១​ក្រុម​បាន​ចុះ​ទៅ​អម​ដើម្បី​សម្អាត​ផ្លូវ​ងាយ​ចូល​ទៅ​មើល ដើម្បី​ឲ្យ​កម្លាំង​សហប្រជាជាតិ​មើល​ពី​គុណភាព​មាន​កម្រិត​ណា​ហើយ​វា​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​កម្រិត​ណា​នោះ​។

ប្រភព​ដដែល​បន្ត​ថា មាន​ពេល​មួយ​ដែល​កម្លាំង​ស៊ី​ម៉ាក បាន​ចុះ​ទៅ​បោសសម្អាត​ដី​សម្បទាន​សង្គមកិច្ច​ក្នុង​ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ក៏​បាន​ប្រទះ​ឃើញ​គ្រាប់បែក​គីមី​ចំនួន​២​គ្រាប់ នៅ​កន្លែង​ផ្សេង​គ្នា​ដោយ​បាន​លុប​គ្រប​ដើម្បី​ឲ្យ​អាជ្ញាធរ​គីមី បោសសម្អាត​តាម​ក្រោយ​។ ទើបតែ​នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៧ កម្លាំង​របស់​សហប្រជាជាតិ​ចុះ​មក​ពិនិត្យ​ពី​គុណភាព ហើយ​មិន​ទាន់​ដឹង​ថា​តើ​គ្រាប់​នោះ​មាន​ផ្ទុក​នៅ​សារធាតុ​គីមី​អ្វីខ្លះ​នោះ​ទេ ព្រោះថា​សារធាតុ​គីមី​បាន​បង្ក​ឲ្យ​មាន​មនុស្ស​រង​ផល​ប៉ះពាល់​ខុស​ៗ​គ្នា​។ លោក គី​ម ហៀ​ង នាយ​ផ្នែក​ត្រួតពិនិត្យ​គុណភាព​ប្រតិបត្តិការ​កងឯកភាព​កំចាត់​មីន​ទី​៥ បាន​បញ្ជាក់​ថា ក្រោយ​ពី​កម្លាំង​ខាងលើ​ត្រួតពិនិត្យ​រួចរាល់​ក្នុង​ជំហាន​ទី​១ ហើយ​ជំហាន​ទី​២​នឹង​ត្រូវ​វេច​ខ្ចប់​ជា​បំណែក​តូច​មាន​សុវត្ថិភាព​ដើម្បី​យក​ទៅ​ពិសោធន៍​នៅ​បរទេស ថា​តើ​គ្រាប់បែក​គីមី​ទាំង​២​គ្រាប់​នេះ​មាន​សារធាតុ​គីមី​អ្វីខ្លះ ហើយ​មាន​ផល​ប៉ះពាល់​កម្រិត​ណា​។

តាម​ធម្មតា​គ្រាប់បែក​គីមី​ទាល់តែ​កម្ដៅ​ចាប់ពី​១.៣០០​អង្សារ​ទើប​អាច​បំបែក​នូវ​ម៉ូលេគុល​បាន ព្រមទាំង​មាន​៣​ប្រភេទ​ទៅ​តាម​សណ្ឋាន​ខុស​ៗ​គ្នា​ផង​ដែរ​។ ដោយឡែក​នៅ​ក្នុង​ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ មិន​ទាន់​មានការ​ស្រាវជ្រាវ​ផល​ប៉ះពាល់​ដូច​នៅ​ខាង​ខេត្តស្វាយរៀង​នៅឡើយ​ទេ​។
លោក ចេ​ង ប៊ុ​ន​ណា​រ៉ា អភិបាលស្រុក​មេមត់ ប្រាប់​ឲ្យ​ដឹង​ដែរ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ធ្នូ ២០១៧ កម្លាំង​របស់​សហ​ប្រជា​តិ​បាន​ចុះ​ទៅ​កាន់​ភូមិ​ស្រែ​លើ​សែន​ជ័យ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ដើម្បី​ពិនិត្យ​មើល​ត្រង់​រណ្តៅ​ម្សៅ​គីមី​ចំនួន​២​កន្លែង​ដើម្បី​ពិនិត្យ​ពី​ផល​ប៉ះពាល់ ។​លោក​ថា​កាលពី​សម័យ​សង្គ្រាម​ក្នុង​អតីតកាល​ត្រូវ​បាន​គេ​បាច​ពីលើ​យន្តហោះ​ដោយ​កម្លាំង​ទ័ព​អា​មេ​រិ​ក លុះ​ពេល​ដែល​ធ្លាក់​លើ​ស្លឹកឈើ​បណ្តាល​ឲ្យ​ងាប់​ក្រៀម​ស្វិត​ហើយ​អាច​មើលឃើញ​សត្រូវ​។ កាលពី​រណ្តៅ​មិន​ទាន់​លុប ពេល​ដែល​ត្រូវ​កម្ដៅថ្ងៃ​នឹង​សាយភាយ​ចំហាយ​ចេញ​ទៅ​ធ្វើ​ឲ្យ​ពលរដ្ឋ​រស់​ក្បែរ​នោះ រកាំភ្នែក និង​ពិបាក​ដកដង្ហើម​ផង​ដែរ​។ ហើយ​ក្រោយ​ពី​លុបរណ្តៅ​នោះ ក៏​មិន​មាន​ហេតុការណ៍​អ្វី​កើតឡើង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ