ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក ជប៉ុន និង​កូរ៉េ​ខាងត្បូង​ធ្វើ​សមយុទ្ធ​តាម​ចាប់​រក​មី​ស៊ី​ល

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក​-​ជប៉ុន​-​កូរ៉េ​ខាងត្បូង ៖ កងទ័ពជើងទឹក​ជប៉ុន​ប្រកាស​កាលពី​ថ្ងៃ​ទី​១០ ធ្នូ ពេល​កំពុង​មាន​ភាព​តានតឹង​ជាមួយ​កូរ៉េ​ខាងជើង​ថា សហរដ្ឋ​អា​មេ​រិ​ក ជប៉ុន និង​កូរ៉េ​ខាង​ត្បូង បាន​រៀបចំ​ធ្វើ​សមយុទ្ធ​២​ថ្ងៃ​គឺ​ថ្ងៃ​ទី​១១ និង​១២…

សហរដ្ឋ​អា​មេ​រិ​ក​-​ជប៉ុន​-​កូរ៉េ​ខាងត្បូង ៖ កងទ័ពជើងទឹក​ជប៉ុន​ប្រកាស​កាលពី​ថ្ងៃ​ទី​១០ ធ្នូ ពេល​កំពុង​មាន​ភាព​តានតឹង​ជាមួយ​កូរ៉េ​ខាងជើង​ថា សហរដ្ឋ​អា​មេ​រិ​ក ជប៉ុន និង​កូរ៉េ​ខាង​ត្បូង បាន​រៀបចំ​ធ្វើ​សមយុទ្ធ​២​ថ្ងៃ​គឺ​ថ្ងៃ​ទី​១១ និង​១២ ធ្នូ ដែល​សមយុទ្ធ​នេះ​ផ្តោត​លើ​ការ​តាម​ចាប់​រក​បណ្តា​មី​ស៊ី​ល ។

ក្នុង​សេចក្តី​ប្រកាស​មួយ កងកម្លាំង​ស្វ័យការពារ​ជប៉ុន​បញ្ជាក់​ថា នេះ​ជា​សមយុទ្ធ​លើក​ទី​៦​នៃ​ការ​ចែករំលែក​ព័ត៌មាន​គ្នា​ពី​ការ​តាម​រក​មី​ស៊ី​ល​បាលី​ស្ទិ​ករ​វាង​ប្រទេស​ទាំង​៣ ។

សេចក្តី​ប្រកាស ​នេះ​ពុំ​បាន​បញ្ជាក់​ថា តើ​ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​មី​ស៊ី​ល​បាលី​ស្ទិ​ក​អា​មេ​រិ​ក THAAD នឹង​ត្រូវ​ប្រើ​ដែរ ឬ​យ៉ាងណា​ឡើយ ។ ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​នេះ​នៅ​កូរ៉េ​ខាងត្បូង​នាំ​ឱ្យ​ចិន​ពុំ​សប្បាយចិត្ត ព្រោះ​ប្រព័ន្ធ​រ៉ា​ដា​របស់ THAAD មាន​សមត្ថភាព​យ៉ាង​ខ្ពស់ ។

ប្រទេស​ជប៉ុន​ធ្លាប់​ត្រូវ​បាន​បណ្តា​មី​ស៊ី​លបាញ់​ពី​កូរ៉េ​ខាងជើង​ហោះ​កាត់​រួច​ហើយ​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក និង​នុយក្លេអ៊ែរ​របស់​របប​កុំ​មុ​យ​នី​ស្ត​ក្រុង​ព្យុ​ង​យ៉ាង ទោះបីជា​ខ្លួន​រង​ការ​គាបសង្កត់ និង​រង​ទណ្ឌកម្ម​នានា​របស់​សហគមន៍​អន្តរ​ជាតិ​ក្តី ។

ថ្ងៃ​ទី​២៩ វិច្ឆិកា កូរ៉េ​ខាងជើង​បាន​បាញ់​សាក​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប HWASONG-15 ដែល​ចាត់ទុកជា​មី​ស៊ី​ល​រំលង​ទ្វីប​ឈានមុខ​ថ្មី​បំផុត ហើយ​មាន​សមត្ថភាព​បាញ់​ដល់​សហ​រដ្ឋអា​មេ​រិ​ក និង​គ្រប់​ចំណុច​នៃ​ដេ​ន​ដី​មហាអំណាច​នេះ ។

ក្រោយ​ការ​សាកល្បង​ថ្មី​នេះ កូរ៉េ​ខាងត្បូង និង​សហរដ្ឋ​អា​មេ​រិ​កបាន​ធ្វើ​នា​ថ្ងៃ​ទី​៤ ធ្នូ នូវ​សមយុទ្ធ​យោធា​ទ័ពអាកាស​ទ្រង់ទ្រាយ​ធំ​មួយ​ក្នុង​ក្រប​ខណ្ឌ​នៃ​សមយុទ្ធ​ប្រចាំឆ្នាំ​ឈ្មោះ VIGILANT ACE ។

ក្រសួងការបរទេស​កូរ៉េ​ខាងជើង​វាយតម្លៃ​កាលពី​ថ្ងៃ​ទី​៦ ធ្នូ ថា សមយុទ្ធ​រួម​នោះ​ជា​ការ​គំរាមកំហែង​នៃ​សង្គ្រាម​បង្ការ​មួយ​របស់​ក្រុង​វ៉ា​ស៊ី​ន​តោន​ដែល​ជា​ទស្សនវិស័យ​នៃ​ជម្លោះ​មួយ​នៅ​ឧបទ្វីប​កូរ៉េ ។

នា​ថ្ងៃ​ទី​១០ ធ្នូ កូរ៉េ​ខាងត្បូង​ប្រកាស​ពី​ការ​ដាក់​ទណ្ឌកម្ម​ថែម​ទៀត ប្រឆាំង​ស្ថាប័ន​២០ ព្រមទាំង​ជនជាតិ​កូរ៉េ​ខាងជើង​១០​នាក់ ។ តាម​រយៈ​ទណ្ឌកម្ម​នេះ ពលរដ្ឋ​កូរ៉េ​ខាងត្បូង​ត្រូវ​ហាមឃាត់​មិន​ឱ្យ​មាន​ទំនាក់ទំនង​ហិរញ្ញវត្ថុ​ណាមួយ​ជាមួយ​បណ្តា​អ្នក​ដែល​រង​ទណ្ឌកម្ម ។

ក្នុង​សេចក្តី​ប្រកាស​មួយ ក្រសួង​ហិរញ្ញវត្ថុ​កូរ៉េ​ខាងត្បូង​ថ្លែង​ថា ទណ្ឌកម្ម​ជា​ឯកតោភាគី​ទាំងនេះ​នឹង​រារាំង​ដល់​ការ​បញ្ជូន​ហិរញ្ញវត្ថុ​ខុសច្បាប់​ទៅ​កូរ៉េ​ខាងជើង ហើយនឹង​រួម​ចំណែក​​ដល់​ការ​ពង្រឹង​ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ​ប្រឆាំង​កូរ៉េ​ខាងជើង ។

តាម​ពិត​ទៅ ការ​សម្រេច​នេះ​មាន​លក្ខណៈ​និមិត្តរូប​បំផុត ព្រោះ​អី​ពាណិជ្ជកម្ម និង​ការ​ផ្លាស់​ប្តូរ​ហិរញ្ញវត្ថុ​រវាង​កូរ៉េ​ទាំង​២ ត្រូវ​ហាមឃាត់​ចាប់តាំងពី​ខែឧសភា ឆ្នាំ​២០១០ មក​ម្ល៉េះ ក្រោយ​ការ​បាញ់​ពន្លិច​នាវាចម្បាំង​កូរ៉េ​ខាងត្បូង​មួយ​គ្រឿង ។ កូរ៉េ​ខាងជើង​បាន​បដិសេធ​ថា ខ្លួន​ពុំ​មែន​ជា​អ្នក​ធ្វើ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ