រាជធានីភ្នំពេញ ៖ លោក អ៊ុក គឹមសេងអនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានថ្លែងថា អ្នកសារព័ត៌មានចូរ ប្រុងប្រយ័ត្នចំពោះអត្ថបទចេញផ្សាយ និងការធ្វើអត្ថាធិប្បាយលេងសើចចំពោះករណីអំពើហិង្សាលើស្ត្រី ជាពិសេសករណីសេពសន្ថវៈ ។ ការលើកឡើងនេះ បានធ្វើឡើងក្នុងពេលដែលលោកអញ្ជើញចូលរួមបិទសិក្ខាសាលាស្តីពីប្រព័ន្ធផ្សព្វផ្សាយ និងការរាយការណ៍អំពីអំពើហិង្សាលើស្ត្រីនិងយេនឌ័រ កាលពីថ្ងៃទី៨ ខែធ្នូកន្លងទៅ ។
អ្នកសារព័ត៌មានប្រមាណ៣០នាក់ មកពីអង្គភាពប្រព័ន្ធផ្សព្វផ្សាយ កាសែត ទស្សនាវដ្តី ទូរទស្សន៍ វិទ្យុ គេហទំព័រ ហ្វេសប៊ុក ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងសិក្ខាសាលារយៈពេលពេញ១ថ្ងៃទី៨ ខែធ្នូ ដែលរៀបចំដោយក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី ក្លិបអ្នកកាសែតកម្ពុជា និងអង្គការអុកហ្វាម ក្រោមអធិបតីភាពលោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិក្រសួងព័ត៌មាន នៅភោជនីយដ្ឋានអ័រគីដេភ្នំពេញ ។
វាគ្មិនដែលចូលរួមបានលើកឡើងថា សិក្ខាសាលានេះមានគោលបំណងដើម្បីជួយដល់អ្នកចូលរួម ឲ្យបានយល់ជ្រួតជ្រាបអំពីបញ្ញត្តិយេនឌ័រ អំពើហិង្សាលើស្ត្រី ព្រមទាំងច្បាប់ គោលការណ៍នយោបាយ ទាក់ទងនឹងអំពើហិង្សាលើស្ត្រី ដើម្បីជំរុញនិងលើកទឹកចិត្តស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន ក្នុងការចូលរួមលុបបំបាត់អំពើហិង្សាលើស្ត្រីនិងកុមារ ។លោកស្រី ស ស៊ីណែត អនុប្រធានការពារច្បាប់នៃនាយកដ្ឋានព័ត៌មាន ក្រសួងកិច្ចការនារីបានលើកឡើងពីផ្នត់គំនិតយេនឌ័រ និយមន័យអំពើហិង្សា ប្រភេទនៃអំពើហិង្សា និងមូល ហេតុនៃអំពើហិង្សា ដោយមានការបញ្ចាំងស្លាយទៀតផង ។
លោកស្រីបានលើកឡើងថា ដូចជាអំពើហិង្សាផ្លូវចិត្ត ការធ្វើឲ្យអារម្មណ៍បុគ្គលមនុស្សម្នាក់ឈឺចុកចាប់ ការប្រើសម្តីអសុរោះ គំរាមកំហែង ការបង្ខំសេពសន្ថវៈ អំពើហិង្សាផ្នែកសេដ្ឋកិច្ចជាដើម ។ ចំណែក អ្នកសារព័ត៌មានបានលើកឡើងថា អំពើហិង្សាអាចបង្កឡើងដោយភាគីទាំងបុរសនិងស្ត្រី ហើយភាគច្រើនអំពើហិង្សាក្នុងគ្រួសាររវាងប្តឹ-ប្រពន្ធ និងគូសង្សារ ។អ្នកចូលរួមបានលើកឡើងថា បុរសចំនួនច្រើន ត្រូវបានរកឃើញថាបានប្រព្រឹត្តហិង្សាជាងស្ត្រីដែលបានប្រើអំពើហិង្សាលើបុរសភេទ ។
ទោះបីជាយ៉ាងណា មន្ត្រីនៃក្រសួងកិច្ចការនារីនិងអ្នកចូលរួមបានលើកឡើងប្រហាក់ប្រហែលគ្នាថា អំពើហិង្សាដែលកើតឡើងភាគច្រើនត្រូវបានគេរាយការណ៍ថា មានក្នុងគ្រួសារក្រីក្រជាងអ្នកមានទ្រព្យសម្បត្តិ តែហិង្សាមិនមែនជាដំណោះស្រាយបញ្ចប់បញ្ហានោះទេ ហើយវាបានប៉ះពាល់ដល់គ្រួសារនិងសង្គម ។
លោកអនុរដ្ឋលេខាធិការ អ៊ុក គឹមសេង បានថ្លែងពេលបិទសិក្ខាសាលាថា ការងារទាំងអស់នេះត្រូវចូលរួមទាំងអស់គ្នា និងប្តូរផ្នត់គំនិតអ្នកអានកាសែត អ្នកទស្សនាទូរទស្សន៍ ស្តាប់វិទ្យុ ដើម្បីឲ្យយល់ដឹងពីការទប់ ស្កាត់អំពើហិង្សាលើស្ត្រី ។ អ្នកចូលរួមសិក្ខាសាលា នឹងចែករំលែកបទពិសោធន៍ដល់សហការីថា តើអ្វីដែលគួររាយការណ៍ឬផ្សាយ ឬមិនផ្សាយពីករណីអំពើហិង្សាលើស្ត្រី ។
លោកអនុរដ្ឋលេខាធិការបញ្ជាក់ថា សិក្ខាសាលានេះនឹងផ្តល់បទពិសោធន៍ដល់អ្នកសារព័ត៌មាន និងនិពន្ធនាយកសារព័ត៌មាន ដែលជាអ្នកសម្រេចក្នុងការផ្សាយអត្ថបទទាក់ទងនឹងអំពើហិង្សាលើស្ត្រី ។ សិក្ខាសាលាដូចគ្នានេះនឹងមាននៅពេលក្រោយទៀត ។ លោកបានលើកឡើងថា រហូតមកដល់ពេលនេះ មានអ្នកអត្ថា ធិប្បាយតាមទូរទស្សន៍ឬវិទ្យុបានបន្ថយការធ្វើអត្ថាធិប្យាយលេងសើចករណីអំពើហង្សាលើស្ត្រីបានច្រើន តែនៅមានអ្នកអត្ថាធិប្យាយតាមវិទ្យុមួយចំនួននៅតែបន្ត ។ តាមរយៈសិក្ខាសាលាជាបន្តបន្ទាប់មកនេះ ក្រសួងព័ត៌មានសង្ឃឹមថា បងប្អូនអ្នកសារព័ត៌មាននឹងយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ជាពិសេសករណីអំពើហិង្សាលើស្ត្រីយកទៅផ្សាយលេងសើច និងបញ្ឈប់យកករណីរំលោកសេពសន្ថវៈមកធ្វើការលេងសើចលែបខាយ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយើងបានប្តូរផ្នត់គំនិត ៕
ចែករំលែកព័តមាននេះ