ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​កំពុង​សិក្សាការ​ប្រើប្រាស់​រូបិយប័ណ្ណ​តាម​បែប​បច្ចេកវិទ្យា​ឌី​ជី​ថ​ល

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​ថា ក្រោយ​ពី​ធនាគារជាតិ​នៃ​កម្ពុជា បាន​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ (CSS) សម្រាប់​សម្រួល​ដល់​ប្រតិបត្តិការ​ម៉ាស៊ីន ATM និង​ម៉ាស៊ីន POS…

រាជធានី​ភ្នំពេញ ៖ ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​ថា ក្រោយ​ពី​ធនាគារជាតិ​នៃ​កម្ពុជា បាន​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ (CSS) សម្រាប់​សម្រួល​ដល់​ប្រតិបត្តិការ​ម៉ាស៊ីន ATM និង​ម៉ាស៊ីន POS បច្ចុប្បន្ន ធនាគារជាតិ​កំពុង​សិក្សា​លទ្ធភាព​ក្នុង​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ឌី​ជី​ថ​ល សម្រាប់​ការ​ទូទាត់​នៅ​ក្នុង​ទីផ្សារ​រូបិយប័ណ្ណ​អន្តរជាតិ​ធនាគារ​ផង​ដែរ ។

ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា លោក​ជំទាវ នាវ ច័ន្ទ​ថា​ណា បាន​ថ្លែង​ក្នុង​ពិធី​បើក​​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​លើក​ទី​៤ ស្តី​ពី​តួនាទី​របស់​បច្ចេកវិទ្យា​ក្នុង​ការ​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​៥ ធ្នូ ថា ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ការ​ចូលរួម​ក្នុង​ការ​ស្រាវជ្រាវ​បាន​កើនឡើង ស្រប​ពេល​ដែល​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រីក​ចម្រើន​ឥត​ឈប់​ឈរ និង​ស្រប​ពេល​បច្ចេកវិទ្យា​បាន​វិវត្តន៍​យ៉ាង​ឆាប់រហ័ស ក្នុង​នោះ​បច្ចេកវិទ្យា​ថ្មី​ៗ​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​សេវា​ជា​ច្រើន​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​អតិថិជន ។

លោក​ជំទាវ​បន្ត​ថា ៖« បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​បាន​ផ្តល់​គុណសម្បត្តិ​ជា​ច្រើន តាម​រយៈ​ការ​ជំរុញ​ឲ្យ​វិស័យ​សេវា​ហិរញ្ញវត្ថុ​កាន់តែ​មាន​ប្រសិទ្ធភាព ចំណាយ​តិច ឆាប់រហ័ស សមាហ​រណកម្ម​ខ្ពស់ លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​គាំទ្រ​ដល់ កំណើនសេដ្ឋកិច្ច » ។

លោក​ជំទាវ នាវ ច័ន្ទ​ថា​ណា បន្ត​ទៀត​ថា ធនាគារជាតិ​នៃ​កម្ពុជា​បាន​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​ផ្អែក​លើ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ថ្មី​ៗ និង​បាន​អនុញ្ញាត​ឲ្យ​ផ្តល់​សេវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដោយ​​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ផង​ដែរ ក្នុង​នោះ​ធនាគារជាតិ​នៃ​កម្ពុជា បាន​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​រាយ​នៅ​ឆ្នាំ​២០១២ សម្រាប់​ផាត់​ទូទាត់​មូល​ប្ប​ទា​នប​ត្រ និង​បញ្ជា​ផ្ទេរ​ឥណទាន ។ ចំណែក​ប្រព័ន្ធ​សេវា​ទូទាត់​រហ័ស ក៏​បាន​ដាក់​ឲ្យ​ដំណើរការ​នៅ​ក្នុង​ឆ្នាំ​២០១៦ សម្រាប់​សម្រួល​ដល់​ការ​ទូទាត់​ភ្លាម​ៗ​នូវ​រាល់​ការ​ផ្ទេរ​មូលនិធិ ។

ទោះបី​យ៉ាងណា លោក​ជំទាវ​បញ្ជាក់​ថា ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នេះ ក៏​មាន​គុណ​វិបត្តិ​បង្ក​ឱ្យ​មាន​ហានិភ័យ​ដល់​ប្រតិបត្តិការ​ដែរ​រួម​មាន​ហានិភ័យ Cyber, ហានិភ័យ​នៅ​ក្នុង​ក្រុមហ៊ុន ត​តិ​យ​ភាគី ដែល​មិន​នៅ​ក្រោម​ច្បាប់​, ការ​ចែង​មិន​ច្បាស់លាស់​នៅ​ក្នុង​ច្បាប់​, ហានិភ័យ​កម្រិត​មីក្រូ​និង​ម៉ា​ក្រូ និង​កង្វះខាត​ទិន្នន័យ​ក្នុង​ការ​វាយតម្លៃ​ហានិភ័យ ។ លើស​ពី​នេះ វា​បង្ក​ឱ្យ​មាន​បញ្ហា​ប្រឈម​ចម្បង​ៗ​ដូច​ជា ៖

១-​ការ​អនុវត្ត​គោលនយោបាយ​រូបិយ​វត្ថុ​មិនសូវ​មាន​ប្រសិទ្ធភាព ដោយសារ​ឧបករណ៍​គោលនយោបាយ​រូបិយ​វត្ថុ​របស់​ធនាគារកណ្តាល មិន​មាន​ឥទ្ធិពល​លើ​ស្ថាប័នហិរញ្ញវត្ថុ​មិនមែន​ធនាគារ​និង​កា​រវិ​វត្ត ព្រមទាំង​ការ​ផ្លាស់​ប្តូរ​សមាសធាតុ​រូបិយ​វត្ថុ​ទូទៅ ។

២-​ការ​គ្រប់គ្រង​នៃ​កា​រវិ​វត្ត​ហានិភ័យ​របស់​បច្ចេកវិទ្យា​ទៅ​លើ​ស្ថិរភាព​ហិរញ្ញវត្ថុ ។

៣-​ការ​ធ្វើ​ឱ្យ​មាន​តុល្យភាព​រវាង​គោលដៅ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​ស្ថិរភាព​ហិរញ្ញវត្ថុ ។

លោក​ជំទាវ​បន្ដ​ថា បច្ចេកវិទ្យា​បាន​វិ​វត្ត​យ៉ាង​ឆាប់រហ័ស បច្ចេកវិទ្យា​ថ្មី​ៗ​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ហើយ​បាន​បង្កើត​ឱ្យ​មាន​ពាក្យ​ថា «FinTech» ឬ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ។ បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នេះ មិន​ទាន់​មាន​និយម​ន័យ​ច្បាស់លាស់​នៅឡើយ​ទេ ប៉ុន្តែ​បើ​យោង​តាម​ឯកសារ​ស្រាវជ្រាវ​របស់​ធនាគារ​សម្រាប់​ការ​ទូទាត់​អន្តរជាតិ (BIS) នៅ​​ឆ្នាំ​២០១៧ ស្តី​ពី កាលានុវត្តភាព​របស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ បាន​កំណត់​និយម​ន័យ​ថា «FinTech» ជា​ការ​ច្នៃប្រឌិត​នៃ​បច្ចេកវិទ្យា ដែល​ធ្វើ​ឱ្យ​មានកា​រវិ​វត្ត​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ។ បច្ចុប្បន្ន ផលិតផល​សំខាន់​ៗ​ដែល​កើត​ចេញពី «FinTech» រួម​មាន ប្រព័ន្ធ​ទូទាត់​តាម​ទូរស័ព្ទ​, ប្រព័ន្ធ​ផ្តល់​កម្ចី​ដោយ​មិន​មាន​អន្តរ​ការិយកម្ម​, ប្រព័ន្ធ​ផ្តល់​សេវា​ប្រឹក្សា និង​ការ​ជួញដូរ​តាម​អន​ឡាញ និង​ការ​អភិវឌ្ឍ Sofware Artificial Intelligence ជាដើម ។

ទោះជា​យ៉ាងណា ដើម្បី​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​កំពុង​លូតលាស់ និង​កំពុង​អភិវឌ្ឍន៍​ជា​ច្រើន បាន​អនុញ្ញាត​ឱ្យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​របស់​ខ្លួន ទន្ទឹម​នឹង​ការ​តាមដាន​ដោយ​ប្រុង​ប្រយ័ត្ន​លើ​វឌ្ឍនភាព​របស់​បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ និង​ផល​ប៉ះពាល់ ខណៈ​ដែល​បទ​ប្ប​ញ្ញាត្តិ​នៅ​ពុំ​ទាន់​មានការ​គ្រប់គ្រង​នៅ​ឡើយ ស្តី​ពី​ការ​ប្រើប្រាស់​សេវា​បច្ចេកវិទ្យា ។

លោក​ជំទាវ​បន្ថែម​ថា ប្រព័ន្ធ Cambodian Shared Switch (CSS) សម្រាប់​សម្រួល​ដល់​ប្រតិបត្តិការ​ម៉ាស៊ីន ATM និង​ម៉ាស៊ីន POS គឺ​ទើប​ដាក់​ឲ្យ​ដំណើរការ​ក្នុង​ពេល​ថ្មី​ៗ​នេះ​ផង​​ដែរ ហើយ​ពេល​បច្ចុប្បន្ន ធនាគារជាតិ​នៃ​កម្ពុជា ក៏​កំពុង​សិក្សា​លទ្ធភាព​ក្នុង​ការ​ប្រើ​ប្រាស់​រូបិយប័ណ្ណ​ឌី​ជី​ថ​ល សម្រាប់​ការ​ទូទាត់​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​ធនាគារ ។

ប្រធាន​ស្តីទី​សមាគម​ធនាគារ​កម្ពុជា លោក​ឆា​រស៍ វ៉ា​ន់ បាន​ថ្លែង​ថា ប្រព័ន្ធ​ទូទាត់​បែប​នេះ មិន​ទាន់​មាននៅ​កម្ពុជា​ទេ ប៉ុន្តែ​នៅ​ប្រទេស​ជឿនលឿន​នានា​បាន​អនុវត្ត​ហើយ ។

ហេតុនេះ​យើង​ត្រូវ​សិក្សា​លើ​ប្រព័ន្ធ​នេះ​ឲ្យ​ជាក់លាក់​សិន ដើម្បី​កំណត់​ថា គួរ​ជ្រើសរើស​ប្រព័ន្ធ​ណាមួយ​យក​មក​ប្រើប្រាស់​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ លោក​បន្ត​ថា ការ​ប្រើប្រាស់​ប្រព័ន្ធ​នេះ ក៏​មាន​ហានិភ័យ​ផង​ដែរ ។ ហេតុនេះ ការ​រៀបចំ​ឲ្យ​បាន​ច្បាស់លាស់​មាន​សារសំខាន់​ណាស់ ដើម្បី​បញ្ចៀស​ហានិភ័យ​នានា ។

លោក​បន្ត​ថា ៖« ការ​ទូទាត់​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល ផ្តល់​ប្រយោជន៍​ច្រើន​ដល់​អ្នក​ប្រើប្រាស់ និង​អតិថិជន ហើយ​ធនាគារ​គ្រាន់តែ​ដើរតួ​នាទី​ជា​អ្នកសម្របសម្រួល​ប៉ុណ្ណោះ » ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែង​ថា ប្រព័ន្ធ​ធនាគារ​នានា​នៅ​កម្ពុជា​កាន់តែ​មាន​ភាព​រីក​ចម្រើន ដោយសារ​ការ​នាំ​មក​នូវ​បច្ចេក​វិទ្យា ចំណេះដឹង និង​បទ​ពិសោធន៍​ថ្មី​ៗ​ពី​វិនិយោគិន និង​អ្នកជំនាញ​មក​ពី​បរទេស ដែល​ផ្តល់​ផល​ចំណេញ​ដល់​កម្ពុជា​ទាំង​លើ​ទុន និង​ចំណេះដឹង ដែល​កម្ពុជា​ត្រូវ​រៀនសូត្រ​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ