ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រមូល​ផល​ស្រូវ​សម្រេច​បាន​ជិត​50% ស្រប​ពេល​តម្លៃ​ល្អ​ជាង​​ឆ្នាំ​មុន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រមូល​ផល​ស្រូវ​វស្សា​ឆ្នាំ​នេះ​សម្រេច​បាន​ជិត​៥០%​ហើយ ខណៈ​តម្លៃ និង​ទិន្នផល​ស្រូវ​ប្រសើរ​ជាង​ឆ្នាំ​មុន ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ។ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់…

រាជធានី​ភ្នំពេញ ៖ ការ​ប្រមូល​ផល​ស្រូវ​វស្សា​ឆ្នាំ​នេះ​សម្រេច​បាន​ជិត​៥០%​ហើយ ខណៈ​តម្លៃ និង​ទិន្នផល​ស្រូវ​ប្រសើរ​ជាង​ឆ្នាំ​មុន ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេ​ង សា​ខុន បាន​ថ្លែង​តាម​ទូរស័ព្ទ​​នា​ព្រឹក​ថ្ងៃ​ទី​៣០ វិច្ឆិកា កន្លង​មក​ថា ទិន្នផល​ស្រូវ​ឆ្នាំ​នេះ​នឹង​កើន​ដល់​ជាង​១០​លាន​តោន ខណៈ​ឆ្នាំ​មុន ការ​ប្រមូល​ផល​ស្រូវ​បាន​ជាង​៩,៩​លាន​តោន ព្រោះ​ការ​ដាំ​ដុះ​ដំណាំ​ស្រូវ​ឆ្នាំ​នេះ សម្រេច​លើស​ផែនការ​ចំនួន​៦,៤៥​ហិ​កតា ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា ផ្ទៃដី​ដាំ​ដុះ​ស្រូវ​ឆ្នាំ​នេះ​មាន​ទំហំ​២.៦៥៧.៧៦៨​ហិ​កតា និង​ប្រមូល​ផល​បាន​ចំនួន​១.០២២.៤៧៨​ហិ​កតា រហូត​មក​ទល់​ពេល​នេះ ។

លោក​បន្ត​ថា ៖« ទិន្នផល​ស្រូវ​ប្រមូល​បាន​រហូត​មក​ទល់​ពេល​នេះ បាន​ចំនួន​៣.៣៦១.១៦៤​តោន ហើយ​ទិន្នផល​ជា​មធ្យម​ប្រមូល​បាន​ចំនួន​៣.២៦៣​គីឡូក្រាម​ក្នុង​១​ហិ​កតា ។ ផល​ស្រូវ​ប្រមូល​បាន​ឆ្នាំ​នេះ ភាគច្រើន​ជា​ប្រភេទ​ស្រូវ​ក្រអូប ជា​ការ​ផលិត​សម្រាប់​តម្រង់​ទិស​ការ​នាំ​ចេញ » ។

ស្រូវ​ក្រអូប​ឆ្នាំ​នេះ មាន​តម្លៃ​ចន្លោះ​ពី​១​ពាន់​ទៅ​១.៣០០​រៀល និង​ស្រូវ​ធម្មតា​មាន​តម្លៃ​ចន្លោះ​ពី​៨០០​ទៅ​៩០០​រៀល​ក្នុង​១​គីឡូក្រាម ។

លោក​ឧកញ៉ា ភួ ពុ​យ ប្រធាន​សម្ព័ន្ធ​សមាគម​រោង​ម៉ាស៊ីនកិនស្រូវ​កម្ពុជា បាន​ថ្លែង​ថា ការ​ប្រមូល​ផល​ស្រូវ​រដូវវស្សា​បាន​ដំណើរការ​ល្អ​ប្រសើរ ដោយ​បច្ចុប្បន្ន ស្រូវ​មាន​តម្លៃ​ចន្លោះ​ពី​១.១០០​ទៅ​១.៣០០​រៀល​ក្នុង​១​គីឡូក្រាម ហើយ​កសិករ​មិន​លំបាក​ក្នុង​ការ​ដឹក​ជញ្ជូន​ស្រូវ​ទេ ព្រោះ​យើង​បាន​បង្កើត​ផ្សារ​នៅ​តាម​សហគមន៍ ដើម្បី​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ ដែល​ផ្តល់​ផល​ចំណេញ​ច្រើន​ដល់​ពួក​គាត់ ទាំង​តម្លៃ​ដើម​នៃ​ការ​ផលិត និង​បាត់បង់​ទិន្នផល​ស្រូវ​នៅ​ពេល​ប្រមូល​ផល ។

លោក​បន្ត​ថា ៖« ធនាគារ​ស្រូវ​បាន​ចំណាយ​ប្រាក់​ជា​រៀងរាល់ថ្ងៃ​រាប់​ម៉ឺន​ដុល្លារ ដើម្បី​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​នៅ​តាម​បណ្តា​ខេត្ត​ភូមិភាគ​ពាយ័ព្យ​នៃ​កម្ពុជា » ។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting បាន​ថ្លែង​ថា ស្ថានភាព​ទីផ្សារ​កសិកម្ម​កម្ពុជា នៅ​តែ​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​នៅឡើយ ហើយ​ផលិតកម្ម​របស់​យើង​ទទួល​បាន​ទិន្នផល​ទាប ពិសេស​​វិស័យ​កសិកម្ម​ចូលរួម​ចំណែក​ក្នុង​ផលិតផល​ជាតិ​សរុប​មាន​ចំនួន​ទាប​ផង​ដែរ ។

ការ​រើប​ឡើង​នៃ​តម្លៃ​កសិផល​ឆ្នាំ​នេះ ជា​សញ្ញា​ល្អ​សម្រាប់​ប្រជា​កសិករ ប៉ុន្តែ​រាជរ​ដ្ឋា​ភិបាល​ត្រូវ​ធ្វើការ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ជាង​នេះ ដើម្បី​ធ្វើ​ឲ្យ​តម្លៃ​កសិផល​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ ។

លោក​បន្ត​ថា ៖« ការ​ថមថយ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​នេះ មិនជា​បញ្ហា​អ្វី​នោះ​ទេ ព្រោះ​ការ​ប្រើប្រាស់​គ្រឿងយន្ត​ក្នុង​វិស័យ​កសិកម្ម​កើនឡើង ប៉ុន្តែ​កសិករ​របស់​យើង​ភាគច្រើន​ធ្វើ​កសិកម្ម​ខ្នាត​តូច ។ ហេតុនេះ ដំណោះស្រាយ គឺ​សហគមន៍​គួរ​ចងក្រង​គ្នា​ដើម្បី​ទិញ​គ្រឿងចក្រ​ប្រើប្រាស់​រួម » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ