ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី​នាយក​រដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស នឹង​មក​បំពេញ​ទស្សនកិច្ច​៣​ថ្ងៃ​នៅ​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ តាម​ការ​អញ្ជើញ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​ជំទាវ សេក្ខ ហា​ស៊ី​ណា (Sheikh…

​រាជធានី​ភ្នំពេញ ៖ តាម​ការ​អញ្ជើញ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​ជំទាវ សេក្ខ ហា​ស៊ី​ណា (Sheikh Hasina) នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដែ​ស នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពី​ថ្ងៃ​ទី ០៣ ដល់​ថ្ងៃ​ទី ០៥ ខែធ្នូ ឆ្នាំ​២០១៧ ។

​ក្នុងអំឡុងពេល​ទស្សនកិច្ច លោក​ជំទាវ សេក្ខ ហា​ស៊ី​ណា នឹង​ចូល​ក្រាប​បង្គំ​គាល់ ព្រះ​ករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា នៅ​ព្រះ​បរមរាជវាំង ។ លោក​ជំទាវ ក៏​នឹង​ចូល​ជួប​សម្តែង​ការ​គួរសម​ដាច់​ដោយឡែក​ពី​គ្នា​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា ហើយនឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផង​ដែរ។ បន្ទាប់​មក នាយក​រដ្ឋមន្ដ្រី​ទាំង​ពីរ នឹង​អញ្ជើញ​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សហប្រតិបត្តិការ​មួយ​ចំនួន និង​បន្ត​ដោយ​ការ​ប្រកាស​ព័ត៌មាន​រួម​គ្នា​។

​លោក​ជំទាវ សេក្ខ ហា​ស៊ី​ណា ក្នុងអំឡុងពេល​ស្នាក់​នៅ​ប្រទេស​កម្ពុជា​នឹង​អញ្ជើញ​ដាក់​កម្រងផ្កា​នៅ​វិមាន​ឯករាជ្យ គោរព​វិញ្ញាណក្ខន្ធ​វីរបុរស​-​វីរនារី​កម្ពុជា ​ដែល​បាន​ពលី​ក្នុង​សង្គ្រាម គោរព​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ​កម្ពុជា ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​នរោត្ដម ​សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ ទស្សនា​សារមន្ទីរ​ប្រល័យពូជសាសន៍​ទួល​ស្លែង និង​ចូលរួម​ជា​អធិបតី​ក្នុង​កិច្ច​សន្ទនា​ធុរកិច្ច រៀបចំ​ដោយ​សភាពាណិជ្ជកម្ម​កម្ពុជា ។

​គួរ​កត់សម្គាល់​ផង​ដែរ​ថា លោក​ជំទាវ សេក្ខ ហា​ស៊ី​ណា នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដែ​ស ធ្លាប់​បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ​លើក​ទី​មួយ នៅ​កម្ពុជា ស្រប​ពេល​នៃ​ការ​ចូលរួម​របស់​លោក​ជំទាវ ក្នុង​ស​ន្និ​សី​ទ​សមាគម​សភា​អាស៊ី​សម្រាប់​សន្តិភាព នៅ​ទីក្រុង​ភ្នំពេញ កាលពី​ខែមករា ឆ្នាំ​២០០១​។ ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​ជំទាវ សេក្ខ ហា​ស៊ី​ណា នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្លុះ​បញ្ចាំង​ពី​ការ​ពង្រឹង​ចំណង​មិត្ត​ភាព ដែល​ប្រទេស​ទាំង​ពីរ​បាន​ថែរក្សា​ជា​ច្រើន​ឆ្នាំ​កន្លង​មក និង​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ដែល​មាន​ស្រាប់​រវាង​កម្ពុជា និង​បង់​ក្លា​ដែ​ស​។​

កែសម្រួលដោយ