ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវ​ច្រូតកាត់​ចូល​មក​ដល់ កសិករ​ខ្វាយខ្វល់​គ្មាន​កម្លាំង​ពលកម្ម

6 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពត ៖ ឆ្នាំ​នេះ ស្រូវ​ដាក់​គ្រាប់​ល្អ​ណាស់ ពិតជា​ទទួល​បាន​ទិន្នផល​ខ្ពស់ ព្រោះ​រដូវ​វស្សា​មាន​រយៈពេល​យូរ និង​មាន​ភ្លៀង​ធ្លាក់​ពាសពេញ​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស ។ ទោះ​បី​យ៉ាងណា ខណៈ​រដូវ​ច្រូតកាត់​ចូល​មក​ដល់…

ខេត្តកំពត ៖ ឆ្នាំ​នេះ ស្រូវ​ដាក់​គ្រាប់​ល្អ​ណាស់ ពិតជា​ទទួល​បាន​ទិន្នផល​ខ្ពស់ ព្រោះ​រដូវ​វស្សា​មាន​រយៈពេល​យូរ និង​មាន​ភ្លៀង​ធ្លាក់​ពាសពេញ​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស ។ ទោះ​បី​យ៉ាងណា ខណៈ​រដូវ​ច្រូតកាត់​ចូល​មក​ដល់ ស្រូវ​ទុំ​លឿង​ពេញ​ស្រែ បែរជា​កសិករ​កំពុង​​កើតទុក្ខ​ទៅ​វិញ ព្រោះ​ខ្វះខាត​កម្លាំង​ធ្វើ​ការងារ ស្រប​ពេល​ភ្លៀង​នៅ​តែ​បន្ដ​ធ្លាក់​ធ្វើ​ឲ្យ​ស្រូវ​របស់​ពួក​គាត់​ដួល​រាប​ដល់​ដី ។

អ្នកស្រី សុខ ត្រេ​ន កសិករ​រស់នៅ​ភូមិ​តា​ដិ​ប សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត បាន​ប្រាប់​ថា ដោយសារ​តែ​អ្នក​នៅ​ក្នុងភូមិ​ភាគច្រើន​សុទ្ធតែ​ទៅ​ធ្វើការ​នៅ​រោងចក្រ និង​ចំណាកស្រុក​ទៅ​ប្រទេស​គេ​ចង់​ស្ងាត់​ភូមិ​ទៅ​ហើយ នៅ​ពេល​ដល់​រដូវ​ច្រូតកាត់​ម្ដង​ៗ គឺ​ពិបាក​រក​អ្នក​មក​ច្រូត​ណាស់ ព្រោះ​មាន​តែ​មនុស្ស​ចាស់​ៗ​ដែល​គាត់​មិនសូវ​មាន​កម្លាំង ហើយ​ជាប់​មើល​ថែ​ចៅ​ៗ​ទៀត ។ អ្នកស្រី​ថា ៖« សព្វ​ថ្ងៃនេះ មនុស្ស​ចាស់​មានកូន​ខ្ចី​អស់ហើយ នៅ​តាម​ផ្ទះ​នីមួយ​ៗ​ភាគច្រើន​មានកូន​តូច​ឲ្យ​រហង់ » ។

អ្នកស្រី​បន្ដ​ទៀត​ថា ៖« រាល់​ថ្ងៃនេះ មិន​ងាយ​រក​អ្នក​ច្រូត​បាន​ទេ អ្នកមាន​កម្លាំង​ល្មម​ៗ​គេ​ទៅ​ធ្វើការ​រោងចក្រ​អស់ហើយ ហើយ​អ្នក​ដែល​នៅ សុទ្ធតែ​ចាស់​ៗ និង​មាន​ចៅ​នៅ​ជាប់​ខ្លួន​ទៀត បើសិនជា​ស្រែ​នោះ​គ្រឿងយន្ដ​អាច​ចូល​បាន ចេះ​តែ​ជួល​គេ​ទៅ តែបើ​ស្រែ​មាន​ទឹក​វិញ គឺ​មាន​តែ​ច្រូត​ដៃ ។ ទោះបី​យ៉ាងណា ក៏​ត្រូវ​តែ​ស្វះ​ស្វែងរក​ដែរ គឺ​ជួល​គេ​ច្រូត​ក្នុ​ង​១​ថ្ងៃ​២​ម៉ឺន​រៀល ឬ​ក៏​ច្រូត​ប្រវាស់ដៃ​គ្នា » ។

កញ្ញា ចាន់ បុប្ផា រស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើ​បាន​ឲ្យ​ដឹង​ដែរ​ថា សព្វ​ថ្ងៃនេះ ពិបាក​រក​មនុស្ស​​មក​ច្រូត​ណាស់ ហើយ​បើ​រកបាន ក៏​គេ​យក​ថ្លៃ​ដែរ ។ កញ្ញា​ថា ៖« ឥឡូវ ដោយសារ​ម្នាក់​ៗ​ទៅ​ធ្វើការ​រោងចក្រ​អស់ អ្នក​នៅ​ស្រែ​កំពុង​ខ្វះខាត​កម្លាំង​ច្រូត ហើយ​បើ​មាន​អ្នក​ទំនេរ ក៏​គេ​យក​ថ្លៃ​ដែរ ។ ដូច្នេះ ទើប​ខ្ញុំ​ហៅ​ម៉ាស៊ីន​មក​ច្រូត ព្រោះ​វា​លឿន ងាយស្រួល និង​តម្លៃ​សមរម្យ » ។

កញ្ញា​បាន​បន្ត​ថា ៖« សម្រាប់​ម៉ាស៊ីន គឺ​ចាប់ពី​កន្លះ​ហិ​កតា​ឡើង​ទៅ ទើប​គេ​ច្រូត​ឲ្យ ហើយ​ក្នុង​១​ហិ​កតា តម្លៃ​៤០​ម៉ឺន​រៀល តែ​បើសិនជា​យើង​ជួល​គេ​ច្រូត​ដៃ​វិញ ក្នុង​១​ថ្ងៃ​២​ម៉ឺន​ឡើង​​ទៅ និង​ចំណាយពេល​យូរថ្ងៃ ហើយ​ពិបាក​បញ្ជូន​ទុកដាក់​ទៀត ។ ជាក់ស្ដែង ដូច​ជា​មេឃ​ភ្លៀង​អីចឹង បើ​យើង​ជញ្ជូន​មិន​ទាន់​ទេ អាច​ខូច​កណ្ដាប់​ស្រូវ​យើង​ទៀត » ។ បច្ចុ​ប្បន្ន ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​មនុស្ស​ក្នុង​វិស័យ​កសិកម្ម ហាក់​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ខណៈ​ការ​ប្រើប្រាស់​គ្រឿងយន្ត​បាន​កើនឡើង​ក្នុង​វិស័យ​មួយ​នេះ ។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេ​ង សា​ខុន ក៏​បាន​លើក​ឡើង​ដែរ​ថា បច្ចុប្បន្ន កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​បាន​ធ្លាក់​មក​នៅ​ត្រឹមតែ​៤២% ខណៈ​ឆ្នាំ​១៩៩៣​កម្ពុជា​មាន​កម្លាំង​ពលកម្ម​លើ​វិស័យ​នេះ​ជាង​៨០%​ឯណោះ ។ លោក​រដ្ឋមន្ត្រី​កសិកម្ម​បញ្ជាក់​ថា កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​នឹង​ធ្លាក់​បន្ត​ទៀត ដែល​តាម​ការ​ព្យាករ​នឹង​ធ្លាក់​នៅ​២៩%​នៅ​ឆ្នាំ​២០២០ ដោយ​ជំនួស​មក​វិញ​នូវ​ការ​ប្រើប្រាស់​កម្លាំង​គ្រឿងយន្ត ។

យោង​តាម​របាយការណ៍​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា ការ​បង្ក​បង្កើន​ស្រូវ​វស្សា​បាន​បញ្ចប់​ដោយ​សម្រេច​បាន​១០៦,៤៥%​នៃ​ផែនការ​២.៤៩៦.៧៩០​ហិ​កតា ក្នុង​នោះ​ការ​ប្រើប្រាស់​គ្រឿងយន្ត​សម្រាប់​ផលិតកម្ម​កសិកម្ម ស្មើនឹង​៩៣,៧៣% ធៀប​នឹង​ការ​ប្រើប្រាស់​គោក្របី មាន​តែ​៦,២៧%​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ