ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មុខរបរ​បញ្ចូល​អា​គុយ​បច្ចុប្បន្ន​មាន​ស្ថានភាព​បែប​ណា​ហើយ ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​អំឡុង​ទសវត្សរ៍ ឆ្នាំ​១៩៩០ អ្នក​រស់នៅ​តាម​ជនបទ​ភាគច្រើន បាន​ឈប់​ប្រើ​ចង្កៀងប្រេងកាត ហើយ​ងាក​មក​រក​ការ​ប្រើប្រាស់​អា​គុយ​សម្រាប់​បំភ្លឺ​គេហ​ដ្ឋាន​វិញ​ជា​បណ្ដើរ​ៗ ។ គ្រានោះ មុខរបរ​បញ្ចូល​អា​គុយ​ពិតជា​កាក់កប…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​អំឡុង​ទសវត្សរ៍ ឆ្នាំ​១៩៩០ អ្នក​រស់នៅ​តាម​ជនបទ​ភាគច្រើន បាន​ឈប់​ប្រើ​ចង្កៀងប្រេងកាត ហើយ​ងាក​មក​រក​ការ​ប្រើប្រាស់​អា​គុយ​សម្រាប់​បំភ្លឺ​គេហ​ដ្ឋាន​វិញ​ជា​បណ្ដើរ​ៗ ។ គ្រានោះ មុខរបរ​បញ្ចូល​អា​គុយ​ពិតជា​កាក់កប និង​អាច​រក​ចំណូល​​ប្រចាំ​ថ្ងៃ​បាន​យ៉ាង​ស្រួល ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​ប្រកប​មុខរបរ​នេះ​មួយ​ចំនួន ថែម​ទាំង​មាន​លទ្ធភាព​ផ្គត់ផ្គង់​ការ​សិក្សា​របស់​កូន​ៗ​រហូត​បញ្ចប់​សាកលវិទ្យាល័យ និង​មានការ​ងារ​ធ្វើ​តបស្នង​សងគុណ​ឪពុក​ម្ដាយ​ថែម​ទៀត ។ ទោះបី​យ៉ាងណា របរ​ខ្លះ​បាន​បាត់បង់​ទៅ​តាម​ការ​រីក​ចម្រើន​នៃ​សង្គម និង​ភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា​ផង​ដែរ ។

ចំណែក​មុខរបរ​បញ្ចូល​អា​គុយ ក៏​មិន​ខុស​គ្នា​ដែរ ចាប់តាំងពី​រាជរដ្ឋាភិបាល​អភិវឌ្ឍន៍​វិស័យ​អគ្គិសនី​ដល់ទី​ជនបទ​បាន​ភាគច្រើន​មក ការ​ប្រើប្រាស់​ថាមពល​ពី​អា​គុយ​ក៏​បាត់​បង់​ទៅ​ៗ រហូត​ដល់​បច្ចុប្បន្ន នៅ​សល់​អ្នក​រកស៊ី​របរ​នេះ​តិចតួច​បំផុត ហើយ​មិនយូរ​ទេ អាជីវកម្ម​មួយ​នេះ នឹង​បាត់ឈ្មោះ​ដូច​របរ​ផ្ដល់​សេវា​ទូរស័ព្ទ​សាធារណៈ​មិន​ខាន ។

អ្នក​ប្រកប​របរ​បញ្ចូល​អា​គុយ​នៅ​ភូមិ​ព្រៃម្លូ ឃុំ​ក្រពុំ​ឈូក ស្រុក​កោះអណ្ដែត ខេត្តតាកែវ បាន​រៀបរាប់​ថា ភូមិ​-​ឃុំ​របស់​លោក​ទើបតែ​មាន​បណ្ដាញ​អគ្គិសនី​ប្រើ​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ ។ កាលពីមុន អ្នក​ភូមិ​នៅ​ប្រើ​ភ្លើង​អា​គុយ​នៅឡើយ ហើយ​កាលនោះ មុខរបរ​មួយ​នេះ ពិតជា​អាច​រក​ចំណូល​ប្រចាំ​ថ្ងៃ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព និង​ការ​សិក្សា​របស់​កូន​ៗ​បាន​យ៉ាង​ស្រួល ។

លោក គល់ ធី អ្នក​បញ្ចូល​អា​គុយ​រូប​នេះ​បន្ដ​ថា ៖« របរ​នេះ ខ្ញុំ​ទើបតែ​ឈប់​បាន​៥​ឆ្នាំ​ទេ បន្ទាប់​ពី​អគ្គិសនី​រដ្ឋ​មក​ដល់ ។ កាលពីមុន ខ្ញុំ​បញ្ចូល​រាល់ថ្ងៃ ដោយ​ក្នុង​១​ថ្ងៃ​មាន​៨០​ទៅ​១០០​អា​គុយ និង​យក​ថ្លៃ​ពី​១.២០០​ទៅ​២.៥០០​រៀល​ទៅ​តាម​ប្រភេទ » ។

លោក​បន្ដ​ទៀត​ថា ៖« របរ​នេះ​បាន​ជួយ​សម្រាល​បន្ទុក​ដល់​គ្រួសារ​ខ្ញុំ​ច្រើន រហូត​ដល់​អាច​ផ្គត់ផ្គង់​កូន​ៗ​រៀន​ចប់​មហាវិទ្យាល័យ​បាន​២​នាក់ ទើប​ខ្ញុំ​បោះបង់​មុខរបរ​នេះ ព្រោះ​សព្វ​ថ្ងៃ អ្នក​ភូមិ​មាន​ភ្លើង​រដ្ឋ​ប្រើប្រាស់​ស្ទើរ​គ្រប់​គ្នា​ទៅ​ហើយ » ។ បើ​ទោះបី​របរ​នេះ​ត្រូវ​បាន​បោះបង់​ជា​បណ្ដើរ​ៗ ប៉ុន្ដែ​ក៏​មាន​តំបន់​ខ្លះ​នៅ​តែ​ដំណើរការ​ជា​ធម្មតា​ដែរ បើ​ទោះជា​បណ្ដាញ​អគ្គិសនី​រដ្ឋ​ទៅ​ដល់​យ៉ាងណា​ក៏​ដោយ ពិសេស​តំបន់​ព្រៃ​ភ្នំ និង​សមុទ្រ ។

លោក ទេព មា​ញ់ រស់នៅ​ភូមិ​ថ្វី​ខាងជើង ឃុំ​អណ្ដូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត បាន​ឲ្យ​ដឹង​ថា ភាគច្រើន​អ្នក​ដែល​មក​បញ្ចូល​អា​គុយ​នៅផ្ទះ​របស់​លោក គឺជា​អ្នកនេសាទ ព្រោះ​ពួក​គេ​ត្រូវ​យក​ទៅ​តាម​ទូក​ដើម្បី​បំភ្លឺ ។

លោក​បន្ត​ថា ៖« ក្នុងភូមិ​នេះ គឺ​សល់​តែ​ផ្ទះ​ខ្ញុំ​មួយ​ទេ​ដែល​នៅ​ប្រកប​មុខរបរ​នេះ ក្នុង​១​ថ្ងៃ អាច​បញ្ចូល​បាន​ពី​២០​ទៅ​៣០​អា​គុយ​ប៉ុណ្ណោះ ហើយ​ក៏​មិន​បាន​រាល់ថ្ងៃ​ដែរ ព្រោះ​អ្នក​ដែល​គាត់​ប្រើ​អា​គុយ​សព្វថ្ងៃ ភាគច្រើន​សុទ្ធតែ​អ្នកនេសាទ ។ ចំណែក​អ្នក​ភូមិ គេ​ប្រើ​ភ្លើង​រដ្ឋ​ស្ទើរ​អស់​ទៅ​ហើយ » ។

យ៉ាងណា​ក៏​ដោយ លោក​ថា ៖« សម្រាប់​ខ្ញុំ គឺ​មិន​ដែល​គិត​ថា ចង់​ឈប់​ប្រកប​មុខរបរ​មួយ​នេះ​ទេ ព្រោះថា វា​ជា​តម្រូវការ​របស់​ប្រជា​នេសាទ​ដែល​គាត់​ត្រូវការ​រាល់​យប់ ព្រោះ​ភ្លើងអគ្គិសនី​មិន​អាច​ទៅ​ដល់​សមុទ្រ​បាន​ទេ ណាមួយ នៅ​មាន​បងប្អូន​យើង​ក្នុងភូមិ​មួយ​ចំនួន​ដែល​នៅ​ដាច់​ស្រយាល គាត់​មិន​មាន​ភ្លើង​អូស​ទៅ​ដល់​ដែរ អីចឹង​សម្រាប់​ខ្ញុំ​នៅ​តែ​បន្ត ឲ្យ​តែ​មាន​អ្នក​មក​បញ្ចូល » ។

ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ទទឹងថ្ងៃ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ​វិញ បាន​ឲ្យ​ដឹង​ដែរ​ថា តាំងពី​មាន​ភ្លើងអគ្គិសនី​គ្រប់គ្រាន់​មក ពួក​គាត់​មិន​ប្រើ​ភ្លើង​អា​គុយ​ទៀត​ទេ ព្រោះ​បើ​គិត​ទៅ តម្លៃ​បញ្ចូល​អា​គុយ​ប្រចាំខែ វា​អស់​ច្រើន​ជាងភ្លើង​រដ្ឋ ហើយ​ប្រើប្រាស់​មិន​គ្រប់គ្រាន់​តាម​តម្រូវការ​ទៀត ។

តាម​ផែនការអភិវឌ្ឍន៍​វិស័យ​ថាមពល​អគ្គិសនី​នៅ​ព្រះរាជាណាចក្រ​កម្ពុជា រាជរដ្ឋា​ភិបាល​​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ថាមពល​អគ្គិសនី ដែល​មាន​ទិស​ដៅ​ដូច​ខាងក្រោម ៖

១-​ផ្ដល់​នូវ​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ឲ្យ​បាន​គ្រប់គ្រាន់​ទូ​ទាំង​ប្រទេស ក្នុង​តម្លៃ​សម​រម្យ។

២-​ធានា​នូវ​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ឲ្យ​មាន​និរន្ដរភាព និង​សុវត្ថិភាព ដែល​ធ្វើ​ឲ្យ​មាន​ភាព​ងាយស្រួល​ដល់​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ។

៣-​ជួយ​ជំរុញ​នូវ​របកគំហើញ​ថ្មី​ៗ និង​ការ​អភិវឌ្ឍ​នៃ​ប្រភព​ផលិត​ថាមពល​ដែល​មិន​ប៉ះ​ពាល់​ដល់​បរិស្ថាន និង​សង្គម ដែល​ជា​តម្រូវការ​ចាំបាច់​សម្រាប់​ផ្គត់ផ្គង់​ថាមពល​ដល់​គ្រប់​វិស័យ​ទាំងអស់​នៃ​សេដ្ឋកិច្ចជាតិ ។

៤-​លើកទឹកចិត្ត​នូវ​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ឲ្យ​មាន​ប្រសិទ្ធភាព និង​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន​នូវ​កម្រិត​អប្បបរមា​ពី​ប្រភព​ផ្គត់ផ្គង់ និង​ការ​ប្រើប្រាស់ ។

យោង​តាម​ក្រសួង​រ៉ែ និង​ថាមពល វឌ្ឍនភាព​ក្នុង​វិស័យ​អគ្គិសនី បច្ចុប្បន្ន មាន​វា​រី​អគ្គិសនី​ចំនួន​៦​ស្ថានីយ ដែល​មាន​អានុភាព​សរុប​៩២៨​មេ​ហ្គា​វ៉ា​ត់​, អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​មាន​៥០៥​មេ​ហ្គា​វ៉ា​ត់​, អគ្គិសនី​ដើរ​ដោយ​ប្រេង​មាន​២១៨​មេ​ហ្គា​វ៉ា​ត់ និង​ថាមពលព្រះអាទិត្យ​មាន​១០​មេ​ហ្គា​វ៉ា​ត់ ដែល​បាន​ផ្គត់ផ្គង់​តាម​រយៈ​ខ្សែបណ្ដាញ​ជាតិ​បញ្ជូន​អគ្គិសនី​ឲ្យ​ដល់​រាជធានី​-​ខេត្ត ចំនួន​១៨ និង​បាន​ផ្គត់ផ្គង់​ដល់​ភូមិ​ចំនួន​ប្រមាណ​១១.២០០​ភូមិ ត្រូវជា​៨០%​​នៃ​ចំនួន​ភូមិ​ទូ​ទាំង​ប្រទេស និង​បាន​ត​ភ្ជាប់​ទៅ​លំនៅ​ឋាន​ចំនួន​ប្រមាណ​ជិត​២​លាន​​ខ្នង​ផ្ទះ ត្រូវជា​៦០%​នៃ​ចំនួន​ខ្នង​ផ្ទះ​សរុប​ទូ​ទាំង​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ