ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​អឺរ៉ុប​ងាក​ពី​ខេត្ត​ព្រះ​សីហ​នុ មក​​កំពត​-​កែបវិញ ដឹងអត់ថា ហេតុអ្វី?

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត​-​កែប ៖ មួយ​រយៈ​ចុង​ក្រោយ​នេះ ភ្ញៀវ​ទេសចរ​បរទេស ជា​ពិសេស​ភ្ញៀវ​ទេស​ចរ​​ភ្នែក​ប្រាក់ បាន​និង​កំពុង​សម្រុក​មក​កម្សាន្ត​នៅ​ខេត្ត​មាត់សមុទ្រ កំពត និង​កែប បន្ទាប់​ពី​កត់សម្គាល់​ឃើញ​ថា ភ្ញៀវ​បរទេស…

ខេត្តកំពត​-​កែប ៖ មួយ​រយៈ​ចុង​ក្រោយ​នេះ ភ្ញៀវ​ទេសចរ​បរទេស ជា​ពិសេស​ភ្ញៀវ​ទេស​ចរ​​ភ្នែក​ប្រាក់ បាន​និង​កំពុង​សម្រុក​មក​កម្សាន្ត​នៅ​ខេត្ត​មាត់សមុទ្រ កំពត និង​កែប បន្ទាប់​ពី​កត់សម្គាល់​ឃើញ​ថា ភ្ញៀវ​បរទេស និង​វិនិយោគិន​ចិន​កំពុង​ក្តោប​ក្តាប់​ខេត្ត​ព្រះ​សីហនុ។

លោក សយ ស៊ីណុ​ល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នា​ថ្ងៃ​ទី​១៦ វិច្ឆិកា ថា ដោយសារ​ខេត្តកំពត​សម្បូរ​កន្លែង​ទេសចរណ៍​បែប​ធម្មជាតិ និង​វប្បធម៌​ច្រើន ទើប​ធ្វើ​ឲ្យ​ខេត្ត​មួយ​នេះ​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ជា​ពិសេស ភ្ញៀវ​ទេសចរ​មក​ពី​អឺរ៉ុប និង​អា​មេ​រិ​ក ។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​បញ្ជាក់​ថា ៖«​សម្រាប់​ខេត្តកំពត កំពុង​ទាក់ទាញ​ភ្ញៀវ​ទេស​ចរ​អន្តរជាតិ​កាន់តែ​ខ្លាំង​ឡើង​ៗ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ជា​ពិសេស ចំនួន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​​មក​ពី​ប៉ែក​អឺរ៉ុប​ចាប់អារម្មណ៍​មក​កម្សាន្ត​នៅ​ខេត្តកំពត និង​កែប​ជា​ហូរហែ បន្ទាប់​ពី​ខេត្ត​ទាំង​ពីរ​នេះ​មានការ​អភិវឌ្ឍ​ខ្លាំង​លើ​វិស័យ​ទេសចរណ៍ » ។

លោក សយ ស៊ី​ណុ​ល បន្ត​ថា សម្រាប់​រយៈពេល​១០​ខែ ឆ្នាំ​២០១៧​នេះ មាន​ភ្ញៀវ​សរុប​ចំនួន​១.៣១៦.២៦០​នាក់ ក្នុង​នោះ​ទេសចរ​ក្នុងស្រុក​១.១៧៨.៧០៦​នាក់ និង​ភ្ញៀវ​អន្តរ​ជាតិ​១៣៧.៥៥៤​នាក់ ។ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៦ គឺ​កើនឡើង​០,៧៧% ។

លោក​បន្ថែម​ថា មូលហេតុ​ដែល​ភ្ញៀវ​ងាក​មក​កម្សាន្ត​នៅ​ខេត្តកំពត ដោយសារ​ខេត្ត​នេះ​សម្បូរ​កន្លែង​ទេសចរណ៍ធម្មជាតិ និង​វប្បធម៌ ដែល​ខេត្ត​ផ្សេង​កម្រ​នឹង​មាន​ណាស់ ជា​ពិសេស សន្តិសុខ និង​សុវត្ថិភាព ដែល​ភ្ញៀវ​បាន​មក​កម្សាន្ត​ហើយ​មាន​ទំនុកចិត្ត ។

ទន្ទឹម​នឹង​ចំនួន​ភ្ញៀវ​ទេសចរ​នៅ​ក្នុង​ខេត្តកំពត​កើនឡើង ក្នុង​នោះ​ខេត្ត​កែប ក៏​មិន​ចាញ់​គ្នា​ប៉ុន្មាន​ដែរ ប៉ុន្តែ​នៅ​ចុងឆ្នាំ​២០១៧ ខេត្ត​មួយ​នេះ​ហាក់​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​បន្តិច ដោយ​សារ​​មួយ​រយៈ​ចុង​ក្រោយ​នេះ ភ្ញៀវ​អន្តរជាតិ​បាន​ទៅ​កម្សាន្ត​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា ជា​ពិសេស ក្នុងអំឡុងពេល​បុណ្យអុំទូក ។

លោក ប៉ុក ទាំង អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប មាន​ប្រសាសន៍​ថា ១០​ខែ​ចុង​ក្រោយ​​នេះ ចំនួន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​ខេត្ត​កែប​បាន​កើនឡើង ប៉ុន្តែ​ភ្ញៀវ​អន្តរជាតិ​វិញ​ថយ​ចុះ​បន្តិច ដោយសារ​ការ​រៀបចំ​ពិធីបុណ្យ​អុំទូក​នៅ​រាជធានី​ភ្នំពេញ ទើប​ទាក់​ទាញ​​ភ្ញៀវ​ទេសចរ​បរទេស​ទៅ​កម្សាន្ត​ច្រើន​ជាង​ខេត្ត​កែប ។

លោក​បញ្ជាក់​ថា ក្នុង​រយៈពេល​១០​ខែ ឆ្នាំ​២០១៧​នេះ ភ្ញៀវ​មក​ទស្សនា​ខេត្ត​កែប​សរុប​ចំនួន​៩៣៤.៨១០​នាក់ ក្នុង​នោះ​ភ្ញៀវ​អន្តរជាតិ​៣៩.២៦២​នាក់ ស្មើ​១៣% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ គឺ​ថយ​ចុះ ។ ដោយឡែក សម្រាប់​បុណ្យ​សមុទ្រ​ដែល​នឹង​ខិត​ជិត​មក​ដល់​នេះ ខេត្ត​​កែប​រំពឹង​ថា នឹង​មាន​ភ្ញៀវ​មក​ទស្សនា​រាប់​លាន​នាក់​ក្នុង​មហា​ព្រឹត្តិការណ៍​មួយ​នេះ ។

លោក សោម ពិសិដ្ឋ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​កែប ធ្លាប់​បាន​មាន​ប្រសាសន៍​ថា កម្មវិធី​បុណ្យ​សមុទ្រ​នៅ​ខេត្ត​កែប ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២២-២៤ ធ្នូ ឆ្នាំ​២០១៧ ហើយ​រំពឹង​ថា នឹង​មាន​មនុស្ស​មក​កម្សាន្ដ​ចូល​ខ្ទង់លាន​នាក់ ព្រោះ​មានកម្ម​វិធី​ជា​ច្រើន​ដូច​ជា ការ​សម្តែង​សិល្បៈ របាំ កីឡា​លើ​ខ្សាច់ លើ​ទឹក និង​មាន​ល្បែង​ជា​ច្រើន​ប្រភេទ​​ទៀត ជា​ពិសេស ខេត្ត​នេះ​មាន​សុវត្ថិភាព សន្តិសុខ​សង្គម ការ​អភិវឌ្ឍ​វិស័យ​ទេស​ចរណ៍ បរិស្ថាន និង​ហេដ្ឋារចនាសម្ព័ន្ធ ក៏​ដូច​ជា​សក្តានុពល​ច្រើន​ទាំង​ក្នុង​ទឹក និង​លើ​គោក ។

គួរ​រំឭក​ថា តួលេខ​ទូ​ទាំង​ប្រទេស ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០១៧​នេះ កម្ពុជា​ទទួល​បាន​ទេស​ចរ​អន្តរជាតិ​ចំនួន​៤.៥២២.៣៨៣​នាក់ កើនឡើង​១២% ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៦ ក្នុង​នោះ​តំបន់ឆ្នេរ​ទទួល​បាន ៥៥៤.៦១៣​នាក់ កើនឡើង​១៥,៧%​។ ជា​ចក្ខុ​វិស័យ​ឆ្នាំ​២០២០ កម្ពុជា​រំពឹង​ទទួល​បាន​ទេសចរ​អន្តរ​ជាតិប្រមាណ​៧​លាន​នាក់ ដោយ​នាំ​​ចំណូល​ចូលជាតិ​ប្រមាណ​៥​ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​ផ្ទាល់​ជិត​១​លាន​នាក់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ