ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រើប្រាស់​ថង់​បា្ល​ស្ទិ​ក​នៅ​កម្ពុជា ម្ចាស់​ផ្សារ​ទំនើប​នឹង​ត្រូវ​បង់​កម្រៃ​បន្ថែម

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​នៅ​តែ​ចោទ​ជា​បញ្ហា​នៅ​កម្ពុជា ដោយសារ​តែ​តម្រូវការ​ក្នុង​ការ​វេច​ខ្ចប់​សម្ភារ​នានា មាន​ចំនួន​ច្រើន​គួរ​ឱ្យ​ព្រួយបារម្ភ ។ អង្គការ Fondazione ACRA កាលពី​ចុងឆ្នាំ​២០១៦​កន្លង​ទៅ…

រាជធានី​ភ្នំពេញ ៖ ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​នៅ​តែ​ចោទ​ជា​បញ្ហា​នៅ​កម្ពុជា ដោយសារ​តែ​តម្រូវការ​ក្នុង​ការ​វេច​ខ្ចប់​សម្ភារ​នានា មាន​ចំនួន​ច្រើន​គួរ​ឱ្យ​ព្រួយបារម្ភ ។

អង្គការ Fondazione ACRA កាលពី​ចុងឆ្នាំ​២០១៦​កន្លង​ទៅ បាន​សម្ពោធ​យុទ្ធនាការ​បរិស្ថាន ក្រោម​ចំណងជើង​ថា «​បញ្ចូល​ទំនិញ​ក្នុង​ថង់​តែ​មួយ​» ដើម្បី​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​ប្លា​ស្ទិ​ក​នៅ​តាម​ទីផ្សារ​មួយ​ចំនួន​នៅ​កម្ពុជា ធ្លាប់​បាន​ចេញ​របាយការណ៍​មួយ​រក​ឃើញ​ថា ជា​មធ្យម ពលរដ្ឋ​កម្ពុជា​ម្នាក់ បាន​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​អស់​ចំនួន​២០០​ថង់​ក្នុង​១​ខែ ឬ​ប្រមាណ​ជាង​២.៧០០​ថង់​ក្នុង​១​ឆ្នាំ ។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​មួយ​មាន​៣២​មាត្រា ស្តី​ពី​ការ​គ្រង់​គ្រង​ថង់​ប្លា​ស្ទិក ផ្តោត​លើ​ចំណុច​សំខាន់​ចំនួន​៣ គឺ ៖

១-​ការ​កំណត់​ប្រភេទ ទំហំ កម្រាស់​លើ​ថង់​ប្លា​ស្ទិ​ក​ស្តើង​មាន​ដៃ​យួរ ត្រូវ​បាន​ហាមឃាត់​លើ​ការ​នាំ​ចូល ការ​ផលិត​ក្នុងស្រុក ការ​ចែកចាយ និង​ការ​ប្រើប្រាស់ ។

២-​ការ​លើកទឹកចិត្ត​ដល់​ការ​កែ​ច្នៃ​ថង់​ប្លា​ស្ទិ​ក​និង​ការ​ផលិត​ថង់ ឬ​សម្ភារ​វេច​ខ្ចប់​ផលិត​ពី​វត្ថុ​ធាតុ​ងាយ​ពុក​ផុយ (Biodegradable) ឬ​ជីវ​ប្លា​ស្ទិ​ក (Bioplastic) ដែល​ត្រូវ​ដាក់​អាករ​ពិសេស​ជា​បន្ទុក​របស់​រដ្ឋ ។

៣-​ការ​គិត​កម្រៃ​បន្ថែម​ដល់​អតិថិជន ដែល​ចង់​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ។

នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងបរិស្ថាន ចេញផ្សាយ​នា​ពេល​ថ្មី​ៗ​នេះ ។

លោក ហេង ណា​រ៉េ​ត មន្ត្រី​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ឱ្យ​ដឹង​ថា ក្រសួង​គ្រោង​នឹង​ធ្វើ​សិក្ខាសាលា​មួយ​ផ្សព្វផ្សាយ​អនុក្រឹត្យ ស្តី​ពី​ការ​គ្រប់គ្រង​ថង់​ប្លា​ស្ទិ​ក​នៅ​ពាក់កណ្តាល​ខែធ្នូ ដើម្បី​ឱ្យ​ម្ចាស់​ផ្សារ​ទំនើប និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម បានដឹង​ពី​អនុក្រឹត្យ​របស់​ប្រមុខ​រដ្ឋាភិបាល ទាក់ទង​ការ​គ្រប់គ្រង​ថង់​ប្លា​ស្ទិ​ក មុន​នឹង​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ ។

លោក​បន្ត​ថា សម្រាប់​សិក្ខាសាលា​ដែល​គ្រោង​ធ្វើ​នា​ពេល​ខ្លី​ខាង​មុខ​នេះ ក្រសួង​កំពុង​ប្រមូល​ព័ត៌មាន​ថា តើ​ផ្សារ​ទំនើប និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​រាជធានី​ភ្នំពេញ មាន​ចំនួន​ប៉ុន្មាន ហើយ​ក្រសួង​ក៏​គ្រោង​អញ្ជើញ​ម្ចាស់​ផ្សារ​ទំនើប​នៅ​តាម​ខេត្ត​ធំ​ៗ​មក​ចូលរួម​ផង​ដែរ​ដើម្បី​ឱ្យ​ការ​ផ្សព្វផ្សាយ​បាន​ទូលំទូលាយ ។

មន្ត្រី​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​រូប​នេះ​បញ្ជាក់​ថា ៖« គោលបំណង​សំខាន់​ដែល​ឱ្យ​ម្ចាស់​ផ្សារ​ទំនើប និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ចូលរួម​សិក្ខាសាលា មាន​ដូច​ជា ៖ ១-​ដើម្បី​ជម្រាប​​ជូន​អំពី​កាតព្វកិច្ច​របស់​ផ្សារ​ទំនើប នៅ​ពេល​ផ្តល់​ថង់​ប្លា​ស្ទិ​ក​វេច​ខ្ចប់​សម្ភារ គឺ​ត្រូវ​បង់​កម្រៃ​បន្ថែម​។ ២-​ចង់បាន​ព័ត៌មាន​ខ្លះ​ៗ តើ​យើង​គួរ​កំណត់​យក​តម្លៃ​ប៉ុនណា ទៅ​លើ​ការ​យក​តម្លៃបន្ថែម​នៅ​ពេល​ផ្តល់​ជូន​ថង់​ប្លា​ស្ទិ​ក ។ យើង​ចង់បាន​ឱ្យ​មានការ​ឯកភាព​គ្នា ដើម្បី​ងាយស្រួល​យក​ទៅ​អនុវត្ត និង​៣-​ចង់ឱ្យ​គាត់​ជ្រាប និង​ត្រៀមលក្ខណៈ​បោះពុម្ព​ស្លាក​សញ្ញា​ដាក់​នៅ​លើ​ថង់​របស់​គាត់ ឱ្យ​ស្រប​នឹង​អនុក្រឹត្យ​កំណត់​ថា ថង់​ប្លា​ស្ទិ​ក​មិន​ឱ្យ​ស្តើង​ជាង​០,០៣​មី​លី​ម៉ែត្រ និង​ទទឹង​ថង់ មិន​ឱ្យ​តូច​ជាង​២៥​សង់ទីម៉ែត្រ ។ អីចឹង ប្រសិន​ជា​ថង់​នៅ​កន្លែង​គាត់​ខុស​ពី​ខ្នាត​នេះ គឺ​ត្រូវ​តែ​ត្រៀម​រៀបចំ​ថង់​ថ្មី​ឱ្យ​ស្រប​ទៅ​តាម​អនុ​ក្រឹត្យ​​កំណត់ » ។

បើ​តាម​លោក ហេង ណា​រ៉េ​ត អះអាង​ថា នៅ​ពេល​ក្រសួង​ដាក់​ឱ្យ​អនុវត្ត​នូវ​អនុក្រឹត្យ ស្តី​ពី​ការ​គ្រប់គ្រង​ថង់​បា្ល​ស្ទិ​ក​ជា​ផ្លូវការ​នា​ពេល​ខាង​មុខ បើសិនជា​ម្ចាស់​ផ្សារ​ទំនើប​ណា​មិន​អនុវត្ត​តាម​ស្មារតី​អនុក្រឹត្យ​នេះ ពួក​គេ​នឹង​ត្រូវ​ទទួល​ទណ្ឌកម្ម​ដូច​ជា ៖

១-​នឹង​ដកហូត​ប្រភេទ​ថង់ ដែល​មិន​បាន​ឆ្លើយ​តប​ដូច​អ្វី​បាន​កំណត់ ។
២-​ធ្វើការ​ព្រមាន​ជា​លាយលក្ខណ៍អក្សរ ដើម្បី​ឱ្យ​គាត់​កែសម្រួល​ឡើង​វិញ​ឱ្យ​ស្រប​តាម​ស្មារតី ដែល​អនុក្រឹត្យ​បាន​ចែង ។

៣-​យើង​ពិន័យ​ជា​អន្តរកាល ។
៤-​អាច​ដកហូត​សិទ្ធិ​នៃ​ការ​ធ្វើ​អាជីវកម្ម ។

ទាក់ទង​នឹង​កាក​សំណល់​ថង់​ប្លា​ស្ទិ​ក មន្ត្រី​អ្នកនាំពាក្យ​រូប​នេះ​អះអាង​ថា មិន​ទាន់​មាន​អ្នក​​ណា​អាច​ព្យាករ​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ ទើប​វារ​លាយ​ទេ ។ សូ​ម្បី​តែ​នៅ​ប្រទេស​ផ្សេង​ៗ ក៏​មិន​ទាន់​អាច​កំណត់​បាន និង​ពុំ​មាន​ឯកសារ​គតិ​យុ​ត្ត ឬ​ឯកសារ​បច្ចេកទេស​ណា​កំណត់​​ថា ប្រភេទ​ថង់​ប្លា​ស្ទិ​ក​ទាំងនោះ​អាច​នឹង​ពុក​ផុយ​ប៉ុន្មាន​ឆ្នាំ គឺ​នៅ​មិន​ទាន់​ដឹង​ទេ ដោយ​គ្រាន់​ដាក់​ការ​សន្និដ្ឋាន​ថា វា​អាច​ឈាន​ដល់​រាប់រយ​ឆ្នាំ ទើប​ពុក​ផុយ ។

សូម​បញ្ជាក់​ថា កន្លង​មក ក្នុង​គោលបំណង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ក្រសួង​បរិស្ថាន​តែងតែ​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ជា​ច្រើន ឲ្យ​កាត់​បន្ថយ​ការ​ប្រើប្រាស់​លើ​ផលិត​ផល​របស់​ខ្លួន ។ ដូច្នេះ ក្រសួង​ជំរុញ​នឹង​បំផុសគំនិត​និង​លើកទឹកចិត្ត​ដល់​ក្រុម​ហ៊ុន​​ណា ដែល​ធ្វើការ​កែ​ច្នៃ​ថង់​ប្លា​ស្ទិ​ក ទៅ​ជា​តុ ទូ កៅអី គ្រែ ដែល​មានគុណ​ភាព​ផង​ដែរ។

សម្រាប់​អ្នកស្រី សេង លាង​អ៊ី លក់​ភេសជ្ជៈ​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុង​ខណ្ឌ​មានជ័យ និយាយ​ថា អតិថិជន​របស់​អ្នកស្រី​តែងតែ​ទាមទារ​ថង់​ប្លា​ស្ទិ​ក​ច្រក​ទឹក​សុទ្ធ ឬ​ក៏​ពេល​គេ​ទិញ​កាហ្វេ ក៏​សុំ​ឱ្យ​គាត់​ច្រក​តែ​ទឹកកក​ក្នុង​ថង់​មួយ​ផ្សេង​ទៀត ។ អ្នកស្រី​ថា ៖ «ការ​​ពិត ខ្ញុំ​ក៏​មិន​ចង់​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ច្រើន​ដែរ តែ​អតិថិជន​ទិញ​ទឹក​សុទ្ធ​១​ដប ក៏​សុំ​ឱ្យ​ច្រក​ថង់​ដែរ ហើយ​ភ្ញៀវ​ខ្លះ​គាត់​ត្រូវការ​ទិញ​កាហ្វេ យើង​ក៏​ត្រូវ​ច្រក​តែ​ទឹកកក​ឱ្យ​គាត់​ផង​ដែរ » ។

យ៉ាងណាមិញ អ្នកស្រី​មិន​អាច​ប៉ាន់ស្មាន​បាន​ទេ​ថា ក្នុង​១​ថ្ងៃ អ្នកស្រី​ប្រើប្រាស់​ថង់​ប្លាស្ទិក​អស់​ប៉ុន្មាន​ឱ្យ​ប្រាកដ​ទេ គ្រាន់តែ​ថា​មាន​ចំនួន​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ